អ្នក​​បរិស្ថាន​​និង​​ម​ន្រ្តី​សិទ្ធិ​មនុស្ស​​បារម្ភ​ពី​គ្រោះថ្នាក់​ដែល​​រដ្ឋាភិបាល​​អនុញ្ញាត​​ឱ្យ​មានការ​​លុប​បឹង​​តា​មោក​​ជា​បន្តបន្ទាប់​​

0:00 / 0:00

អ្នក​បរិស្ថាន​​និង​​ម​ន្រ្តី​សិទ្ធិមនុស្ស​​នៅតែ​​ជំរុញ​​ទៅ​​រដ្ឋាភិបាល​​បង្ហាញ​​តម្លា​ភាព​​និង​ផល​ប៉ះពាល់​​នៃ​កា​រ​លុប​បឹង​តា​មោក​​ជាបន្តបន្ទាប់​​រាប់​​រយ​ហិកតា​បែប​នេះ​។

ពួកគេ​​ថា​ ​ការ​​សម្រេច​បែប​នេះ​​ធ្វើ​ឱ្យ​​បឹង​កាន់តែ​រួម​តូច​​ដែល​​បង្ក​ឱ្យ​ទឹកលិច​​ក្រុង​​ពេល​មាន​​ភ្លៀង​​និង​​ប៉ះពាល់​​ដល់​​បរិ​ស្ថាន​​ ជីវៈ​ចម្រុះ​ ក្នុង​បឹង​​និង​​ពលរដ្ឋ​​ដែល​​អាស្រ័យ​ផល​​លើ​បឹ​ង​នេះ​។​​

អ្នក​សម្របសម្រួល​​គម្រោង​​ធុរកិច្ច​​និង​​សិទ្ធិមនុស្ស​​របស់​​មជ្ឈមណ្ឌល​​សិទ្ធិមនុស្ស​​កម្ពុជា​​​លោក​ ​វណ្ណ​ ​សុផាត​ ​សង្កេតឃើញ​ថា​ ​រាល់​​ពេល​​រដ្ឋាភិបាល​​សម្រេច​​កាត់​​ដី​​បឹង​​ម្ដងៗ​​មិនដែល​​អនុញ្ញាត​​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​និង​​ពលរដ្ឋ​បាន​ដឹង​​នោះ​ទេ​។​ ​លោក​ស្នើ​ទៅ​​រដ្ឋាភិបាល​​សិក្សា​បន្ថែម​​ពី​​ផល​ប៉ះពាល់​​នៃ​​កា​រលុប​បឹង​​នេះ​​ដើម្បី​​ជៀស​វាង​​ជួប​​គ្រោះ​​ធម្មជាតិ​ ឬ​ ទឹកលិច​​ក្រុង​​ដែល​​ធ្វើ​ឱ្យ​​ពលរដ្ឋ​រង​គ្រោះ​៖​ « អ្នកជិតខាង​យើង​​គេ​មើលឃើញ​​ថា​ ​ប៉ះពាល់​ហើយ​​កន្លែង​​ហ្នឹង​​ហី​​អញ្ចឹង​​បើ​យើង​​មិន​​ស្តាប់​​គេ​​ទេ​ផល​ប៉ះពាល់​​ដែល​មាន​​ហ្នឹង​​គឺ​ប៉ះពាល់​​មក​​លើ​​ខ្លួន​​យើង​​ដដែល​​ហ្នឹង​»។

​ម​ន្រ្តី​សង្គម​​ស៊ីវិល​​លើកឡើង​​បែប​​នេះ​ ​ក្រោយ​ពេល​រដ្ឋាភិបាល​​លោក​ ​ហ៊ុន​ ​សែន​ ​ចេញ​​អនុក្រឹត្យ ​៣ ​ដាច់ដោយឡែក​ពី​គ្នា ​សម្រេច​កាត់​​ដី​បឹង​តា​មោក​​ចំនួន​ ១​៧ ​ហិកតា​​បន្ថែ​ម​​ទៀត​។​

​អនុក្រឹត្យ​ដែល​​ត្រូវ​​បាន​​ចុះផ្សាយ​​ក្នុង​​បញ្ជី​សៀវភៅ​រាជកិច្ច​​​កាលពី​​ស​ប្ដាហ៍​មុន​​ឱ្យ​ដឹង​ថា​ ​ក្រសួង​សុខាភិបាល​​បាន​ដី​ ​១​០ ​ហិកតា​ ​ស្នងការដ្ឋាន​​នគរបាល​​រាជធានី​​ភ្នំពេញ​​បាន​​ដី ​៣ ​ហិកតា ​និង​​ក្រសួង​មុខងារ​​សាធារណៈ​បាន​ដី​ ៤​ ហិកតា​។​

