សកម្មជនបរិស្ថានបង្ហាញក្ដីបារម្ភ ពីគម្រោងសិក្សាស្រាវជ្រាវ បូមខ្សាច់តាមបណ្ដោយទន្លេមេគង្គ ទ្រង់ទ្រាយធំ ដោយក្រុមហ៊ុន ទ្រី ភាព។ ការបារម្ភនេះ ដោយសារតែពួកគេទទួលបានលិខិតមួយច្បាប់របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលស្នើសុំគោលការណ៍ទៅក្រសួងធនធានទឹក អនុញ្ញាតឱ្យក្រុមហ៊ុន ទ្រី ភាព សិក្សា បូមស្ដារ និងធ្វើច្រាំងទន្លេមេគង្គ ដែលមានប្រវែងជាង ៣០០រយគីឡូម៉ែត្រ។
សកម្មជនបរិស្ថានផ្ដល់ទស្សនៈថា ប្រសិនបើរបបក្រុងភ្នំពេញ អនុញ្ញាតឱ្យក្រុមហ៊ុន ទ្រី ភាព ជាក្រុមកាប់ឈើធំមួយនៅកម្ពុជា ធ្វើអាជីវកម្មបូមខ្សាច់ និងធ្វើច្រាំងទន្លេមេគង្គ គឺចៀសមិនផុតនឹងប៉ះពាល់បរិស្ថានទន្លេ ជីវចម្រុះ និងបាក់ច្រាំងទន្លេជាដើម។ ពួកគេស្នើឱ្យរបបក្រុងភ្នំពេញ គួរប្រុងប្រយ័ត្ន និងផ្ដល់លទ្ធភាពឱ្យសហគមន៍មូលដ្ឋាន សកម្មជនបរិស្ថានចូលរួមតាមដាន និងពិភាក្សាបញ្ហានេះឱ្យបានទូលំទូលាយ។
សកម្មជនបរិស្ថាន លោក ថុន រដ្ឋា ឱ្យដឹងនៅថ្ងៃទី៩ ឧសភាថា ពួកគេនឹងតាមដានដោយយកចិត្តទុកដាក់ ពីគម្រោងសិក្សាស្រាវជ្រាវខ្នាតធំនេះ ប្រសិនបើបំពានច្បាប់ និងប៉ះពាល់ ពលរដ្ឋមូលដ្ឋាន ពួកគេនឹងតវ៉ាដាក់ញត្តិ និងផលិតវីដេអូ ផ្សព្វផ្សាយពីផលប៉ះពាល់នេះ។ លោកចំណាំថា បទពិសោធន៍កន្លងទៅ មានក្រុមហ៊ុនបូមខ្សាច់ភាគច្រើន មិនគោរពច្បាប់ និងបានបង្ហូរកាកសំណល់ចូលទន្លេ ប៉ះពាល់ជីវចម្រុះ និងបរិស្ថាន៖ «គ្រាន់តែឃើញលិខិតនេះភ្លាម គឺខ្ញុំព្រួយបារម្ភលើសពី ព្រួយបារម្ភ ជាក់ស្ដែងកន្លងមកបទពិសោធន៍ការបូមខ្សាច់កន្លែងណា គឺបាក់ច្រាំងទន្លេកន្លែងហ្នឹងទី១ និងទី២ យើងឃើញថា ទឹក និងបរិស្ថាននៅតំបន់បូមខ្សាច់ហ្នឹងមានការបង្ហៀរប្រេង វាប៉ះពាល់កាន់ជីវចម្រុះក្រោមទឹក ហើយប៉ះពាល់ពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ គាត់ប្រកបរបរនេសាទ ហើយគាត់ទាញយកទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ»។
កាលពីថ្ងៃទី៧ ឧសភា ទីស្ដីការគណៈរដ្ឋមន្ត្រីបានសរសេរលិខិត ស្នើសុំគោលការណ៍ទៅក្រសួងធនធានទឹក បំណងអនុញ្ញាតឱ្យក្រុមហ៊ុន ទ្រី ភាព អេនជីនារីង និងខលស្ត្រាក់ សិន ចុះសិក្សាបូមស្ដារ និងធ្វើច្រាំងទន្លេមេគង្គ ចាប់ពីចំណុចច្រកព្រំដែនកម្ពុជា-វៀតណាម រហូតដល់ភូមិសាស្ត្រព្រំប្រទល់ទន្លេមេគង្គ ខេត្តកំពង់ចាម ខេត្តក្រចេះ និងទន្លេបាសាក់ ដោយផ្អែកតាមយុទ្ធសាស្ត្រទន្លេចិញ្ចឹមទន្លេ។
