សកម្មជនការពារបរិស្ថាន ក្រុមយុវជន និងមន្ត្រីសង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាល ឱ្យស៊ើបអង្កេតមន្ត្រីរបស់ខ្លួន ដែលធ្វើរបាយការណ៍ផ្ទុយពីការពិតរឿងឈូសឆាយព្រៃនៅឧទ្យានជាតិភ្នំតាម៉ៅអស់រាបរយហិកតារ។ ពួកគេចាត់ទុកការបំផ្លាញព្រៃឈើដ៏ធំធេងនេះថា ជាការទទួលខុសត្រូវរបស់ក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ដែលមិនបានយកចិត្តទុកដាក់ វាយតម្លៃផលប៉ះពាល់បរិស្ថានឱ្យបានត្រឹមត្រូវ មុននឹងសម្រេចអភិវឌ្ឍន៍តំបន់នោះ។
សកម្មជនការពារបរិស្ថាន ក្រុមយុវជន និងមន្ត្រីសង្គមស៊ីវិល បន្តទាមទារឱ្យរដ្ឋាភិបាលស៊ើបអង្កេតដោយឯករាជ្យ ដើម្បីវែកមុខ មន្ត្រីពាក់ព័ន្ធមួយចំនួន ដែលមិនបានយកចិត្តទុកដាក់ បំពេញតួនាទីត្រឹមត្រូវ បម្រើជាតិដោយស្មោះត្រង់ស្របតាមច្បាប់ ទាក់ទិនករណីឈូសឆាយព្រៃអភិរក្ស នៅតំបន់ភ្នំតាម៉ៅអស់ប្រមាណ ៦០០ហិកតារ។
ប្រធានសមាគមអាដហុក លោក នី សុខា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៩ សីហាថា បញ្ហានេះ ពុំមែនជារឿងលេងសើចទេ វាជាទង្វើប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល និងអារម្មណ៍មហាជន ដែលគេមើលឃើញថា អាជ្ញាធរមានសមត្ថកិច្ច មិនយកចិត្តទុកដាក់ថែទាំព្រៃអភិរក្សឱ្យបានត្រឹមត្រូវ។ លោកបញ្ជាក់ថា រដ្ឋាភិបាលគួរតែស៊ើបអង្កេតរឿងនេះ ឱ្យបានត្រឹមត្រូវ ប្រសិនបើរឿងនេះ មានការសមគំនិតឃុបឃិតគ្នា ជាមួយក្រុមហ៊ុនឯកជន ប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗ រដ្ឋាភិបាលត្រូវតែបញ្ជូនសំណុំរឿងនេះ ទៅតុលាការ ដើម្បីវែកមុខរកអ្នកពាក់ព័ន្ធមកអនុវត្តច្បាប់៖ «គ្រាន់តែយកការដាំដើមឈើឡើងវិញ ហើយរួចខ្លួនហាក់បីដូចជា ច្បាប់ហ្នឹងអត់មានប្រសិទ្ធភាព ឬក៏ច្បាប់ហ្នឹងមិនមានឥទ្ធិពលទេ ព្រោះច្បាប់ បើរកឃើញថា ការចូលរួមសមគំនិតគ្នាទាំងអស់ហ្នឹង គឺត្រូវទទួលទោសចំពោះមុខតុលាការ។ កុំឱ្យមានគំរូអាក្រក់ដល់អ្នកក្រោយៗ ទៀត គួរតែរកឱ្យឃើញ ចំពោះអ្នកទទួលខុសត្រូវបញ្ហាហ្នឹង ឱ្យបានច្បាស់លាស់។
សកម្មជនបរិស្ថាន និងក្រុមយុវជន ដែលចុះដល់ទីតាំងឈូសឆាយ ព្រៃនៅតំបន់ភ្នំតាម៉ៅ ប្រទះឃើញឈើកម្រជាច្រើនប្រភេទដែលគេឈូសកម្ទេចចោល រួមមាន ដើមធ្នង់ ផ្ចឹក សុក្រំ រាំង និងគគីរ ដែលគេឈូសកម្ទេចចោល ឱ្យក្លាយជាវាល។ លើសពីនេះ តំបន់នោះ សំបូរដោយដីមានជីវជាតិ និងដើមឈើធំៗ ងាយស្រួលឱ្យពលរដ្ឋចំនួន ៤ឃុំ ក្នុងស្រុកបាទី រកអនុផលព្រៃឈើ។
