មន្ត្រីស្ថាប័នជាតិ សង្គមស៊ីវិល វិស័យឯកជន និងកសិករ ប្រមាណ ៧០នាក់ ជួបប្រជុំគ្នាមួយព្រឹកក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវ ស្ដីពីហិរញ្ញប្បទានការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដើម្បីសរសេរគម្រោងស្នើសុំថវិកាពីប្រទេសអភិវឌ្ឍន៍។
អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុក្រសួងបរិស្ថាន លោក ម៉ា ច័ន្ទសទ្ធា ថ្លែងថា បច្ចុប្បន្ន កម្ពុជា កំពុងអនុវត្តកម្មវិធីបន្ស៊ាំធំៗ២ គឺសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុ និងកម្មវិធីយុទ្ធសាស្ត្រសម្រាប់ភាពធន់ទ្រាំនឹងអាកាសធាតុ។ ក្រសួង និងស្ថាប័នចំនួន១០ កំពុងរៀបចំផែនការ ដើម្បីអនុវត្តយុទ្ធសាស្ត្រប្រែប្រួលអាកាសធាតុរបស់មូលនិធិបៃតង។ ដោយឡែក ក្រសួងបរិស្ថាន កំពុងរៀបចំក្របខ័ណ្ឌហិរញ្ញប្បទានប្រែប្រួលអាកាសធាតុ និងប្រព័ន្ធត្រួតពិនិត្យវាយតម្លៃរបស់ជាតិ ដើម្បីឲ្យមានតម្លាភាព និងគណនេយ្យភាព៖ «នៅក្នុងមូលនិធិនេះ គេមិនដឹងថាយើងចង់បានអីទេ ប៉ុន្តែយើងរៀបចំផែនការ ដើម្បីស្នើសុំគេ។ អ៊ីចឹង ដើម្បីសុំបាន យើងត្រូវត្រៀមខ្លួនធ្វើអីសិន មានផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព ផែនការហិរញ្ញប្បទាន។ ហេតុអីបានថា អិន.ជី.អូ ហ្វរ៉ុម (NGO forum) ជា ស៊ីវិល សុសៃអឺធី (civil society) នេះជាការល្អ ជាការចូលរួមយ៉ាងសកម្ម ពីព្រោះការប្រែប្រួលអាកាសធាតុ មិនមែនជាវិស័យមួយដាច់ដោយឡែកទេ វាជាអន្តរវិស័យ មានការចូលរួមពីគ្រប់ស្ថាប័ន សាធារណជន សង្គមស៊ីវិលទាំងអស់»។
នាយកប្រតិបត្តិស្តីទីនៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា លោក តឹក វណ្ណារ៉ា ថ្លែងថា អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ឆ្នាំ១៩៩៦ និងពិធីសារក្យូតូ ឆ្នាំ២០០២ បានធ្វើឲ្យប្រទេសកម្ពុជា ទទួលបានមូលនិធិជាច្រើន ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ តាំងពីឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្ន ប្រទេសកម្ពុជា ទទួលហិរញ្ញប្បទានជាង ៦៥៥,៦លានដុល្លារ គឺក្នុងនោះ ៦៤% នៃទឹកប្រាក់នេះជាជំនួយឥតសំណង និង ៣៦% គឺជាប្រាក់កម្ចីសម្បទាន៖ «ថវិកានេះបានមកពីគម្រោងពាក់ព័ន្ធនឹងអាកាសធាតុក្នុងស្រុកសរុបចំនួន ៩៥ ហើយក្នុងនោះមាន ៤៣គម្រោង ត្រូវបានបញ្ចប់រួចរាល់ និង ៤៥គម្រោងទៀត កំពុងដំណើរការ និង ៧គម្រោងមិនទាន់ដំណើរការ។ នៅក្នុងចំណោមទឹកប្រាក់ដែលប្រទេសកម្ពុជា ប្រមូលបាន មានទឹកប្រាក់សរុបចំនួន ៣៣៨,៨លានដុល្លារ ត្រូវបានប្រើប្រាស់រួចហើយ និងទឹកប្រាក់ ៣១៦,៨លានដុល្លារទៀត នឹងត្រូវប្រើប្រាស់សម្រាប់រយៈពេល ៧ឆ្នាំបន្ទាប់ទៀត គឺចាប់ពីឆ្នាំ២០១៤ ដល់ ២០២០»។
ក្រុមប្រឹក្សាឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ លោក ឃឹម ងួន ថ្លែងថា កសិកម្មនៅខេត្តកំពង់ស្ពឺ បានរងគ្រោះក្រោមការប្រែប្រួលអាកាសធាតុ ដោយការខ្វះទឹកធ្វើកសិកម្ម។ ហេតុនេះ កសិករបានសន្សំទឹក និងសុំអង្គការជួយស្ដារព្រែក និងជីកស្រះ។ ទន្ទឹមនោះ កសិករថែទាំដីមុខលើ ដោយបន្ថយការប្រើជីគីមីក្នុងការដាំដុះ មកប្រើជីធម្មជាតិវិញ៖ «គាត់ចាប់ផ្ដើមបន្ថយជីគីមី គាត់ដាក់ជីធម្មជាតិរបស់យើង កាលណាប្រើជីធម្មជាតិ យើងនឹងបានច្រើន គឺជាតិដីរបស់យើងហ្នឹង គឺវាអត់រឹងទេ គឺមានផុស ហើយមានជាតិសំណើមច្រើន»។
កសិករមកពីស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ លោកស្រី ទិត្យ សុភាព ថ្លែងថា ក្នុងពេលអាកាសធាតុប្រែប្រួល ខេត្តពោធិ៍សាត់ បានរងគ្រោះដោយទឹកជំនន់។ នៅពេលគាត់ចិញ្ចឹមសត្វក្នុងទឹកកំពុងជន់ គាត់បានថែទាំសត្វជ្រូក ដោយការចាក់វ៉ាក់សាំង និងផ្តល់ចំណីឲ្យវាស៊ីគ្រប់គ្រាន់ ទើបសត្វគាត់ចិញ្ចឹមមិនមានជំងឺ។
តំណាងក្រសួងបរិស្ថាន លោក ម៉ា ច័ន្ទសទ្ធា បង្ហាញថា ហិរញ្ញប្បទានសម្រាប់ការប្រែប្រួលអាកាសធាតុ គឺផ្តល់តាមរយៈស្ថាប័នជាតិតំបន់ និងអន្តរជាតិ សម្រាប់គម្រោងកាត់បន្ថយ និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ដែលអនុវត្តឲ្យមានកាត់បន្ថយការបញ្ចេញឧស្ម័ន។ លោកថា សម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (CCCA) បានអភិវឌ្ឍគម្រោងសាកល្បងសម្រាប់ការប្រែប្រួលអាកាសធាតុ មានស្ថាប័នរដ្ឋាភិបាលចំនួន៣២ និងអង្គការក្រៅរដ្ឋាភិបាល ដែលមានបុគ្គលិកថ្នាក់ខេត្ត និងមូលដ្ឋានចំនួន ១.៣០០នាក់ និងសមាជិកសហគមន៍ជាង ២ម៉ឺន ៣ពាន់នាក់ បានទទួលការបណ្តុះបណ្ដាលពីការប្រែប្រួលអាកាសធាតុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
