ពលរដ្ឋ​អះអាង​ថា ព្រៃ​លិច​ជា​ច្រើន​ហិកតារ​នៅ​ខេត្ត​បាត់ដំបង​ហិនហោច​ដោយ​ជនល្មើស​លួច​ទន្ទ្រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ

0:00 / 0:00

ប្រជា​សហគមន៍​ការពារ​ព្រៃ​លិច​ទឹក​នៅ​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ព្រួយ​បារម្ភ​ពី​ភាព​ហិនហោច​ព្រៃ​លិច​ទឹក​នៅ​ក្នុង​សហគមន៍​របស់​ខ្លួន ដែល​ក្លាយ​ទៅ​ជា​កម្មសិទ្ធិ​ឯកជន។ ក្ដី​បារម្ភ​នេះ ដោយសារ​ពួក​គាត់​​បាន​ចុះ​ល្បាត​ព្រៃ​កាល​ពី​ថ្ងៃ​ទី៧ មេសា ហើយ​ប្រទះ​ឃើញ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​ការពារ​រាប់​ហិកតារ​ ត្រូវ​បាន​ជន​ល្មើស​លួច​ទន្ទ្រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ដោយ​ពុំ​មាន​អាជ្ញាធរ​មាន​វិធានការ​ទប់ស្កាត់​នៅ​ឡើយ។ ចំណែក​នៅ​ខេត្ត​ឧត្ដរមានជ័យ​ឯណោះ​វិញ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ប្រទះ​ឃើញ​មាន​គោយន្ត​ជា​ច្រើន​គ្រឿង​ដឹក​ឈើ​ហ៊ុប​តាម​ផ្លូវ​ដោយ​សេរី។

ប្រធាន​សហគមន៍​ការពារ​ព្រៃ​លិច​ទឹក​នៅ​ឃុំ​បឹង​ព្រីង ស្រុក​ថ្ម​គោល​ លោក​ រឹម ផូ ថ្លែង​ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី៨ មេសា​ថា ជន​ល្មើស​បាន​យក​ត្រាក់ទ័រ​ចំនួន ៣គ្រឿង​ទៅ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់២​ នៅ​ទំនប់​តា​ដាវ ក្នុង​ភូមិ​ប៉ុយ​តា​សេក ឃុំ​បឹង​ព្រីង បណ្ដាល​ឱ្យ​ហិនហោច​អស់​ព្រៃ​ប្រមាណ ១០០ហិកតារ។ លោក​បន្ត​ថា សហគមន៍​របស់​លោក​មិន​មាន​លទ្ធភាព​ទក់​ស្កាត់​បញ្ហា​នេះ​បាន​ទេ ព្រោះ​អ្នក​ប្រព្រឹត្ត​ជា​អ្នក​មាន​លុយ និង​មាន​ខ្នង​អ្នក​ធំ ហើយ​លោក​ក៏​បាន​នាំ​រឿង​នេះ​ទៅ​ជម្រាប​ទៅ​អាជ្ញាធរ​ឃុំ​រួច​ហើយ ក៏​ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​​​ទៅ​ចាប់​ជន​ល្មើស​យក​ទៅ​ផ្ដន្ទាទោស​នោះ​ទេ៖ «ខ្ញុំ​សោក​ស្ដាយ​ ខ្លាច​តទៅ​មុខ​ កូន​ចៅ​នោះ​ ដូច​ថា វា​បាត់​បង់​ជម្រក​ត្រី​ផង​ជម្រក​សត្វ​ស្លាប​ផង​ ខ្លាច​សត្វ​ដែល​មាន​សព្វ​ថ្ងៃ​បាត់​បង់​អស់ ហើយ​កូន​ចៅ​ជំនាន់​ក្រោយ​មិន​ស្គាល់ ប្រយោជន៍​សម្រាប់​សត្វ​ក៏​បាន​នៅ​ទី​នោះ​ ហើយ​យើង​អាច​ទាញ​យក​ផល​ពី​វា​បាន ព្រោះ​តំបន់​នោះ​ជា​តំបន់​ទឹក​ទន្លេ​លិច »

