សង្គម​ស៊ីវិល​រិះគន់​រដ្ឋាភិបាល​ដែល​បន្ត​ឲ្យ​មាន​ការ​សាងសង់​សំណង់​រឹងមាំ​នៅ​តាម​ឆ្នេរ

ដោយ ដែន អយុធ្យា
2017.04.23
សំណង់​មាត់​ឆ្នេរ ព្រះសីហនុ ៦២០ សំណង់​រឹងមាំ​ដែល​សង់​នៅ​ជាប់​ឆ្នេរ​ខេត្ត​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៤
RFA/Den Ayuthyea

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខេត្ត​ព្រះសីហនុ បាន​រិះគន់​ថា ផែនការ​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា គឺ​មាន​ការ​យឺតយ៉ាវ ឬ​មិន​ទាន់​មាន​ដំណើរការ​ឲ្យ​បាន​រលូន​ទេ។ ទន្ទឹម​គ្នា​នេះ ក៏​នៅ​តែ​មាន​ការ​សាងសង់​សំណង់​រឹងមាំ​នៅ​តាម​តំបន់​ឆ្នេរ​ខ្លះ ដោយ​គ្មាន​ការ​ហាមឃាត់​ពី​អាជ្ញាធរ​នោះ​ទេ។

មន្ត្រី​ឃ្លាំ​មើល​ផែនការ​អភិវឌ្ឍន៍​សង្គម​នា​ខេត្ត​ព្រះសីហនុ បាន​បន្ត​រិះគន់​ចំពោះ​ផែនការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​របស់​រដ្ឋាភិបាល​នៅ​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ ថា​មិន​មាន​ការ​រីក​ចម្រើន​ទៅ​មុខ​នោះ​ទេ បន្ទាប់​ពី​អាជ្ញាធរ​បាន​បើក​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​ឯករាជ្យ និង​អភិវឌ្ឍ​ផ្លូវ​ជាប់​ឆ្នេរ​សមុទ្រ​បាន​មួយ​ចំនួន​នា​ពេល​កន្លង​ទៅ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី កត់​សម្គាល់​ថា សកម្មភាព​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​នា​មូលដ្ឋាន​នេះ ហាក់​មិន​មាន​ការ​រីក​ចម្រើន​ទៅ​មុខ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ក្រុមហ៊ុន និង​ឈ្មួញ​មាន​ទ្រព្យ​មួយ​ចំនួន កំពុង​បន្ត​បុក​សសរ​គ្រឹះ​សម្រាប់​ការដ្ឋាន​សំណង់​រឹងមាំ​ធំ​ស្កឹមស្កៃ​ជា​រៀង​រាល់​ថ្ងៃ មាន​ដូចជា សំណង់​នៅ​ឆ្នេរ​ឯករាជ្យ និង​ឆ្នេរ​សុខា ជាដើម។

ចំណែក​សំណង់​រឹងមាំ​ដែល​សង់​រួច និង​កំពុង​ធ្វើ​អាជីវកម្ម​នៅ​តាម​ផ្លូវ​ជាប់​ឆ្នេរ​សមុទ្រ​មាន​ទីតាំង​ទល់​មុខ​អគារ​សាលា​ខេត្ត​ព្រះសីហនុ និង​សំណង់​នៅ​តាម​ឆ្នេរ​ឯករាជ្យ ជាដើម គឺ​គណៈកម្មាធិការ​ឆ្នេរ និង​រដ្ឋបាល​ខេត្ត​នេះ មិន​មាន​វិធានការ​រុះរើ​ឲ្យ​ស្រប​តាម​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល ស្តី​អំពី​ផែនការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ ធ្វើ​យ៉ាង​ណា​ឲ្យ​សំណង់​រឹងមាំ​ផ្សេងៗ​ត្រូវ​សង់​ឲ្យ​ឃ្លាត​ពី​ឆ្នេរ​សមុទ្រ​យ៉ាង​ហោច​ចំនួន ៥០​ម៉ែត្រ​នោះ​ទេ«បើ​សិន​ជា​អាជ្ញាធរ​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​ការពារ​សោភណភាព និង​បញ្ហា​បរិស្ថាន​នៅ​តាម​តំបន់​ឆ្នេរ​នេះ មិន​គួរ​ឲ្យ​មាន​ការ​សាងសង់​សំណង់​រឹងមាំ​នៅ​តាម​ឆ្នេរ​សមុទ្រ​នោះ​ទេ។ សព្វថ្ងៃ​នេះ យើង​សង្កេត​ឃើញ​មាន​សកម្មភាព​ហាមឃាត់​ការ​សាងសង់​សំណង់​តូចតាច​កំប៉ិកកំប៉ុក​របស់​ក្រុម​អាជីវករ ឬ​ប្រជាពលរដ្ឋ​តូចតាច ប៉ុន្តែ​យើង​ឃើញ​សំណង់​រឹងមាំ​សង់​នៅ​តាម​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ គឺ​នៅ​តែ​មាន​សកម្មភាព​សាងសង់​ដដែល»