អាស៊ីសេរីបានទាក់ទងអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួលនៅថ្ងៃទី៩ ឧសភា។ ចំណែកអគ្គលេខាធិការគណៈកម្មការទន្លេមេគង្គកម្ពុជា លោក តែ ណាវុធ បដិសេធមិនអធិប្បាយរឿងនេះ។
រីឯអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក យស មុនីរ៉ាត់ ក៏បដិសេធអធិប្បាយរឿងនេះដែរ ដោយលោកថា កំពុងជាប់រវល់ និងគ្មានពេលបកស្រាយរឿងនេះទេ៖ «ខ្ញុំអត់មានពេលឆ្លើយគ្រប់សារព័ត៌មានទេ ព្រោះខ្ញុំមានការងារ មិញនេះ ខ្ញុំឆ្លើយជាមួយខ្មែរថែមស៍ ហើយ។ លោកចាំមើល និងស្រង់ព័ត៌មានហ្នឹងបន្តទៀតទៅ»។
ក្រសួងរ៉ែ និងថាមពលចេញសេចក្ដីប្រកាសកាលពីឆ្នាំ២០១៥ និង២០១៦ ថា ជាឆ្នាំយុទ្ធនាការធំ ក្នុងការរឹតបន្តឹងលើអាជីវកម្មទាញយករ៉ែធម្មជាតិដោយខុសច្បាប់ និងត្រួតពិនិត្យពីចំណូលអាជីវកម្មរ៉ែឡើងវិញ។ មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពល បង្ហាញថា ការរឹតបន្តឹងលើការផ្តល់អាជ្ញាប័ណ្ណបូមខ្សាច់ និងអាជីវកម្មរ៉ែផ្សេងទៀត ព្រមទាំងមានវិធានការទប់ស្កាត់ ភាពអនាធិបតេយ្យ នៃអាជីវកម្មនេះ គឺជាបញ្ហាប្រឈមធ្ងន់ធ្ងរមួយ។
ទោះយ៉ាងណា សកម្មជនបរិស្ថានដែលតែងចុះឃ្លាំមើលការអភិវឌ្ឍតាមដងទន្លេមេគង្គ លោក ជុំ ហួរ ប្រឆាំងដាច់ខាត មិនចង់ឱ្យមានវត្តមានក្រុមហ៊ុន ទ្រី ភាព វិនិយោគនៅតាមដងទន្លេមេគង្គនោះទេ ដោយលោកសង្ស័យថា ក្រុមហ៊ុននេះ នឹងយកលេស ធ្វើអាជីវកម្មខ្សាច់ និងអាជីវកម្មព្រៃឈើ៖ «ខ្ញុំគិតមិនថា យុវជនពលរដ្ឋទេ យើងគួរតែសម្លឹងទៅមើល ការសម្រេចចិត្តរបស់រដ្ឋាភិបាល និងក្រុមហ៊ុនដែលមានអំណាចហ្នឹង គឺយើងគួរតែក្រោកខ្លួនឯង។ បើយើងគិតថា ក្នុងន័យហ្នឹងមិនទទួលប្រយោជន៍សម្រាប់ពលរដ្ឋទូទៅទេ យើងក្រោកឈរឡើង គឺប្រឆាំង។ ប្រឆាំងហ្នឹងមិនមែនមែនដុតផ្ទះគាត់ទេ គឺប្រឆាំង មិនគាំទ្រឱ្យគាត់អភិវឌ្ឍនៅតំបន់ទន្លេមេគង្គ មិនគាំទ្រទេ»។
សកម្មជនបរិស្ថាន សង្កេតឃើញថា កន្លងទៅរដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុន ទ្រី ភាព ធ្វើអាជីវកម្មព្រៃឈើស្ទើរគ្រប់តំបន់ ធ្វើឱ្យទំហំព្រៃឈើនៅកម្ពុជាបាត់បង់ធំធេង។ ហេតុនេះ ប្រសិនបើរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុននេះ វិនិយោគបូមខ្សាច់ជាថ្មីទៀត មានន័យថា របបក្រុងភ្នំពេញ ក៏ចូលដៃជើងជាមួយក្រុមហ៊ុន ទ្រី ភាព បំផ្លាញធនធានធម្មជាតិដែលកេរដូនតា និងសម្បត្តិជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។