អាជ្ញាធរ​ខេត្ត​ព្រះវិហារ​សហការ​ជាមួយ​សង្គម​ស៊ីវិល​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ

អាជ្ញាធរ​តាម​បណ្ដា​ស្រុក និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​មួយ​ចំនួន នៅ​ក្នុង​ខេត្ត​ព្រះវិហារ បាន​ចាប់​ផ្ដើម​សហការ​ជាមួយ​សហគមន៍​ព្រៃ​ឈើ រួម​ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​បង្ក្រាប​ទៅ​លើ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​រុករាន​យក​ដី និង​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់។

0:00 / 0:00

អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​ចាត់​ទុក​ថា នេះ គឺ​លើក​ដំបូង​ដែល​អាជ្ញាធរ និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ បាន​សហការ​ជាមួយ​សង្គម​ស៊ីវិល ដើម្បី​ការពារ​ព្រៃ​ឈើ។ វិធាន​ការ​នេះ មិន​ធ្លាប់​មាន​ទេ ជាច្រើន​ឆ្នាំ​កន្លង​មក។

តើ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន មាន​ការ​ស្វាគមន៍​វិធាន​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​នេះ​ដែរ​ឬ​ទេ?

អាជ្ញាធរ​ស្រុក​ជ័យសែន ដែល​នៅ​ចម្ងាយ​ជាង ៤០​គីឡូម៉ែត្រ ភាគ​ខាង​កើត​ពី​ទី​រួម​ខេត្ត​ព្រះវិហារ កំពុង​ដឹក​នាំ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍ មន្ត្រី​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ និង​ក្រុម​សហគមន៍​ប្រជាពលរដ្ឋ ដើរ​ល្បាត​ការពារ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ជាច្រើន​ថ្ងៃ​មក​ហើយ ចាប់​តាំង​តែ​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា រហូត​មក​ដល់​ពេល​នេះ។

ការ​រួម​កម្លាំង​ច្រើន​ផ្នែក ដើម្បី​ដើរ​ល្បាត​ការពារ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​នេះ បាន​ធ្វើ​ឱ្យ​បណ្ដាញ​ការពារ​ព្រៃ​ឈើ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ​មាន​ការ​ងឿងឆ្ងល់ ដោយសារ​តែ​ជាច្រើន​ឆ្នាំ​កន្លង​ទៅ គេ​មិន​សូវ​ឃើញ​អាជ្ញាធរ ឬ​ក៏​មន្ត្រី​រដ្ឋាភិបាល ចូល​រួម​សហការ​ជាមួយ​សហគមន៍ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ក្នុង​រឿង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ដូច្នេះ​ទេ។

អភិបាល​ស្រុក​ជ័យសែន គឺ​លោក ថោង សាគឿន។ លោក​បាន​មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ក្រោយ​ពេល​ទឹក​ជំនន់​បាន​ថយ​ចុះ​ទៅ លោក​ក៏​បាន​ចាប់​ផ្ដើម​ធ្វើ​ការងារ​ជាមួយ​ប្រជាពលរដ្ឋ ជាមួយ​បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឡង់ ព្រម​ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល ចុះ​ដើរ​ល្បាត​ការពារ​ព្រៃ និង​បង្ក្រាប​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ជាច្រើន​កន្លែង ក្នុង​ភូមិសាស្ត្រ​នៃ​ស្រុក​របស់​លោក។ អភិបាល​ស្រុក​ដដែល បាន​បញ្ជាក់​ថា ផែន​ការ​ដើរ​ល្បាត និង​ចុះ​បង្ក្រាប​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នេះ ចាប់​ផ្ដើម​ឡើង​បន្ទាប់​ពី​លោក​មើល​ឃើញ​ថា សកម្មភាព​កាប់​រាន​ព្រៃ​ដើម្បី​យក​ដី​ធ្វើ​កម្មសិទ្ធិ និង​ការ​ដឹក​ជញ្ជូន​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​ក្នុង​ឆ្នាំ​នេះ កាន់​តែ​កើត​ច្រើន​ឡើងៗ​ជាង​ឆ្នាំ​មុនៗ។