អ្នក​ឃ្លាំ​មើល​សង្គម អ្នកស្រី សុធារី បន្ថែម​ថា រាល់​ថ្ងៃ​នេះ​នៅ​មាន​ឆ្នេរ​សមុទ្រ​ជាច្រើន​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ត្រូវ​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​មាន​ទ្រព្យ បាន​បន្ត​ហ៊ុមព័ទ្ធ​របង​ថ្ម​របង​ដែក​ទុក​ចោល មិន​មាន​ការ​អភិវឌ្ឍ និង​មិន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរ​ដើរ​ឆ្លង​កាត់ ឬ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាប់​ឆ្នេរ​សមុទ្រ មើល​ឃើញ​ទឹក​សមុទ្រ​ពី​ចម្ងាយ​បាន​ទេ។

អ្នកស្រី​បង្ហាញ​ទស្សនៈ​ថា ផែនការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​នេះ គួរ​តែ​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ដឹកនាំ​ដោយ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​អ្នក​ជាប់​ពាក់ព័ន្ធ​ផ្សេង​ទៀត គួរ​មាន​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​សំណង់​រឹងមាំ​ដែល​កំពុង​សាងសង់ និង​បាន​សង់​រួច ប៉ះពាល់​ដល់​ដី​ចំណី​ឆ្នេរ​សមុទ្រ ឲ្យ​ស្រប​តាម​ច្បាប់ និង​ស្រប​តាម​សេចក្តី​ជូន​ដំណឹង​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​បាន​ដាក់​ឲ្យ​អនុវត្ត

កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៦ ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​កម្ពុជា បាន​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៃ​ខេត្ត​ព្រះសីហនុ មាន​កង​រាជ​អាវុធហត្ថ និង​កម្លាំង​នគរបាល​ជាដើម ឲ្យ​ទៅ​កាង​ការពារ​សកម្មភាព​គ្រឿងចក្រ​ឈូស​កម្ទេច​តូប ឬ​ស្តង់​លក់​ដូរ​របស់​ក្រុម​អាជីវករ​លក់​ដូរ​នៅ​ចុង​ឆ្នេរ​អូរឈើទាល ឬ​ឆ្នេរ​អារីស្តុន ដោយ​បំផ្លាញ​តូប​លក់​ដូរ​របស់​អាជីវករ​រាប​ដល់​ដី​រាប់​សិប​តូប ដោយ​ចាត់​ទុក​សំណង់​ខុស​ច្បាប់​អនាធិបតេយ្យ។

ត្រង់​ចំណុច​នេះ ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ និង​អាជីវករ​លក់​ដូរ បង្ហាញ​អារម្មណ៍​ខក​ចិត្ត និង​បន្ត​រិះគន់​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ ដែល​អនុវត្ត​ការងារ​មិន​ស្មើ​ភាព​រវាង​ពលរដ្ឋ​សាមញ្ញ និង​ម្ចាស់​សំណង់​រឹងមាំ​ដែល​សង់​នៅ​ជាប់​ឆ្នេរ​សមុទ្រ។