លោក​បន្ត​ថា រឿង​នេះ​អាជ្ញាធរ​មូលដ្ឋាន​ហាក់​ត្រូវ​រ៉ូវ​គ្នា​ជា​មួយ​ជន​ល្មើស​បាន​ជា​បណ្ដោយ​ពួក​គេ​ធ្វើ​សកម្មភាព​ដោយ​សេរី​បែប​នេះ ព្រោះ​កាល​ពី​ខែ១២ ឆ្នាំ២០១៨ ពួក​គាត់​បាន​ប្ដឹង​ទៅ​អភិបាល​ស្រុក​ថ្ម​គោល​ឱ្យ​ចាត់​វិធានការ​ម្ដង​រួច​ហើយ ដោយ​ពួក​គេ​បាន​ស្ងប់​មួយ​រយៈ​ក៏​ស្រាប់​តែ​ត្រឡប់​មក​ធ្វើ​សកម្មជន​ភាព​វិញ។

មេឃុំ​បឹងព្រីង លោក លឹម វែង​ មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​ថា ជនល្មើស​ពិត​ជា​បាន​ទន្ទ្រាន​ព្រៃ​លិច​ទឹក​យក​ដី​ពិត​ប្រាកដ​មែន ក៏​ប៉ុន្តែ​លោក​អះអាង​ថា អាជ្ញាធរ​ឃុំ​មិន​អាច​ចាប់​ជនល្មើស​យក​ទៅ​ផ្ដន្ទាទោស​បាន​ដែរ ព្រោះ​កន្លង​មក​លោក​បាន​ប្ដឹង​ទៅ​តុលាការ​ដោះ​ស្រាយ​តាម​ច្បាប់​​រួច​ហើយ ស្រាប់​តែ​ជន​ល្មើស​ធ្វើ​សកម្មភាព​ជា​ថ្មី​ទៀត ហើយ​ខាង​លោក​ក៏​អស់​លទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​ដែរ៖ «ហើយ​ដី​ឃុំ​តែ ៣០ហិកតារ​ទេ​ ដល់​គេ​ចេះ​តែ​​យក​ យើង​មិន​ហ៊ាន​ឃាត់​គេ ព្រោះ​គេ​មិន​ស្ដាប់​ទេ ព្រោះ​គេ​ធ្វើ​តែ​ពេល​យប់ គេ​យក​គ្រឿង​ចក្រ​មក​ពី​ខេត្ត​បន្ទាយមានជ័យ ហើយ​ខាង​ស្រុក​ក៏​ដឹង​ដែរ។ ខ្ញុំ​ប្ដឹង​ដល់​ស្រុក​ហើយ សូម្បី​តែ​ខាង​ជលផល​ក៏​មក​​មើល​ដែរ »

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អភិបាល​ស្រុក​ថ្មគោល​លោក គឹម វណ្ណៈ ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៨ មេសា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​តែ​ពុំ​មាន​អ្នក​ទទួល។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី លើក​ឡើង​ថា បញ្ហា​នេះ​កើត​ឡើង​ដោយសារ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​អើពើ​ទប់​ស្កាត់​ ហើយ​បណ្ដោយ​ឱ្យ​សហគមន៍​នាំ​គ្នា​ការពារ​ព្រៃ​ដោយ​ខ្លួន​ឯង​ទៅ​វិញ។ លោក​បន្ត​ថា បញ្ហា​នេះ​ជា​ភារកិច្ច​របស់​អាជ្ញាធរ​ក្នុង​ការ​ការពារ​ព្រៃ​ឈើ​ ព្រោះ​អាជ្ញាធរ​ទទួល​ប្រាក់​ខែ​ពី​រដ្ឋ​ ដែល​ខុស​ពី​​សហគមន៍​ធ្វើ​ការ​ដោយ​ចិត្ត​ស្រឡាញ់​ធនធាន​ធម្មជាតិ ដែល​គ្មាន​​ប្រាក់​ខែ​នោះ​ទេ។ លោក​ថា រឿង​នេះ​ទំនង​ដោយសារ​អាជ្ញាធរ​ខ្លាច​ជន​ល្មើស​បាន​ជា​ពួក​គេ​ហ៊ាន​ធ្វើ​សកម្មភាព​បែប​នេះ៖ «ហើយ​ត្រាក់ទ័រ​ដែល​យក​ទៅ​ភ្ជួរ​បំផ្លាញ​ព្រៃ​លិច​ទឹក និង​ធ្លាប់​ចាប់​កាល​ពី​ចុង​ឆ្នាំ២០១៨ ម្ដង​ហើយ តែ​រួច​ខ្លួន​វិញ។ អ៊ីចឹង យើង​សុំ​ឱ្យ​អាជ្ញាធរ​ឃុំ​ក្ដី​ ត្រូវ​មាន​វិធាន​ការ​ឡើង​វិញ រួម​ជា​មួយ​សហគមន៍ ដើម្បី​លើក​ទឹក​ចិត្ត​ឱ្យ​ពួក​គាត់​ខ្នះខ្នែង​ចូល​រួម​ការពារ​ធនធាន​ធម្មជាតិ​ទាំង​អស់​គ្នា ព្រោះ​រឿង​នេះ​ជា​រឿង​របស់​យើង​ទាំង​អស់​គ្នា »

