ក្រុមមន្ត្រីរ៉ែ និងថាមពល ខេត្តកោះកុង ឲ្យដឹងថា ក្រុមហ៊ុនចិន ស៊ីណូហាយដ្រូ (Sinohydro) ដែលសាងសង់ទំនប់វារីអគ្គិសនីក្នុងតំបន់ស្ទឹងឆាយអារ៉ែង កំពុងស្វែងរកលទ្ធភាពក្នុងការជម្លៀសពលរដ្ឋចេញពីភូមិដ្ឋានចាស់ ទៅរស់នៅក្នុងតំបន់ថ្មីមួយផ្សេងទៀត ដោយសារតំបន់អារ៉ែង ស្ថិតក្នុងគម្រោងសាងសង់ទំនប់វារីអគ្គិសនី។ សកម្មជនការពារព្រៃឈើ ព្រមានជាមុនថា ពួកគេនឹងបិទផ្លូវមិនឲ្យគ្រឿងចក្ររបស់ក្រុមហ៊ុនចូលក្នុងតំបន់នោះឡើយ។
ក្រុមអាជ្ញាធរខេត្តកោះកុង ឲ្យដឹងថា ការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុនចិន សាងសង់ទំនប់វារីអគ្គិសនីក្នុងតំបន់ស្ទឹងឆាយអារ៉ែង ជិតឈានទៅដល់ការបញ្ចប់ហើយ។ ទោះបីជាយ៉ាងណាក៏ដោយ សកម្មជនការពារព្រៃឈើប្ដេជ្ញាថា ពួកគេនឹងការពារជង្រុកព្រៃដែលនៅសេសសល់ចុងក្រោយមួយនេះឲ្យបានគង់វង្ស។
ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង លោក ពេជ្រ សាយុន អះអាងថា ក្រុមហ៊ុន ស៊ីណូហាយដ្រូ របស់ចិន កំពុងស្វែងរកលទ្ធភាពក្នុងការផ្លាស់ទីកន្លែង ការផ្តល់សំណង និងការដោះដូរព្រៃឈើរបស់ប្រជាពលរដ្ឋក្នុងតំបន់ស្ទឹងឆាយអារ៉ែង ដើម្បីយកទីតាំងនោះសាងសង់ទំនប់វារីអគ្គិសនី។ លោកបន្តថា រដ្ឋាភិបាលនឹងបដិសេធក្រុមហ៊ុនចិន មួយនេះ ប្រសិនបើការសិក្សានោះរកឃើញថា ទំនប់វារីអគ្គិសនីដែលគេគ្រោងសាងសង់នៅពេលខាងមុខ អាចប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ និងបរិស្ថាននោះ៖ «អាហ្នឹងក្រុមហ៊ុនគេបានធ្វើការសិក្សាស្រាវជ្រាវហើយលទ្ធផលគេថា ត្រូវធ្វើជំរឿនចំនួនគ្រួសារ ដីធ្លីរបស់ប្រជាពលរដ្ឋ សិក្សាទៅលើទីតាំងជម្លៀសប្រជាពលរដ្ឋ។ ត្រូវយកពីកន្លែងចាស់ទៅដាក់កន្លែងណាដែលមានសុវត្ថិភាពសម្រាប់ពួកគាត់ ហើយរៀបចំហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងមន្ទីរពេទ្យ ឬផ្ទះអីយ៉ាងណាម៉េច ហើយដីធ្លី ឬដើមឈើអី ត្រូវដោះដូរជូនគាត់យ៉ាងម៉េច។ អាហ្នឹងគេរៀបចំអ៊ីចឹង ប៉ុន្តែនៅមួយវគ្គទៀតលើកក្រោយនេះដើម្បីត្រូវបញ្ចប់ អាហ្នឹងខាងក្រុមហ៊ុនចិនទេ ដែលគេថា គេនឹងទៅខួងមើលស្រទាប់ដីនៅកន្លែងហ្នឹងវាយ៉ាងម៉េច យ៉ាងណាតាមលក្ខណៈបច្ចេកទេសរបស់ក្រុមហ៊ុន»។
