ប្រជា​សហគមន៍​ខេត្ត​ស្ទឹងត្រែង​ស្នើ​ឱ្យ​អភិបាល​ខេត្ត​ថ្មី​សង្គ្រោះ​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ

ដោយ មាន ឫទ្ធិ
2024.06.27
ប្រជា​សហគមន៍​ខេត្ត​ស្ទឹងត្រែង​ស្នើ​ឱ្យ​អភិបាល​ខេត្ត​ថ្មី​សង្គ្រោះ​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ អភិបាល​រងខេត្ត​កំពង់ស្ពឺ លោក សរ សុពុត្រា ដែល​ត្រៀមឡើង​កាន់​ដំណែង​ជា​អភិបាល​ខេត្ត​ស្ទឹងត្រែង។
រូប៖ ហ្វេសប៊ុក លោក សរ សុពុត្រា

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង ស្នើ​ឱ្យ​អភិបាល​ខេត្ត​ដែល​ត្រៀម​ឡើង​កាន់​ដំណែង​ថ្មី ជំនួស​លោក ស្វាយ សំអ៊ាង ពន្លឿន​ជួយ​សង្គ្រោះ​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​ ដែល​ជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​យ៉ាង​សំខាន់​របស់​អ្នកស្រុក កំពុង​ប្រឈម​ការ​បាត់បង់​ទាំង​ស្រុង។

រីឯ​វិបត្តិ​ព្រៃឈើ និង​ការ​គំរាម​កំហែង​អ្នក​ការពារ​ព្រៃឈើ​តាម​ប្រព័ន្ធ​តុលាការ​ ក៏​ជា​បញ្ហា​ប្រឈម​ខ្លាំង ដែល​ប្រជា​សហគមន៍​ទទូច​ឱ្យ​អភិបាល​ខេត្ត​ថ្មី​ផ្តល់​ដំណោះ​ស្រាយ​ជា​វិជ្ជមាន។

សំណើ​នេះ​ធ្វើ​ឡើង ក្រោយ​ពី​ព្រៃ​សហគមន៍​យ៉ាង​ហោច​ណាស់​ចំនួន​៥ តំបន់​ផ្សេងៗ​គ្នា​ ឋិត​ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ដែល​ធ្លាប់​សម្បូរ​ព្រៃស្រោង សត្វព្រៃ និង​អនុផល​ព្រៃឈើ កំពុង​ប្រឈម​ការ​បាត់បង់​ទាំង​ស្រុង។

រីឯ​សកម្មភាព​កាប់​ឈើ​មាន​តម្លៃ និង​ការ​កាប់​ទន្ទ្រាន​ដែន​ជម្រក​សត្វ​ព្រៃឡង់ នៅតែ​កើត​មាន​ច្រើន ដែល​អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ស្វាយ សំអ៊ាង អសមត្ថភាព​ដោះស្រាយ។

ប្រការ​នេះ​ប្រជា​សហគមន៍​ថា អភិបាល​ខេត្ត​រូប​នេះ ​មិន​ត្រឹមតែ​ មិន​អើពើ​ដោះស្រាយ​វិបត្តិ​ព្រៃឈើ​ចាស់ៗ​ឱ្យ​ជ្រះ​ស្រឡះ​នោះ​ទេ បញ្ហា​ប្រឈម​ថ្មីៗ​ទៀត​បាន​កើត​ឡើង គឺ​មាន​ឈ្មួញ​ម្នាក់ ឈ្មោះ កែកុល សោភា រំលោភ​បំពាន​ដី​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​ទំហំ​ជាង  ៣ ពាន់​ហិកតារ​ យក​មក​ធ្វើ​ជា​សម្បត្តិ​ផ្ទាល់​ខ្លួន ដែល​មាន​ជាប់​ពាក់ព័ន្ធ អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ស្វាយ សំអ៊ាង ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​លោក ថាន់ វ៉ន ស្នើ​ឱ្យ​អភិបាល​ខេត្ត​ថ្មី លោក សរ សុពុត្រា ត្រូវ​ដក​ហូត​ដី​ព្រៃ​អភិរក្ស​គ្រប់​តំបន់ ដែល​ឈ្មួញ​ ឃុបឃិត​ជាមួយ​អាជ្ញាធរ​ខិលខូច​រំលោភ​បំពាន​ខុសច្បាប់ មក​ជា​សម្បត្តិ​រដ្ឋ​វិញ ហើយ​ត្រូវ​ដាំ​ដើម​ឈើ​ស្តារ​ព្រៃ​ឡើង​វិញ ដើម្បី​ប៉ះប៉ូវ​ផ្លូវ​ចិត្ត​ពលរដ្ឋ ដែល​កំពុង​ខឹង​គុំកួន​អាជ្ញាធរ​មិន​ការពារ​ធនធាន​ធម្មជាតិ។ 

