សហគមន៍​ព្រៃ​មេត្តា​ធម្មជាតិ​សោកស្ដាយ​កូនឈើ​ទើប​ដាំ​ឡើងវិញ ត្រូវ​កង​រថក្រោះ​ង​៧០​ឈូស​ឆាយ

ដោយ សុជីវី
2023.09.24
សហគមន៍​ព្រៃ​មេត្តា​ធម្មជាតិ​សោកស្ដាយ​កូនឈើ​ទើប​ដាំ​ឡើងវិញ ត្រូវ​កង​រថក្រោះ​ង​៧០​ឈូស​ឆាយ សកម្មភាពប្រជាសហគមន៍ឧត្តមស្រែពស់ ឬព្រៃមេត្តាធម្មជាតិ រារាំងទាហានង៧០ មិនឲ្យឈូសឆាយកូនឈើ ដែលទើបដាំរួច នៅភូមិភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី១៧ ដល់់ ២៣ កញ្ញា ២០២៣។
រូប៖ លោក លាង ព័ន្ធ ផ្ដល់ឱ្យ

តំណាង​សហគមន៍​សោកស្ដាយ កូនឈើ​ជាង ៣​ពាន់​ដើម ដែល​យុវជន និង​សហគមន៍​ទើបតែ​ដាំ​បាន​ជិត​២​ខែ ត្រូវ​បាន​កង​រថក្រោះ​ង​៧០ ឈូស​ឆាយ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​គួរតែ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ឲ្យ​មាន​ភាព​ឯករាជ្យ ដើម្បី​ការពារ​ដីធ្លី​សហគមន៍ និង​ធនធាន​ធម្មជាតិ ពី​អ្នក​មាន​លុយ និង​មាន​អំណាច។

តំណាង​សហគមន៍​ព្រៃ​មេត្តា​ធម្មជាតិ ឬ​សហគមន៍​ឧត្តមស្រែ​ពស់ ក្នុងភូមិ​ពោធិ៍មាស ឃុំ​ត្រពាំង​ជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ លើកឡើង​ថា ចាប់​តាំង​ពី​ថ្ងៃទី​១៧ កញ្ញា មក សហគមន៍​បាន​រារាំង​កងរថក្រោះ​ង​៧០ ដែល​គ្រឿងចក្រ​មួយ​គ្រឿង មាន​ទាហាន​ចំនួន​២​នាក់ និង​កម្មករ​៣​នាក់ មិន​ឲ្យ​ឈូស​ឆាយ​កូនឈើ ដែល​ទើប​ដាំ​បាន​ជិត​២​ខែ ។ កងកម្លាំង​ទាំងនោះ​បាន​ឈូស​ឆាយ កូនឈើ​ប្រណិតៗ និង​ដើមឈើ​ហូប​ផ្លែ ដោយ​ជំនួស​ទៅ​ដាំ​ដើម​ចេក។

តំណាង​សហគមន៍​ព្រៃ​មេត្តា​ធម្មជាតិ លោក លាង ព័ន្ធ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៣ កញ្ញា​ថា លោក​សោកស្ដាយ កូនឈើ ដែល​សហគមន៍ និង​យុវជន បាន​ដាំ​ឡើងវិញ​បន្ទាប់ពី​កងរថក្រោះ​ឈូស​ឆាយ​កាល​ពី​ពេល​កន្លង​ទៅ។ លោក​បន្ត​ថា នៅពេល​សហគមន៍​ចុះទៅ​រារាំង​នោះ ទាហាន​ម្នាក់ ដែល​ពុំ​ស្គាល់​អត្តសញ្ញាណ បាន​លើកឡើង​ថា ទាល់​តែ​មាន​បញ្ជា​ពី​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ទើប​គាត់​បញ្ឈប់​សកម្មភាព​ឈូស​ឆាយ​នេះ។

Metta_forest_youth.jpg
ក្រុមយុវជន​នៃ​បណ្ដាញយុវជនកម្ពុជា ចូលរួម​ដាំកូនឈើ​នៅ​ព្រៃមេត្តាធម្មជាតិ កាលពីថ្ងៃទី៨ សីហា ២០២៣។ Photo Courtesy of CYN

