សហគមន៍ និងសកម្មជនបរិស្ថានស្នើអាជ្ញាធរឲ្យមានវិធានការតឹងរ៉ឹងដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃនៅរដូវប្រាំង
2024.02.06
សហគមន៍ និងសកម្មជនបរិស្ថាន ស្នើដល់អាជ្ញាធរឲ្យចាត់វិធានការតឹងរ៉ឹងដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃនៅរដូវប្រាំង ដែលប៉ះពាល់ដល់ជីវិតមនុស្ស សត្វ និងបរិស្ថាន។ ការលើកឡើងនេះ បន្ទាប់ពីក្រសួងកសិកម្មបានចេញសេចក្ដីជូនដំណឹងពីវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ប៉ុន្តែភ្លើងឆេះព្រៃនៅតែបន្តកើតមាននៅតាមបណ្ដាលខេត្តមួយចំនួន។
តំណាងសហគមន៍ឧត្ដមស្រែពស់ ឬព្រៃមេត្តាធម្មជាតិ ស្ថិតនៅខេត្តកំពង់ស្ពឺ លោក ឃន សារិទ្ធ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៤ កុម្ភៈថា លោកបានចូលទៅពន្លត់ភ្លើងព្រៃមេត្តាធម្មជាតិ ដែលត្រូវបានជនមិនស្គាល់មុខដុតបណ្ដាលឲ្យឆេះអស់ប្រមាណ ១ហិកតារ កាលពីថ្ងៃទី៣ កុម្ភៈ។ លោកស្នើដល់អាជ្ញាធរឲ្យបង្កើនការទប់ស្កាត់ការដុតព្រៃក្នុងរដូវប្រាំង។
លោក ឃន សារិទ្ធិ៖ «សម្រាប់ខ្ញុំក៏សុំសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធមេត្តាជួយមើលជួយហាមប្រាមផង ហើយម្យ៉ាងទៀតក៏សូមសំណូមពរដល់ប្រជាពលរដ្ឋមេត្តាសូមកុំដុតព្រៃទៀតអី ព្រោះអីតំបន់ គឺនៅសល់ព្រៃបន្តិចបន្តួចគ្រាន់តែមានសត្វ ជាពិសេសនោះ គឺសត្វក្រងោកទាំងហ្វូង អ៊ីចឹងដល់ពេលដុតទៅវាឆេះ វាធ្វើឲ្យប៉ះពាល់ខ្លាំង»។
ការស្នើសុំនេះ ធ្វើឡើងបន្ទាប់ពីមានអ្នកដើររកសត្វនៅតំបន់ព្រៃមេត្តាធម្មជាតិ ហើយបានដុតព្រៃ ដើម្បីដេញសត្វកាលពីថ្ងៃទី៣ កុម្ភៈ។ ភ្លើងឆេះព្រៃ បានឆាបឆេះព្រៃអស់ប្រមាណជាង១ហិកតារ ហើយផ្សែងភ្លើងបានបក់ចូលទៅក្នុងភូមិ បណ្ដាលឲ្យអ្នកភូមិភ័យខ្លាចឆេះរាលដាលដល់ផ្ទះពួកគាត់ ។ នេះបើតាមការអះអាងរបស់សហគមន៍ព្រៃមេត្តាធម្មជាតិ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន កាលពីថ្ងៃទី១២ មករាកន្លងទៅ បានចេញសេចក្ដីជូនដំណឹងរួមគ្នា ពីវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ នៅរដូវប្រាំង ដែលតែងកើតពីការធ្វេសប្រហែសរបស់មនុស្ស នៅពេលធ្វើកសិកម្ម និងដុតព្រៃដេញសត្វជាដើម។
ក្រសួងកសិកម្មឲ្យដឹងថា ភ្លើងឆេះព្រៃជារៀងរាល់ឆ្នាំ និងតែងកើតនៅតំបន់ការពារធម្មជាតិ រួមទាំងតំបន់ព្រៃលិចទឹកផងដែរ បង្កឲ្យប៉ះពាល់សេដ្ឋកិច្ច បរិស្ថាន និងធនធានធម្មជាតិ។ ក្រសួងក៏បានណែនាំដល់អង្គភាពជំនាញ និងអ្នកពាក់ព័ន្ធឲ្យប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើភ្លើងដុតស្មៅ ឬព្រៃ ហើយករណីចាំបាច់ណាមួយត្រូវជូនដំណឹងទៅមន្ទីរបរិស្ថានរាជធានី-ខេត្ត។ ក្នុងករណីមានភ្លើងឆេះព្រៃអាជ្ញាធរ ត្រូវប្រើកម្លាំងដើម្បីពន្លត់ និងចាត់វិធានការច្បាប់ចំពោះអ្នកបានដុះព្រៃ។
