បណ្ដាញព្រះសង្ឃ ក្រុមយុវជន និងអ្នកសិក្សាស្រាវជ្រាវសង្គម ទាមទារឲ្យរដ្ឋាភិបាលបន្តទិដ្ឋាការជូនលោក អាឡិក ដើម្បីបន្តរស់នៅនិងបំពេញការងារនៅប្រទេសកម្ពុជា តទៅទៀ។
ក្រុមអ្នកគាំទ្រថ្លែងដូចៗគ្នាក្នុងសន្និសីទកាសែតមួយថា ការអនុញ្ញាតឲ្យប្រធានចលនាមាតាធម្មជាតិ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) បន្តរស់នៅលើទឹកដីប្រទេសកម្ពុជានោះ គាត់អាចចូលរួមការពារបរិស្ថាននៅតំបន់អារ៉ែង ខេត្តកោះកុង។
បណ្ដាញព្រះសង្ឃ និងយុវជនចំនួន ៤ស្ថាប័ន ព្រមទាំងអ្នកវិភាគសង្គមបានឲ្យដឹងថា ពួកគេនឹងធ្វើសកម្មភាពស្របច្បាប់គ្រប់បែបយ៉ាង រួមទាំងបាតុកម្មផងនោះ ប្រសិនបើរដ្ឋាភិបាលនៅតែសម្រេចឲ្យលោក អាឡិក ចាកចេញពីប្រទេសកម្ពុជា។ ពួកគេនៅតែបារម្ភថា លោក អាឡិក ពេលចេញពីប្រទេសកម្ពុជាហើយ មិនអាចវិលមកវិញបាន។
ប្រធានបណ្ដាញព្រះសង្ឃឯករាជ្យ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា ការធ្វើសន្និសីទកាសែតថ្ងៃទី១៨ ខែកុម្ភៈ ដើម្បីទាមទារដល់រដ្ឋាភិបាលឲ្យលោក អាឡិក បន្តរស់នៅប្រទេសកម្ពុជា។ ព្រះតេជព្រះគុណបន្តទៀតថា រដ្ឋាភិបាលគួរតែមានកិច្ចសហការជាមួយអ្នកការពារធនធានធម្មជាតិ គឺលើសពីអ្វីដែលរដ្ឋាភិបាលមាន ដើម្បីរួមចំណែកធ្វើការងារការពារធនធានធម្មជាតិ៖ «អាត្មាក្នុងនាមជាពលរដ្ឋខ្មែរ ព្រះសង្ឃខ្មែរមានតែផ្ញើសារជំរុញទៅរដ្ឋាភិបាលដើរផ្លូវត្រូវ ដែលមិនបណ្ដេញអ្នកការពារធនធានធម្មជាតិ»។
ការស្នើសុំរបស់ក្រុមយុវជន និងព្រះសង្ឃដូចនេះ បន្ទាប់ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍នៅថ្ងៃទី១៧ ខែកុម្ភៈ ថា ក្រសួងមហាផ្ទៃ អាចបន្តទិដ្ឋាការបានលុះត្រាតែលោក អាឡិក ចាកចេញពីប្រទេសកម្ពុជា មួយរយៈសិន នៅពេលទិដ្ឋាការផុតកំណត់នៅថ្ងៃទី២០ ខែកុម្ភៈ ខាងមុខ។
លោក កែម ឡី អ្នកសិក្សាស្រាវជ្រាវសង្គម មានប្រសាសន៍ថា ប្រសិនរដ្ឋាភិបាលបណ្ដេញអ្នកការពារធនធានធម្មជាតិនោះ មានន័យថា រដ្ឋាភិបាលបង្កើតសត្រូវជាមួយអ្នកស្រលាញ់បរិស្ថានផ្សេងទៀត។ លើសពីនេះ លោក កែម ឡី យល់ថា គួររដ្ឋាភិបាលលើកតម្កើងសកម្មជនការពារបរិស្ថាន៖ «បើខ្ញុំមានវិញមានតែបន្ថែមធនធានទៅគាត់ (លោក អាឡិក) ឲ្យលោកកាន់តែមានលទ្ធភាពការពារធនធានធម្មជាតិ»។
ក្រុមយុវជន និងព្រះសង្ឃអះអាងថា នៅថ្ងៃទី២០ ខែកុម្ភៈ ខាងមុខ ពួកគេនឹងជួបជុំគ្នានៅមុខរដ្ឋសភា និងដាក់ញត្តិថ្វាយព្រះមហាក្សត្រសុំឲ្យលោក អាឡិក អាចបន្តស្នាក់នៅប្រទេសកម្ពុជាបាន។ ក្រៅពីនេះ មេដឹកនាំគណបក្សប្រឆាំង គឺសុទ្ធតែបានថ្វាយលិខិតទៅព្រះមហាក្សត្រ និងប្រធានរដ្ឋសភា និងក្រសួងមហាផ្ទៃ ដើម្បីអន្តរាគមន៍លើរឿងនេះ។
ដូចគ្នានេះដែរ នាយកប្រតិបត្តិសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក តិប ទាវ និយាយថា ក្រុមនិស្សិតរបស់លោកនឹងធ្វើសកម្មភាពទាមទារនានា រួមមាន បាតុកម្ម ការដាក់ញត្តិទៅស្ថាប័ននានា ដើម្បីឲ្យមានការផ្ដល់ទិដ្ឋាការដល់អ្នកការពារបរិស្ថានរូបនេះ៖ «យើងនឹងមានការសហការដាក់ញត្តិទៅព្រះមហាក្សត្រ ដើម្បីមានអន្តរាគមន៍»។
លោក អាឡិក បានធ្វើសកម្មភាពការពារបរិស្ថានតំបន់អារ៉ែង ខេត្តកោះកុង ជាច្រើនឆ្នាំមកហើយ ខណៈដែលក្រុមហ៊ុនចិន មួយ ឈ្មោះ ស៊ីណូ ហាយដ្រូ (Sino Hydro) មានគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅទីនោះ។
នៅថ្ងៃទី១៨ ខែកុម្ភៈ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឆ្លើយតបនឹងលិខិតរបស់លោក សម រង្ស៊ី ថា លោក អាឡិក បានប្រព្រឹត្តខុសនឹងលក្ខន្តិកៈរបស់អង្គការមាតាធម្មជាតិ ដែលតម្កល់ទុកក្នុងក្រសួងមហាផ្ទៃ ដោយញុះញង់ប្រជាពលរដ្ឋបិទផ្លូវសាធារណៈ និងមិនឲ្យក្រុមការងាររបស់អាជ្ញាធរចុះជួបប្រជាពលរដ្ឋក្នុងស្រុកថ្មបាំង ខេត្តកោះកុង។ ដូច្នេះ អាជ្ញាធរតម្រូវឲ្យលោក អាឡិក ត្រូវចាកចេញពីប្រទេសកម្ពុជា មួយរយៈសិននៅពេលផុតទិដ្ឋាការនៅថ្ងៃទី២០ ខែកុម្ភៈ ខាងមុខ។
យ៉ាងណាក៏ដោយ លោក អាឡិក នៅតែរក្សាជំហរថា នឹងមិនចាកចេញពីប្រទេសកម្ពុជា នៅពេលទិដ្ឋាការលោកផុតកំណត់ទេ ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចមិនប្រើហិង្សានិរទេសរូបលោកទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។