លោក លាង ព័ន្ធ៖ «មាន​ទាហាន​ម្នាក់​ខ្ញុំ​អត់​ស្គាល់ឈ្មោះ​ទេ​បាទ។ គាត់​មក​នៅ​ឈរ​កាង​អ៊ីចឹង ។ គាត់​ថា អ្នកណា​ក៏​គាត់​អត់​ស្ដាប់​ដែរ គាត់​ស្ដាប់​តែ​សម្ដេច​មួយ​ទេ បើ​សម្ដេច​ឲ្យ​ឈប់​ឈូស គាត់​ឈប់ គាត់​ថា អ៊ីចឹង​ហា គាត់​និយាយ​ជាមួយ​ក្រុម​យុវជន​សម្ដេច​អ៊ីចឹង ហើយ​ក្រុម​យុវជន​របស់​សម្ដេច ពួកគាត់​ថា មនុស្ស​ដល់​ពេល​និយាយ​ភាសា​មនុស្ស​ស្ដាប់​គ្នា​អត់​បាន​អ៊ីចឹង​គាត់​ពិបាក​នឹង​និយាយ​ជាមួយ​ចាំ​មើល​គាត់​និយាយ​ជាមួយ​សម្ដេច​ផ្ទាល់»

លោក លាង ព័ន្ធ បន្ថែម​ថា ក្រោយពី​កង​រថ​ក្រោះ​ង​៧០ ចុះ​មក​ឈូស​ឆាយ​នោះ លោក​បាន​ទាក់ទង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ដែរ ក៏ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​អ្វី​នោះ​ទេ។ លោក​ស្នើ​ដល់​រដ្ឋាភិបាល កាត់​ឆ្វៀល​ដី​ព្រៃ​ខាងក្រោយ​វត្ត​មេត្តា​ធម្មជាតិ​ជាង ២០​ហិកតារ ចេញពី​អនុក្រឹត្យ​នោះ រួមបញ្ចូល​គ្នា​ជាមួយ​ដី ដែល​កងរថក្រោះ​ង​៧០ ឈូស​ឆាយ​លើស​ជាង​៣០​ហិកតារ ទុកជា​ដី​ព្រៃ​សហគមន៍ ដើម្បី​ឲ្យ​សហគមន៍​បន្ត​ការពារ​សត្វព្រៃ និង​ព្រៃឈើ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។

ព្រៃ​សហគមន៍​ឧត្ដម​ស្រែពស់ ឬ​ហៅថា ព្រៃ​មេត្តា​ធម្មជាតិ គឺជា​ផ្នែក​មួយ​នៃ​ដែន​ជម្រកសត្វព្រៃ​ភ្នំ​ឱរ៉ាល់ ហើយ​ត្រូវ​បាន​ចុះបញ្ជី​ទទួល​ស្គាល់​ជា​ព្រៃ​អភិរក្ស​ពី​ក្រសួង​បរិស្ថាន កាល​ពី​ឆ្នាំ​២០០២។ កាលពី​ខែ​សីហា ឆ្នាំ​២០២១ កន្លងទៅ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ ឆ្វៀល​ដី​ព្រៃ​សហគមន៍​ឧត្ដម​ស្រែ​ខ្ពស់​មាន​ទំហំ​ជិត ៣​រយ​ហិកតារ (២៦២,២៤) ហិកតារ ពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱរ៉ាល់ ក្នុងភូមិ​ពោធិ៍មាស ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ដើម្បី​បែងចែក​ជូន​គ្រួសារ​យោធិន "​ង​-៧០” កងរថក្រោះ ៤១​គ្រួសារ សម្រាប់​សង់​លំនៅឋាន និង​បង្កបង្កើនផល។