ទោះជាយ៉ាងនេះក្ដី ថ្មីៗនេះ ស្រុកមួយចំនួននៅក្នុងខេត្តពោធិ៍សាត់ដូចជាស្រុកវាលវែង ពោរពេញដោយផ្សែងដូចមេឃចុះអ័ព្ទ ដោយសារតែការដុតស្មៅ និងព្រៃតាមដងផ្លូវ បណ្ដាលឲ្យរាលទៅដល់ព្រៃ និងភ្នំក្បែរ ប៉ុន្តែពុំមានអាជ្ញាធរចុះទៅទប់ស្កាត់នោះទេ។
វិទ្យុអាស៊ីសេរីនៅពុំទាន់អាចទាក់ទងមេឃុំអន្លង់រាប ស្រុកវាលវែង លោក លៀង បៀ ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហា នេះបាននៅឡើយទេនៅថ្ងៃទី៤ កុម្ភៈ។
អ្នកសម្របសម្រួលគម្រោង នៃសមាគមបណ្ដាញយុវជន កម្ពុជា (CYN) លោក អូត ឡាទីន ដែលតែងចុះល្បាតព្រៃឈើ មានប្រសាសន៍ថា ការដុតព្រៃ និងបញ្ហាភ្លើងឆេះព្រៃនេះ ជាបញ្ហាស្មុគស្មាញពិបាកពន្យល់ពលរដ្ឋកម្ពុជាឲ្យបានដឹងពីប៉ះពាល់នានា ព្រោះពលរដ្ឋជាច្រើនចាត់ទុកការដុតព្រៃ ដើម្បីធ្វើកសិកម្ម ជាទម្លាប់របស់ពួកគាត់ទៅហើយ។ លោកបន្តថា ការដុតព្រៃ ឬបញ្ហាភ្លើងឆេះព្រៃបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស បាត់បង់ជម្រកសត្វ និងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី។
លោក អូត ឡាទីន៖ «ក្រៅតែពីការធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវចម្រុះ ធ្វើឲ្យប៉ះពាល់ដល់ការបំពុលបរិយាកាស ដែលជះឥទ្ធិពលដល់ការបម្រែបម្រួលអាកាសធាតុនេះ បញ្ហាការដុតបំផ្លាញព្រៃនេះ ក៏ធ្វើឲ្យខូចប្រព័ន្ធអេកូឡូស៊ី និងធ្វើឲ្យបាត់បង់នូវសោភ័នភាពធនធានធម្មជាតិក្នុងរយៈពេលខ្លី ហើយនិងរយៈពេលវែងដែរ ពីព្រោះការដែលឆេះព្រៃហ្នឹង គឺយើងកម្រស្ដារមកក្នុងសភាពដើមឡើងវិញណាស់។ ប្រសិនជាតំបន់ហ្នឹងត្រូវបានកាប់រានបន្តទៀតផង វាកាន់តែងាយស្រួលធ្វើឲ្យបាត់បង់គម្របព្រៃឈើនៅកម្ពុជា»។
សារព័ត៌មាន ឌឺ ណេសិន (The Nation) របស់ប្រទេសថៃ ចុះផ្សាយនៅថ្ងៃទី៤ កុម្ភៈថា ក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នៅថ្ងៃទី៧ កុម្ភៈខាងមុខនេះ ក៏នឹងពិភាក្សាគ្នារកដំណោះស្រាយអំពីបញ្ហាខ្យល់ពុលឆ្លងដែនផងដែរ។ កាសែតថៃដដែលរាយការណ៍ ខេត្តស្រះកែវ (Sa Kaeo) ប្រទេសថៃ (Thailand) ដែលនៅជាប់ខេត្តបន្ទាយមានជ័យរបស់ប្រទេសកម្ពុជា គឺជាខេត្តមួយរងការបំពុលខ្យល់ក្នុងកម្រិតមួយខ្ពស់។
ទោះយ៉ាងណា សហគមន៍ និងមន្ត្រីសង្គមស៊ីវិលនៅតែស្នើដល់អាជ្ញាធរឲ្យពង្រឹងការចាត់វិធានការទប់ស្កាត់ការដុតព្រៃ ដើម្បីថែរក្សាបរិស្ថាន ធនធានធម្មជាតិ និងទប់ស្កាត់ការបំពុលខ្យល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។