លោក​បន្ថែម​ថា ប្រសិន​បើ​វិបត្តិ​ព្រៃឈើ​ទាំង​នេះ នៅតែ​ជាប់គាំង​អាជ្ញាធរ​មិន​ដោះស្រាយ​ទេ​ ពលរដ្ឋ​នឹង​ប្រឈម​ការ​លំបាក​កាន់​តែ​ច្រើន រួមមាន ជីវភាព​ធ្លាក់​ចុះខ្លាំង​ ឈាន​ដល់​ធ្វើ​ចំណាក​ស្រុក​កាន់​តែ​ច្រើន កុមារ​បោះបង់​ការ​សិក្សា និង​ការ​ប្រែ​ប្រួល​ធាតុ ជាដើម៖

លោក ថាន់ វ៉ន៖« កន្លែង​ណា​ដែល​អភិបាល​ខេត្ត​ចាស់​ធ្វើ​ខុស​សុំ​សំណើ​ថា​ដោះស្រាយ​ឡើង​វិញ ​របស់​រដ្ឋ​ត្រូវ​ទុក​រដ្ឋ​វិញ នោះ​មាន​ស្ថិរភាព​ពលរដ្ឋ​គាំទ្រ។ ខ្ញុំ​ចាំ​មើល បើ​ធ្វើ​បាន​ល្អ​ជោគជ័យ​ ខ្ញុំ​សរសើរ»

កាល​ពី​ថ្ងៃ​ទី២៤ ខែ​មិថុនា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី  បាន​ចេញ​ព្រះ​រាជក្រឹត្យ​ផ្លាស់ប្តូរ និង​តែងតាំង លោក សរ សុពុត្រា បច្ចុប្បន្ន​ជា​អភិបាល​រង​ខេត្ត​កំពង់ស្ពឺ ឱ្យ​ឡើង​ធ្វើ​ជា​អភិបាល​ខេត្ត​ស្ទឹងត្រែង។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ម្នាក់​ទៀត គឺ​លោក អ៊ុក ម៉ៅ ដែល​កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ ចំនួន ៤​សំណុំ​រឿង ដោយសារ​តែ​ចេញ​មុខ​ការពារ​ព្រៃឈើ ក៏​ស្នើ​ឱ្យ​អភិបាល​ខេត្ត​ថ្មី​ ផ្តល់​សិទ្ធិ​ពេញ​លេញ​ឱ្យ​ពលរដ្ឋ​ការពារ​ព្រៃឈើ ដោយ​គ្មាន​ការ​គំរាម​កំហែង និង​ចាប់ចង។

លោក​ថា កន្លង​ទៅ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង មិន​ត្រឹម​តែ​មិន​លើក​ទឹក​ចិត្ត​ពលរដ្ឋ​ ឱ្យ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​នោះ​ទេ ថែម​ទាំង​គំរាម​កំហែង និង​ប្តឹង​ពលរដ្ឋ​ទៅ​តុលាការ​ ដែល​ជា​ឧបសគ្គ​បង្អាក់​ដំណើរ ប្រជា​សហគមន៍​ចូលរួម​ការពារ​ព្រៃឈើ។

