ស្ថានភាពទឹកជំនន់នៅទូទាំងប្រទេស នៅមិនទាន់ស្រកស្រុត ទៅវិញនៅឡើយទេ ហើយអាជ្ញាធរបន្តជម្លៀសប្រជាពលរដ្ឋរាប់ពាន់នាក់ទៅរកទីទូលមានសុវត្ថិភាព ដើម្បីគេចចេញពីគ្រោះថ្នាក់ដោយទឹកជំនន់ស្របពេល ដែលពលរដ្ឋខ្លះនៅខេត្តបន្ទាយមានជ័យកំពុងព្រួយបារម្ភអំពីសុវត្ថិភាព។ ជាមួយគ្នានេះ អាជ្ញាធរក៏បានជម្លៀសអ្នកទោសជាង ៨០០នាក់ចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យ ទៅដាក់នៅកន្លែងផ្សេងដែរ នៅរសៀលថ្ងៃទី១៣ តុលា។
អ្នកនាំពាក្យគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ លោក ឃុន សុខា ប្រាប់នៅរសៀលថ្ងៃទី១៣ តុលាថា ស្ថានភាពទឹកជំនន់នៅតំបន់ខ្លះបានស្រកវិញបន្តិច ប៉ុន្តែកន្លែងខ្លះទៀតនៅតែបន្តជន់លិចលំនៅឋានរបស់ប្រជាពលរដ្ឋដដែល។ លោកបន្ថែមថា ប្រជាពលរដ្ឋប្រមាណ ១ម៉ឺននាក់ (១០.០០០) បន្តជម្លៀសនៅទីទួលសុវត្ថិភាពមិនទាន់វិលត្រឡប់ទៅផ្ទះវិញនៅឡើយទេ។លោកប្រាប់ថា អាជ្ញាធរបានបញ្ជូនកងកម្លាំងជាច្រើននាក់បន្តចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៖ «ទី១ បានយកជំនួយទៅចែកដល់ជនរងគ្រោះ ហើយអត់មានអីទេគឺយើងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្ដល់ឱ្យពួកគាត់ ហើយមួយទៀតកម្លាំងដែលរុករកនិងសង្គ្រោះមានកងកម្លាំងប្រដាប់អាវុធហ្នឹង យើងមាន ១ពាន់នាក់ ដែលបានហ្វឹកហ្វឺនរួចសម្រាប់រុករកនិងសង្គ្រោះនៅក្នុងការងារហ្នឹងផងដែរ » ។
គ្រោះទឹកជំនន់នេះ បានលិចចូលដល់ពន្ធនាគារខេត្តបន្ទាយមានជ័យហើយនៅព្រឹកថ្ងៃទី១៣ តុលា។ ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ លោក អ៊ុំ ស៊ីផាន ប្រាប់កាសែតក្នុងស្រុកថា អាជ្ញាធរខេត្ត បានជៀសអ្នកជាប់ឃុំក្នុងពន្ធនាគារមួយនេះជាង ៨០០នាក់ក្នុងចំណោមអ្នកទោស ១ពាន់ ៦០០នាក់(១.៦០០) ប្ដូរទៅនៅពន្ធនាគារខេត្តសៀមរាបជាបណ្ដោះអាសន្ន។
ចំណែកប្រជាពលរដ្ឋនៅឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ លោកស្រី ចាន់ បូរមី វិញ ថ្លែងថា នៅភូមិដែលលោកស្រីរស់នៅ ទឹកជំនន់បានហូរចូលកាលពីយប់ថ្ងៃទី១២ តុលា បណ្ដាលឱ្យលិចផ្ទះ ផ្លូវថ្នល់ និងផល់ដំណាំរបស់ពលរដ្ឋរាប់រយគ្រួសារ។ លោកស្រីបន្ថែមថា ពួកលោកស្រីព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពដោយខ្លាចទឹកបន្តហក់ឡើងទៅមុខទៀត បណ្ដាលឱ្យគ្មានជម្រកស្នាក់នៅ។ លោកស្រីឱ្យដឹងថា មានប្រជាពលរដ្ឋខ្លះបាននាំគ្នារត់ទៅជ្រកនៅក្នុងវត្តអារាមបណ្ដើរៗ ហើយ ប៉ុន្តែមកទល់រសៀលថ្ងៃទី១៣ តុលាមិនទាន់មានអាជ្ញាធរណាចុះជួយពួកលោកស្រីនៅឡើយទេ៖ «ទឹកលិចខ្លាំងខ្ញុំបារម្ភចង់ងាប់ហើយមិនដឹងទៅខាងណា ជាពិសេសចំពោះខ្ញុំ ធ្វើផ្ទះទាបជាប់ដី អត់បានធ្វើផ្ទះខ្ពស់ដូចគេ បើទឹកលិចហើយគឺចប់ហើយ មិនដឹងទៅដាក់ឯណាទេ។សំណូមពរខ្ញុំចង់ឱ្យគេមកចុះជួយពលរដ្ឋអ្នកអត់ៗ អីចឹងណា ព្រោះជួបគ្រោះជំងឺកូវីដហើយមានទឹកលិចអីចឹងទៀត ពលរដ្ឋនៅភូមិខ្ញុំអត់ច្រើន ពេលខ្លះគេដើរសុំអង្ករអ្នកជិតខាងគេអាណិតគេឱ្យយកហូបទៅ » ។
អាស៊ីសេរីមិនអាចទាក់ទងអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១៣ តុលា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
របាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឱ្យដឹងថា គិតត្រឹមថ្ងៃទី១៣ តុលា មានប្រជាពលរដ្ឋប្រមាណ ១០ម៉ឺននាក់ (១០០.០០០) ក្នុងខេត្តចំនួន ១៧ ដែលរងផលប៉ះពាល់ពីទឹកជំនន់ មានដូចជា រាជធានីភ្នំពេញ តាកែវ កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ មណ្ឌលគិរី ស្ទឹងត្រែង ស្វាយរៀង កោះកុង និងខេត្តព្រះវិហារជាដើម ក្នុងនោះមានខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ លិចលង់ធ្ងន់ធ្ងរជាងគេ។ មានប្រជាពលរដ្ឋចំនួន ១០នាក់បានលង់ទឹកស្លាប់ និងម្នាក់ត្រូវរន្ទះបាញ់ស្លាប់។ ខូចខាតដំណាំស្រូវរបស់កសិករប្រមាណ ៧ម៉ឺន ៥ពាន់ (៧៥.០០០)ហិកតារ និងខូចដំណាំរួមផ្សំផ្សេងៗ ជាង ៤ម៉ឺន (៤០.០០០)ហិកតារ។
ទោះជាយ៉ាងណាក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងនៅថ្ងៃទី១៣ តុលាថា ខ្យល់ព្យុះចំនួន ២ នឹងចូលមកដល់កម្ពុជានៅចុងសប្ដាហ៍នេះ ដែលអាចបណ្ដាលឱ្យមានភ្លៀងធ្លាក់នៅទូទាំងប្រទេស ជាពិសេស នៅខេត្តភាគពាយព្យអាចនឹងមានភ្លៀងធ្លាក់ច្រើន ចាប់ថ្ងៃទី១៨ និងថ្ងៃទី១៩ តុលា។ ក្រសួងធនធានទឹកអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះគ្រោះទឹកជំនន់អាចនឹងហក់ឡើងទៀត រហូតដល់ថ្ងៃទី២០ តុលា។
ប្រធានអង្គការតម្លាភាពកម្ពុជា (TIC) លោក ប៉ិច ពិសី មានប្រសាសន៍ថា ថា ពលរដ្ឋរាប់ម៉ឺនគ្រួសារប្រឈមនឹងមានជីវភាពខ្វះខាតកាន់តែខ្លាំង ដោយសារតែពួកគាត់ជួបគ្រោះអាសន្នផ្ទួនៗ គឺគ្រោះបណ្ដាលមកពីជំងឺកូវីដ១៩ផង និងគ្រោះទឹកជំនន់ផង ដែលពួកគាត់អាចនឹងដាច់ស្បៀងអាហារបាន។លោកអំពាវនាវឱ្យអាជ្ញាធរប្រញាប់ចុះដោះស្រាយបញ្ហាទាំងនេះជូនពលរដ្ឋជាបន្ទាន់ ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។