ប្រមុខ​ការ​ទូត​កម្ពុជា ប្ដេជ្ញា​ពង្រឹង​យន្តការ​កិច្ច​សហប្រតិបត្តិការ មេគង្គ-ឡាន​ឆាង ជាមួយ​ចិន

ដោយ៖ ហេង រស្មី
2021.03.24
ប្រមុខ​ការ​ទូត​កម្ពុជា ប្ដេជ្ញា​ពង្រឹង​យន្តការ​កិច្ច​សហប្រតិបត្តិការ មេគង្គ-ឡាន​ឆាង ជាមួយ​ចិន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក​ ប្រាក់ សុខុន​។
រូប៖គេហទំព័រ​ក្រសួងការបរទេស

ប្រមុខ​ការ​ទូត​កម្ពុជា ប្ដេជ្ញា​ពង្រឹង​យន្តការ​កិច្ច​សហប្រតិបត្តិការ មេគង្គ-ឡាន​ឆាង ជាមួយ​ចិន បើ​ទោះ​ជា​កន្លង​មក មាន​ការ​រិះគន់​ថា ចិន​កំពុង​ប្រើ​យន្តការ​នេះ ដើម្បី​គ្រប់គ្រង​ការ​ចែក​រំលែក​ផល​ប្រយោជន៍ និង​សន្តិសុខ​ទឹក​នៅ​តំបន់​ទន្លេ​មេគង្គ​ទាំង​មូល​ក៏​ដោយ។

 រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក​ ប្រាក់ សុខុន​ គូស​បញ្ជាក់​នៅ​ក្នុង «ទិវា​សប្ដាហ៍​នៃ​កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ-ឡានឆាង ២០២១» ថា ក្នុង​រយៈ​ពេល ៥ឆ្នាំ​កន្លង​ទៅ​នេះ កិច្ច​សហ​ប្រតិបត្តិ​ការ​មេគង្គ-ឡានឆាង​ បាន​បង្ហាញ​យ៉ាង​ច្បាស់​នូវ​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ជិត​ស្និទ្ធ រវាង​បណ្ដា​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ទាំង៦ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា នៅ​ក្នុង​តំបន់ ដោយ​ស្មារតី​បើក​ចំហ។ បញ្ហា​ទាំង​នោះ ក៏​រួម​មាន​ទាំង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​ទិន្នន័យ​ជលសាស្ត្រ ការ​ចែក​រំលែក​ព័ត៌មាន និង​និរន្តរភាព​ធនធាន​ទឹក​ផង​ដែរ។ ក៏​ប៉ុន្តែ លោក​ពុំ​បាន​បញ្ជាក់​ថា តើ​បញ្ហា​ទាំង​នោះ ប្រទេស​ក្នុង​តំបន់​មេគង្គ​បាន​ដោះ​ស្រាយ​រួចរាល់​ត្រឹម​កម្រិត​ណា​នោះ​ទេ។

 លោក​ថា ប្រទេស​កម្ពុជា​បាន​ទទួល​អត្ថប្រយោជន៍​ពី​គម្រោង​ចំនួន៥៥ ដែល​គាំទ្រ​ដល់​សកម្មភាព​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អភិវឌ្ឍន៍​ជនបទ ការ​បង្កើត​អាជីវកម្ម​សហគមន៍ ធនធាន​ទឹក​កសិកម្ម ការ​ត​ភ្ជាប់​ផ្លូវ​អាកាស ការ​អប់រំ និង​បេតិកភណ្ឌ​ ជា​ដើម។

 ប្រទេស​ចិន បច្ចុប្បន្ន​កំពុង​ដាក់ឲ្យ​ដំណើរការ​ប្រតិបត្តិ​ទំនប់​វារីអគ្គិសនី​ធំ​បំផុត​ចំនួន១១ រីឯ​ប្រទេស​ឡាវ​កំពុង​ដំណើរការ​ប្រតិបត្តិ​វារីអគ្គិសនី​ចំនួន​ពីរ។ ប្រទេស​នេះ រង​ការ​រិះគន់​ថា បាន​ប្រើប្រាស់​ទំនប់​វារី​អគ្គិសនី​របស់​ខ្លួន រាំង​ខ្ទប់​ទឹក បង្ក​ឲ្យ​មាន​គ្រោះ​រីង​ស្ងួត និង​រាំងស្ងួត និង​ពេល​ខ្លះ​បង្ក​ឲ្យ​មាន​ទឹក​ជំនន់​ខុស​ប្រក្រតី នៅ​តាម​ប្រទេស​ខ្សែ​ទឹក​ខាង​ក្រោម​ទន្លេ​មេគង្គ។ ជុំវិញ​បញ្ហា​នេះ សហរដ្ឋ​អាមេរិក ធ្លាប់​ព្រមាន​ថា ទន្លេ​មេគង្គ មិនមែន​ជា​ធនធាន​ផ្ដាច់មុខ​ឲ្យ​ប្រទេស​ចិន​គ្រប់គ្រង​តែឯង​តាម​រយៈ​ទំនប់​វារី​អគ្គិសនី​ដ៏​សម្បើម​របស់​ខ្លួន​នៅ​ខ្សែ​ទឹក​ខាង​លើ​នោះ​ទេ។ សហរដ្ឋ​អាមេរិក​ប្ដេជ្ញា​បង្កើន​ភាព​ជា​ដៃគូ​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​មេគង្គ តាម​រយៈ​យន្តការ​ភាព​ជា​ដៃគូ​មេគង្គ-សហរដ្ឋ​អាមេរិក ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម និង​អំពើ​គំរាម​កំហែង​នានា ដែល​តំបន់​នេះ​កំពុង​តែ​ជួប​ប្រទះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។