ព្រៃ​លិច​ទឹក​តំបន់​បឹង​ទន្លេសាប​ក្នុង​ឃុំ​បឹង​ព្រីង មាន​ផ្ទៃ​ដី​ជាង ៤ពាន់ (៤.០០០) ហើយ​កាល​ពី​ឆ្នាំ២០១៨ ជន​ល្មើស​លួច​ទន្ទ្រាន​ព្រៃ​​អស់​ប្រមាណ ៥០ហិកតារ ដើម្បី​យក​ដី​ធ្វើ​ស្រែ ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ចាប់​ជន​ប្រព្រឹត្ត​យក​ទៅ​ផ្ដន្ទាទោស​បាន​ម្នាក់​នៅ​ឡើយ​ទេ។ លោក យិន ម៉េងលី អះអាង​ថា ដោយសារ​តែ​ការ​អនុវត្ត​ច្បាប់​ធូរ​រលុង​ធ្វើ​ឱ្យ​ព្រៃ​លិច​ទឹក​ជា​ហិកតារ​ក្នុង​ខេត្ត​បាត់ដំបង​ហិនហោច​ ដូចជា ​ព្រៃ​លិច​ទឹក​ក្នុង​ស្រុក​មោង​ឫស្សី ស្រុក​ឯកភ្នំ និង​ថ្មគោល​ជា​ដើម។ បញ្ហា​នេះ​ អាច​នឹង​ធ្វើ​ឱ្យ​ហិនហោច​ព្រៃ​លិច​ទឹក​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​បណ្ដោយ​ប្រជាពលរដ្ឋ​ការពារ​ដូច​សព្វ​ថ្ងៃ​នោះ។

