សង្គម​​ស៊ីវិល​​ទាមទារ​​អាជ្ញាធរ​រឹបអូស​​ដី​ព្រៃ​​ក្នុង​ដែន​​ជម្រក​​សត្វព្រៃ​​គូលែន​​ព្រហ្ម​ទេព​​ជិត​៥​០​០​ហិកតារ​ជា​សម្បត្តិ​រដ្ឋ​វិញ​

ដោយ សេក បណ្ឌិត
2021-05-26
Share
សង្គម​​ស៊ីវិល​​ទាមទារ​​អាជ្ញាធរ​រឹបអូស​​ដី​ព្រៃ​​ក្នុង​ដែន​​ជម្រក​​សត្វព្រៃ​​គូលែន​​ព្រហ្ម​ទេព​​ជិត​៥​០​០​ហិកតារ​ជា​សម្បត្តិ​រដ្ឋ​វិញ​ សហគមន៍​ឃុំ​គូលែន ស្រុក​គូលែន​ខេត្ត​ព្រះវិហារ ឃាត់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន ប្លូហេវិ​ន កាល​ពី​រសៀល​ថ្ងៃ​ទី១០ ខែ​ធ្នូ ២០១៨។
រូបភាព៖ សហគមន៍

មន្ត្រី​ឃ្លាំមើល​​សិទ្ធិមនុស្ស​អា​ដ​ហុ​ក​​ចង់​ឃើញ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ ​និង​តំណាង​អយ្យការ​​បង្ហាញ​ភាព​ច្បាស់លាស់​ ក្នុងការ​​អនុវត្ត​ច្បាប់​​លើ​ជនល្មើស​ ​និង​អ្នក​ពាក់ព័ន្ធ​ទាំងឡាយ​​ណា​ ​ដែល​​ឈូស​ឆាយ​ទន្ទ្រាន​រំលោភ​យក​ដី​ព្រៃ​អភិ​រក្ស​ដោយ​ខុសច្បាប់​។​  ​ការ​អះអាង​នេះ​ ​បន្ទាប់ពី​ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្ម​ទេព​ ​ឋិត​ក្នុង​ភូមិ​ព្រៃ​គោល​ ​ឃុំ​ស្រយង់​ ​ស្រុក​គូលែន​ ​ត្រូវ​បាន​បុគ្គល​មាន​លុយ​មាន​អំណាច​ឈូស​ឆាយ​ ឱ្យ​ក្លាយ​ជា​វាលរហោឋាន​​អស់​ជិត​ ​៥​រយ​ហិកតារ​ (​៤​៧​០​) ​នៅ​រយៈពេល​ ​៣​ ​ខែ​ចុងក្រោយ​នេះ​។

មន្ត្រី​សម្របសម្រួល​សមាគម​អា​ដ​ហុ​ក​ (​A​D​H​OC) ​ខេត្ត​ព្រះវិហារ​លោក​ ​ឡោ​ ​ចាន់​ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​​២​៥​ ​ខែឧសភា​ថា​ ​សកម្មភាព​ឈូស​ឆាយ​ព្រៃ​នេះ​ ​ក្រុម​ឈ្មួញ​បាន​ប្រើ​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ ​វាយ​ក​ម្ទេ​ច​ដើមឈើ​ធំ​ៗ​ ឱ្យ​ក្លាយ​ជា​វាល​ ​ដើម្បី​យក​ដី​ធ្វើ​កសិកម្ម​។​ ​លោក​ថា​ ​ថ្មីៗ​នេះ​ ​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​នេះ​ ​និង​តំណាង​អយ្យការ​ ​បាន​ចុះទៅ​ពិនិត្យ​ដល់​ទីតាំង​ជាក់ស្តែង​ ​តែ​លោក​នៅ​ពុំទាន់​ឃើញ​អនុវត្ត​ច្បាប់​ដល់​ជន​សង្ស័យ​ ​និង​រឹបអូស​ដី​ទាំងនោះ​ជា​សម្បត្តិ​រដ្ឋ​នៅឡើយ​ទេ​។​ ​លោក​ទាមទារ​ឱ្យ​អាជ្ញាធរ​ ​ត្រូវ​ដកហូត​ដី​ទាំងនោះ​ជា​សម្បត្តិ​រដ្ឋ​វិញ​ ​និង​ត្រូវ​ចាប់ខ្លួន​អ្នក​ពាក់ព័ន្ធ​មក​ផ្តន្ទាទោស​តាមច្បាប់​ឱ្យ​ខាន​តែ​បាន​៖​ ​«​មិន​អាច​នរណា​មាន​សិទ្ធិ​ចាត់ចែង​លក់​ទិញ​ ​ឬ​ក៏មាន​សិទ្ធិ​ចាត់ចែង​ទៅ​ឱ្យជន​ណា​ម្នាក់​បានទេ​ ​ព្រោះ​ឋិត​ក្នុង​ដី​ព្រះរាជក្រឹត្យ​។​ ​អាជ្ញាធរ​បាន​ចុះទៅ​ ​អាជ្ញាធរ​ត្រូវតែ​មាន​វិធានការ​ ​គឺ​ត្រូវតែ​ដកហូត​ដី​ទាំង​អស់ហ្នឹង​ ​ដើម្បី​យកមក​ធ្វើជា​សម្បត្តិ​របស់​រដ្ឋ​ ​ដាក់​ក្នុង​ដែន​គូលែន​ព្រហ្ម​ទេព​វិញ​ ​ទោះបីជា​ឈូស​ឆាយ​ ​វាល​ហើយក៏​ដោយ​ ​»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ឆ្ងល់​ថា​ ​ហេតុអ្វី​បាន​អាជ្ញាធរ​មូលដ្ឋាន​ ​និង​​មន្ត្រី​បរិស្ថាន​ប្រចាំការ​នៅ​តំបន់​នោះ​ ​បណ្តែត​បណ្តោយ​ឱ្យ​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​ខ្នាត​ធំ​ដោយ​គ្មាន​​ការ​​អនុវត្ត​ច្បាប់​។​ ​លោក​បារម្ភ​ថា​ ​ការ​ឈូស​ឆាយ​ព្រៃ​អភិ​រក្ស​នេះ​ ​នឹង​រំខាន​ជីវិត​​សត្វព្រៃ​ច្រើន​ប្រភេទ​ ​បាត់បង់​ព្រៃឈើ​ធំធេង​ ​និង​កន្លែង​អាស្រ័យផល​ ​ធន​ធាន​ធម្មជាតិ​របស់​ពលរដ្ឋ​ជាដើម​។

