ថង់ប្លាស្ទិក ជ័រស្នោ កំប៉ុងជ័រ កំពុងក្លាយជាមធ្យោបាយមួយប្រើប្រាស់សម្រាប់ខ្ចប់ចំណីអាហារ ឬរបស់ផ្សេងៗ បន្ទាប់មកក៏ក្លាយជាសំរាមបានបន្សល់ទុកស្ទើរគ្រប់ទីកន្លែង។ សម្ភារៈជ័រនោះបង្កការខូចខាតសោភណភាពទីសាធារណៈនៅលើដី តែបើវាកប់ក្នុងដី ឬប្រឡាយ វាមិនងាយរលាយឡើយ និងបណ្ដាលឲ្យស្ទះផ្លូវទឹកហូរ។ ប៉ុន្តែបើគេយកវាទៅដុត គឺឧស្ម័នហុយចេញពីការដុតនោះ ធ្វើឲ្យស្រទាប់អូហ្សូនធ្លុះធ្លាយនាំឲ្យផែនដីឡើងកម្ដៅ។
មន្ត្រីជំនាញឲ្យដឹងថា ភាពមិនងាយរំលាយច្រើនរយឆ្នាំនៃគ្រឿងជ័រធ្វើឲ្យអាកាសធាតុប្រែប្រួល ព្រោះតែស្រទាប់ការពារកម្ដៅថ្ងៃរហែក។ លោកថា ដោយសារតែការប្រែប្រួលអាកាសធាតុវាបានប៉ះពាល់ដល់ការដាំដុះដំណាំផ្សេងៗ ហើយផែនដីឡើងកម្ដៅ។ មូលហេតុនេះ ក្រសួងបរិស្ថានអំពាវនាវឲ្យអ្នកលក់ដូរសុំប្ដូរទម្លាប់ប្រើប្រាស់វេចខ្ចប់ ចំណីអាហារពីថង់ប្លាស្ទិក ជ័រស្នោ និងកំប៉ុងជ័រទៅប្រើស្លឹករុក្ខជាតិ និងក្រដាសជំនួសវិញ។
ការអំពាវនាវនេះធ្វើឡើងក្នុងពេលដែលមនុស្សជាច្រើន និយមភាពងាយស្រួលនៃការប្រើប្រាស់ប្លាស្ទិក ដើម្បីច្រកវេចខ្ចប់ជាដើមនៅក្នុងអាជីវកម្មជួញដូរ ដោយមិនបានគិតទៅដល់ផលប៉ះពាល់នានា អំពីការប្រើប្រាស់ថង់ប្លាស្ទិកនេះឡើយ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព បន្តថា ថង់ប្លាស្ទិក ជ័រស្នោ កំប៉ុងជ័រ មិនងាយរលាយទេ គេអាចប្រើរយៈពេលពាន់ឆ្នាំរង់ចាំមើលការរលាយរបស់វា ប៉ុន្តែបើស្លឹកឈូកស្លឹកចេក និងក្រដាសជាដើម គឺវាឆាប់រលួយផុយទៅក្នុងដីទើបក្រសួងបរិស្ថាន សូមឲ្យអ្នកលក់ដូរគួរប្រើថង់ក្រដាស ថង់បរិស្ថាន ស្លឹករុក្ខជាតិវិញក្នុងការវេចខ្ចប់ដើម្បីជួយដល់បរិស្ថានឲ្យស្រស់ស្អាតនៅក្នុងពិភពលោក៖ «ថង់ប្លាស្ទិកប៉ះពាល់យូរអង្វែងដល់បរិស្ថានរហូតដល់រាប់សិបឆ្នាំ ឬក៏ដល់រយឆ្នាំ បើសិនជាវាកប់ ឬក៏បោះបង់ចោលនៅតាមទីសាធារណៈ។ យើងហៅថា ធ្វើជាចលនាមួយដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនេះឯងក្នុង ២០១៥ ហ្នឹង»។
លោក សៅ សុភាព បន្តថា ក្រៅពីជ័រប្លាស្ទិកក្ររលាយក៏មានមនុស្សជាច្រើននៅតែប្រើប្រាស់រថយន្ត ទូទឹកកក ម៉ាស៊ីនត្រជាក់ សេរីចាស់ៗ ដែលវាបង្ហុយឧស្ម័នពុលទៅលើបរិយាកាសគឺឧស្ម័ននោះ វាទម្លុះរបាំងការពារពន្លឺថ្ងៃហៅថា ស្រទាប់អូហ្សូនបណ្ដាលឲ្យអាកាសធាតុប្រែប្រួល។ ការធ្លាយរបាំងការពារពន្លឺថ្ងៃនេះហើយ វាបង្កឲ្យផែនដីឡើងកម្ដៅប៉ះពាល់ដល់ការដាំដុះដំណាំដោយសារអាកាសធាតុប្រែប្រួល។