ឆ្លើយតប​ចំពោះ​បញ្ហា​នេះ អភិបាលខេត្ត​កំពង់ស្ពឺ​លោក វ៉ី សំណាង ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​២៣ កញ្ញា ថា លោក​ពុំ​ទទួល​បាន​ព័ត៌មាន​នៃ​ការ​ចុះ​ទៅ​ឈូស​ឆាយ​ព្រៃ​សហគមន៍​នេះ​ទេ​។ លោក​បន្ថែម​ថា លោក​នឹង​ចាត់​មន្ត្រី​ជំនាញ ដើម្បី​ចុះ​ទៅ​ពិនិត្យ​អំពី​រឿង​នេះ។

លោក វី សំណាង៖ «ឲ្យ​គាត់​ប្រញាប់​ទាក់ទង​មក​អាជ្ញាធរ​បាន​យើង​ជួយ​គាត់​បាន​លឿន ថ្ងៃ​១៧ ដល់​អ៊ីចឹង​វា​រាង​យឺត​បន្តិច ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​យើង​នៅតែ​ចាំ​ជួយ​គាត់​ដែរ អត់​អី​ទេ។ ឆ្ងល់​ដែរ​វើយ អា​ពួក​ហ្នឹង​វា​យ៉ាងម៉េច​វា ចាំ​មើល ចាំ​ខ្ញុំ​ឲ្យ​មន្ត្រី​ខ្ញុំ​ទៅ​មើល​បាទ»

ទោះជា​យ៉ាងណា អ្នកសម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត សង្កេត​ឃើញ​ថា នៅ​ពេល​មន្ត្រី​យោធា ដែល​មាន​អាវុធ​ក្នុង​ដៃ ចុះទៅ​បញ្ជា​ឲ្យ​មានការ​ឈូស​ឆាយ​ដីធ្លី​សហគមន៍​ណាមួយ​នោះ អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​រួមមាន​ភូមិ ឃុំ និង​ស្រុក​ជាដើម ពិបាក​នឹង​ដោះស្រាយ​បញ្ហា។ លោក​បន្ត​ថា ករណី​ទាំងនេះ អាច​ដោះស្រាយ​បាន​លុះត្រា​មាន​អន្តរាគមន៍​ពី​អាជ្ញាធរ​ថ្នាក់​ជាតិ និង​ស្ថាប័ន​តុលាការ ដែល​ត្រូវតែ​អនុវត្ត​តួនាទី​របស់​ខ្លួន​ដោយ​តម្លាភាព។

លោក វណ្ណ សុផាត៖ «បញ្ហា​ហ្នឹង​វា​ជា​ការ​យកចិត្តទុកដាក់​បាទ ជា​ការ​ទទួលខុសត្រូវ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់ ដើម្បី​កែ​ប្រព័ន្ធ​អនុវត្ត​ច្បាប់​ហ្នឹង​ឲ្យ​មាន​ប្រសិទ្ធភាព ហើយ​ជាពិសេស​គឺ​ប្រព័ន្ធ​តុលាការ​ហ្នឹង​កុំ​អនុវត្ត​តែ​ទៅលើ​ប្រជាពលរដ្ឋ​ស្លូតត្រង់ ហើយ​ជា​អ្នករងគ្រោះ»

ព្រៃ​សហគមន៍​ឧត្តម​ស្រែ​ពស់ ឬ​ព្រៃ​មេត្តា​ធម្មជាតិ មាន​ផ្ទៃដី ជិត​៩​រយ​ហិកតារ (៨៨៧) ដែល​ធ្លាប់​មាន​សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ​រស់​នៅ រួមមាន ទោច ស្វា ក្ងោក មាន់ព្រៃ ឈ្លូស និង ស្វា​ជាដើម ត្រូវ​បាន​ក្រុម​អ្នក​មាន​អំណាច មន្ត្រី​យោធា ពលរដ្ឋ និង​ឈ្មួញ​ខិលខូច​មួយចំនួន ឈូស​ឆាយ​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍ ដែល​ធ្វើ​ឲ្យ​បាត់បង់​ព្រៃឈើ និង​សត្វព្រៃ​ស្ទើរតែ​ទាំងស្រុង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។