ប្រធានចលនាមាតាធម្មជាតិ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) បានសាទរចំពោះការបំភ្លឺរបស់ប្រធានមន្ទីររ៉ែ និងថាមពលប្រចាំខេត្តកោះកុង រូបនេះ។ ប៉ុន្តែលោកបញ្ជាក់ថា ទោះបីជាយ៉ាងណាក៏ដោយ ក្រុមរបស់លោកនៅតែប្រកាន់ជំហររឹងមាំ ក្នុងការរារាំងក្រុមហ៊ុនចិន ស៊ីណូហាយដ្រូ ពីការចូលទៅទន្ទ្រានសហគមន៍របស់ប្រជាពលរដ្ឋក្នុងតំបន់ស្ទឹងឆាយអារ៉ែង ដែលតែងតែធ្លាប់រស់នៅសុខសាន្តប្រកបរបរ ដោយការទាញយកអនុផលព្រៃឈើឮ៖ «យើងនៅតែបិទអត់ឲ្យគេចូល ១០០% តែម្ដង។ យើងធ្លាប់ឃើញគម្រោងអភិវឌ្ឍន៍នៅកន្លែងផ្សេងៗ ជាពិសេសគម្រោងអភិវឌ្ឍន៍នៅវារីអគ្គិសនីសេសាន ហើយនិងគម្រោងអភិវឌ្ឍន៍នៅបុទុមសាគរ ខេត្តកោះកុងហ្នឹង ដឹងការអភិវឌ្ឍអាចមានផលប្រយោជន៍សម្រាប់ប្រទេសជាតិមួយចំនួនមែន ប៉ុន្តែផលប៉ះពាល់ទៅលើសហគមន៍ មូលដ្ឋានគឺធ្ងន់ធ្ងរពេក។ វារំលោភសិទ្ធិមនុស្សរបស់គេដ៏ធ្ងន់ធ្ងរ ហើយជំរុញឲ្យមនុស្សប្រមាណ ១ពាន់ ទៅ ២ពាន់នាក់ធ្លាក់ក្នុងរណ្ដៅនៅភាពក្រីក្រ»។
លោកបន្តថា ក្រុមរបស់លោកមិនមែនជាក្រុមអង្គការដែលជំរុញឲ្យក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីអនុវត្តតាមច្បាប់នោះទេ ប៉ុន្តែក្រុមរបស់លោកជាឆ្មាំបរិស្ថាន និងព្រៃឈើសម្រាប់ប្រជាពលរដ្ឋ ដោយសារតំបន់អារ៉ែង នេះ ជាតំបន់ព្រៃដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។
តំបន់អារ៉ែង ស្ថិតក្នុងតំបន់ព្រៃការពារភ្នំក្រវាញភាគកណ្ដាល ដែលជាព្រៃក្រាស់ ហើយធំជាងគេនៅតំបន់អាស៊ីភាគអាគ្នេយ៍។ តំបន់ព្រៃស្តុកនេះមានទំហំ ៤សែន ៦ម៉ឺនហិកតារ លាតសន្ធឹងកាត់ឃុំជំនាប់ ឃុំប្រឡាយ និងឃុំថ្មដូនពៅ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង ហើយដែលមានព្រំប្រទល់ជាប់ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ។
តំបន់ស្ទឹងអារ៉ែង ក្នុងខេត្តកោះកុង នេះ ត្រូវបានចុះក្នុងអនុក្រឹត្យការពារតាំងពីឆ្នាំ២០០១ មកម្ល៉េះ។ ព្រៃនៅទីនោះជាព្រៃស្រោងធម្មជាតិ ដែលមានសត្វកម្រជិតផុតពូជជាង ៣០ប្រភេទ រួមមាន ក្រពើភ្នំ ខ្លាធំ ដំរី ត្រីនាគ ខ្លារខិន ខ្លាឃ្មុំ និងសត្វស្លាបជាច្រើនប្រភេទទៀត។ ក្រៅពីសត្វព្រៃកម្រទាំងនេះ តំបន់អារ៉ែង ក៏ជាជម្រករស់នៅរបស់ក្រុមជនជាតិភាគតិចជង ដែលរស់នៅប្រកបរបរចិញ្ចឹមជីវិតដោយការទាញយកអនុផលព្រៃឈើ។
ក្រុមអ្នកស្រាវជ្រាវឲ្យដឹងថា កម្លាំងវារីអគ្គិសនីដែលក្រុមហ៊ុនចិន ស៊ីណូហាយដ្រូ គ្រោងផលិតនៅតំបន់ស្ទឹងអារ៉ែង នេះ មានតែជាង ១០០មេហ្គាវ៉ាត់ប៉ុណ្ណោះ ជាថាមពលមួយដ៏ខ្សោយជាទីបំផុត ហើយថា ស្ទឹងអារ៉ែង មិនអាចបង្កើតទំនប់វារីអគ្គិសនីបានទេ ដោយសារស្ទឹងនេះមានបរិមាណទឹកតិចតួចដែលគ្មានកម្លាំងទឹកហូរ។
