ពលរដ្ឋអះអាងថាភ្លើងឆេះព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបខេត្តបាត់ដំបងមិនមានអ្នកទប់ស្កាត់
2019.04.29
ប្រជាពលរដ្ឋនៅតំបន់បឹងទន្លេសាប ស្រុកឯកភ្នំ អះអាងថា ភ្លើងឆេះព្រៃលិចទឹកជាច្រើនថ្ងៃហើយ ដែលបណ្ដាលឱ្យហិនហោចអស់ព្រៃរាប់ពាន់ហិកតារ នៅជាប់បឹងទន្លេសាបក្នុងខេត្តបាត់ដំបង ដោយមិនមានអាជ្ញាធរណា មានវិធានការទប់ស្កាត់នៅឡើយទេ។ តំណាងប្រជានេសាទខេត្តបាត់ដំបង លើកឡើងថា បញ្ហានេះនឹងធ្វើឱ្យធនធានមច្ឆាជាតិថយចុះកាន់តែឆាប់ និងបានប៉ះពាល់ដល់ការរកប្រាក់ចំណូលរបស់ពលរដ្ឋនៅតំបន់នោះ។
ប្រជាពលរដ្ឋនៅរស់ភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ អ្នកស្រី ម៉ៅ រ៉េត ថ្លែងនៅថ្ងៃទី២៨ មេសាថា ភ្លើងឆេះព្រៃរាលពីកន្លែងមួយទៅកន្លែងមួយទៀត ចាប់ពីមាត់ទន្លេសាបក្នុងភូមិក្បាលតោល រហូតដល់ជាប់ព្រំប្រទល់ខេត្តពោធិ៍សាត់ មានរយៈពេលប្រមាណ ២សប្ដាហ៍ហើយ ដោយមិនទាន់រលត់ទៅវិញនៅឡើយទេ។ អ្នកស្រីបន្តថា ប្រជាពលរដ្ឋក្នុងភូមិព្រួយបារម្ភខ្លាចភ្លើងឆេះហិនហោចអស់ព្រៃលិចទឹក ហើយនាំឱ្យបាត់បង់ដល់ជម្រកត្រីពងកូន និងធ្វើឱ្យប៉ះពាល់ដល់របរធ្វើនេសាទរបស់ពួកគាត់កាន់តែខ្លាំង៖ «បើឆេះឆ្នាំនេះទៀតអស់ឈើព្រៃ ហើយពួកខ្ញុំមិនដឹងជាយ៉ាងម៉េចទេ ហើយប្រជាជនក្នុងមូលដ្ឋានគ្នាពិបាកចិត្តណាស់ ទី១អត់មានឈើតោងផ្ទះ ហើយបើអត់ឈើតោងទេពួកខ្ញុំមិនដឹងបានអីតោងផ្ទះ បើខ្យល់នៅរដូវវស្សាខ្លាំងយ៉ាងនេះ គឺខ្យល់ចំត្រង់ណាបាក់ផ្ទះត្រង់នោះ។ យើងតូចតាចមិននិយាយទេ ខ្ញុំស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ព្រៃរនាម។ ព្រោះសព្វថ្ងៃនៅក្នុងមូលដ្ឋានខ្ញុំមិនមានអាជ្ញាធរណាជួយពលរដ្ឋទេ គឺពលរដ្ឋច្រៀងខ្លួនឯងរាំខ្លួន»។
ចំណែកពលរដ្ឋនៅបឹងទន្លេសាបម្នាក់ លោក អ៊ន អឿន ថ្លែងថា ភ្លើងឆេះរាល់ពេញព្រៃ ហើយបណ្ដាលសត្វពស់ អណ្ដើក និងសត្វស្លាបជាច្រើនប្រភេទនៅតំបន់នោះងាប់ស្អុយពេញព្រៃ ព្រោះនៅតំបន់បឹងទន្លេសាបអាកាសធាតុក្ដៅហួតហែង ហើយគ្មានអាជ្ញាធរណាទៅពន្លត់ភ្លើងនៅឡើយទេ៖ «និយាយមិនភ័យយ៉ាងម៉េច បើអស់ឈើរលីងហើយ ព្រោះកាលពីឆេះមុនម្ដងហើយឆេះឈើងាប់អស់ ហើយដល់ឈើនោះងាប់ភ្លើងឆេះទៀត បើមិនជឿទេមកមើលទៅយប់ឡើងភ្លឺពេញព្រៃអស់ហើយភ្លើងឆេះ តែថ្ងៃតិចយើងមើលអណ្ដាតភ្លើងអត់ឃើញទេ ពេលយប់បានឃើញ ហើយវាកម្ដៅថ្ងៃផង ហើយនឹងកម្ដៅភ្លើងឆេះផងសឹងតែនៅផ្ទះអត់ចង់បាន»។
