សកម្មភាពកាប់ឈើធំៗ នៅតែបន្តកើតឡើងមានកាន់តែច្រើនឡើង ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ដោយគ្មានអាជ្ញាធរណា អើពើទប់ស្កាត់ នៅឡើយទេជាច្រើនឆ្នាំមកហើយ។
ប្រជាសហគមន៍ខេត្តកំពង់ស្ពឺចំណាំថា ជារៀងរាល់អាណត្តិកំឡុងពេលកៀកបោះឆ្នោតជាតិ អាជ្ញាធរតែងតែបណ្តោយឱ្យជនល្មើសកាប់ឈើដោយសេរី ក្នុងតំបន់អភិរក្ស ព្រោះខ្លាចប៉ះពាល់សំឡេងឆ្នោតរបស់គណបក្សកាន់អំណាច ។
ប្រជាសហគមន៍ការពារព្រៃឈើខ្នងវាលរស់នៅឃុំតាសាល ស្រុកឱរ៉ាល់ ស្តាយស្រណោះ ដើមឈើធំៗ ភាគច្រើនប្រភេទម្រេញ ឬឈើរាជកុល ដែលដុះតាមជម្រាលភ្នំ និងជ្រលងភ្នំ នៅតែប្រឈមការកាប់ផ្តួលស្ទើរជារៀងរាល់ថ្ងៃ ដោយគ្មានការរារាំងនៅឡើយទេ។
ពួកគាត់សង្កេតឃើញថា ក្រុមជនល្មើសប្រដាប់ដោយរណារយន្ត និងសម្ភារៈអារឈើជាច្រើនទៀត បានបោះតង់កាប់ឈើ ក្នុងតំបន់ព្រៃអភិរក្សនេះ ដោយត្រូវបង់លុយឱ្យឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន ជាថ្នូរមិនអនុវត្តច្បាប់ដដែលៗ។
ប្រជាសហគមន៍ការពារព្រៃឈើខ្នងវាល លោកស្រី ខុន ណៃ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៥ មេសា ថា ស្ទើរជារៀងរាល់ថ្ងៃ ក្រុមជនល្មើសមានគ្នាជាង ១០នាក់ ប្រដាប់ដោយម៉ាស៊ីនត្រង់សឺន័រ កាប់ឈើប្រភេទរាជកុល អារច្រៀកក្នុងព្រៃ រួចដឹកចេញក្រៅ ធ្វើឱ្យដើមឈើធំៗ ក្នុងតំបន់ការពារមួយនេះបន្តបាត់បង់ឥតឈប់ឈរ ដែលប៉ះពាល់ជម្រកសត្វព្រៃ។
លោកស្រីថា ក្រុមអ្នកកាប់ឈើ ហាក់មិនខ្លាចច្បាប់នោះទេ ហើយពួកគេតែងតែនាំគ្នា ទៅអារឈើលក់ដោយសេរី នៅតំបន់ដែលសត្វព្រៃរស់នៅ និងឆ្លងកាត់។
លោកស្រី ខុន ណៃ៖ «ដូចជាឈើម្រេញ គាត់ធ្វើរាល់ថ្ងៃ គឺរាល់ថ្ងៃទាំងប្រាំង និងវស្សា បារម្ភថា ក្មេងៗជំនាន់ក្រោយ អត់ស្គាល់ព្រៃឈើ មានការកាប់បំផ្លាញរហូតទៅ ទៅមុខទៅ អត់មានសត្វព្រៃទេ»។
ប្រជាសហគមន៍ការពារព្រៃឈើរូបនេះបន្ថែមថា បទល្មើសព្រៃឈើ កើតមានកាន់តែខ្លាំងឡើង នៅរយៈពេលជាង ៥ខែចុងក្រោយនេះ ធ្វើឱ្យដើមឈើធំៗ ដែលភ្ញៀវទេសចរណ៍តែងតែឡើងភ្នំបោះតង់ថតរូប និងគយគន់ទេសភាព នៅតំបន់ខ្នងវាល និងខ្នងផ្សារប្រឈមការកាប់ផ្តួលធ្វើអាជីវកម្ម។
អ្នកភូមិអស់ជំនឿលើសមត្ថភាពឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ ដែលគ្មានទប់ស្កាត់បទល្មើសព្រៃឈើទាំងនេះ ជាច្រើនឆ្នាំមកហើយ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ស្ពឺ លោក ឱម ម៉ាក់ធារី និងអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បាននៅឡើយទេ នៅថ្ងៃទី៥ មេសា។
ប៉ុន្តែអភិបាលខេត្តរូបនេះ ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា លោកនឹងចាត់ឱ្យមន្ត្រីជំនាញ ពិនិត្យរឿងនេះ ព្រោះព្រៃឈើ ក្នុងតំបន់ឧទ្យានជាតិ ជាកន្លែងអភិរក្សដែលត្រូវការពារឱ្យតឹងរ៉ឹង។ លោកថា អាជ្ញាធរមិនអនុញ្ញាតឱ្យមានការកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់អភិរក្សនោះឡើយ ហើយមន្ត្រីជំនាញ បន្តធ្វើកិច្ចការងារនេះ។
ជុំវិញរឿងនេះ ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ លោក ជា ហ៊ាន ដែលតែងតែចុះអង្កេតរឿងនេះ យល់ថា រដ្ឋាភិបាលគួរតែពិនិត្យពីប្រសិទ្ធភាពការងារ ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថានឡើងវិញ ខណៈដែលមន្ត្រីទាំងនោះ ពុំបានបំពេញភារកិច្ច និងតួនាទី ត្រឹមត្រូវដែលរដ្ឋផ្តល់សិទ្ធិឱ្យនោះឡើយ។ លោកថា មន្ត្រីជំនាញ តែងតែអង្គុយនៅទីស្នាក់ការ ចាំទទួលលុយពីអ្នកដឹកឈើជាទម្លាប់ដដែលៗ ធ្វើឱ្យជនល្មើសមិនខ្លាចច្បាប់។
លោក ជា ហ៊ាន៖ «ក្នុងព្រៃគ្រាន់តែចូលតំបន់អភិរក្ស លាន់ឮសូរម៉ាស៊ីនត្រង់សឺន័រ យំពេញព្រៃ ឯរទេះគោ និងគោយន្តនៅតែបន្តមានសកម្មភាពដឹកចេញ ហើយមន្ត្រីអភិរក្សរបស់ក្រសួងបរិស្ថាន នៅតែបន្តតាមគោលដៅ។ តែក្នុងគោលដៅនីមួយៗ ខ្ញុំសង្កេតឃើញថា អត់មានការបង្ក្រាបទេ គាត់អង្គុយចងអង្រឹងចាំយកតែលុយ»។
ប្រជាសហគមន៍ខេត្តកំពង់ស្ពឺបន្ថែមថា ដើមឈើដែលក្រុមជនល្មើសសម្រុកកាប់បំផ្លាញ ភាគច្រើន ដើមម្រេញ ឬរាជកុល ឈើទាល គគីរ និងផ្ចឹកជាដើម មុខកាត់ ៥ តឹកឡើងទៅ ដុះតាមជ្រលងភ្នំខ្ពង់រាប ខ្នងភ្នំ ចង្កេះភ្នំ និង ឈើខ្លះទៀត ដុះតាមជម្រាលភ្នំ ដែលពិបាកនឹងកាប់រំលំអូសចុះក្រោម ក៏ប៉ុន្តែក្រុមជនល្មើសមានមធ្យោបាយអារផ្តួលឈើទាំងនោះ ហើយទាញ ចុះក្រោមបានដោយងាយ។
នៅលើផែនទី ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលមានផ្ទៃដីទំហំជាងបួនសែនហិកតារ (៤០១.៣១៣)គ្របដណ្តប់ខេត្តចំនួនបី គឺខេត្តកោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ។ ឧទ្យានជាតិនេះទទួលស្គាល់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល កាលពីឆ្នាំ២០១៦ តាមសំណើរបស់ក្រសួងបរិស្ថាន។
ចំណែក អង្គការឃ្លាំមើលព្រៃឈើពិភពលោក (Global Forest Watch) រកឃើញថា គម្របព្រៃឈើជាង ១ សែន ៤ ម៉ឺនហិកតារ ( ១៤៨.០០០ ) ឬ ៨,៦% ត្រូវបានបាត់បង់ឋិតក្នុងតំបន់ជួរភ្នំក្រវាញចន្លោះពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។