ក្នុងសិក្ខាសាលាបង្ហាញពីបញ្ហាប្រឈម ចំពោះការអភិវឌ្ឍបៃតង គឺការកាប់ព្រៃឈើធ្វើអាជីវកម្ម និងការសង់ទំនប់វារីអគ្គិសនី ដែលកំពុងតែបំផ្លាញធនធានជីវចម្រុះ និងគម្របព្រៃនៅកម្ពុជា។
នាយកប្រតិបត្តិនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា លោក ឈិត សំអាត ថ្លែងនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៣ ថា យុទ្ធសាស្ត្ររួមគ្នាមួយរវាងក្រសួងពាក់ព័ន្ធក្នុងរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល និងអ្នករស់នៅមូលដ្ឋាន ដើម្បីធានាឲ្យមានការអភិវឌ្ឍបៃតង។ លោកបង្ហាញថា កន្លងមក រដ្ឋាភិបាលកម្ពុជា អះអាងថា ការអភិវឌ្ឍទំនប់វារីអគ្គិសនី គឺជាការអភិវឌ្ឍបៃតង។ ប៉ុន្តែ តាមការសិក្សារបស់សង្គមស៊ីវិល និងអ្នកជំនាញ បង្ហាញថា រាល់ការអភិវឌ្ឍទាំងនោះ មិនមានធម្មជាតិពណ៌បៃតងកើតឡើងទេ៖ «ព្រោះព្រៃឈើ យើងដឹងហើយថា ជារោងចក្រមួយដែលផលិតអុកស៊ីហ្សែន ហើយស្រូបយកកាបូន និងការបំភាយឧស្ម័នកាបូនិចជាដើម។ អ៊ីចឹង ការបំផ្លាញព្រៃឈើនេះ គឺជាចំណែកមួយក្នុងការបង្កើននូវការប្រែប្រួលអាកាសធាតុកម្ពុជា ក៏ដូចជាពិភពលោក»។
កាលពីថ្ងៃទី៥ ខែធ្នូ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក យិន គិមស៊ាន ឲ្យដឹងថា ការអភិវឌ្ឍបៃតងមានសារសំខាន់ក្នុងការជួយទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងបំពុលបរិស្ថាន ហើយធ្វើឲ្យមានកំណើនសេដ្ឋកិច្ច។ លោកថា គម្រោងអភិវឌ្ឍន៍បៃតងនៅកម្ពុជា ចាប់ពីឆ្នាំ២០១៣ ទៅដល់ឆ្នាំ២០៣០ គឺធ្វើឡើងដើម្បីឲ្យប្រទេសកម្ពុជា ប្រែក្លាយទៅជាប្រទេសមួយរួចផុតពីការប្រែប្រួលអាកាសធាតុ។
ប៉ុន្តែ អ្នកស្រាវជ្រាវអំពីការប៉ះពាល់បរិស្ថាន លោក ឡែល៍ ហ្គាតកេ (Lelle GATKE) ឲ្យដឹងថា គម្រោងទំនប់វារីអគ្គិសនីអាចនាំឲ្យបាត់បង់ព្រៃឈើ ប៉ះពាល់ការរស់នៅក្នុងសង្គម និងបរិស្ថាន។ លោកថា ទំនប់វារីអគ្គិសនីកំចាយ ស្រុកទឹកឈូ ខេត្តកំពត ក្រោមការវិនិយោគរបស់ចិន គឺក្រុមហ៊ុន ស៊ីណូហាយដ្រូ ទទួលសិទ្ធិសង់ទំនប់នោះក្នុងទឹកដីឧទ្យានជាតិបូកគោ។ ទំនប់វារីអគ្គិសនីកំចាយ បានប៉ះពាល់អេកូទេសចរណ៍លើផ្ទៃដី ២.២០០ហិកតារ និងប៉ះពាល់ពលរដ្ឋរស់នៅឃុំចំនួន៣ មានឃុំមាក់ប្រាង ឃុំកំពង់ក្រែង និងឃុំអណ្តូងខ្មែរ។ លោកថា ក្រោយពីទំនប់នោះសាងសង់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានថយចុះការទៅលេងកម្សាន្តនៅរមណីយដ្ឋានទឹកឈូ ដោយសារគ្មានទឹកសម្រាប់ងូតលេងកម្សាន្ត ហើយទឹកកខ្វក់ ក្លិនស្អុយ ជាដើម។ ទន្ទឹមនោះ ពលរដ្ឋធ្លាប់រកស៊ីលក់ដូរផ្លែឈើ និងម្ហូបអាហារសម្រាប់ភ្ញៀវ បានបាត់បង់ចំណូល។ រីឯការផលិតថាមពលអគ្គិសនី បានតែ ១៩៤មេហ្គាវ៉ាត់។ ប៉ុន្តែនៅរដូវប្រាំង បានតែ ៦០មេហ្គាវ៉ាត់ នេះបើតាមប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែកុម្ភៈ ឆ្នាំ២០១៣។