ឆ្លើយតបនឹងបញ្ហានេះអភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល មានប្រសាសន៍ប្រាប់អាស៊ីសេរីថា ខាងស្រុកមិនទាន់ទទួលដំណឹងជុំវិញភ្លើងឆេះនេះនៅឡើយទេ។ ទោះជាយ៉ាងណាលោកអភិបាលស្រុករូបនេះ បានស្ដីបន្ទោសទៅខាងសហគមន៍នេសាទ និងប្រជាពលរដ្ឋនៅតំបន់បឹងទន្លេសាប ថា មិនប្រញាប់ផ្ដល់ដំណឹងនេះមកខាងសាលាដើម្បីរកវិធីទប់ទល់មិនឱ្យភ្លើងឆេះបន្តទៅកន្លែងផ្សេង៖ «សហគមន៍ឆេះអ៊ីចឹងគាត់អត់រាយការណ៍មកអាជ្ញាធរទេ គាត់រាយការណ៍ទៅខាងព័ត៌មានដើម្បីឱ្យអូនឯងសួរមកបង ប៉ុន្តែម៉ែឪសហគមន៍នឹងគឺអាជ្ញាធរម៉េចគាត់មិនរាយការណ៍មកម៉ែឪ ដើម្បីមានវិធានការណ៍ គាត់រាយការណ៍ទៅវិទ្យុអាស៊ីសេរីភ្លាមអ៊ីចឹង»។
អាស៊ីសេរីមិនអាចទាក់ទងអភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ ដើម្បីសុំអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៨ មេសា ដោយទូរស័ព្ទពុំមានអ្នកទទួល។
តំណាងប្រជានេសាទខេត្តបាត់ដំបង លោក ហ៊ុត ហាន លើកឡើងថា ភ្លើងឆេះព្រៃលិចទឹកកើតឡើងជារៀងរាល់ឆ្នាំ ក៏ប៉ុន្តែឆ្នាំនេះភ្លើងឆេះហិនហោចព្រៃច្រើនជាងឆ្នាំមុនៗ។ លោកបន្តថា អាជ្ញាធរមូលដ្ឋានសុទ្ធតែបានដឹងបញ្ហានេះ ប៉ុន្តែមានវិធានការទប់ស្កាត់នោះទេ ដោយបណ្ដោយឱ្យភ្លើងឆេះព្រៃតាមអំពើចិត្ត៖ «វាអត់មានឃើញកន្លែងណាមានព្រៃក្រាស់ទេឥឡូវ គឺវាចាប់ផ្ដើមល្ហល្ហេវអស់ភាគច្រើនភ្លើងឆេះនោះ ព្រោះវាឆេះហួសពេកដល់អ៊ីចឹងទៅ វាមិនមានកន្លែងព្រៃក្រាស់ទេ ពីដើមមកព្រៃក្រាស់គ្រប់កន្លែង តែឥឡូវវាល្ហល្ហេវដោយសារមានឈ្មួញ និងអាជីវករមួយចំនួនរុករានទន្ទ្រានយកដីព្រៃលិចទឹកធ្វើជាកម្មសិទ្ធិ»។
លោកបន្តថា ព្រៃលិចទឹកតំបន់បឹងទន្លេសាបក្នុង ខេត្តបាត់ដំបងមានផ្ទៃដីរាប់ម៉ឺនហិកតារ ស្ថិតនៅស្រុកមោងឬស្សី សង្កែ ថ្មគោល និងស្រុកឯកភ្នំ ដែលជាជម្រកសំខាន់របស់សត្វស្លាប និងមច្ឆាជាតិ។ លោកកត់សំគាល់ថា ភ្លើងឆេះព្រៃជាមូលហេតុធ្វើឱ្យចំនួនសត្វស្លាប និងត្រីថយចុះឆាប់រហ័ស ហើយបានប៉ះពាល់យ៉ាងខ្លាំងដល់របរធ្វើនេសាទរកប្រាក់ចំណូលរបស់ពលរដ្ឋនៅជុំវិញបឹងទន្លេសាប ព្រោះពួកគាត់រស់នៅពឹងផ្អែកលើរបរនេសាទត្រីរកចំណូលដោះស្រាយជីវភាពគ្រួសារ។ លោកថាសារប្រជាពលរដ្ឋកាប់ឆ្ការព្រៃផ្លូវសម្រាប់ធ្វើនេសាទនៅរដូវវស្សា និងអ្នកលួចដុតព្រៃយកដីធ្វើកសិកម្ម៕