សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វអះអាងថា អាជ្ញាធរស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានដាក់សមត្ថកិច្ចចម្រុះឈរជើងការពារព្រៃសហគមន៍ ដោយសារក្រុមហ៊ុន លីម វត្តី បន្តលួចកាប់ និងឈូសឆាយដីព្រៃសហគមន៍សាជាថ្មី ។ សហគមន៍ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនរកដំណោះស្រាយ និងត្រូវរឹបអូសដីព្រៃដែលបានឈូសឆាយ មកឲ្យសហគមន៍គ្រប់គ្រងវិញ។ មន្ត្រីសង្គមស៊ីវិល ចង់ឃើញអាជ្ញាធរយកច្បាប់មកអនុវត្តទៅលើជនប្រព្រឹត្តទាំងអស់នោះ។
ប្រធានសហគមន៍ព្រៃឈើអេកូទេសចរណ៍ភ្នំជម្រកសត្វ លោក ម៉ឹង រដ្ឋា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី០២ ខែមិថុនាថា ក្រុមហ៊ុន លីម វត្តី បានផ្អាកការឈូសឆាយរយៈពេល២ថ្ងៃមកហើយ ក្រោយសមត្ថកិច្ចចម្រុះស្រុកថាឡាបរិវ៉ាត់ ចុះអន្តរាគមន៍និងឈរជើងយាមកាម២៤ម៉ោង។ លោកថា អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវតែរកដំណោះស្រាយឲ្យបានឆាប់ និងដកហូតដីព្រៃទាំងអស់នោះ ឲ្យមកសហគមន៍គ្រប់គ្រងវិញ ពីព្រោះដីព្រៃទាំងនោះប្រជាសហគមន៍ខិតខំការពារតាំងពីយូរណាស់មកហើយ។ លោកបន្ថែមថា សហគមន៍បានរាយការណ៍ និងស្នើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិរួចរាល់ហើយ ប៉ុន្តែនៅមិនទាន់ឃើញមានចំណាត់ការនៅឡើយទេ។
លោក ម៉ឹង រដ្ឋា៖ «យើងខំប្រឹងការពារតាំងពីឆ្នាំ២០១៤មក ដល់ពេលគេយកមានការឈឺចាប់តែប៉ុណ្ណឹង ការសំណូមពររបស់សហគមន៍ដូចជាពលរដ្ឋមូលដ្ឋានសុំដីព្រៃទាំងនោះមកគ្រប់គ្រងឲ្យប្រជាពលរដ្ឋអាស្រ័យផលវិញ កុំកាយក្រវាត់ចោល។ សុំឲ្យខាងអាជ្ញាធរដែនដី ខាងជំនាញ ក្រសួង និងរដ្ឋាភិបាលធ្វើយ៉ាងម៉េចប្រគល់មកឲ្យសហគមន៍ និងប្រជាពលរដ្ឋគ្រប់គ្រងវិញ»។
លោក ម៉ឹង រដ្ឋា លើកឡើងទៀតថា ព្រៃសហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ គឺជាឃ្លាំងប្រាក់សម្រាប់ពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីប្រកបរបរផ្គត់ផ្គង់ជីវភាពគ្រួសារជាប្រចាំ ដោយពលរដ្ឋនាំគ្នាចូលទៅរកអនុផលព្រៃឈើ មានដូច ដកផ្សិតប៉ក រកវល្លិស បេះបន្លែ និងរកថ្នាំបុរាណជាដើម។ លោកថា ប្រសិនបើព្រៃសហគមន៍មួយនេះ ធ្លាក់ក្នុងកណ្ដាប់ដៃក្រុមហ៊ុនឯកជនមែននោះ ពលរដ្ឋនៅតំបន់នោះនឹងបាត់បង់មុខរបរ និងប្រាក់ចំណូល។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ស្រេង ជាហេង និងអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គង់ បានទេ នៅថ្ងៃទី២ ខែមិថុនា ដោយសារទូរស័ព្ទចូលតែគ្មានអ្នកទទួល។ ចំណែក នាយផ្នែកខណ្ឌរដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ លោក ហ៊ុន សំអឿន ក៏វិទ្យុអាស៊ីសេរី មិនអាចទាក់ទងដែរ។
