ស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ជាប់ៗ គ្នា នៅបណ្ដារាជធានី និងខេត្តមួយចំនួនក្នុងកម្រិតពីមធ្យមទៅច្រើន ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែកញ្ញានេះ។ ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងថា ភាគត្បូងនៃប្រទេសកម្ពុជា បានរងឥទ្ធិពលអាកាសធាតុសម្ពាធខ្ពស់ពីភាគខាងលើធ្លាក់ចុះលើប្រព័ន្ធសម្ពាធទាប (ITCZ) ដែលធ្វើឲ្យប្រព័ន្ធធ្លាក់រំកិលចុះមកក្រោមអូសបន្លាយមកលើភាគខាងត្បូងនៃប្រទេសកម្ពុជាសាជាថ្មី។
សេចក្ដីជូនដំណឹងចុះថ្ងៃទី២៣ ខែកញ្ញាដដែលឲ្យដឹងទៀតថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្ដារាជធានី ខេត្តមួយចំនួន មានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីមធ្យមទៅច្រើន និងផ្នែកខ្លះមានភ្លៀងធ្លាក់ខ្លាំង។ នៅថ្ងៃទី២៤និងថ្ងៃទី២៥ ខែកញ្ញា ភ្លៀងមានភាពរអាក់រអួលបន្តិច។ ដោយឡែក នៅតំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។
នៅខេត្តមួយចំនួននៅភាគពាយព្យ ក៏កំពុងជួបគ្រោះទឹកជំនន់ដោយសារទឹកភ្លៀងនេះដែរ។
កាលពីថ្ងៃទី២២ ខែកញ្ញា កម្លាំងអាជ្ញាធរខេត្តបន្ទាយមានជ័យ និងសមត្ថកិច្ចពាក់ព័ន្ធ បានជម្លៀសទៅប្រជាពលរដ្ឋមួយចំនួន នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ កាន់ទីទួលមានសុវត្ថិភាពជាបណ្ដោះអាសន្ន បន្ទាប់ពីជំនន់ទឹកភ្លៀងបានធ្លាក់ជាប់ៗ មកនេះ។
គ្រោះទឹកជំនន់នេះ ក៏បង្កឲ្យមានផលប៉ះពាល់ដល់ពលរដ្ឋក្នុងខេត្តចំនួន ៨ តាមដងទន្លេមេគង្គ និង ជាប់ដងទន្លេសាបផងដែរ។ របាយការណ៍របស់រដ្ឋាភិបាលដែលកំពុងបូកសរុបទំហំផលប៉ះពាល់ បង្ហាញថា មានពលរដ្ឋជាង ១ម៉ឺន (១០.៨៥៧) គ្រួសារហើយ ដែលត្រូវបានអាជ្ញាធរជម្លៀសចេញពីតំបន់ ដែលរងគ្រោះដោយទឹកជំនន់ ទៅកាន់ទីទួលសុវត្ថិភាព គិតចាប់ពីចុងខែសីហាមកទល់ពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។