ចំណែក​អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បាន​ឲ្យ​ដឹង​ថា កន្លង​ទៅ ឃើញ​សកម្មភាព​ការងារ​របស់​គណៈកម្មាធិការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ បាន​សាងសង់​ខ្លោងទ្វារ​ចេញ​ចូល​ទៅ​តំបន់​ឆ្នេរ​សមុទ្រ​រួច​រាល់​បាន​មួយ​ចំនួន​រួច​ហើយ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ លោក​ថា​ស្ថាប័ន​នេះ​ហាក់​មិន​ឃើញ​មាន​សកម្មភាព​ឲ្យ​បាន​ផុលផុស​ទៀត​ទេ។ ជាង​នេះ រាល់​សំណង់​រឹងមាំ​ដែល​សង់​នៅ​លើ​ដី​ចំណី​ឆ្នេរ​សមុទ្រ និង​សំណង់​រឹងមាំ​ខ្លះ​ទៀត កំពុង​សង់​នៅ​ជាប់​ឆ្នេរ​សមុទ្រ គឺ​ស្ថាប័ន​ពាក់ព័ន្ធ​ការងារ​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ គ្មាន​វិធានការ​ផ្លូវ​ច្បាប់ ឬ​ហាមឃាត់​នោះ​ទេ។

អ្នក​ឃ្លាំ​មើល​សង្គម​រូប​នេះ ហាក់​មិន​សូវ​មាន​ជំនឿ​ទៅ​លើ​ប្រសិទ្ធភាព​ការងារ​របស់​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ ដឹកនាំ​ដោយ​លោក ជា សុផារ៉ា និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ អាច​ហ៊ាន​អនុវត្ត​ច្បាប់​ទៅ​លើ​ម្ចាស់​សំណង់​រឹងមាំ​ជា​ឈ្មួញ​មាន​ទ្រព្យ ឬ​មាន​ខ្នង​បង្អែក​ទាំងនោះ​ទេ។

លោក ប៊ួន ណារិទ្ធិ បន្ត​ថា បច្ចុប្បន្ន​នេះ​មាន​ឆ្នេរ​សមុទ្រ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ បាន​បន្ត​ហ៊ុមព័ទ្ធ​របង​ថ្ម និង​របង​ដែក​ទុក​ចោល​គ្មាន​ការ​អភិវឌ្ឍ និង​មិន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរ​ចេញ ឬ​ចូល​ទៅ​កម្សាន្ត​នោះ​ទេ ក្នុង​នោះ​សម្រាប់​សំណង់​អគារ​រឹងមាំ​ដែល​សង់​នៅ​ជាប់​មាត់​សមុទ្រ មាន​នៅ​តាម​ឆ្នេរ​ថ្មី ឆ្នេរ​មាស ឆ្នេរ​ប៉ោកី និង​ឆ្នេរ​រីករាយ ជាដើម គឺ​សំណង់​ទាំងនោះ​បាន​បន្ត​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ការ​ផ្លាស់ប្ដូរ​នោះ​ទេ។

មន្ត្រី​អង្គការ​លីកាដូ លោក ប៊ួន ណារិទ្ធិ សំណូមពរ​ដល់​លោក ជា សុផារ៉ា ជួយ​បង្ហាញ​លទ្ធផល​នៃ​ផែនការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​នា​ខេត្ត​ព្រះសីហនុ ជា​សាធារណៈ ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​ដឹង និង​មាន​ទំនុក​ចិត្ត​ទៅ​លើ​ប្រសិទ្ធភាព​ការងារ​របស់​ថ្នាក់​ដឹកនាំ​ស្ថាប័ន​នេះ និង​ចូលរួម​គាំទ្រ«ឃើញ​មាន​ការ​សាងសង់​សំណង់ និង​ដាក់​ស្លាក​លក់​ដូរ​អគារ​សង់​នៅ​តាម​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ យ៉ាង​គឃ្លើន​ថែម​ទៀត។ សកម្មភាព​នាំ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ជំនឿ​ចិត្ត​យ៉ាង​ខ្លាំង​អំពី​គម្រោង​នៃ​ការ​អភិវឌ្ឍ និង​គ្រប់គ្រង​តំបន់​ឆ្នេរ​សមុទ្រ​យើង​នេះ»

