សហគមន៍​អារ៉ែង​អំពាវនាវ​ដល់​អ្នក​នាំ​ភ្ញៀវ​ឲ្យ​សហការ​ជាមួយ​សហគមន៍

ដោយ សេក បណ្ឌិត
2015-04-26
Share
អារ៉ែង ៦២០ ទេសភាព​នៅ​តាម​ដង​ស្ទឹង​ក្នុង​តំបន់​អារ៉ែង ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ខេត្ត​កោះកុង។ រូបថត​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៥
RFA/Den Ayuthyea

តំបន់​អារ៉ែង​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង កំពុង​ស្ថិត​ក្នុង​ក្រសែភ្នែក​អ្នក​ទេសចរ បន្ទាប់ពី​មានការ​ប្រទាញប្រទង់​គ្នា​រវាង​សកម្មជន​ការពារ​បរិស្ថាន និង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​នោះ​បាន​ស្ងប់ស្ងាត់។

ទន្ទឹម​នេះ​ដែរ ប្រជា​សហគមន៍​ក៏​កំពុង​មាន​ក្តី​បារម្ភ​ផង​ដែរ ចំពោះ​ការ​សម្រុក​ចូល​របស់​ភ្ញៀវ​ទេសចរ​ទៅ​តំបន់​នោះ​ច្រើន​លើស​សមត្ថភាព​ទទួល​បាន​របស់​សហគមន៍ និង​ពុំ​មាន​កិច្ចសហការ​ពី​អ្នក​នាំ​ភ្ញៀវ​ចូល​ទៅ​ទី​នោះ​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​មាន​វិបត្តិ​លើ​ការ​គ្រប់គ្រង​ភ្ញៀវ​មិន​បាន​ល្អ និង​មិន​អាច​ធ្វើ​ឲ្យ​គម្រោង​អេកូ​ទេសចរណ៍​នៅ​តំបន់​នោះ មាន​និរន្តរភាព។

​ក្តី​ប្រាថ្នា​ដែល​ប្រជា​សហគមន៍​នៅ​តំបន់​អារ៉ែង និង​សកម្មជន​ការពារ​បរិស្ថាន​ដែល​ចង់​បាន​ឲ្យ​តំបន់​នេះ​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍​នោះ កំពុង​មាន​ពន្លឺ​ឆ្ពោះ​ទៅ​រក​ក្តី​បំណង​នោះ​ហើយ។

តំណាង​សហគមន៍​អារ៉ែង និង​សមាជិក​ជា​ច្រើន​ទៀត​បាន​ធ្វើ​សន្និសីទកាសែត​នៅ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ដើម្បី​បង្ហាញ​ពី​ទស្សនវិស័យ​របស់​សហគមន៍​ក្នុង​កិច្ច​ការពារ​តំបន់​ព្រៃ​ធម្មជាតិ​នៅ​ខេត្ត​កោះកុង ដែល​សេសសល់​ចុង​ក្រោយ​នេះ និង​ប្រែ​ក្លាយ​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ​មួយ​ដ៏​មាន​ប្រជាប្រិយភាព ព្រម​ទាំង​បាន​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ម្ចាស់​ស្រុក​ពិត​ប្រាកដ។

តំណាង​សហគមន៍ លោក វ៉ែន វ៉ន មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៤ និង​ដើម​ឆ្នាំ​២០១៥ នេះ តំបន់​អារ៉ែង មាន​ឈ្មោះ​ល្បី​ដល់​អ្នក​ទេសចរ។ ជា​ទូទៅ​ក្នុង​មួយ​សប្ដាហ៍​មាន​អ្នក​បាន​ទៅ​ដល់​តំបន់​នោះ​ពី ១០ ទៅ​ជាង ២០​នាក់​ជា​ប្រចាំ។

ក្នុង​អំឡុង​ពេល​នេះ ក៏​មាន​ក្រុម​យុវជន ព្រះសង្ឃ ដឹកនាំ​ភ្ញៀវ​ទេសចរ​ចូល​ទៅ​កាន់​តំបន់​នោះ​មាន​រហូត​ជាង ១០០​នាក់ ទៅ ២០០​នាក់​ទៀត​ផង។

បញ្ហា​នេះ​បាន​ក្លាយ​ជា​ក្តី​បារម្ភ​ទៅ​វិញ ពីព្រោះ​អ្នកដឹកនាំ​ភ្ញៀវ​ទៅ​មួយ​ចំនួន​មិន​បាន​សហការ​ជាមួយ​សហគមន៍ ធ្វើ​ឲ្យ​បាត់​សណ្ដាប់ធ្នាប់​ល្អ និង​មិន​បាន​បំពេញ​តម្រូវ​ការ​ដល់​ភ្ញៀវ​បាន​ពេញលេញ៖ «យើង​ចង់​ឲ្យ​មានការ​សហការ​ពី​ភ្ញៀវ និង​មគ្គុទ្ទេសក៍ ពីព្រោះ​យើង​ដឹង​ពី​យុទ្ធសាស្ត្រ​នៅ​តំបន់​នោះ​ច្បាស់លាស់…»

