ពលរដ្ឋនៅតំបន់បឹងតាមោក និងសកម្មជនបរិស្ថាន សោកស្ដាយ ដែលរដ្ឋាភិបាល បានកាត់ឆ្វៀលផ្ទៃបឹងតាមោក១០ហិកតារបន្ថែមទៀត ឲ្យទៅក្រុមហ៊ុនឯកជន។ ពួកគេមិនរំពឹងថា រដ្ឋាភិបាលនឹងទុកបឹងតាមោកជាប្រយោជន៍សម្រាប់ពលរដ្ឋទូទៅនោះទេ ក្រោយពីរដ្ឋាភិបាលបានកាត់ឆ្វៀលផ្ទៃបឹងនេះ ជាង ៧០លើករួចទៅហើយ។
ពលរដ្ឋ រស់នៅក្បែរបឹងតាមោក សោកស្ដាយចំពោះការអភិវឌ្ឍរបស់រដ្ឋាភិបាល ដែលមិនខ្វល់ពីសម្រែកទាមទាររកដំណោះស្រាយពីផលប៉ះពាល់របស់ពួកគាត់។
ប្រធានសហគមន៍សំរោងត្បូង លោកស្រី ប្រាក់ សុភា ដែលកំពុងភៀសខ្លួនទៅប្រទេសថៃ(Thailand) ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៩ តុលា ថា លោកស្រីសោកស្ដាយចំពោះរដ្ឋាភិបាលចាស់ដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ដែលមិនខ្វល់ខ្វាយពីសម្រែកទាមទាររបស់ពលរដ្ឋនៅតាមតំបន់បឹងតាមោក។ លោកស្រីស្នើដល់រដ្ឋាភិបាលថ្មី ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្ដល់សិទ្ធិអភិវឌ្ឍនៅនឹងកន្លែងសម្រាប់ប្រជាសហគមន៍សំរោងត្បូង។
លោកស្រី ប្រាក់ សុភា៖ «នាយករដ្ឋមន្ត្រីចាស់ គាត់ចាស់ដោះស្រាយមិនបាន។ តើនាយករដ្ឋមន្ត្រីនេះ គាត់ដោះស្រាយបានទេវិវាទដីបឹងតាមោកហ្នឹង?ឬមួយក៏ចង់អភិវឌ្ឍនៅប្រទេសកម្ពុជាហ្នឹង ឲ្យប្រជាពលរដ្ឋកាន់តែទឹកភ្នែកទៅៗ តើវាលើកមុខលើកមាត់នាយករដ្ឋមន្ត្រីមែន»?
ការលើកឡើងនេះ ក្រោយពីសមាគមធាងត្នោតកាលពីថ្ងៃទី២៨ តុលា បានចុះផ្សាយអំពីអនុក្រឹត្យកាត់ផ្ទៃបឹងតាមោក លើកទី៧៤ របស់អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ចំនួន១០ហិកតារបន្ថែមទៀត ស្ថិតនៅសង្កាត់ពង្សាំ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទៅឲ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង។
វិទ្យុអាស៊ីសេរីនៅពុំទាន់អាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី២៩ តុលា។
ទោះជាយ៉ាងណា សកម្មជនបរិស្ថាន លោក លី ចាន់ដារ៉ាវុត មានប្រសាសន៍ថា លោកមិនរំពឹងថា រដ្ឋាភិបាលនឹងរក្សាបឹងតាមោក ដែលជាអាងស្តុកទឹកសម្រាប់រាជធានីភ្នំពេញនោះទេ ហើយរដ្ឋាភិបាលនៅតែបន្តកាត់ឆ្វៀលផ្ទៃបឹងនេះតទៅទៀត។ លោកបន្ថែមថា លោកមិនឃើញពីសារសំខាន់ ផ្នែកសេដ្ឋកិច្ចជាតិ និងផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋមូលដ្ឋាននោះទេ បន្ទាប់ពីការឆ្វៀលផ្ទៃបឹងតាមោក ដល់ក្រុមឧកញ៉ានោះទេ។
លោក លី ចាន់ដារ៉ាវុត៖ «កន្លែងណា ដែលលុបហើយយើងមិនអាចទាញវាចេញមកវិញបានទេ បានន័យថា យើងមិនអាចកាយយកវាមកវិញបានទេ ប៉ុន្តែយ៉ាងហោចណាស់សូមរក្សាទុកអ្វី ដែលនៅសល់ ដើម្បីជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ កាត់បន្ថយការលិចទឹកនៅក្នុងទីក្រុងភ្នំពេញ ហើយជាពិសេសនោះគឺ យើងអាចរក្សាទុកបឹងនោះទៅជាកន្លែង ដែលប្រជាពលរដ្ឋអាចទៅលំហែកាយក្រោយពេល ដែលគាត់ធ្វើការងារហត់អ៊ីចឹង គាត់តានតឹង(Stressស្ត្រេស)គាត់អាចទៅរំសាយទុក្ខកង្វល់ពួកគាត់បាន»។
កាលពីឆ្នាំ២០១៦ បឹងតាមោក មានផ្ទៃបឹងទំហំជាង ៣ពាន់ហិកតារ(៣២៣៩,៧)នៅក្នុងរាជធានីភ្នំពេញ ត្រូវបានរដ្ឋាភិបាលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន កាត់ឆ្វៀល ជាបន្តបន្ទាប់ទៅឲ្យភាគច្រើនជាក្រុមឧកញ៉ា អ្នកមានអំណាច ដែលត្រូវជាសាច់ញាតិ ឬជាទីប្រឹក្សា និងជំនួយការលោក ហ៊ុន សែន រួមទាំងក្រុមសាច់ញាតិ និងកូនចៅរបស់មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ដើម្បីសាងសង់ជាអគារផ្សេងៗ រួមទាំងផ្ទះល្វែងជាដើម។
ការកាត់ឆ្វៀលនោះ បានធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋរស់នៅក្បែរបឹងតាមោក ដែលប្រកបរបរចិញ្ចឹមជីវិតផឹងផ្អែកលើផ្ទៃបឹងដូចជា បេះឈូក ដកព្រលិត និងចិញ្ចឹមត្រីជាដើម។ លើសពីនេះ ប្រជាពលរដ្ឋមួយចំនួននៅតំបន់បឹងតាមោក ដែលបានទាមទារឲ្យរដ្ឋាភិបាលផ្ដល់សិទ្ធិអភិវឌ្ឍន៍នៅនឹងកន្លែង ស្របពេលរដ្ឋាភិបាលចង់បណ្ដេញពួកគាត់ចេញដោយបង្ខំ ដើម្បីយកដីចែកឲ្យបក្សពួកខ្លួន។ បន្ថែមពីនេះ អាជ្ញាធរ បានប្រើប្រាស់ប្រព័ន្ធតុលាការ ចោទប្រកាន់ពួកគាត់ ក្រោមបទព្រហ្មទណ្ឌមួយចំនួនដូចជា បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រឆាំងអ្នករាជការសាធារណៈ នៅពេលពលរដ្ឋទាំងនោះ តវ៉ា រារាំងមិនឲ្យអាជ្ញាធររុះរើទ្វារផ្ទះរបស់ពួកគាត់។
ទោះជាយ៉ាងនេះក្ដី ពលរដ្ឋនៅតំបន់បឹងតាមោក និងសកម្មជនបរិស្ថាន នៅតែទទូចឲ្យរដ្ឋាភិបាលរក្សាផ្ទៃបឹងតាមោក ទុកជាអាងស្តុកទឹកសម្រាប់រាជធានីភ្នំពេញ និងជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