កន្លង​ទៅ​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​សេចក្ដី​សម្រេច ៥​ចំណុច​ជូន​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​ចុះ​អនុវត្ត​ការងារ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព។ ចំណុច​ទាំង ៥ នោះ មាន​ដូចជា ករណី​បឹង​ព្រែក​ទប់ ត្រូវ​រៀបចំ​ដាក់​បឹង​ធម្មជាតិ​មួយ​នេះ​ជា​តំបន់​អភិរក្ស​ដោយ​ព្រះរាជក្រឹត្យ។ ចំណែក​ឆ្នេរ​ឯករាជ្យ ត្រូវ​អភិវឌ្ឍ និង​អភិរក្ស​សម្រាប់​សាធារណជន​លំហែ និង​កម្សាន្ត និង​រៀបចំ​កែ​សម្រួល​ឲ្យ​សាធារណជន​អាច​ចេញ ឬ​ចូល​ទៅ​កម្សាន្ត​ឆ្នេរ​ខ្សាច់​ក្នុង​តំបន់​នោះ។ ចំពោះ​ឆ្នេរ​អូរត្រេះ ត្រូវ​សិក្សា​អំពី​វិធានការ​រុះរើ​សំណង់​អនាធិបតេយ្យ​នៅ​តាម​ដី​ចំណី​ឆ្នេរ និង​ចាប់​ផ្ដើម​ធ្វើ​ការ​អប់រំ និង​ផ្សព្វផ្សាយ ព្រម​ទាំង​កំណត់​ពេលវេលា និង​កិច្ចសន្យា​ច្បាស់លាស់​ជាមួយ​អាជីវករ ឬ​អ្នក​មាន​ទីតាំង​នៅ​តំបន់​ឆ្នេរ​អូរត្រេះ ឲ្យ​រុះរើ​សំណង់​ទាំងនោះ​ចេញ ដើម្បី​រៀបចំ​ជា​ឆ្នេរ​គំរូ​សាធារណៈ​សម្រាប់​បម្រើ​សេវាកម្ម​ទេសចរណ៍ និង​ការ​លំហែ ឬ​ការ​កម្សាន្ត ឲ្យ​ស័ក្ដិសម​ជា​ឆ្នេរ​គំរូ។ ករណី​ឆ្នេរ​អូរឈើទាល​នៅ​ទល់​មុខ​ដី​ក្រុមហ៊ុន សុខា អូតែល អតីត​ក្រុមហ៊ុន​អារីស្តុន ត្រូវ​ធ្វើ​សមាហរណកម្ម​ផ្លូវ​តាម​បណ្ដោយ​ឆ្នេរ​ភ្ជាប់​ពី​ឆ្នេរ​អូរឈើទាល ទៅ​ឆ្នេរ​អូរត្រេះ និង​បើក​ចំហ​ឆ្នេរ​នេះ​សម្រាប់​សាធារណជន និង​ទេសចរ​អាច​ចេញ​ចូល​កម្សាន្ត​ដូច​ដើម​វិញ និង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់​សំណង់​គ្រប់​ប្រភេទ​នោះ​ទេ។

ចំណែក​ករណី​កាត់​ឆ្វៀល​ដី​តាម​រូបមន្ត​ស្បែក​ខ្លា​ជូន​ប្រជាពលរដ្ឋ និង​ការ​ដោះស្រាយ​បញ្ហា​សំណង់​ដែល​សង់​លើ​ទឹក និង​ដី​ចំណី​ឆ្នេរ និង​ឆ្នេរ​ខ្សាច់​នៅ​កោះរ៉ុង ស្ថិត​ក្នុង​សង្កាត់​កោះរ៉ុង ក្រុង​ព្រះសីហនុ មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន​ត្រូវ​សិក្សា​រក​ដំណោះស្រាយ​ប្ដូរ​ទីតាំង​សំណង់​ទាំងឡាយ ដែល​បាន​បោះ​ទីតាំង​នៅ​លើ​ទឹក​ដី​ចំណី​ឆ្នេរ និង​ឆ្នេរ​ខ្សាច់​នៅ​កោះរ៉ុង ត្រូវ​ប្ដូរ​ឲ្យ​ទៅ​នៅ​លើ​ដី​ផ្នែក​ខាង​ក្នុង​នៃ​កោះរ៉ុង និង​ត្រូវ​គោរព​ស្នើសុំ​គោលការណ៍​ពី​រាជ​រដ្ឋាភិបាល ដើម្បី​កាត់​ដី​រដ្ឋ​ដែល​នៅ​សល់​ពី​គម្រោង​វិនិយោគ​ផ្នែក​ខាង​ក្នុង​នៃ​កោះរ៉ុង សម្រាប់​ជា​ថ្នូរ​ផ្ដល់​ជូន​អ្នក​ដែល​ត្រូវ​ឲ្យ​ប្ដូរ​ទីតាំង​ទាំងនោះ​ជំនួស​វិញ។