​ទន្ទឹម​នឹង​នេះ​លោក​ក៏​ចង់​ឲ្យ​អ្នក​នាំ​ភ្ញៀវ​ទៅ​តំបន់​នោះ​កំណត់​ចំនួន​ពី ៣០ ទៅ ៥០​នាក់​ក្នុង​ជំហាន​ដំបូង​ដើម្បី​ឲ្យ​សហគមន៍​មាន​សមត្ថភាព​គ្រប់គ្រង​ស្ថានការណ៍​បាន​ល្អ និង​បម្រើ​សេវា​ដល់​អ្នក​ទេសចរ​​បាន​ពេញចិត្ត ដើម្បី​ឲ្យ​សេវា​នេះ​មាន​និរន្តរភាព៖ «តំបន់​នោះ​យើង​មាន​សេវាកម្ម​ដែរ តែ​វា​មាន​កម្រិត ដល់​ពេល​គាត់​ចង់​ទៅ​គ្រប់​កន្លែង​ទាំង​អស់​គ្នា តែ​ទៅ​អត់​បាន អត់​បាន​ដើរ​លេង អត់​បាន​សប្បាយ ហើយ​គាត់​ត្រឡប់​ចេញ​មក​វិញ គាត់​ថា នៅ​អារ៉ែង អត់​មាន​អី​សប្បាយ​ផង។ ត្រង់​នេះ​ជា​បញ្ហា​មួយ​ធ្វើ​ឲ្យ​ពួកគាត់​បាត់​ជំនឿ»

​ក្នុង​ការ​កំណត់​ចំនួន​ភ្ញៀវ​នេះ គឺ​ពាក់ព័ន្ធ​នឹង​សមត្ថភាព​ដោយសារ​សហគមន៍​ទើប​បាន​កកើត​ឡើង​នៅ​ក្មេង​ខ្ចី​មិន​ទាន់​មាន​មគ្គទេសក៍​ទេសចរ​ត្រឹមត្រូវ​នៅ​ឡើយ។ បញ្ហា​នេះ​អាច​ធ្វើ​ឲ្យ​ភ្ញៀវ​បាត់បង់​ជំនឿ​ពេល​នោះ​មិន​អាច​ធ្វើ​ឲ្យ​គម្រោង​អេកូ​ទេសចរណ៍​នៅ​តំបន់​អារ៉ែង ធ្វើ​ដំណើរ​បាន​វែងឆ្ងាយ​ប្រកប​ដោយ​ជោគជ័យ​នោះ​ឡើយ។

​ទាក់ទង​បញ្ហា​នេះ​ដែរ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង លោក ប៊ុន បៀវ មាន​ប្រសាសន៍​ថា តំបន់​អារ៉ែង ក៏​ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍន៍​ជា​តំបន់​ទេសចរណ៍​សហគមន៍​ដូច​នៅ​តំបន់​ដទៃ​ទៀត​ក្នុង​ខេត្ត​នេះ​ដែរ ប៉ុន្តែ​បច្ចុប្បន្ន មន្ទីរ ឬ​អាជ្ញាធរ​ខេត្ត​មិន​ទាន់​មាន​ផែនការ​ច្បាស់លាស់​ថា នឹង​ត្រូវ​អនុវត្ត​នៅ​ពេល​ណា​មួយ​ពិតប្រាកដ​នោះ​ទេ ដោយសារ​តំបន់​នោះ​ស្ថិតនៅ​ដាច់​ស្រយាល ហើយ​កំពុង​ជួប​ការ​លំបាក​លើ​បញ្ហា​ផ្លូវ​គមនាគមន៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត៖ «ព្រោះ​វា​សម្បូរ​ដោយ​សក្ដានុពល​ធម្មជាតិ មានលទ្ធភាព​ច្រើន ប៉ុន្តែ​មិន​ទាន់​មាន​អភិវឌ្ឍន៍​អ្វី​នៅ​ឡើយ​ទេ ព្រោះ​យើង​នៅ​ជួប​ការ​លំបាក​រឿង​ផ្លូវ​រឿង​អី​ច្រើន»

​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​តំបន់​អារ៉ែង បាន​ផ្តល់​ប្រយោជន៍​ជា​ច្រើន​ដល់​សហគមន៍ ដូចជា​ការ​កាត់​បន្ថយ​នៃ​ការ​ចូល​ព្រៃ​កាប់​ឈើ និង​បរបាញ់​សត្វ ហើយ​ងាក​មក​ធ្វើ​របរ​កសិកម្ម​ប្រើ​ដល់​ភ្ញៀវ​ទេសចរ​វិញ​។ ចំណែក​ភ្ញៀវ​មួយ​ចំនួន​បាន​ជួយ​ឧបត្ថម្ភ​ដល់​ការ​សិក្សា​របស់​ក្មេងៗ​នៅ​ទី​នោះ​ឲ្យ​បាន​រៀន​សូត្រ អង្គការ​សង្គម​បាន​ជួយ​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​បាន​យល់​ដឹង​ពី​បញ្ហា​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​ការ​តស៊ូ​មតិ​ដើម្បី​ការពារ​សិទ្ធិ ព្រម​ទាំង​ផលប្រយោជន៍​រួម​របស់​សហគមន៍។

​នៅ​ក្នុង​ខេត្ត​កោះកុង មាន​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ​សំខាន់ៗ​ចំនួន​៤ ដែល​កំពុង​ដំណើរការ​ប្រកប​ដោយ​ប្រជាប្រិយភាព និង​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​ដោយ​ផ្ទាល់​របស់​សហគមន៍​នៅ​តំបន់​នោះ។ ក្នុង​នោះ​រួម​មាន​តំបន់​អេកូ​ទេសចរណ៍​ជីផាត ស្ថិត​ក្នុង​ស្រុក​ស្រែអំបិល ត្រពាំងរូង បឹង​កាយាក និង​តាតៃ​ក្រោម ហើយ​នៅ​ថ្ងៃ​ខាង​មុខ​គេ​សង្ឃឹម​ថា នឹង​មាន​តំបន់​អារ៉ែង មួយ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល