ប្រជាពលរដ្ឋ និងសកម្មជនការពារបរិស្ថាន រិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ថា អសមត្ថភាពក្នុងការពារភោគទ្រព្យធនធានធម្មជាតិភ្នំប្រវត្តិសាស្ត្រនៅតំបន់ភ្នំតាគ្រាមដោយសារតែក្រុមហ៊ុនចិន និងវៀតណាមធ្វើអាជីវកម្មកាយថ្មភ្នំតាមទំនើងចិត្ត។ អ្នកស្រុកបាណន់ថា ប្រសិនបើរដ្ឋាភិបាល និងក្រសួងព័ន្ធនៅតែព្រងើយកន្តើយគ្មានវិធានការចុះទប់ស្កាត់ ក្រុមឈ្មួញកំពុងធ្វើអាជីវកម្មថ្មភ្នំទាំងនោះ ធនធានធម្មជាតិ ភ្នំប្រវត្តិសាស្ត្រនឹងវាលរាបដល់ដីក្នុងរយៈពេលដ៏ខ្លីខាងមុខ។
ប្រជាពលរដ្ឋ និងសកម្មជនការពារបរិស្ថាន សោកស្ដាយចំពោះរដ្ឋាភិបាល និងអាជ្ញាធរ ដែលព្រងើយកន្តើយបណ្ដែតបណ្ដោយឱ្យក្រុមហ៊ុនចិន និងវៀតណាមធ្វើអាជីវកម្មកាយថ្មភ្នំប្រវត្តិសាស្ត្រនៅតំបន់ភ្នំតាគ្រាមស្ទើរតែបាត់រូបរាងដើមទាំងស្រុងដោយគ្មានការចុះបង្ក្រាប។ អ្នកភូមិ យល់ថាក្រុមឈ្មួញ ដែលបានឈរជើងធ្វើអាជីវកម្ម ជាង ២០ឆ្នាំកន្លងមកនេះ គឺមានការបើកភ្លើងខៀវពីរដ្ឋាភិបាលលោក ហ៊ុន សែន និងមានឧកញ៉ា មន្ត្រីគ្រាក់ៗ ក្នុងជួររដ្ឋាភិបាលឈរកាងក្រុមហ៊ុនបរទេសក្នុងដំណើរការធ្វើអាជីវកម្មថ្មភ្នំទៅតាមទំនើងចិត្ត។
អ្នកស្រុកបាណន់ ថាពួកគេតែងតែដាក់ញាតិទៅអាជ្ញាធរមូលដ្ឋានជាបន្តបន្ទាប់ ទាមទារឱ្យក្រុមហ៊ុនបញ្ឈប់សកម្មភាពកាយថ្មភ្នំដែលកំពុងប្រឈមបាត់រូបរាង ដើម្បីអភិរក្សធនធានភ្នំធម្មជាតិបន្សល់ទុកមួយចំណែកតូចឱ្យចៅជំនាន់ក្រោយបានស្គាល់ និងបញ្ចៀសពីផលប៉ះពាល់សុខភាពពលរដ្ឋដែលប្រឈមកើតជំងឺរលាកផ្លូវដង្ហើមដោយសារធូរលីដីហ៊ុយខ្លាំងតាមរយៈរថយន្តធំៗ រាប់ពាន់គ្រឿងដឹកថ្មឆ្លងកាត់ភូមិពួកគេទាំងយប់ទាំងថ្ងៃ។
រូបភាព 3D ភ្នំគល់នៅស្រុកបាណន់ ខេត្តបាត់ដំបង by QUADDROS on Sketchfab
ពលរដ្ឋម្នាក់រស់នៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១១ មករាថា ប្រជាពលរដ្ឋទាំងអស់សោកស្ដាយយ៉ាងខ្លាំងចំពោះទង្វើរបស់ក្រុមហ៊ុនដែលធ្វើអាជីវកម្មថ្មភ្នំកន្លងមកនេះ ព្រោះលោកថា ភ្នំធម្មជាតិដែលក្រុមហ៊ុនធ្វើអាជីវកម្មបច្ចុប្បន្ននេះ កន្លងមកជាកន្លែងពលរដ្ឋអាស្រ័យផល មានធម្មជាតិជាម្លប់បៃតងសម្រាប់ជម្រកសត្វព្រៃ ហើយអ្នកភូមិចាត់ទុកភ្នំទាំងនោះជាអត្តសញ្ញាណភូមិកំណើតរបស់ពួកគេកំពុងឈានទៅរកការបាត់បង់។