លោក ថោង សាគឿន៖ «ឆ្នាំ​នេះ​ដូច​ថា​វា​មាន​សភាព​ធ្ងន់ធ្ងរ​ណាស់! ស្ថានភាព​ផ្លូវ​ក៏​កាន់​តែ​អភិវឌ្ឍន៍​ទៅ​ដល់​មូលដ្ឋាន ទៅ​ក៏​កាន់​តែ​ងាយ​ស្រួល អីចឹង​ទៅ​អា​ឈ្មួញ​ក៏​ទៅ​ដល់​គ្រប់​ច្រក​ល្ហក ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ចង់​បាន​លុយ​កាក់។ ពួក​គាត់​ត្រូវ​ទៅ​កាប់​ឈើ​កាប់​អី។ អី​គឺ​ទាល់​តែ​យើង​ចុះ​ធ្វើ​ការ​ណែនាំ​អប់រំ ហើយ​កន្លែង​ខ្លះ​ក៏​ចុះ​បង្ក្រាប​ទប់ស្កាត់​អ៊ីចឹង​ដែរ។ ខ្ញុំ​ព្រួយ​បារម្ភ​ជាង​គេ គឺ​សកម្មភាព​កាប់​ទន្ទ្រាន​ព្រៃ​យក​ដី។ បង​ប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន គឺ​ថា​មក​ពី​ឆ្ងាយ​មក​ដាក់ៗ វា​មាន​សភាពការណ៍​ខុស​ប្លែក​ពី​បណ្ដា​ឆ្នាំ​កន្លង​ទៅ»

លោក ថោង សាគឿន បាន​ឱ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​វិធាន​ការ​ដើរ​ល្បាត និង​បង្ក្រាប​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់ គឺ​លោក​ក៏​បាន​ចេញ​បញ្ជា​បិទ​សិប្បកម្ម​កែច្នៃ​ឈើ​នៅ​គ្រប់​កន្លែង​ទាំងអស់ ក្នុង​ស្រុក​របស់​លោក មិន​ថា​សិប្បកម្ម​នោះ​មាន​ច្បាប់ ឬ​ក៏​គ្មាន​ច្បាប់​ទេ។

ក្រុម​បណ្ដាញ​ការពារ​ព្រៃ​ឡង់ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ ពន្លក​ខ្មែរ បាន​ចូល​រួម​យ៉ាង​សកម្ម​ជាមួយ​អាជ្ញាធរ​ស្រុក​ជ័យសែន ចំពោះ​សកម្មភាព​ដើរ​ល្បាត និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​នោះ។

ប្រធាន​បណ្ដាញ​ការពារ​ព្រៃ​ឡង់ ប្រចាំ​ស្រុក​រៀង ខេត្ត​ព្រះវិហារ លោក ស្វាយ ភឿន បាន​មាន​ប្រសាសន៍​ថា កម្លាំង​បណ្ដាញ​ការពារ​ព្រៃ​ឡង់​នៅ​ក្នុង​ឃុំ​ខ្យង ឃុំ​ធ្មា និង​ឃុំ​ស្រិត នៃ​ស្រុក​ជ័យសែន បាន​ចូល​រួម​លើ​កិច្ច​ការពារ​ព្រៃ​ឈើ​ជាមួយ​អាជ្ញាធរ​ស្រុក​ជ័យសែន។ លោក ស្វាយ ភឿន ជឿ​ថា បទ​ល្មើស​ព្រៃ​ឈើ​នៅ​ជាប់​តំបន់​ព្រៃ​ឡង់ នឹង​ថយ​ចុះ​ជា​លំដាប់ ដោយសារ​តែ​មាន​ការ​ចូល​រួម​បង្ក្រាប​ពី​អាជ្ញាធរ​រដ្ឋាភិបាល ពីព្រោះ​បណ្ដាញ​ព្រៃ​ឡង់​ចង់​បាន​ដូច​នេះ​ជា​យូរ​មក​ហើយ។