ប្រធានចលនាមាតាធម្មជាតិ លោក អាឡិកហ្សង់ដ្រូ ព្រមានថា បើទោះបីជាកម្លាំងថាមពលពីទំនប់វារីអគ្គិសនីចំណេញដល់ប្រទេសជាតិរហូតដល់ទៅរាប់ពាន់លានមេហ្គាវ៉ាត់ក៏ដោយ ក៏ក្រុមរបស់លោកនៅតែជំទាស់រហូតដល់ដំណាក់កាលចុងក្រោយ ដោយសារតម្លៃបរិស្ថាន និងធនធានធម្មជាតិនៅទីនេះ ជាសម្បត្តិមហាសាលមិនអាចកាត់ថ្លៃបានឡើយ។
លោកជំរុញឲ្យគណៈកម្មការបរិស្ថាននៃរដ្ឋសភា ធ្វើយ៉ាងណាចុះតាមដានសួរដេញដោលទៅស្ថាប័នពាក់ព័ន្ធ ដែលអាចមានអាថ៌កំបាំងក្នុងការអនុញ្ញាតឲ្យក្រុមហ៊ុនចិន ស៊ីណូហាយដ្រូ មានវត្តមាននៅតំបន់ស្ទឹងឆាយអារ៉ែង នោះ៖ «សំណូមពរឲ្យរដ្ឋសភាកម្ពុជា ស៊ើបអង្កេតឲ្យបានច្បាស់លាស់អំពីវារីអគ្គិសនីនៅអារ៉ែង ពីវារីអគ្គិសនីនៅអារ៉ែងនេះ មានបង្កប់ទៅដោយអាថ៌កំបាំងជាច្រើនមែនទែន។ រដ្ឋាភិបាលបាននិយាយជាមួយយើងថា វារីអគ្គិសនីនៅអារ៉ែង មិនបានប៉ះពាល់ទៅដល់ក្រពើភ្នំដោយគេរកជម្រកថ្មីឲ្យបាន ប៉ុន្តែទៅសួរអង្គការឃ្លាំមើលសត្វព្រៃទៅគេប្រាប់យើងថា ប្រសិនបើធ្វើវារីអគ្គិសនីក្រពើភ្នំនៅតំបន់អារ៉ែង វានឹងផុតពូជ។ យើងចង់ឲ្យគណៈកម្មការនេះសួរដេញដោលអំពីចំណុចក្រពើភ្នំផង ចំណុចដំរីផង និងចំណុចប្រជាជននៅមូលដ្ឋានដែលក្រុមហ៊ុនបានពិគ្រោះយោបល់ជាមួយសហគមន៍ ឬអត់ទាន់បានទេ។ រឿងអាថ៌កំបាំងច្រើនណាស់ ដែលខ្ញុំចង់ឲ្យគណៈកម្មការហ្នឹងសួរដេញដោលគ្រប់ចំណុចតែម្ដង។ ធ្វើយ៉ាងណាឲ្យក្រុមហ៊ុន និងរដ្ឋាភិបាល ជាពិសេសក្រសួងរ៉ែ និងថាមពលហ្នឹងខ្លាច មុននឹងសម្រេចចិត្តទៅមុខទៀត ពីព្រោះមនុស្សរាប់ពាន់រាប់សែននាក់កំពុងតាមដានអំពីបញ្ហានៅតំបន់អារ៉ែងនេះ»។
ឆ្លើយតបទៅនឹងសំណូមពរនេះ តំណាងរាស្ត្ររបស់គណបក្សប្រឆាំងដែលទើបមានតួនាទីក្នុងរដ្ឋសភា លោក សុន ឆ័យ អះអាងថា លោកនឹងស្នើដល់ប្រធានគណៈកម្មការទីបីនៃរដ្ឋសភា ទទួលបន្ទុកការងារបរិស្ថាន កសិកម្ម និងអភិវឌ្ឍន៍ជនបទ ឲ្យដឹកនាំក្រុមការងាររបស់ខ្លួន ចុះស៊ើបអង្កេតករណីគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែង ជាបន្ទាន់៖ «ក្នុងករណីមានឯកឧត្ដម ប៉ុល ហំម ដែលជាប្រធានគណៈកម្មការទី៣ នៃរដ្ឋសភាដែលត្រូវបានតែងរួចរាល់ហើយហ្នឹង ត្រូវតែនាំសមាជិកគណៈ កម្មការរបស់ខ្លួនចុះទៅពិនិត្យដោយផ្ទាល់អំពីស្ថានភាពនៅស្ទឹងឆាយអារ៉ែងនេះជាបន្ទាន់ ហើយខ្ញុំថា បើសិនណាជាការចាំបាច់ ត្រូវតែមានការផ្តល់លទ្ធភាពឲ្យអង្គការដែលគេជំនាញខាងបរិស្ថាន ខាងការស្រាវជ្រាវពីផលប៉ះពាល់ពីការធ្វើវារីអគ្គិសនីនេះ។ ពួកគេអាចចុះទៅមើលដើម្បីផ្ដល់ព័ត៌មានអំពីស្ថានភាពជាក់ស្ដែងនៅទីនោះ»។
