អង្គការសេដាក (CEDAC) បារម្ភពីទិន្នផលស្រូវ និងការធ្វើស្រែនៅរដូវវស្សានេះ អាចមិនសូវបានផល ដោយសារកម្ដៅបឺតយកជីវជាតិពីដី។ អ្នកជំនាញនៃអង្គការនោះណែនាំឲ្យកសិករកាប់មែកឈើ យកទៅគ្របលើដីស្រែ។ តែបើគ្មានមែកឈើច្រើនសម្រាប់គ្របដីស្រែទេ គេអាចដាំសណ្ដែកអង្គុយ ឬសណ្ដែកដទៃលើដីស្រែ ព្រោះវាជាជីស្រស់ដែលជួយបង្កើនជីវជាតិដី ឬក៏អាចសន្សំលាមកសត្វ និងស្លឹកឈើ ទុកធ្វើជីកំប៉ុស ដើម្បីឲ្យដីមានសំណើម។
ប្រធានអង្គការសេដាក លោកបណ្ឌិត យ៉ង សាំងកុមារ ថ្លែងនៅថ្ងៃទី២០ ខែឧសភា ថា កសិករដែលធ្វើស្រែប្រើប្រាស់ជីគីមី វាជាដើមចមនៃការបំផ្លាញដីស្រទាប់លើ និងបរិស្ថាន ខណៈអាកាសធាតុកាន់តែក្តៅខ្លាំងនៅដើមរដូវវស្សា ឆ្នាំ២០១៤។
លោក យ៉ង សាំងកុមារ បន្តថា ដើម្បីឲ្យដីស្រែមានជីវជាតិជានិរន្ត កសិករត្រូវអនុវត្តបច្ចេកទេសសំខាន់៣ ដែលអាចជួយការពារដីស្រទាប់លើផង និងបង្កើនជីវជាតិដីផង។ ទី១ ការដាំដំណាំសណ្ដែកចម្រុះលើដីកសិកម្ម វាជាគម្របដីពីកម្ដៅខ្លាំងផង និងជាជីស្រស់ផង។ ទី២ ការកាប់មែកឈើយកទៅគ្របលើដី ក៏វាជួយបន្ថយកម្ដៅព្រះអាទិត្យបឺតយកជីពីដីស្រែផង និងជាជម្រកសត្វមានប្រយោជន៍ ឲ្យរស់នៅក្នុងដីផង។ បើស្លឹកឈើ និងមែកឈើនោះរលួយ វាក៏ក្លាយទៅជាជីធម្មជាតិល្អដែរ។ ទី៣ គឺការប្រមូលលាមកសត្វ ដីដំបូក ដីមមោក កាកសំណល់រុក្ខជាតិ ជាដើម ផ្សំជាជីកំប៉ុស យកទៅចាក់លើដីស្រែ វាជួយផ្តល់សំណើមដល់ដី៖ «យើងដាំនូវជីស្រស់ ដាំនូវសណ្ដែក ជាពិសេសពពួកសណ្ដែកអង្គុយ ដូចពួកគ្រាប់ក្រហម គ្រាប់សអីហ្នឹង ពួកអស់ហ្នឹងវាមានលក្ខណៈភាពធន់ទ្រាំនឹងភាពក្តៅ ភាពរាំងស្ងួតអ៊ីចឹង។ ក៏ប៉ុន្តែបើមានជីធម្មជាតិដាក់ថែមទៀតទៅ ធ្វើឲ្យការលូតលាស់កាន់តែល្អ»។
កាលពីថ្ងៃទី៦ ខែឧសភា ក្រុមស្ត្រីមកពីខេត្តតាកែវ និងខេត្តកំពង់ធំ ចំនួន ៣រូប ទទួលបានរង្វាន់មេគោ ដោយសារការថែទាំដីស្រែបានល្អ ការប្រើប្រាស់ជីធម្មជាតិ និងការដាំដុះត្រូវតាមបច្ចេកទេសណែនាំដោយអង្គការសេដាក និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កសិករវ័យចំណាស់ជាច្រើនដែលមិនបានឈ្នះរង្វាន់ ក៏បានអះអាងថា ការថែទាំដីស្រទាប់លើជាការចាំបាច់ ក្នុងការទាញយកផលពីដី។ ក្រោយច្រូតកាត់ ពួកគាត់ដាំបន្លែច្រើនប្រភេទ តែគាត់ប្រើទឹកតិចតួចក្នុងការស្រោចស្រព ព្រោះដីស្រែមានសំណើម ដោយសារសំណល់ជីកំប៉ុស និងដាំសណ្ដែកចម្រុះក្នុងដីស្រែដែលខ្សោះជីវជាតិសម្រាប់ធ្វើជាជីស្រស់ សម្រាប់បង្កើនជីវជាតិដីវិញ ដោយការភ្ជួរលុបដើមសណ្ដែកកប់ទៅក្នុងដី៖ «ពេលវេលាដែលខ្ញុំជាកសិករ អ៊ីចឹងខ្ញុំធ្វើយ៉ាងណាបង្កើនស្រែខ្លឹម ពង្រីកទាំងផ្ទៃដី ពង្រីកទាំងសមត្ថភាពក្នុងការប្រមូលជីធម្មជាតិ»។
ប្រធានអង្គការសេដាក លោកបណ្ឌិត យ៉ង សាំងកុមារ ឲ្យដឹងថា ១៦ឆ្នាំមកហើយដែលអង្គការសេដាក បានផ្តល់បច្ចេកទេសដាំដុះដោយផ្ទាល់ដល់កសិករនៅទូទាំងប្រទេសកម្ពុជា ឲ្យប្រើតែជីធម្មជាតិចំនួនជាង ២សែនគ្រួសារ។ ការប្ដូរពីការប្រើប្រាស់ជីគីមី មកប្រើជីធម្មជាតិក្នុងការដាំដុះ គឺវាជួយបំប៉នដី និងជួយឲ្យសត្វមានប្រយោជន៍ ដូចជា កង្កែប ខ្យង ជន្លេន សត្វតុបតុល ក្តាម ជាដើម កើតឡើងវិញ ព្រោះសត្វទាំងនោះវាជួយឲ្យដីធូរ ដីមានដង្ហើម ដីមិនរឹងក្ដាំង ពិសេសទៅទៀត សត្វកង្កែប ជាភ្នាក់ងារសម្លាប់សត្វចង្រៃដែលស៊ីដំណាំ។ លោកថា ក្រៅពីកសិករដែលទទួលជំនាញផ្ទាល់ពីអង្គការសេដាក មានកសិករច្រើនសែនគ្រួសារទៀតដែលបានរៀនប្រើប្រាស់ជីធម្មជាតិ និងបច្ចេកទេសដាំដុះបន្តពីកសិកររបស់អង្គការសេដាក ដែលចុះផ្សព្វផ្សាយ។
លោកប្រៀបធៀបថា កសិករដែលប្រើប្រាស់ជីធម្មជាតិក្នុងការធ្វើស្រែ មិនដែលទទួលបរាជ័យ ឬជំពាក់បំណុលឈ្មួញលក់ជីគីមីក្នុងការដាំដុះស្រូវ និងបន្លែឡើយ។ ប៉ុន្តែ កសិករដែលប្រើប្រាស់ជីគីមីវិញ ការធ្វើស្រែ គឺភាគច្រើនមិនសូវចំណេញ ព្រោះប្រើដីដាំដុះមានទំហំធំ ទិន្នផលបានតិច ហើយប្រើគីមីកើនច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ក្លាយជាអ្នកជំពាក់បំណុលចិន លក់ជី។ ពួកគេដើរចោលស្រុក ឬលក់ដី ឬខ្លះជួលដីឲ្យគេធ្វើជំនួស។ ចំណែកកសិករសេដាក ហត់នឿយក្នុងការសន្សំជីធម្មជាតិ ប៉ុន្តែគេធ្វើស្រែលើដីទំហំតូច គេអាចដាំដំណាំបានគ្រប់ពេល និងគ្រប់រដូវ ព្រោះដីនៅតែមានសំណើម ទោះបីអាកាសធាតុក្តៅខ្លាំងយ៉ាងណាក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