រីឯសត្វព្រៃជាច្រើនប្រភេទ តែងតែរស់នៅ និងចិញ្ចឹមជីវិត ក្នុងតំបន់ភ្នំតាម៉ៅ រួមមាន រមាំង ស្វា ក្តាន់ ជ្រូកព្រៃ និងសត្វបក្សីជាដើម។ ពួកគេចាត់ទុក របាយការណ៍របស់រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម ថា មិនឆ្លុះបញ្ចាំងពីការពិត ដោយភូតភរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ប្រជាពលរដ្ឋ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះពីរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បាននៅឡើយទេ នៅថ្ងៃទី៩ សីហា ដោយទូរសព្ទហៅចូល គ្មានអ្នកលើក។ ចំណែកប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ក៏មិនអាចសុំការបំភ្លឺបានដែរ នៅថ្ងៃដដែលនេះ។
រីឯអភិបាលខេត្តតាកែវ លោក អ៊ូច ភា បានបង្ហោះសារតាមបណ្តាញសង្គមហ្វេសបុកថា បញ្ហាព្រៃឈើ ក្នុងមណ្ឌលសង្គ្រោះសត្វព្រៃសួនតាម៉ៅ ស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់ ដោយមន្ត្រីរដ្ឋបាលព្រៃឈើ របស់ក្រសួងកសិកម្ម ពុំមែនក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តតាកែវ នោះទេ។
កាលពីថ្ងៃទី៤ សីហាកន្លងទៅ ក្រសួងកសិកម្ម បានចេញក្តីប្រកាសព័ត៌មានមួយ ដោយអះអាងថា ការឈូសឆាយព្រៃ នៅតំបន់ភ្នំតាម៉ៅ ពុំមានផលប៉ះពាល់ទាល់តែសោះ។ ក្រសួងថា តំបន់នោះ សំបូរដើមប្រេងខ្យល់ អាកាស្យា និងឈើធម្មជាតិ អមដោយដីខ្សាច់ ពុំមានការដុះលូតលាស់ព្រៃឈើល្អទេ។ លើសពីនេះ តំបន់នោះពុំមានសត្វព្រៃសំខាន់ៗ ជិតផុតពូជ ដូចការលើកឡើងរបស់ប្រជាពលរដ្ឋឡើយ គឺមានតែជ្រូកព្រៃ ដែលតែងតែមករំខានដំណាំពលរដ្ឋ។
ជុំវិញរឿងនេះ ក្រុមយុវជនខ្មែរថាវរៈ អ្នកនាង ឈឿន ដារ៉ាវី មើលឃើញថា របាយការណ៍របស់ក្រសួងកសិកម្មខុសការពិតទាំងស្រុង ធ្វើឱ្យព្រៃឈើប្រមាណ ៦០០ហិកតារ វិនាសហិនហោចនៅរយៈពេលមិនដល់ ១សប្តាហ៍។ អ្នកនាងរកឃើញថា ក្នុងពេលឈូសឆាយមានសត្វព្រៃខ្លះងាប់ និងខ្លះទៀត ត្រូវគេលួចបរបាញ់សម្លាប់ ព្រោះតំបន់នោះ អាជ្ញាធរហាមឃាត់មិនឱ្យអ្នកខាងក្រៅចូលទៅសង្គ្រោះសត្វព្រៃ។ លើសពីនេះ តំបន់ដែលគេឈូសឆាយ មានព្រែក និងអូរធម្មជាតិ ងាយស្រួលឱ្យសត្វព្រៃចិញ្ចឹមជីវិត។ រីឯអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើរបងលួសព័ទ្ធជុំវិញព្រៃអភិរក្សនេះ ដើម្បីការពារមិនឱ្យសត្វព្រៃចេញក្រៅ៖ «ជាតំបន់ព្រៃឈើចម្រុះពីធម្មជាតិ មានសត្វច្រើន ហើយមានប្រជាពលរដ្ឋរស់នៅអាស្រ័យផលតំបន់ហ្នឹង។ នៅតែធ្វើការមានចម្លោះប្រហោងបែបនេះ គឺបង្កឱ្យវិនាសកម្មព្រៃឈើ ប៉ះពាល់ច្រើនណាស់ ព្រៃឈើបាត់បង់ សត្វព្រៃបាត់បង់ ប៉ះពាល់ជីវភាពពលរដ្ឋ។ ជាបទពិសោធមួយ មុននឹងសម្រេចផ្តល់ដីសម្បទានដល់ក្រុមហ៊ុន ត្រូវគិតឱ្យវែងឆ្ងាយ»។