លោកអះអាងថា ក្រុមហ៊ុនចិន ស៊ីណូហាយដ្រូ នេះអាចយកលេសកាប់ព្រៃឈើរបស់ខ្មែរ ច្រើនជាងការសាងសង់ទំនប់វារីអគ្គិសនីជាក់ស្តែង។
[ វីដេអូ៖ ជនជាតិជងបារម្ភខ្លាចបាត់បង់ប្រពៃណីនិងជនជាតិខ្លួន Opens in new window ]
ប៉ុន្តែ លោក ឈាង វុន តំណាងរាស្ត្រពីខាងបក្សកាន់អំណាច ធ្លាប់អះអាងថា លោកគាំទ្រប្រសិនបើទំនប់វារីអគ្គិសនីបង្កើតឡើង អាចផ្តល់ផលប្រយោជន៍សម្រាប់ការអភិវឌ្ឍដល់ប្រជាពលរដ្ឋ ជាជាងទុកព្រៃសម្រាប់ការពារបរិស្ថាននោះ។
ក្រុមអ្នកការពារបរិស្ថាន ឲ្យដឹងថា ព្រៃឈើរបស់ខ្មែរកំពុងស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន ដោយសារគម្រោងផ្តល់ដីសម្បទានសេដ្ឋកិច្ចក្នុងការរុករករ៉ែ ការដាំដំណាំកសិឧស្សាហកម្ម និងសាងសង់ទំនប់វារីអគ្គិសនីរបស់រដ្ឋាភិបាល ទៅឲ្យក្រុមហ៊ុនឯកជនក្នុងស្រុក និងបរទេស។
អង្គការឃ្លាំមើលពិភពលោក (Global Witness) ដែលមានមូលដ្ឋានក្នុងទីក្រុងឡុង (London) ប្រទេសអង់គ្លេស ព្រមានថា ប្រសិនបើប្រតិបត្តិការរាវរករ៉ែ និងការសាងសង់ទំនប់វារីអគ្គិសនីក្នុងប្រទេសកម្ពុជា កាន់តែរីករាលដាលជាទ្រង់ទ្រាយធំទៅ នោះវិបត្តិបរិស្ថានប្រាកដជាជះឥទ្ធិពលយ៉ាងអាក្រក់ទៅលើពលរដ្ឋតាមមូលដ្ឋាន សន្តិសុខស្បៀង និងប្រភពទឹកស្អាតសម្រាប់មនុស្ស សត្វ និងជីវចម្រុះផ្សេងៗទៀត។
ទាក់ទិនបញ្ហានេះដែរ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ អ័កស្វ៊ើត (Oxford) ខាងផ្នែកសេដ្ឋកិច្ច និងជាអតីតអ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គមប្រចាំនៅធនាគារពិភពលោក លោក ផល ខូលៀរ (Paul Collier) ធ្លាប់បានបោះពុម្ពសៀវភៅមួយដែលមានចំណងជើងថា «ពិភពដែលត្រូវគេប្លន់»។ សៀវភៅនោះសរសេរថា ប្រទេសដែលសម្បូរសម្បត្តិធម្មជាតិត្រូវប្រយ័ត្នឲ្យបានខ្ពស់ ព្រោះវាអាចជាលាភ ឬជាបណ្ដាសា ប្រសិនបើប្រទេសទាំងនោះគ្មានការចាត់ចែង និងគ្រប់គ្រងឲ្យមានតម្លាភាព មានអំពើពុករលួយ ឬខ្វះប្រព័ន្ធយុត្តិធម៌ដែលគួរឲ្យជឿទុកចិត្ត។ បណ្ដាសាទាំងនេះ ធ្លាប់កើតមានក្នុងប្រទេសសេរ៉ាឡេអូន (Sierra Leone) ដែលប្រទេសមួយនេះសឹងត្រូវបានបំបែកជាតំបន់អបគមន៍ជាច្រើន ដោយសារជម្លោះដណ្ដើមកាន់កាប់តំបន់រ៉ែ ត្បូង និងពេជ្រ។ ចំណែករ៉ែប្រេងនៅប្រទេសនីហ្សេរី (Nigeria) បាននាំឲ្យមានសង្គ្រាមក្នុងស្រុក ដោយសារការគ្រប់គ្រងពោរពេញដោយអំពើពុករលួយក្នុងជួរមន្ត្រីរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។