លោកបន្តថា កាលពីខែធ្នូឆ្នាំ២០២១ កន្លងទៅ ពលរដ្ឋបានចេញស្រែកតវ៉ាបិទផ្លូវមិនឱ្យរថយន្តក្រុមហ៊ុនឆ្លងកាត់ភូមិពួកគេយ៉ាងតិច ១០ដង និងស្នើដល់អាជ្ញាធរមូលដ្ឋានបញ្ឈប់សកម្មភាពក្រុមហ៊ុនជាបន្ទាន់។ លោកបញ្ជាក់ថា ទន្ទឹមនឹងការបាត់ធនធានធម្មជាតិ អាជ្ញាធរបែរជាចោទប្រកាន់អ្នកភូមិថាជាការញុះញង់ នៅពេលដែលពួកគេងើបតវ៉ាឱ្យអាជ្ញាធរបញ្ឈប់ការធ្វើអាជីវកម្មថ្មភ្នំនេះ។ លោកចាត់ទុកទង្វើរបស់អាជ្ញាធរថាកំពុងកាងក្រុមហ៊ុន ឱ្យបំផ្លិចបំផ្លាញភោគទ្រព្យជាតិដែលកំពុងប្រឈមបាត់រូបរាងក្នុងរយៈពេលដ៏ខ្លីខាងមុខ៖ « បើថាស្ដាយ មិនឱ្យនិយាយថាស្ដាយយ៉ាងណា ? ពីដើមពលរដ្ឋរស់នៅហ្នឹងចង់ហូបអីមាន ដូចជា ស្លឹកព្រិច មានផ្សិត ឥឡូវក្លាយជាទីវាលធំធេង ហើយបើអាជ្ញាធរនៅតែព្រងើយកន្តើយភ្នំត្រូវតែអស់ » ។
លោកបន្ថែមទៀតថា ក្រៅពីធនធានភ្នំមួយចំនួនស្ទើរតែបាត់រូបរាងទាំងស្រុង ផ្លូវជាតិចាប់ពីចំណុចភូមិតាគ្រាម ឆ្ពោះទៅកាន់ស្រុកសំពៅលូនដែលមានប្រវែងជិត ១០គីឡូ បានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយសារតែរថយន្តខ្នាតធំរបស់ក្រុមហ៊ុនរាប់ពាន់គ្រឿងដឹកជញ្ជូនថ្មម៉ាប និងថ្មកែវយ៉ាងគគ្រឹកគគ្រេងទាំងថ្ងៃទាំងយប់ចេញពីតំបន់ភ្នំតាគ្រាមជារៀងរាល់ថ្ងៃ។
ប្រជាពលរដ្ឋឱ្យដឹងទៀតថា ក្រុមហ៊ុនដែលធ្វើអាជីវកម្មជាង ១០ឆ្នាំកន្លង រួមមាន ក្រុមហ៊ុន ហេង ឆាត ខនស្រ្តាក់សិន (Heng Chat Construction Co., Ltd) ក្រុមហ៊ុន លឹម ម៉េង គ្រុប (NIM MENG GROUP Co,Ltd) ក្រុមហ៊ុន តាំង ថៃឡុង (Tang Thailong Co,Ltd) និងក្រុមហ៊ុន ធី ឡុង (Thy Long) កំពុងធ្វើអាជីវកម្មវាយកម្ទេចថ្មស្ទើរតែរលាយភ្នំតាគ្រាមទាំងមូលដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរឡើយ។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្ស័យថាក្រុមហ៊ុនទាំងនេះមិនមានអាជ្ញាប័ណ្ណស្របច្បាប់ឡើយ ដោយពួកគេសម្អាងថាការធ្វើអាជីវកម្មកន្លងមកនេះ អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនព្យាយាមលាក់បាំងព័ត៌មាន និងមិនបានគិតគូរពីសុខុមាលភាពប្រជាពលរដ្ឋនោះទេ។
