ប្រធានចលនាមាតាធម្មជាតិ ជនជាតិអេស្ប៉ាញ លោក អេឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទកាលពីយប់ថ្ងៃទី១ តុលា ថា លោកនិងសហគមន៍ជនជាតិភាគតិចតំបន់អារ៉ែង នៅមិនទាន់ប្រតិកម្មនៅឡើយទេចំពោះការអះអាងរបស់មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដែលបានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតកាលថ្ងៃទី១ តុលា ថា រដ្ឋាភិបាលអាណត្តិទី៥នេះ នឹងមិនអនុវត្តគម្រោងសាងសង់ទំនប់វារីអគ្គិសនីតំបន់អារ៉ែង ខេត្តកោះកុង ទេ។
លោក អេឡិកហ្សង់ដ្រូ៖ «ទី១ ពាក្យសំដីរបស់មេដឹកនាំគណបក្សប្រឆាំងមិនមែនជាពាក្យសំដីរបស់នាយករដ្ឋមន្ត្រីទេ ពីព្រោះក្នុងលទ្ធិប្រជាធិបតេយ្យវាមិនដែលយកមេបក្សប្រឆាំងឲ្យនិយាយជំនួសឲ្យនាយករដ្ឋមន្ត្រីទេ ដូច្នេះយើងអត់ទាន់សប្បាយចិត្តទេ។ ទី២ យើងចង់ឲ្យនាយករដ្ឋមន្ត្រីប្រកាសខ្លួនឯងផ្ទាល់ដើម្បីឲ្យយើងសប្បាយចិត្ត និងស្ងប់អារម្មណ៍។ ដូច្នេះការទាមទាររបស់សហគមន៍មាតាធម្មជាតិ និងប្រជាពលរដ្ឋរាប់លាននាក់ គឺសុំឲ្យផ្អាកការសាងសង់ ផ្អាកការសិក្សា ហើយយើងមិនចង់ឲ្យមនុស្សខិលខូចចូលតំបន់អារ៉ែង»។
ការបញ្ជាក់ប្រាប់របស់លោក សម រង្ស៊ី ធ្វើឡើងនៅមុខមន្ទីររដ្ឋសភាជាតិ បន្ទាប់ពីលោកបានជួបចរចាក្រៅផ្លូវការជាមួយលោក ហ៊ុន សែន ក្នុងកិច្ចប្រជុំសភាកាលពីថ្ងៃទី១ ខែតុលា ជុំវិញបញ្ហាព្រួយបារម្ភមួយចំនួន រួមមានការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែង ជាដើម។
លោក លោក អេឡិកហ្សង់ដ្រូ ប្រធានចលនាមាតាធម្មជាតិ បន្តថា លោកនឹងរៀបចំសន្និសីទកាសែត នៅថ្ងៃសុក្រ ទី៣ ខែតុលា នេះ ដើម្បីបកស្រាយជុំវិញការចោទប្រកាន់របស់លោក អ៊ិត ប្រាំង រដ្ឋលេខាធិការនៃក្រសួងរ៉ែនិងថាមពល និងជាប្រធានគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែង ដែលបានចោទអ្នកដែលប្រឆាំងនឹងគម្រោងសង់ទំនប់វារីអគ្គិសនីស្ទឹងអារ៉ែង ថាជាអ្នកធ្វើឲ្យរាំងស្ទះការអភិវឌ្ឍជាតិ និងមានចេតនាកេងយកផលចំណេញផ្ទាល់ខ្លួន។
លោក អេឡិកហ្សង់ដ្រូ៖ «ប្រធានបទនៃសន្និសីទកាសែតនេះ ទី១ គឺឆ្លើយតបទៅនឹងការចោទប្រកាន់ ឬគោលជំហររបស់ក្រសួងរ៉ែនិងថាមពល ទី២ យើងបង្ហាញពីគោលជំហររបស់មាតាធម្មជាតិ សហគមន៍មូលដ្ឋាន និងអង្គការពាក់ព័ន្ធផ្សេងទៀត ហើយបើសិនជាយើងរកព័ត៌មានបន្ថែមអំពីការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យើងនឹងជជែកផងដែរ នៅថ្ងៃសុក្រ»។
តាមការប៉ាន់ស្មានជំហានដំបូង គម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះអាចនឹងចំណាយប្រាក់ ៤០០លានដុល្លារអាមេរិក។ ប៉ុន្តែក្រសួងរ៉ែនិងថាមពល មិនបានបកស្រាយឲ្យច្បាស់ថា ថវិកាបានមកពីគម្រោងនេះនឹងដាក់ចូលថវិកាជាតិដែរឬទេ។
ក្រសួងរ៉ែនិងថាមពល ក៏មិនទាន់បានសិក្សាពីធនធានរ៉ែនៅតំបន់នោះនៅឡើយដែរ ខណៈដែលសង្គមស៊ីវិលធ្លាប់ចោទថា ក្រុមហ៊ុនចិន ស៊ីណូ ហាយដ្រូ (Sino-Hydro) សម្លឹងឃើញរ៉ែ ជាជាងចង់ធ្វើទំនប់យកអគ្គិសនីលក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។