ចំណែក​នៅ​ខេត្ត​ឧត្ដរមានជ័យ​ឯ​ណោះ​វិញ​ មាន​គោយន្ត​ជា​ច្រើន​គ្រឿង​លួច​ដឹក​ឈើ​តាម​ដង​ផ្លូវ​ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ទប់​ស្កាត់​នោះ​ទេ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​ឧត្ដរមានជ័យ​លោក ស្រី ណារ៉េន មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​ថា ចាប់​ពី​ខែ​មីនា​រហូត​មក​ទល់​ថ្ងៃ​ទី៤ មេសា ដែល​លោក​បាន​ធ្វើ​ដំណើរ​បំពេញ​ការងារ​នៅ​ស្រុក​អន្លង់វែង គឺ​ប្រទះ​ឃើញ​គោយន្ត​ប្រមាណ ១០គ្រឿង​ដឹក​ឈើ​ហ៊ុប មាន​មុខ​កាត់​ប្រហែល ៣តឹក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​​ក្បែរ​ទីស្នាក់ការ​បរិស្ថាន​ខេត្ត​​នៅ​ឃុំ​ត្រពាំង​តាវ​ជា​រៀងរាល់​ព្រឹក។ លោក​បន្ត​ថា គោយន្ត​ទាំង​នោះ​ទំនង​ដឹក​ឈើ​ចេញ​ពី​ព្រៃ​សង្ឃ​រុក្ខវ័ន​ ព្រោះ​ក្រៅ​ពី​​តំបន់​នោះ​ពុំ​មាន​ព្រៃ​ឈើ​ដែល​សេសសល់​ច្រើន​នោះ​ទេ៖ «ខ្ញុំ​ចេះ​តែ​ឆ្ងល់​តែ​ហេតុ​អី​ឈើ​ដឹក​លើ​ផ្លូវ​ជាតិ​ចុះ​ហេតុ​អី​បាន​មន្ត្រី​នៅ​ទី​នោះ​ហេតុ​អី​បាន​មិន​ចាត់វិធានការ ? ហើយ​ឃើញ​កាល​បី​ដើម​ឆ្នាំ២០១៩ ឃើញ​ចាប់​បាន​ខ្លះ​ដែរ​ តែ​ចាប់​តែ​ប្រជាពលរដ្ឋ​ដែល​បាន​ដឹក​ឈើ​មួយ​ដើមៗ ហើយ​លើក​នេះ​គេ​ដឹក​ឈើ​ពេញ​គោយន្ត​មិន​ឃើញ​មាន​សមត្ថកិច្ច​ចាប់​ ហើយ​នឹង​ខ្ញុំ​ស្រាវជ្រាវ​ឃើញ​គេ​យក​លក់​ដល់​ខាង​ត្រពាំង​ប្រាសាទ​ឯណោះ។ ឈើ​នោះ​គេ​យក​ទៅ​ធ្វើ​កៅអី​អង្គុយ ហើយ​ជុំ​វិញ​នោះ​វា​អត់​មាន​ឈើ​អី​សោះ​ សុទ្ធតែ​វាល​ទាំង​អស់​ហើយ​បាន​ឈើ​បាន​ពីណា

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧត្ដរមានជ័យ លោក ភួង លីណា មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​ថា ខាង​លោក​មិន​ទាន់​ទទួល​ដំណឹង​នេះ​នៅ​ឡើយ​ទេ ក៏ប៉ុន្តែ​លោក​ថា​នឹង​តាម​ដាន​លើ​បញ្ហា​នេះ៖ «វា​អាច​ចេញ​ពី​តំបន់​ផ្សេង​អាច​មក​ពី​ផ្នែក​ខាង​លើ​ ឬ​មួយ​យ៉ាង​ម៉េច។ ប៉ុន្តែ​ដូច​ខ្ញុំ​បាន​និយាយ​ហើយ​ថា ​រឿង​នេះ​ខ្ញុំ​អត់​ច្បាស់​ ដោយសារ​តែ​វា​អត់​ស្ថិត​ក្នុង​តំបន់​ដែន​ការពារ។ ប៉ុន្តែ​ខ្ញុំ​នឹង​ទទួល​យក​រឿង​នេះ​ ដើម្បី​ឱ្យ​ខាង​តំបន់​ពិនិត្យ​មើល​ ពីព្រោះ​យើង​គិត​ថា ​ឱ្យ​តែ​ឈើ​ចេញ​ពី​តំបន់​ណា ទោះ​បី​មិន​ស្ថិត​ក្នុង​តំបន់​ការពារ​ វា​សុទ្ធតែ​ជា​រឿង​ខុស​ច្បាប់​ទាំង​អស់ »

របាយការណ៍​​សហគមន៍​ការពារ​ព្រៃ​ឈើ​សង្ឃ​រុក្ខវ័ន ឲ្យ​ដឹង​ថា ចាប់​ពី​ដើម​ឆ្នាំ២០១៩ មក​ជន​ល្មើស​បាន​ចូល​លួច​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​មួយ​នេះ​បណ្ដាល​ឱ្យ​ហិនហោច​ព្រៃ​អស់​ជាង ៣០០ហិកតារ​ ដោយ​អាជ្ញាធរ​មិន​ទាន់​ចាប់​ជន​ល្មើស​ណា​ម្នាក់​យក​ទៅ​ផ្ដន្ទាទោស​បាន​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។