វិទ្យុអាស៊ីសេរី មិនទាន់អាចរកប្រភពទាក់ទងភាគីក្រុមហ៊ុនថ្មម៉ាប លីម វត្តី ដែលសហគមន៍ចោទប្រកាន់ថា មានពាក់ព័ន្ធនឹងការឈូសឆាយព្រៃនេះបាននៅឡើយទេ នៅថ្ងៃទី២ ខែមិថុនា ចំណែកសហគមន៍ក៏មិនទានដឹងច្បាស់ថា ក្រុមហ៊ុននេះជាកម្មសិទ្ធិរបស់នរណានោះនៅឡើយដែរ។
ទាក់ទិននឹងបញ្ហានេះ មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន មានប្រសាសន៍ថា លោកសាទរចំពោះវិធានការរបស់អាជ្ញាធរស្រុក ប៉ុន្តែចង់ឃើញអាជ្ញាធរពាក់ព័ន្ធ ស្វែងរកដំណោះស្រាយឲ្យបានឆាប់រហ័ស និងត្រូវអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង ទៅលើអ្នកប្រព្រឹត្ត និងអ្នកដែលជាប់ពាក់ព័ន្ធ ដើម្បីបង្ហាញឆន្ទៈក្នុងការយកចិត្តទុកដាក់ការពារធនធានធម្មជាតិរបស់អាជ្ញាធរ។
លោក អូត ឡាទីន៖ «ដរាបណានៅតែពន្យារពេល កម្រក្នុងការធ្វើកិច្ចអន្តរាគមន៍បញ្ហានឹងវានៅតែបន្តកើតមាន ហើយវាជះឥទ្ធិពលកាន់តែអាក្រក់ដល់ព្រៃសហគមន៍ភ្នំជម្រកសត្វកាន់តែធំកាន់តែខ្លាំង ហើយសុំឲ្យមានវប្បធម៌ថ្មីដោយចុះអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ហើយឆ្លើយតបដែលបញ្ហាប្រឈមដែលពលរដ្ឋនិងសហគមន៍កំពុងជួបប្រទះ ជាជាងបន្តបណ្ដែតបណ្ដោយឲ្យមានបញ្ហាប្រឈមកាន់តែធំ»។
ចំណែក អ្នកស្រាវជ្រាវ និងឃ្លាំមើលធនធានធម្មជាតិនៅកម្ពុជា លោក សេង សុខហេង យល់ឃើញថា ដើម្បីទប់ស្កាត់កុំឲ្យមានបទល្មើសព្រៃឈើ អាជ្ញាធរពាក់ព័ន្ធត្រូវតែអនុវត្តច្បាប់ទៅលើអ្នកប្រព្រឹត្តទង្វើខុសច្បាប់ បើមិនដូច្នេះទេ ការទប់ស្កាត់បទល្មើសរបស់អាជ្ញាធរមិនមានប្រសិទ្ធភាពឡើយ។
លោក សេង សុខហេង៖ «សំខាន់អនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង បើសិនអាជ្ញាធរនៅតំបន់ការពារណាបណ្ដោយឲ្យការកាប់បំផ្លាញព្រៃឈើ ត្រូវតែទទួលទោសតាមច្បាប់ ដែលគាត់មិនបានបំពេញការងារក្នុងមានជាអាជ្ញាធរមិនអនុវត្តទៅតាមច្បាប់ បណ្ដោយឲ្យមានបទល្មើសកើតឡើង អ៊ីចឹងហើយគាត់ជាអ្នកទទួលទោសមុនគេ ដូចជាដកចេញពីតំណែង ដាក់ទោសទណ្ឌទៅតាមច្បាប់ទើបអាចពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងព្រៃឈើ»។
ព្រៃសហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ មានទីតាំងស្ថិតនៅភូមិឈ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ។ ព្រៃសហគមន៍មួយនេះ មានផ្ទៃដីជាង៤ពាន់ (៤.១៥៣) ហិកតារសម្បូរទៅដោយជីវចម្រុះ និងដើមឈើគ្រប់ប្រភេទ មានដូចជា ដួងចែម កកោះ ផ្ចឹក ផ្ដៀក ស្រឡៅ ឈ្លីក និងដើមឈើទាលឬហៅដើមជ័រច្បោះជាដើម។សហគមន៍អះអាងទៀតថា ក្រុមហ៊ុន លីម វត្តី បានឈូសឆាយ និងហ៊ុមព័ទ្ធរំលោភយកដីព្រៃសហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វជាង ៣ពាន់ហិកតារ ដើម្បីធ្វើអាជីវកម្មថ្មម៉ាបរបស់ពួកគេ ខណៈក្រុមហ៊ុននេះ ទទួលបានសិទ្ធិអនុញ្ញាតធ្វើអាជីវកម្មថ្មម៉ាបនៅលើផ្ទៃដី ៧ហិកតារតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។