បញ្ហា​នេះ​ដែរ កន្លង​ទៅ លោក នី ផល្លី តំណាង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ដឹកនាំ​ដោយ​លោក ជា សុផារ៉ា បាន​ឲ្យ​ដឹង​ថា ស្ថាប័ន​នេះ​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​ជាមួយ​ផ្នែក​ពាក់ព័ន្ធ ដោយ​បាន​បង្ហាញ​លទ្ធផល​នៃ​សកម្មភាព​ការងារ និង​ផែនការ​កែលំអ ឬ​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​ជា​បន្តបន្ទាប់​នៅ​សាល​ប្រជុំ​សាលា​ខេត្ត​ព្រះសីហនុ។

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៦ ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​នេះ បាន​បើក​កិច្ច​ប្រជុំ​មាន​លទ្ធផល​ដូចជា ពន្លឿន​សកម្មភាព​ការងារ​ចុះ​ដោះស្រាយ និង​ជំរុញ​ការ​អភិវឌ្ឍ​នៅ​កោះរ៉ុង ដើម្បី​ឈាន​ដល់​ចុះ​កាត់​ឆ្វៀល​ដី​ជូន​ប្រជាជន​ក៏ដូចជា​ដី​វត្ត​អារាម សាលា​រៀន និង​មណ្ឌល​សុខភាព​ក្នុង​ភូមិ​ទាំង​បួន​នៅ​លើ​កោះរ៉ុង។ តាម​រយៈ​កិច្ច​ប្រជុំ​នេះ​ដែរ អង្គ​ប្រជុំ​បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ បន្ត​សកម្មភាព​ចុះ​កំណត់​អត្តសញ្ញាណកម្ម​ការ​វាស់វែង​ចំណែក​ដី និង​រៀបចំ​ប្លង់​គោល​សម្រាប់​ផែនការ​អភិវឌ្ឍន៍​នៅ​លើ​កោះរ៉ុង និង​បញ្ហា​ផ្សេងៗ​មួយ​ចំនួន​ទៀត។

ចំពោះ​ការងារ​រៀបចំ​កែលំអ និង​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​វិញ លោក នី ផល្លី បង្ហាញ​ថា អង្គ​ប្រជុំ​របស់​គណៈកម្មាធិការ​អភិវឌ្ឍន៍​ឆ្នេរ បាន​ជំរុញ​ឲ្យ​ក្រុម​ការងារ​បន្ត​ពន្លឿន​ការ​ស្ថាបនា​ខ្លោងទ្វារ​ច្រក​ចូល​នៅ​តាម​ឆ្នេរ​នីមួយៗ ដើម្បី​ឈាន​ដល់​កែលំអ​តំបន់​ឆ្នេរ​ខ្សាច់​ឲ្យ​ស្រប​តាម​ស្តង់ដារ និង​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ។

យ៉ាង​នេះ​ក្តី អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម​ប្រចាំ​ខេត្ត​ព្រះសីហនុ មិន​ទាន់​មាន​ជំនឿ​ច្រើន​ទេ​ទៅ​លើ​ប្រសិទ្ធភាព​របស់​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​កម្ពុជា ថា​អាច​អនុវត្ត​ឲ្យ​ស្រប​តាម​សេចក្តី​សម្រេច​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កំណត់​នោះ​ទេ ព្រោះ​រាល់​ថ្ងៃ​នេះ​ឃើញ​សំណង់​រឹងមាំ​ធំ​ស្កឹមស្កៃ សង់​នៅ​ជាប់​ឆ្នេរ​ឯករាជ្យ​កំពុង​បន្ត​សកម្មភាព​សាងសង់​រាល់​ថ្ងៃ ហើយ​សម្រាប់​សំណង់​រឹងមាំ​ដែល​សង់​រួច និង​កំពុង​ធ្វើ​អាជីវកម្ម​នៅ​លើ​ដី​ចំណី​ឆ្នេរ​សមុទ្រ​នានា គឺ​អាជ្ញាធរ​មិន​ទាន់​មាន​ចំណាត់ការ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។