ក៏ប៉ុន្តែ លោក ស្វាយ ភឿន បាន​បញ្ជាក់​ថា លោក​មិន​ទាន់​មាន​ការ​ជឿ​ជាក់​ទាំង​ស្រុង​ទេ ដោយសារ​តែ​លោក​មើល​ឃើញ​វិធាន​ការ​បង្ក្រាប​របស់​អាជ្ញាធរ​នៅ​មាន​កម្រិត ធ្វើ​បាន​តែ​តូចតាច ហើយ​ចំពោះ​រូបភាព​ឈ្មួញ​ធំ​ដុំ មិន​ហ៊ាន​ប៉ះពាល់​នៅ​ឡើយ៖ «បទ​ល្មើស​ដែល​កើត​ឡើង​ធំៗ ប្រហែល​ជា​អាជ្ញាធរ ស្ថាប័ន ឬ​ក៏​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ​នៅ​មាន​កម្រិត​ហើយ ពីព្រោះ​អា​ហ្នឹង​យើង​នៅ​តែ​ឃើញ​មាន​បន្ត​រហូត ជា​ពិសេស​កុងតឺន័រ​ធំៗ​បង្ក្រាប​អត់​ចេញ​ទេ។ យើង​ចង់​ឱ្យ​គាត់​បង្ក្រាប​បទ​ល្មើស​ធំៗ ដូច​ជា ដឹក​ឈើ​តាម​កុងតឺន័រ​អី​ហ្នឹង»

ចាប់​តាំង​ពី​ខែ​មិថុនា មុន​អំឡុង​ពេល​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ រហូត​មក​ដល់​បច្ចុប្បន្ន នៅ​តាម​បណ្ដា​ស្រុក​ជាច្រើន​នៃ​ខេត្ត​ព្រះវិហារ ដូច​ជា​ស្រុក​ឆែប ស្រុក​ជ័យសែន និង​ស្រុក​រវៀង ជាដើម គឺ​បទ​ល្មើស​ព្រៃ​ឈើ​នៅ​តែ​បន្ត​កើត​មាន ដោយ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ហាក់​បង្ក្រាប​បាន​តិចតួច។

មន្ត្រី​កម្មវិធី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ បាន​មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក ព្រម​ទាំង​បណ្ដាញ​ការពារ​ព្រៃ​ឡង់ បណ្ដាញ​សកម្មភាព​សហគមន៍​ដែល​ហៅ​កាត់​ថា ស៊ី.អិន.អេ (CNA) បាន​សហការ​ធ្វើ​ផែន​ការ​ជាមួយ​អាជ្ញាធរ​ស្រុក​ជ័យសែន ដើម្បី​ឈាន​ទៅ​រក​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ទី​នោះ។ លោក សោភ័ណ បាន​បញ្ជាក់​ថា នៅ​ក្នុង​ការ​ចាប់​អនុវត្ត​សកម្មភាព​បង្ក្រាប​លើក​ដំបូង​នេះ លោក​ឃើញ​ថា វា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ជា​ទ្រង់ទ្រាយ​តូច​បាន​មួយ​រយៈពេល ក៏ប៉ុន្តែ​លោក​មិន​ដឹង​ថា វិធាន​ការ​នោះ​វា​នឹង​មាន​ប្រសិទ្ធភាព​ប៉ុណ្ណា​ទៀត​ទេ ក្រោយ​ពី​ទប់ស្កាត់​មួយ​រយៈ​មក​នោះ។