ពលរដ្ឋ និងសកម្មជនបរិស្ថាន រិះគន់ថាប្រសិនបើរដ្ឋាភិបាលនៅតែព្រងើយកន្តើយ គ្មានវិធានចុះបង្ក្រាបក្រុមឈ្មួញដែលកំពុងធ្វើអាជីវកម្មថ្មភ្នំទាំងនេះ នៅថ្ងៃអនាគតធនធានភ្នំប្រវត្តិសាស្ត្របានបំផ្លិចបំផ្លាញដោយសារតែក្រុមហ៊ុនចិន និងវៀតណាមធ្វើអាជីវកម្ម ពួកគេថា រដ្ឋាភិបាលលោក ហ៊ុន សែន ជាអ្នកទទួលខុសត្រូវដោយផ្ទាល់ចំពោះភោគទ្រព្យជាតិដែលបានបាត់បង់។
សកម្មជនការពារបរិស្ថាន កញ្ញា ភួន កែវរស្មី យល់ថា ធនធានជាតិភ្នំប្រវត្តិសាស្ត្រក្នុងស្រុកបាណន់គួរតែមានកិច្ចគាំពារពីរដ្ឋាភិបាល សម្រាប់អភិរក្សបន្តឱ្យមនុស្សជំនាន់ក្រោយបានស្គាល់។ កញ្ញា សង្កេតឃើញថា ក្នុងដំណើរការក្រុមហ៊ុនឈរជើងធ្វើអាជីវកម្មថ្មភ្នំជាង ២ទសវត្សរ៍កន្លងមកនេះ គ្មានតម្លាភាពមិនបានផ្សព្វផ្សាយពីគម្រោងអភិវឌ្ឍសិក្សាពីផលប៉ះពាល់បរិស្ថាន (EIA) ហើយក្រសួងពាក់ព័ន្ធក៍មិនបានបញ្ចេញរបាយការណ៍ឱ្យពលរដ្ឋបានដឹង និងធ្វើវេទិកាសាធារណៈស្ដីពីចំណូលថវិកាជាតិដែលរដ្ឋទទួលបានពីក្រុមហ៊ុនទាំងនោះដែរ៖ «យើងបានខ្វាយខ្វល់ហើយ តែនៅមានកម្រិតនៅឡើយ។ អ្នកដែលទទួលខុសត្រូវខ្លាំងជាងគេនោះ គឺរដ្ឋាភិបាលក្នុងជំនាន់នេះ ព្រោះយើងបានមើលឃើញថាអាជ្ញាធរតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់ជាតិ អាចថាគាំទ្រអាជីវកម្មឯកជន ឬគ្នីគ្នាពួកគាត់មករំលោភលើធនធានធម្មជាតិច្រើនកន្លែងមែនទែន។ យើងក៏សង្ឃឹមថា ពួកគាត់ល្មមភ្ញាក់រម្លឹកខ្លះទៅ មកស្រឡាញ់ធនធានធម្មជាតិ » ។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងសុំការបកស្រាយជុំវិញរឿងនេះពីអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា នៅថ្ងៃទី១០ និងទី១១ មករា ដោយទូរស័ព្ទហៅចូលតែលោកចុកផ្ដាច់ប្រព័ន្ធទូរស័ព្ទ។ ចំណែកឯអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក យស មុនីរ៉ាត់ បដិសេធមិនអធិប្បាយដោយលោកប្រាប់ថាខ្លួនបានចូលនិវត្តន៍ហើយ។