ជុំវិញ​រឿង​នេះ ​អាស៊ី​សេរី​ មិនទាន់​អាច​​សុំ​ការ​​បំភ្លឺ​បន្ថែម​​ពី​​រដ្ឋមន្ត្រី​ក្រសួង​​មុខងារ​សាធារណៈ​លោក​ ​ព្រំ​ ​សុខា​ ​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​​អ្នកស្រី​វេជ្ជបណ្ឌិត​ ​ឱ​ ​វណ្ណ​ឌី​ន​ ​និង​​អ្នក​នាំពា​ក្យ​​នគរបាល​រាជធានី​​ភ្នំពេញ​​លោក​ ​សាន​ ​សុខ​សីហា​ ​បានទេ​ នៅ​ថ្ងៃ​ទី​១​៨​ ​ខែ​មេសា​ ​ដោយ​​ទូរស័ព្ទ​ចូល​​គ្មាន​​អ្នក​ទទួល​។​​ រីឯ​​អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក​ ​ផៃ​ ​ស៊ី​ផា​ន​ ឱ្យ​អាស៊ី​សេរី​ដឹង​ថា​​ ​លោក​មិនបាន​ដឹង​​លម្អិត​​អំពី​​រឿង​នេះ​ទេ ​ប៉ុន្តែ​​លោក​យល់ថា​ ​រដ្ឋ​កាត់​ដី​រដ្ឋ​ផ្ដល់​​ឱ្យ​ស្ថាប័ន​​របស់​រដ្ឋ​​ដើម្បី​​ប្រើប្រាស់​​មិន​មែន​​ជា​រឿង​ខុស​ទាស់អី​ទេ​។​ ​អ្នកនាំពាក្យ​ដដែល​ ​ប្រាប់​ថា តាម​គោលការណ៍​ មុន​ពេល​រដ្ឋាភិបាល​សម្រេច​អ្វីមួយ ​គឺ​មាន​ស្ថាន​ប័ន​ជំនាញ​ពិនិត្យ​ពី​ផល​ប៉ះពាល់​ត្រឹមត្រូវ​៖ «ជាទូទៅ​គេ​ថា​ ការចាំបាច់​របស់​រដ្ឋាភិបាល​ទៅ​ហើយ​ហ្នឹង​»។

​រីឯ​ស្ថាបនិក​​ចលនា​មាតា​​ធម្មជាតិ​​លោក​ ​អា​ឡិច​ហាន់​ដ្រូ ហ្គន់ហ្សា​ឡេ​ស​ ដេវិ​ត​សឹ​ន ​(​Ale​j​and​ro ​Go​n​z​ale​z​ - ​D​avid​son​) ​សង្ស័យ​ថា​ ​កា​រលុប​បឹង​នេះ​ជាប់​ទាក់​ទង​នឹង​​ការ​ប្រព្រឹត្ត​អំពើពុករលួយ​​ជា​​ប្រព័ន្ធ​នៃ​​រដ្ឋា​ភិ​បា​លោក​ ​ហ៊ុន​ ​សែន​ ​ព្រោះ​សង្កេតឃើញ​ថា​ ​អ្នកទទួល​បាន​ប្រយោជន៍​ គឺ​ក្រុម​ម​ន្រ្តី​រដ្ឋាភិបាល​ ​និង​ឈ្នួ​ញ​ដែល​ទំនាក់ទំនង​​នឹង​​លោក​ ​ហ៊ុន​ ​សែន​។​ ​លោក​យល់ថា​ ​កា​រលុប​បឹង​នេះ​មិនមែន​ជា​ការចាំបាច់​នោះ​ទេ​ គឺ​រដ្ឋាភិបាល​អាច​ទិញ​ដី​នៅ​ជាយក្រុង​ប្រើប្រាស់​ជា​តម្រូវ​ការចាំបាច់​សម្រាប់​ក្រសួង​ស្ថាប័ន​នានា​៖ «ខ្ញុំ​ថា​ ​អាច​នឹង​បង្ហាញ​លោក​ ​ហ៊ុន​ ​សែន​ ​នឹងគ្នា​គាត់​កំពុងតែ​ពាក់ព័ន្ធ​ក្នុង​កា​រលុប​បឹង​តា​មមោក​ ​ឧទាហរណ៍​ថា​ ​លុប​បឹង​មួយ​ចំនួន​ដើម្បី​ចែក​ទៅ​គ្នា​គាត់​ដូចជា​កូនលោក​ ​ជា​ ​សុផា​រ៉ា​ ​ជាដើម​»។