សកម្មជនបរិស្ថានរកឃើញថា អ្នកបើកត្រាក់ទ័រឈូសឆាយព្រៃបានបង្ហើយថា ពួកគាត់ស៊ីឈ្នូលឈូសឆាយព្រៃនៅទីនោះ ក្នុង ១ហិកតារ តម្លៃ ៤០០ដុល្លារ សរុបទឹកប្រាក់ ៦០ម៉ឺនដុល្លារ (៦០.០០០) ក្នុងទំហំព្រៃដែលត្រូវឈូសឆាយ ១ពាន់ ៥រយហិកតារ (១.៥០០)។
ជុំវិញរឿងនេះ សកម្មជនការពារបរិស្ថាន លោក ហេង ស្រស់ មើលឃើញថា ក្រសួងកសិកម្ម មានចេតនាបណ្តែតបណ្តោយឱ្យមានសកម្មភាពឈូសឆាយព្រៃដ៏ធំធេងបែបនេះ ប៉ះពាល់ព្រៃឈើ និង ជម្រកសត្វព្រៃ។ លោកថា មន្ត្រីពាក់ព័ន្ធរបស់រដ្ឋាភិបាល ហាក់មិនបានបំពេញតួនាទីការពារផលប្រយោជន៍ជាតិនោះទេ គឺការពារផលប្រយោជន៍របស់ក្រុមហ៊ុនឯកជន៖ «រាជរដ្ឋាភិបាលគួរតែពិនិត្យមើល រឿងទាំងអស់នេះថា វាជារឿងត្រឹមត្រូវ ហើយវាក៏ជារឿងមួយដែល ធ្វើឱ្យបំផ្លាញសម្បត្តិរបស់រដ្ឋាភិបាល។ ការបំផ្លាញធនធានធម្មជាតិ មន្ត្រីទាំងអស់ហ្នឹង មិនដែលឃើញ ដោះស្រាយឱ្យល្អប្រសើរទេ ច្រើនតែទម្លាក់កំហុសជនទី៣»។
កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារតាមរយៈទំព័រហ្វេសប៊ុករបស់លោកថា ត្រូវលុបចោលគម្រោងអភិវឌ្ឍន៍តំបន់ភ្នំតាម៉ៅ ក្រោយមានប្រតិកម្មពីមហាជនយ៉ាងច្រើន។ លោកបន្តថា ត្រូវរក្សាទុកតំបន់នេះជាកន្លែង អភិរក្សសម្រាប់ក្មេងជំនាន់ក្រោយឡើងវិញ។
ចំណែក អ្នកជំនាញអភិរក្សសត្វព្រៃនៅអង្គការនេះ លោក នីច ម៉ាក (Nick Marx) មានប្រសាសន៍នៅក្នុងវីដេអូឃ្លីប កាលពីពេលកន្លងទៅថា សួនសត្វនៅសហរដ្ឋអាមេរិក និងអឺរ៉ុប បានច្រណែនភ្នំតាម៉ៅ ដោយសារតែឧទ្យានសត្វភ្នំតាម៉ៅ មានព្រៃធម្មជាតិទំហំ ២ពាន់ ៣រយហិកតារព័ទ្ធជុំវិញ បង្កលក្ខណៈងាយស្រួល ដោះលែងសត្វឱ្យដើរលេងកម្សាន្តបែបធម្មជាតិ។
លោកថា ភ្នំតាម៉ៅ គឺជាសួនសត្វល្អតែមួយគត់សម្រាប់សង្គ្រោះសត្វ និងបង្កកំណើតសត្វព្រៃកម្រ ព្រមទាំងជាកន្លែងទាក់ទាញភ្ញៀវទេសចរជិតឆ្ងាយមកមើលសម្បត្តិធម្មជាតិនៅកម្ពុជា។
ឧទ្យានជាតិសួនសត្វភ្នំតាម៉ៅ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ មានផ្ទៃដី ២ពាន់ ៣រយ ហិកតារ (២.៣០០) ត្រូវបានចុះបញ្ជីជាតំបន់អភិរក្សពីក្រសួងកសិកម្ម កាលពីឆ្នាំ១៩៩៥។ តំបន់នោះមានប្រាង្គប្រាសាទបុរាណ ព្រៃភ្នំ ធម្មជាតិ និងជាសួនសត្វដ៏ធំក្នុង ប្រទេសកម្ពុជា ដោយមានផ្ទៃដី អមដោយព្រៃព្រឹក្សា ព្រែក និងអូរធម្មជាតិ ផ្តល់អំណោយផលល្អប្រសើរឱ្យសត្វព្រៃរស់នៅ និងចិញ្ចឹមជីវិត។
សួនសត្វទីនោះ បានតាំងបង្ហាញ ប្រភេទសត្វកម្រជាច្រើនប្រភេទ ឱ្យអ្នកទេសចរណ៍ទស្សនា រួមមាន ពស់ថ្លាន់ ក្រពើ ខ្លា តោ ដំរី ស្វា និងខ្លាឃ្មុំជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។