ចំណែកឯ ប្រធានផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ហេង គឹមហុង ថ្លែងថា រដ្ឋាភិបាល គួរតែចាត់វិធានការឱ្យបានម៉ឺងម៉ាត់ដល់ក្រុមឈ្មួញ លកំពុងធ្វើអាជីវកម្មដើម្បីធានាដល់ធនធានធម្មជាតិមិនទទួលរងប៉ះពាល់បន្ថែមទៀត។ លោកបន្តថា ផលប៉ះពាល់ដល់ពលរដ្ឋដែលតែងតែលើកឡើងជាបន្តបន្ទាប់នោះ អាជ្ញាធរចាំបាច់ត្រូវតែឆ្លើយតប និងដោះស្រាយទុក្ខកង្វល់ជូនប្រជាជន ចៀសវាងគេចវេះ និងព្រងើយកន្តើយបណ្ដែតបណ្ដោយឱ្យក្រុមហ៊ុននៅតែបន្តអាជីវកម្មដែលធ្វើឱ្យធនធានភ្នំនៅតំបន់នោះរងការបំផ្លិចបំផ្លាញបាត់រូបរាងនាពេលអនាគត៖ « កាយភ្នំជីករ៉ែទាំងអស់ហ្នឹង បានចំណូលប៉ុន្មានចូលជាតិ និងពលរដ្ឋមូលដ្ឋាន ? ដើម្បីធានាតម្លាភាព ប្រជាពលរដ្ឋជាអ្នករងផលប៉ះពាល់ផង រស់នៅហ្នឹងផ្ទាល់ផង។ មែនទែនទៅនៅតំបន់ភ្នំបេតិកភណ្ឌសុទ្ធសឹងតែមានដិតដាមជីវភាពជាមួយជីវភាពប្រជាពលរដ្ឋប្រចាំថ្ងៃ ហើយមានការជីកឈូសកាយភ្នំប្រាកដណាស់ពលរដ្ឋមិនសប្បាយចិត្តដោយសារតែបាត់បង់អត្តសញ្ញាណភូមិកំណើតពួកគាត់ ឬបេតិកភណ្ឌភ្នំនៅតំបន់នោះ » ។
ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យសាលាខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីកន្លងទៅថា ក្រុមហ៊ុនដែលធ្វើអាជីវកម្មនៅតំបន់ភ្នំតាគ្រាម មានអាជ្ញាប័ណ្ណត្រឹមត្រូវ និងបានធ្វើការវាយតម្លៃផលប៉ះពាល់ច្បាស់លាស់។ លោកបន្តថា ការធ្វើអាជីវកម្មកាយថ្មភ្នំកន្លងមកនេះមានការរួមចំណែកក្នុងកសាងហេដ្ឋារចនាសម្ពន្ធជាច្រើនក្នុងខេត្តបាត់ដំបង ដូចជា កសាងផ្លូវហៃវ៉េស្ថិតនៅជាយក្រុង និងផ្លូវជាតិមួយខ្សែចាប់ពីក្រុងប៉ោយប៉ែតទៅកាន់រាជធានីភ្នំ។

លោកទទួលស្គាល់ថា ការធ្វើអាជីវកម្មថ្មភ្នំកន្លងមកនេះបានបង្កផលប៉ះពាល់បរិស្ថាន និងការរស់របស់ប្រជាពលរដ្ឋ តែលោកអះអាងថា អាជ្ញាធរមូលដ្ឋានមិនបានព្រងើយកន្តើយចំពោះក្ដីកង្វល់របស់ប្រជាពលរដ្ឋឡើយ។ ចំណែកផលប៉ះពាល់បរិស្ថាន និងសង្គម អ្នកនាំពាក្យរូបនេះថា ក្រុមហ៊ុននឹងស្ដារធនធានធម្មជាតិ និងបរិស្ថានឡើងវិញ៖ « កន្លងមកធ្លាប់មានអាជ្ញាធរចុះសិក្សាបញ្ហាប្រជាពលរដ្ឋត្អូញត្អែរហ្នឹងដែរ ហើយយើងក៏បានខិតខំណែនាំដល់អ្នកធ្វើអាជីវកម្ម ដែលមានការអនុញ្ញាត។ ការអភិវឌ្ឍអ្វីមួយតែងតែធ្វើឱ្យប៉ះពាល់នៅតំបន់មូលដ្ឋាននោះ តែសំខាន់ក្រុមហ៊ុនត្រូវតែសិក្សា ដើម្បីការពារបរិស្ថាន ការពារការរស់នៅរបស់ប្រជាពលរដ្ឋ ទើបការធ្វើអាជីវកម្មរបស់ខ្លួនមាននិរន្តរភាព » ។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា ជំរុញដល់អាជ្ញាធរថ្នាក់ជាតិបើកការស៊ើប និងចុះត្រួតពិនិត្យតំបន់ភ្នំតាគ្រាមបន្ថែមទៀត និងចាត់វិធានការលើក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត។ លោកសង្កត់ធ្ងន់ថា ធនធានធម្មជាតិដែលរងការបំផ្លាញនៅកម្ពុជា ដោយសារតែខ្វះការយកចិត្តទុកពីសំណាក់អាជ្ញាធរ និងបានឃុបឃិតជាមួយជនខិលខូចធ្វើអាជីវកម្មលក្ខណៈប្រយោជន៍បុគ្គលទៅតាមទំនើងចិត្ត៖ « អ៊ីចឹង យើងទទូចឱ្យអាជ្ញាធរពិចារណាឡើងវិញក្នុងរឿងនេះ។ ពីព្រោះបញ្ហាទាំងអស់នេះមិនចាំបាច់ឱ្យពលរដ្ឋមានការលំបាកអ្វីទេ។ ក្នុងតួនាទីការថែរក្សាការពារធនធានធម្មជាតិ ព្រៃឈើអីជាដើមហ្នឹងទៅលើអាជ្ញាធរហ្នឹងឯង » ។
រមណីយដ្ឋានតំបន់ភ្នំប្រវត្តិសាស្ត្រក្នុងស្រុកបាណន់មានភ្នំចំនួន៣១ ជាតំបន់មានទេសចរណ៍ប្រវត្តិសាស្ត្រ ប្រាសាទបុរាណ និងធនធានធម្មជាតិដ៏សម្បូរបែប។ ប៉ុន្តែតំបន់ភ្នំទេសចរណ៍ប្រវត្តិសាស្ត្រមួយចំនួនដូចជា ភ្នំគល់ ត្រូវបានរលាយស្ទើរតែបាត់រូបរាង ដោយសារតែក្រុមហ៊ុនចិនធ្វើអាជីវកម្មយកថ្មម៉ាបកាលពីឆ្នាំ២០១៣។ អ្នកភូមិសោកស្ដាយយ៉ាងខ្លាំង ប្រសិនបើបាត់បង់ភ្នំទាំងនេះពួកគាត់គ្មានលទ្ធភាពការពារសម្បត្តិធនធានធម្មជាតិទាំងនេះបានទេ ស្របពេលដែលម្ចាស់ក្រុមហ៊ុនសុទ្ធតែមានឥទ្ធិពល។
លើសពីនេះ ភ្នំដែលគេកំពុងជីកគាស់កាយស្ទើរតែបាត់រូបរាង រួមមាន មានភ្នំតាគ្រាម ភ្នំថ្មក្រហម ភ្នំអន្សែ ភ្នំប៉ើយស្វាយ ភ្នំពពូល ភ្នំតាត្រងោល និងភ្នំគល់ជាដើម។ ភ្នំធម្មជាតិទាំងនេះ ធ្លាប់ផ្តល់ម្លប់បៃតងស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរ។ ប៉ុន្តែបច្ចុប្បន្នបានក្លាយជាការដ្ឋាន ជីកកោះកាយ និងកិនថ្ម ដោយមានគ្រឿងចក្ររាប់សិបគ្រឿង ដឹកជញ្ជូនថ្មធ្វើអាជីវកម្មយ៉ាងគគ្រឹកគគ្រេងស្ទើរជារៀងរាល់ថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។