​មិនមែន​ជា​លើក​ទី​១​ទេ ​ដែល​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​សម្រេច​​កាត់​ដី​​បឹង​តា​មោក​ ​ទោះ​ជា​កាលពី ​៤ ​ឆ្នាំមុន​ លោក​ធ្លាប់​ថ្លែង​អះអាង​ថា​ មិន​លុប​បឹង​នេះ​​ទេ​​ ​ប៉ុន្តែ​​នៅដើម​ឆ្នាំ​២​០​២​១ ​នេះ ​លោក​បែរ​ជាក្បត់​សន្យា​ប្រែពាក្យ​សម្តី​ទៅវិញ​។​ ​លោក​​ថែមទាំង​អះអាង​ថា​ ​លោក​នឹង​បន្ត​លុប​បឹង​តា​មោក ​ដើម្បី​អភិវឌ្ឍន៍​​បន្ថែម​​ទៀត​​ទោះបីជា​​មាន​ការ​រិះគន់​​ពី​​ប្រជាពលរដ្ឋ​ ​ឬ​មជ្ឈដ្ឋាន​​ណា​​ក៏ដោយ​។​

រដ្ឋាភិបាល​​កំណត់​ផ្ទៃ​បឹង​តា​មោក ​ជា​ផ្លូវការ​ចំនួន​ បី​ពាន់​ហិកតារ​ (​៣​.​២​៣​៩​) ​ហើយ​ចាប់ពី​ពេល​នោះ​ តែង​មានការ​កែ​សម្រួល​ផ្ទៃ​បឹង ​ឬកាត់​ផ្ទៃ​បឹង​​ជា​បន្ត​បន្ទាប់​​យ៉ាងតិច​ ​១​៧ ​ដង​។

​អ្នកទទួល​​ផល​ពី​ការ​​កាត់​ផ្ទៃ​បឹង​នេះ​ គឺ​​ក្រសួង​​ស្ថាន​ប័ន​​របស់​​រដ្ឋ​ វិ​ស័​យ​ឯកជន​​ ​និង​​ឈ្មួញ​ដែល​ទំនាក់ទំនង​នឹង​​រដ្ឋាភិបាល​ ​ក្នុង​នោះ​ ដូចជា​​កូនស្រី​​លោក​ ​ជា​ ​សុផា​រ៉ា​ ​អ្នកស្រី​ ​ជា​ ​សុផា​ម៉ា​ដែន​ ​ទទួល​បាន​ដី​ជាង​ ១​០ ​ហិកតា​។​ ​អ្នកស្រី​ ស៊ុ​យ​ ​សុផា​ន​ ​ម្ចាស់ក្រុមហ៊ុន​ផា​ន​អ៊ី​ម៉ិ​ច​ (​P​h​an​ ​I​me​x) ​ល្បី​ខាង​រំលោភ​ដី​ពលរដ្ឋ​ដែល​​ទើប​នឹង​​ទទួល​​ម​រណៈ​ភាព​ ​ទទួល​​បាន​​ជិត​ ​៤​៥ ​ហិកតា​ ​និង​​មនុស្ស​សំខាន់​ៗ​មួយ​ចំនួន​​ទៀត​។​ ​កាលពី​​ស​ប្តាហ៍​មុន​ ​ចលនា​មាតា​ធម្មជាតិ​​រក​​ឃើញ​​ថា​ ​ផ្ទៃ​បឹង​តា​មោក​​ជាង ​៧​៥​០ ​ហិកតា ត្រូវ​បាន​​លុប​ ​ក្នុង​នោះ​ផ្ទៃ​បឹង​​ប្រមាណ​ ៣​៣​៦ ​ហិកតា ​ត្រូវ​បាន​​ប្រគល់​​ដល់​ឯកជន​​ជា​​អ្នកកាន់កាប់​​ពុះ​ជា​​ដី​ឡូត៍​ ​ឬ​សាងសង់​បុរី​លក់​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។