រួមចំណែកទប់ស្កាត់ការប្រែប្រួលអាកាសធាតុ យុទ្ធសាស្ត្ររបស់អ្នកជំនាញក្នុងការធានាការអភិរក្សបៃតង បានណែនាំថា គួរប្រើថាមពលកកើតឡើងវិញ ដូចជាប្រើប្រព័ន្ធស្រូបពន្លឺព្រះអាទិត្យ និងការប្រើប្រាស់ឡជីវឧស្ម័ន។
អ្នកសម្របសម្រួលកម្មវិធីឡជីវឧស្ម័នជាតិ អ្នកស្រី ឡាំ សាវឡេង ឲ្យដឹងថា ឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ គម្រោងថ្នាក់ជាតិ នឹងសង់ឡជីវឧស្ម័នឲ្យបាន ៣.០០០ឡក្នុង១ឆ្នាំ ដើម្បីរួមចំណែកជំរុញឲ្យពលរដ្ឋនៅជនបទ មានភ្លើងប្រើផង បន្ថយការកាប់ព្រៃឈើធ្វើឧសផង និងអាចបង្កើនការលក់ឧស្ម័នពុលទៅបរទេសផង។
ចំណែកគម្រោងពាណិជ្ជកម្មបង្កើនប្រើថាមពលព្រះអាទិត្យ លោក ហៃ សារុន ឲ្យដឹងថា បានដំឡើងសូឡាឃុកឃើ (Solar Cooker) និងសូឡា Scheffler reflecter។ គម្រោងនោះកំពុងប្រើសាកល្បងសូឡាឃុកឃើ ចំនួន ៣គ្រឿង ដើម្បីស្រូបពន្លឺព្រះអាទិត្យតាមផ្ទះ ផលិតជាប្រព័ន្ធអគ្គិសនី រួមចំណែកបន្ថយការបំពុលឧស្ម័នមេតាន ទៅបរិយាកាស។
លោក លិប ជាង ប្រធានសមាគមផ្ដៅនៅកម្ពុជា ថ្លែងថា ការអភិវឌ្ឍបៃតងបានធ្វើឲ្យសហគមន៍នានាដែលមានមុខរបរជួញផ្ដៅ បានចូលរួមដាំផ្ដៅ និងចេះកាប់យកដើមផ្ដៅណាដែលត្រូវការប្រើ គាត់មិនកាប់ផ្ដៅរំលំទាំងគុម្ពដូចមុនទេ។
វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា ក៏បានប្រកាសឲ្យប្រើប្រាស់សៀវភៅវាយតម្លៃពីផលប៉ះពាល់របស់ទំនប់វារីអគ្គិសនីកំចាយ ទៅលើបរិស្ថាន និងសហគមន៍ ដើម្បីស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជា គិតគូរពីផលប៉ះពាល់គំរូនោះ មុននឹងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ និងគម្រោងវារីអគ្គិសនីស្ទឹងឆាយអារ៉ែង ដោយសារគម្រោងវារីអគ្គិសនីនោះមិនមែនអភិវឌ្ឍបៃតង ដូចការរំពឹងទុកទេ។
សិក្ខាសាលាស្ដីពីការអភិវឌ្ឍបៃតង និងបញ្ហាប្រឈម បានសម្រេចគោលដៅ៣ គឺទី១ អ្នកចូលរួមបានយល់ដឹងពីអ្វីទៅការអភិវឌ្ឍបៃតង តើរដ្ឋាភិបាលដាក់បញ្ចូលអ្វីខ្លះទៅក្នុងការអភិវឌ្ឍ។ ទី២ មានកិច្ចសហការរវាងរដ្ឋាភិបាល និងសង្គមស៊ីវិល ដើម្បីធ្វើផែនការរួម ធានាការអភិរក្សបៃតង។ ទី៣ ការអភិវឌ្ឍបែបណា ដើម្បីធានាការអភិវឌ្ឍបៃតង ដោយការធ្វើអេកូទេសចរណ៍ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។