កាលពី​ស​ប្តាហ៍​មុន​ ​អ្នកកាសែត​ក្នុងស្រុក​មួយ​ក្រុម​ ​និង​ពលរដ្ឋ​រស់នៅ​តំបន់​នោះ​ជាង​ ​២​០​នាក់​  ​បាន​ចុះ​ដល់​ទីតាំង​ជាក់ស្តែង​ ​ប្រទះឃើញ​ដើមឈើ​ទាំង​តូច​ទាំង​ធំ​ ​ក្នុង​ព្រៃ​អភិ​រក្ស​មួយ​នេះ​ ​ត្រូវ​គេ​ឈូស​ឆាយ​ ​និង​ដុត​ក​ម្ទេ​ច​គំនរ​ឈើ​ចោល​ ឱ្យ​ក្លាយ​ជា​វា​លមើល​ដាច់កន្ទុយភ្នែក​។​ ​ក្រុម​ពលរដ្ឋ​អះអាង​ថា​ ​អ្នកមាន​លុយ​មានអំណាច​ ​​គឺជា​មេខ្លោង​ ​បំផ្លាញ​ព្រៃ​អភិ​រក្ស​នេះ​ ​ដូច្នេះ​ហើយ​ទើប​ពុំ​មាន​ចំណាត់​ការ​តឹងរ៉ឹង​ពី​មន្ត្រី​បរិស្ថាន​ ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​។

អាស៊ី​សេរី​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​ប្រធានមន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ​​លោក​ ​សុង​ ​ចាន់​សុជាតិ​ ​និង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​​លោក​ ​នេត្រ​ ​ភ​ក្ត្រា ​បាន​នៅ​ឡើយ​ទេ​ ​នៅ​ថ្ងៃ​ទី​​២​៥​ ខែ​ឧសភា​ ​ព្រោះ​ទូរសព្ទ​ហៅ​ចូល​​តែ​គ្មាន​អ្នកលើ​ក​។​