លោក សៅ សុភាព៖ «ឲ្យគាត់បោះបង់ថង់ប្លាស្ទិកអីហ្នឹង គាត់មានអីប្រើជំនួស គឺយើងគិតថា ថង់បរិស្ថានដែលជាក្រណាត់ ឬក៏ជាក្រដាស ឬក៏ទៅប្រើប្រាស់ដូចជាស្លឹកឈូកស្អីៗហ្នឹងគឺត្រូវតែជំរុញហើយ»។
នៅក្នុងប្រទេសកម្ពុជា តំបន់ដែលមានរោងចក្រជាកន្លែងសំបូរអ្នកទទួលទានអាហារជាក្រុម ឃើញមានថង់ប្លាស្ទិក ប្រអប់ស្នោ និងកំប៉ុងជ័រ បោះចោលពាលវាលពាសកាលនៅក្បែររោងចក្រ និងក្បែរបន្ទប់កម្មករស្នាក់នៅ។ ទន្ទឹមនោះថង់ប្លាស្ទិកច្រកសំរាមចម្រុះពណ៌ច្រើនរយថង់ ចងទុកចោលត្រាំទឹកភ្លៀងនៅក្បែររោងចក្រនីមួយៗ នៅក្នុងខណ្ឌពោធិ៍សែនជ័យ។
ថង់ប្លាស្ទិកនេះទុកចោលហាលខ្យល់ ហាលថ្ងៃ ហាលភ្លៀងយូរខែក៏មិនរលួយ ឬខូចដែរ។ បញ្ហានេះនិស្សិតបរិញ្ញាបត្រគីមីសាស្ត្រនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ប៉ែន បញ្ញា ពន្យល់ថា ថង់ប្លាស្ទិកស្នោ កំប៉ុងជ័រ ជាដើម បើយកវាទៅចាក់កប់ក្នុងដីរាប់រយឆ្នាំ គឺវាក្ររលាយដែរ តែវាមិនសូវបង្កផលប៉ះពាល់ដល់ការប្រែប្រួលអាកាសធាតុទេ។ ប៉ុន្តែបើគេយកវាទៅដុត គឺឧស្ម័នពុលនោះវាហុយឡើង ធ្វើឲ្យប៉ះពាល់ស្រទាប់អូហ្សូន។
លោក ប៉ែន បញ្ញា៖ «បើសិនជាវាកប់ចូលទៅក្នុងដី គឺវាអត់រលាយទេ ថង់ប្លាស្ទិក ហើយវាអត់មានផលប៉ះពាល់អីធំដុំទេ ប៉ុន្តែបើសិនជាយើងដុតវាអាចបង្កជាឧស្ម័នពុលដែលចេញមកពីថង់ប្លាស្ទិក ហើយនិងប្រអប់ស្នោចូលទៅក្នុងបរិយាកាសដល់ពេលឧស្ម័នដែលភាយចេញឡើយហ្នឹង វាអាចទៅកាត់បន្ថយអូហ្សូនដែលនៅក្នុងស្រទាប់ផែនដីរបស់យើង»។
មន្ត្រីក្រសួងបរិស្ថាន លោក សៅ សុភាព ឲ្យដឹងថា ដោយសារតែថង់ប្លាស្ទិក និងជ័រស្នោ ចោទជាបញ្ហាប៉ះពាល់បរិស្ថាន ទើបក្រសួងបរិស្ថានសហការជាមួយសាលារាជធានីភ្នំពេញ អង្គការនានា រួមទាំងផ្សារទំនើបនានា ក្នុងរាជធានីភ្នំពេញ មានទាំងថង់ធ្វើពីក្រដាស និងថង់ដែលងាយរលាយក្នុងដីលក់ក្នុងតម្លៃថោក និងជំរុញឲ្យអតិថិជនយកថង់នោះប្រើប្រាស់ដើម្បីជួយថែទាំស្រទាប់អូហ្សូន ដែលកំពុងតែធ្លុះធ្លាយដោយសារឧស្ម័នពុលនៃការដុតគ្រឿងជ័រប្លាស្ទិកនេះ។
លោក សៅ សុភាព៖ «ជាពិសេសគឺយើងធ្វើការងារជាមួយក្រសួងទេសចរណ៍ដែលជាក្រសួងមួយធ្វើការងារចលនាប្រឡងប្រណាំងទីក្រុងស្អាតនេះ។ យើងក៏បានធ្វើការងារជាមួយនឹងទីផ្សារធំៗមួយចំនួនជារបៀបដូចឡាក់គី ដូចអីអ៊ីចឹង ដែលជាទីផ្សារទំនើបហ្នឹង ធ្វើយ៉ាងណាដើម្បីឲ្យគាត់កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកដើម្បីវេចខ្ចប់របស់របរ ឬក៏ចំណីអាហារដែលអតិថិជនទៅផ្សាររបស់គាត់ហ្នឹង»។
ចៅសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ លោក សុទ្ធ សាត ទទួលស្គាល់ថា នៅក្នុងមូលដ្ឋាននោះបានអប់រំកម្មករកុំឲ្យដុតថង់ប្លាស្ទិក តែត្រូវប្រមូលវាចងទុកម្តុំ ទុកឲ្យក្រុមហ៊ុនប្រមូលសំរាមយកទៅបោះចោល។ លោកអះអាងថា នៅក្នុងមូលដ្ឋាននោះ អ្នកលក់ដូរភាគតិចប្រើស្លឹកឈូក និងស្លឹកចេកពេលវេចខ្ចប់អាហារឲ្យកម្មករ៖ «អ៊ីចឹងលើបញ្ហាទាំងអស់ហ្នឹង ការខ្វះខាតវាតែងតែមានដែរហើយ ប៉ុន្តែក្នុងនោះដែរទាល់តែការកសាងឡើងវិញ»។
ក្រុមប្រជាពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យ ឲ្យដឹងថា ក្រៅពីថង់ប្លាស្ទិក ក្ររលាយក៏វាបានជះក្លិនអាក្រក់នៃសារធាតុគីមីផលិតថង់នោះ នៅពេលយកទៅប្រើដែរ។
ក្រៅពីការទិតៀនអំពីក្លិននៃថង់ប្លាស្ទិក ក៏មានការរិះគន់ពីភាពយឺតយ៉ាវនៃការយកសំរាមដឹកចេញដែរ។ បុរសម្ចាស់ផ្ទះជួលម្នាក់ថ្លែងថា ថង់ប្លាស្ទិក មិនរលាយឯសំរាមនៅក្នុងថង់បង្កក្លិនស្អុយពីក្នុងថង់នោះ ប៉ះពាល់សុខភាពមនុស្សដែរ។
លោកថា ពេលខ្លះថង់ប្លាស្ទិកហើរចូលលូ ស្ទះចរន្តទឹកហូរចេញពីភ្នំពេញ ដោយសារវាមានភាពស្វិត មិនងាយរលាយ ឬមិនងាយផុយរលួយ៖ «ថង់ប្លាស្ទិកនេះ វាប៉ះពាល់បញ្ហាធំគឺរឿងបរិស្ថានហ្នឹងហើយ ដូចក្រសួងបរិស្ថាន គេឲ្យកែមកប្រើក្រដាសខ្ចប់ ឬប្រើស្លឹកឈូកបែបធម្មជាតិវិញ ប៉ុន្តែដោយសារប្រជាជនបងប្អូនយើងអ្នករស់នៅក្នុងនេះ គាត់មិនប្រើប្រាស់អាហ្នឹងប៉ុន្មានគាត់ប្រើជាងគេគឺប្លាស្ទិក រួចដាក់សំរាមដល់ពេលដាក់សំរាមទៅ នៅពេលគាត់យកទៅចោល ខាងក្រុមហ៊ុនប្រមូលសំរាមហ្នឹងមិនសូវមកប្រមូល យូរៗមកម្ដង វារលួយប៉ាយពេញហ្នឹង ខ្លះអណ្ដែតទឹកចូលលូ ចូលអី ស្ទះលូស្ទះអី»។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែងថា ការអប់រំមនុស្សឲ្យងាកពីប្រើប្រាស់ថង់ប្លាស្ទិក ប្រអប់ស្នោ កំប៉ុងជ័រជាដើម ទៅប្រើថង់បរិស្ថាន ឬស្លឹកចេក ស្លឹកឈូកវិញនោះ ត្រូវប្រើពេលយូរ ឬឆាប់ អាស្រ័យលើការឆាប់ទទួលយកនៃអ្នកប្រើប្រាស់។ លោកថា បើមនុស្សទាំងអស់ព្រមបោះចោលគ្រឿងប្លាស្ទិកទៅប្រើប្រាស់ស្លឹករុក្ខជាតិ ឬក្រដាសវេចខ្ចប់សម្ភារៈនោះ គឺវាធ្វើឲ្យសេដ្ឋកិច្ចអ្នកស្រែចម្ការដែលដាំឈូក ដាំចេក ទទួលបានចំណូលពីការលក់ស្លឹកវា ហើយបរិស្ថានក្នុងទីក្រុងក៏មិនកខ្វក់ដោយសារប្លាស្ទិកដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។