លោក អ៊ុក ម៉ៅ៖ «ខ្ញុំ​ចង់​សំណូមពរ​ឱ្យ​អភិបាល​ខេត្ត​ថ្មី ជួយ​ឱ្យ​សហគមន៍​ពួក​ខ្ញុំ​ ចុះ​ល្បាត​ព្រៃ ដើម្បី​ជួយ​ការពារ​ព្រៃ​គង់វង្ស​យូរ​អង្វែង។ ខ្ញុំ​សូម​ឱ្យ​លោក​ ជួយ​បង្ក្រាប​មន្ត្រី​មួយ​ចំនួន ដែល​បំផ្លាញ​ព្រៃឈើ សូម​លោក​មាន​ចំណាត់ការ ​ផ្លូវ​ច្បាប់​ផង»

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ ពី​អភិបាល​ខេត្ត​ស្ទឹងត្រែង​ ដែល​ត្រៀម​នឹង​ឡើង​កាន់​ដំណែង គឺ​លោក សរ សុពុត្រា បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី២៦ មិថុនា។ រីឯ​អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ស្វាយ សំអ៊ាង ក៏​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

លោក សរ សុពុត្រា ដែល​ត្រៀម​នឹង​ឡើង​កាន់​ដំណែង​ជា​អភិបាល​ខេត្ត​ស្ទឹងត្រែង គឺ​ជា អភិបាល​រង​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ស្ពឺ ទទួល​បន្ទុក​ដោះស្រាយ​វិបត្តិ​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ​ និង ជា​ប្រធាន​ក្រុម​ការងារ​គណនេយ្យ​ភាព​សង្គម​​ថ្នាក់​ខេត្ត។ ជា​មួយ​គ្នា​នេះ​ លោក​មាន​តួនាទី​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​កំពង់ស្ពឺ ហើយ​លោក​ក៏​ធ្លាប់​ធ្វើ​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច កាល​ពី​ជិត​១០​ឆ្នាំ​មុន។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ (ACNCIPO) លោក ជា ហ៊ាន មាន​ប្រសាសន៍​ថា បញ្ហា​ព្រៃឈើ​ ដែល​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​អនុញ្ញាត​ឱ្យ​លោកស្រី កែកុល សោភា ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​ទំហំ​ជាង ៣ ពាន់​ហិកតារ (.០៦៤) ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន បង្កប់​ភាព​មិន​ប្រក្រតី​ច្រើន​ ដោយ​មិន​ទាន់​ឃើញ​អនុក្រឹត្យ​អនុបយោគ ពី​ប្រមុខ​រដ្ឋាភិបាល​នៅ​ឡើយ​ទេ។ 

លោក​បញ្ជាក់​ថា អង្គការ​របស់​លោក​នឹង​សរសេរ​លិខិត​ស្នើ​ឱ្យ​អភិបាល​ខេត្ត​ថ្មី ស្រាវជ្រាវ​ និង​ផ្ទៀងផ្ទាត់​ករណី​នេះ​ឡើង​វិញ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​សហគមន៍ និង​ការពារ​ភោគទ្រព្យ​ជាតិ។

លោក ជា ហ៊ាន៖ «ខ្ញុំ​នឹង​ត្រៀម​ឯកសារ​ហ្នឹង​ហើយ ដើម្បី​ផ្ទៀង​ផ្ទាត់​ឡើង​វិញ​ បើ​សិន​ជា អភិបាល​ខេត្ត​មិន​ចាត់​វិធានការ​ស៊ើប​អង្កេត និង​ដក​ហូត​ទេ។ ខ្ញុំ​នឹង​បន្ត​ទៅ​ថ្នាក់​ជាតិ​ ដូច​នៅ​ខេត្ត​កំពង់ស្ពឺ​អ៊ីចឹង»

ប្រជា​សហគមន៍​រំពឹង​ថា អភិបាល​ខេត្ត​ថ្មី​នឹង​មាន​យុទ្ធសាស្ត្រ​ដឹក​នាំ​ថ្មី និង​មាន​របៀប​ធ្វើ​ការងារ​មួយ​ថ្មី ធ្វើ​យ៉ាង​ណា​ដោះស្រាយ​វិបត្តិ​ព្រៃឈើ​ជូន​ពលរដ្ឋ ដែល​ជា​ប្រភព​​សេដ្ឋកិច្ច​សហគមន៍  ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ជីវភាព​ប្រសើរ​ ទប់ស្កាត់​ការ​ធ្វើ​ចំណាកស្រុក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។