លោក ប៉ិក សោភ័ណ បាន​មាន​ប្រសាសន៍​បន្ថែម​ថា លោក​មិន​សូវ​មាន​ជំនឿ​លើ​អាជ្ញាធរ​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ប៉ុន្មាន​ទេ ពីព្រោះ​តែ​ពួក​ឈ្មួញ​ដែល​មាន​អំណាច កំពុង​តែ​ជួញ​ដូរ​ឈើ​ជា​រូបភាព​ធំៗ​ជា​ហូរហែ ក៏ប៉ុន្តែ​សមត្ថកិច្ច​ដូច​ជា​អត់​ឃើញ​បង្ក្រាប៖ «មិន​មាន​ជំនឿ​អី​ទេ ព្រោះ​កន្លង​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ ចាត់​វិធាន​ការ​រឿង​ហ្នឹង វា​អត់​មាន​ប្រសិទ្ធភាព ដូច​ជា​នៅ​ខាង​ស្រុក​ឆែប ស្រុក​ជ័យសែន ហ្នឹង​មួយ ហើយ​និង​ស្រុក​រវៀង មួយ គឺ​វា​ធំ​ដុំ​តែ​ម្ដង ដោយសារ​មាន​ក្រុមហ៊ុន ទ្រី ភាព នៅ​តែ​ដំណើរ​ការ​ដឹក​ជញ្ជូន ហើយ​និង​ឱ្យ​សហគមន៍​ឈ្មួញ​ហ្នឹង​ដើរ​កាប់ ហើយ​គាត់​ប្រមូល​ទិញ​តែ​ម្ដង។ ជា​ពិសេស ចាប់​ពី​ស្រុក​ជ័យសែន ទៅ​ស្រុក​ឆែប គឺ​នៅ​ពេល​រាត្រី មាន​អ្នក​ភូមិ​មួយ​ចំនួន ហើយ​និង​ពួក​ឈ្មួញ​ដឹក​ឈើ​ចេញ​ពី​ព្រៃ មើល​ឃើញ​ភ្លើង​ពិល ភ្លើង​កែវ ពេញ​តែ​ព្រៃ»

ស្រប​ពេល​ដែល​អាជ្ញាធរ​ស្រុក​ជ័យសែន កំពុង​ចាត់​វិធាន​ការ​បង្ក្រាប​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នេះ គឺ​នៅ​ឯ​ស្រុក​គូលែន វិញ អាជ្ញាធរ​ស្រុក និង​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ ក៏​បាន​ចុះ​បង្ក្រាប​ការ​កាប់​ឈើ​ខុស​ច្បាប់​ដែរ ក៏ប៉ុន្តែ​ការ​បង្ក្រាប​នោះ​មិន​សំដៅ​ទៅ​លើ​ក្រុម​ឈ្មួញ​ដឹក​ធ្វើ​អាជីវកម្ម​ទេ គឺ​ដើរ​ចាប់​យក​ឈើ​ពី​តាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ទៅ​វិញ។

កាល​ពី​រសៀល​ថ្ងៃ​ទី​២៨ ខែ​តុលា កន្លង​ទៅ ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ ៤០០​នាក់ នៅ​ភូមិ​ក្ដាក់ ឃុំ​ត្បែង២ ស្រុក​គូលែន បាន​លើក​គ្នា​ហ៊ុមព័ទ្ធ​អាជ្ញាធរ​ស្រុក និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ពេញ​មួយ​យប់ ដោយសារ​តែ​ចាប់​យក​ឈើ​ពី​តាម​ផ្ទះ​របស់​គាត់។

អ្នក​ភូមិ​ម្នាក់​បាន​មាន​ប្រសាសន៍​ថា វា​ជា​រឿង​អយុត្តិធម៌​មួយ​ដែល​អាជ្ញាធរ​ស្រុក និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ប្រើ​ច្បាប់​មក​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​បាន​តែ​លើ​ប្រជាពលរដ្ឋ​តូចតាច៖ «មក​រឹបអូស​ឈើ​ប្រជាពលរដ្ឋ​តាម​ផ្ទះ​យប់​មិញ​អត់​សមរម្យ ព្រោះ​អី​ពេល​ប្រជាជន​មាន​ឈើ​សម្រាប់​ធ្វើ​ផ្ទះ​អី​តិចតួច ចាប់ ដល់​ពេល​អា​ឈ្មួញ​ដឹក​ទាំង​ឡានៗ ទាំង​គូបៗ អត់​ចាប់​សោះ»

ក្រុម​អ្នក​ភូមិ​បាន​រិះគន់​ថា វិធាន​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​របស់​អាជ្ញាធរ​បែប​នេះ គឺ​ពួក​គេ​មិន​ស្វាគមន៍​ទេ។ ពួក​គេ​ចង់​ឃើញ​អាជ្ញាធរ​រដ្ឋាភិបាល ហ៊ាន​បញ្ចេញ​សាច់ដុំ​ចាប់​ឈើ​រាប់​រយ​ម៉ែត្រ​គូប ដែល​ក្រុម​ឈ្មួញ​មាន​អំណាច​តែង​ដឹក​ចេញ​ទៅ​ធ្វើ​ជំនួញ​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។