ប៉ុន្តែ​តំណាង​អយ្យការ​អម​តុលាការ​ខេត្ត​ព្រះវិហារ​​លោក​ ​ទី​ សុវិ​ន​ថា​ល់ ​វិញ​លោក​​អះអាង​ថា​ ​ព្រះរាជអាជ្ញា​ពីរ​នាក់​ ​បាន​ចុះ​ស៊ើប​អង្កេត​រឿង​នេះ​ ​ហើយនិង​បាន​ឃាត់ខ្លួន​ជន​សង្ស័យ​មួយ​ចំនួន​មក​អនុវត្ត​ច្បាប់​ ​ប៉ុន្តែ​លោក​មិន​បញ្ជាក់​លម្អិត​ថា​ ​ឃាត់ខ្លួន​បាន​ប៉ុន្មាន​នាក់​នោះ​ទេ​ ​ព្រោះ​ឋិត​ក្នុង​ដំណើរ​ការស៊ើបអង្កេត​។​ ​លោក​បន្ត​ថា​ ​ក្រោយ​ព្រះរាជអាជ្ញា​រ​​បញ្ចប់​ការស៊ើបអង្កេត​រឿង​នេះ​រួចហើយ​ ​នឹង​បញ្ជូន​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ​ ​ដើម្បី​បន្ត​នីតិវិធី​ចំពោះ​ជន​សង្ស័យ​ទាំងនោះ​។​ ​ទោះជាយ៉ាងណា​ ​លោក​​បញ្ជាក់​ថា​  ​ការ​ចុះ​អនុវត្ត​ច្បាប់ព្រៃ​ឈើ​ភាគច្រើន​ ​ជន​សង្ស័យ​បាន​រត់​គេច​ខ្លួន​បាត់​ ​រីឯ​ដី​ដែល​ត្រូវ​ឈូស​ឆាយ​ ​រង់ចាំ​សេចក្តី​សម្រេច​ពី​តុលាការ​ ​ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ជំនាញ​៖​ ​«​តំណាង​អយ្យការ​មាន​ វុ​ធ​ ​សាវី​ ​គាត់​ចុះ​ ​ឃើញ​កសាង​សំណុំរឿង​មក​ ​ជាបន្តបន្ទាប់​ហើយ​ ​អ៊ីចឹង​ពេល​ព្រះរាជអាជ្ញា​រង​ណា​ចុះ​ ​ពេល​រឿង​ហ្នឹង​មក​ ​ខ្ញុំ​ចាត់តាំង​អ្នក​ហ្នឹង​ដដែល​ទេ​។​ ​នៅ​ពេល​បើក​ការ​ស៊ើបសួរ​ ​អា​ហ្នឹង​អាស្រ័យ​លើ​ចៅក្រម​»។​ 

ជុំវិញ​រឿង​នេះ​ ​មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​ ​នៃ​សមាគម​អា​ដ​ហុ​ក​លោក​ ​ប៉ែន​ ប៊ុណ្ណារ៍ ​ចាត់​ទុក​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នេះ​ ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​រវាង​ក្រុម​ឈ្មួញ​ ​និង​ ​អាជ្ញាធរ​ពាក់ព័ន្ធ​។​ ​លោក​ទាមទារ​ឱ្យ​អាជ្ញាធរ​ ​និង​តំណាង​អយ្យការ​ ​ត្រូវ​ចាប់ខ្លួន​អាជ្ញាធរ​ខិលខូច​ ​ដែល​ពាក់ព័ន្ធ​ករណី​នេះ​ ​មក​អនុវត្ត​ច្បាប់​ ​ដើម្បី​ព្រមាន​​ដល់​អាជ្ញាធរ​ផ្សេងៗ​ទៀត​៖​ ​«​បើ​យើង​និយាយ​ឱ្យ​ខ្លី​ ​វា​ជា​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ ​ហើយ​ការ​ចុះទៅ​ស៊ើប​វា​គ្រាន់​ជា​បង្ហាញខ្លួន​ឯង​ ​សមត្ថកិច្ច​ ​និង​អាជ្ញាធរ​ហ្នឹង​​បាន​ចុះទៅ​មើល​ ​ចុះទៅ​ស៊ើប​ ​ហើយ​ប្រសិន​សិន​ជា​ ​ស្ថាប័ន​ជំនាញ​ ​និង​អាជ្ញាធរ​ដែនដី​ ​មាន​ឆន្ទៈ​កុំថាឡើយ​ ​រាប់​រយ​ហិកតារ​ ​ត្រឹម​ ​៥​ហិកតារ​ ​ជនល្មើស​ហ្នឹង​ឃាត់​បានហើយ​ ​»​។

ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព​ ​ត្រូវ​បាន​អតីត​ព្រះមហាក្សត្រ​នរោត្តម​សី​ហ​នុ ​កំណត់​ជា​តំបន់​អភិ​រក្ស​នៅ​ឆ្នាំ​​១​៩​៩​៣​ ​មានផ្ទៃ​ដី​ជាង​ ​៤​ ​សែន​ហិកតារ​ (​៤​០​២​.​៥​០​០​) ​ស្ថិត​ក្នុង​ខេត្ត​ចំនួន​បី ​គឺ​ខេត្ត​ព្រះវិហារ​ ​ឧត្តរមានជ័យ​ ​និង​ខេត្ត​សៀមរាប​។​ ​ព្រៃ​អភិ​រក្ស​នេះ​ ​ផ្តល់​ប្រយោជន៍​ច្រើន​ ​សម្រាប់​ពលរដ្ឋ​ចូល​ស្វែងរក​អនុផល​ព្រៃឈើ​​ចិញ្ចឹមជីវិត​ ​ហើយក៏​ជាទី​ជម្រក​របស់​សត្វ​ក​ម្រ​ជាច្រើន​ប្រភេទ​ ​ដូចជា​ ​សត្វ​ខ្ទីង​ ​ទន្សោង​ ​ឈ្លូស​ ​រមាំង​ ​ដំរី​ ​និង​ប្រើស​ជាដើម​៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល