សមាគមបណ្តាញយុវជនកម្ពុជា (CYN) រកឃើញថា ព្រៃសហគមន៍ភ្នំសេះ ឋិតក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ កំពុងឈានទៅរកការបាត់បង់ទាំងស្រុង ដោយសារចលនាទន្ទ្រានកាន់កាប់ដីព្រៃធ្វើជាកម្មសិទ្ធិបុគ្គល ហើយករណីនេះប៉ះពាល់ធ្ងន់ធ្ងរដល់និរន្តរភាពព្រៃសហគមន៍ និងបរិស្ថាន។ ពួកគេរកឃើញថា ព្រៃសហគមន៍នេះបានបាត់បង់គម្របព្រៃឈើធម្មជាតិជាង ១ពាន់ ៣រយហិកតារ ( ១.៣០៣) ហើយទំហំដែលអាចបាត់បង់បន្ថែមទៀតជាង ៤រយហិកតារ (៤.៦០៨)។
របាយការណ៍កម្រាស់ ៣០ ទំព័រ ដែលមានចំណងជើងថា «ដំណើរឆ្ពោះទៅរកការវិនាសទាំងស្រុង នៃព្រៃសហគមន៍ភ្នំសេះ» បង្ហាញថា សមាគមបណ្តាញយុវជនកម្ពុជា (CYN) បានចុះស៊ើបអង្កេត និងស្រាវជ្រាវដោយប្រើឧបករណ៍ប្រមូលទិន្នន័យ ថតរូបវីដេអូ ឧបករណ៍តាមដាន ប្រព័ន្ធកំណត់ទីតាំងសកល ឬ GPS សម្ភាសន៍ប្រជាសហគមន៍ និងចុះត្រួតពិនិត្យទីតាំងកាប់រានទន្ទ្រានដីព្រៃជាក់ស្តែង។ បេសកកម្មនេះធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០។
របាយការណ៍បន្ថែមថា គម្របព្រៃសហគមន៍ភាគច្រើនទទួលរងការកាប់រានទន្រ្ទាន និងបំប្លែងទៅជាដីចម្ការរួចរាល់ ដោយជំនួសមកវិញនូវដំណាំស្វាយចន្ទី ដំឡូងមី និងដំណាំ មួយចំនួនទៀត។ លើសពីនេះ មានលំនៅដ្ឋានខុសច្បាប់ ក្នុងចន្លោះពី ៨០ ទៅ ៨៥ ខ្នង ក្នុងព្រៃសហគមន៍នេះ ដែលភាគច្រើនក្រុមពលរដ្ឋចំណូលស្រុកបានសង់ខ្ទមក្នុងទម្រង់ជារោងចាំចម្ការ និងផ្ទះបណ្ដោះអាសន្ននៅលើក្បាលដីរបស់ខ្លួន ពុំសូវមានមនុស្សរស់នៅអចិន្ត្រៃយ៍ឡើយ។
មន្រ្តីចងក្រងសហគមន៍របស់សមាគមបណ្តាញយុវជនកម្ពុជាលោក អូត ឡាទីន ថ្លែងថា គោលបំណងនៃការធ្វើរបាយការណ៍នេះ ដើម្បីស្នើឱ្យអាជ្ញាធរខេត្តក្រចេះ និងរដ្ឋាភិបាលចុះបង្ក្រាបបទល្មើសព្រៃឈើ ក្នុងព្រៃសហគមន៍ជាបន្ទាន់ និងដកហូតដីព្រៃកាប់រានខុសច្បាប់ ប្រគល់ជូនសហគមន៍វិញ ហើយត្រូវដាំដើមឈើស្តារព្រៃឡើងវិញ។ លោកថា សមាគមបណ្តាញយុវជនកម្ពុជានឹងបន្តតាមដានរឿងនេះយ៉ាងយកចិត្តទុកដាក់ដោយសហការជាមួយសហគមន៍មូលដ្ឋានរកមធ្យោបាយជំរុញឱ្យមានដំណោះស្រាយកណីនេះប្រកបដោយប្រសិទ្ធភាពខ្ពស់៖ «យើងបានធ្វើដំណើរព័ទ្ធជុំវិញតំបន់ដែលស្រឡះ ដែលត្រូវបានកាប់រានរួចហើយ។ យើងរកឃើញថា មានការបាត់បង់ព្រៃឈើស្ទើរតែទាំងស្រុងនៃព្រៃសហគមន៍ហ្នឹង មូលហេតុការចូលកាប់ទន្ទ្រានដីព្រៃសហគមន៍ពីសំណាក់ពលរដ្ឋចំណូលស្រុក ហើយមានមនុស្សមួយចំនួនតូចក្នុងឃុំហ្នឹងក៏គាត់ចូលរួមកាប់ដូចគេដែរ។ មិនមានចំណាត់ការឱ្យតឹងរឹងពីអាជ្ញាធរពាក់ព័ន្ធ ជាពិសេសគឺសង្កាត់រដ្ឋបាលព្រៃឈើ »។

ព្រៃសហគមន៍ភ្នំសេះ មានផ្ទៃដីជាង ៣ពាន់ហិកតារ ( ៣,០៨១ ) ដែលពលរដ្ឋមូលដ្ឋានរួមគ្នាថែរក្សាតាំងពីឆ្នាំ ២០០៩ រហូតដល់ឆ្នាំ ២០១៨ ទើបក្រសួងកសិកម្មចុះបញ្ជីជាព្រៃសហគមន៍ការពារធម្មជាតិស្របច្បាប់។ ប្រជាសហគមន៍ថា ព្រៃសហគមន៍ភ្នំសេះ សំបូរដើមឈើមានតម្លៃធំៗ ដូចជា បេង ធ្នង់ នាងនួន សុក្រំ និងឈើទាល ជាដើម តែនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឈើកម្រទាំងនេះ ត្រូវគេកាប់អស់ស្ទើរទាំងស្រុង។ បច្ចុប្បន្ននៅសល់តែដើមឈើផលិតជ័រទឹកច្រើនជាងគេ ប្រមាណជាង ១ពាន់ដើម ដែលអ្នកស្រុកកំពុងអាស្រ័យផល។ ព្រៃនេះមានសត្វព្រៃកម្រជាច្រើនប្រភេទ កំពុងរស់នៅរួមមាន ស្វា ក្ងោក ជ្រូកព្រៃ មាន់ និង ឈ្លូសជាដើម។
អនុប្រធានសហគមន៍ព្រៃឈើភ្នំសេះលោក ហ៊ា សំអឿន ថ្លែងថា ការទន្ទ្រាន និងកាប់ឈើមានតម្លៃក្នុងព្រៃសហគមន៍នេះ បង្កឱ្យប៉ះពាល់កន្លែងអាស្រ័យផល របស់ជនជាតិដើមភាគតិចព្នងជាច្រើនគ្រួសារ។ លោកថា សហគមន៍មានគ្នាតិច មិនអាចការពារព្រៃសហគមន៍នេះបានគ្រប់ជ្រុងជ្រោយឡើយ ព្រោះពលរដ្ឋចំណាកស្រុកមកពីតំបន់ផ្សេងៗរាប់សិបនាក់ កំពុងសម្រុកកាប់ទន្ទ្រានព្រៃទាំងយប់ថ្ងៃ។ លោកបារម្ភថា ប្រសិនបើអាជ្ញាធរមិនពន្លឿនដោះស្រាយបញ្ហានេះទេ កន្លែងអាស្រ័យផលព្រៃឈើដ៏សំខាន់របស់អ្នកភូមិនឹងបាត់បង់ទាំងស្រុង ប៉ះពាល់ជីវភាព និងប្រភពចំណូល៖ «និយាយរួមទៅកាប់ព្រៃហើយដាំ កាប់ហើយដាំ ហើយចន្ទីរលឿនណាស់ តែ២ឆ្នាំលិចក្បាលហើយ ដីព្រៃចាស់ហ្នឹង។ ឥលូវព័ទ្ធជុំវិញភ្នំ។ ព្រួយបារម្ភខ្លាចបាត់បង់ព្រៃជំនឿ និងកន្លែងអាស្រ័យផល របស់យើង ជាពិសេសព្រៃសហគមន៍ទាំងមូល។ វាមានឯកសារពាក់ព័ន្ធគ្រប់គ្រង តាំងពីចំណុចសូន្យដល់ប្រកាស »។
អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺរឿងនេះ ពីអភិបាលស្រុកសំបូរ លោក សូម សារិត និង អភិបាលខេត្តក្រចេះ លោក វ៉ា ថន បាននៅឡើយទេ នៅថ្ងៃទី១២ ខែមេសា។ ចំណែកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ លោក ទ្រី សុភ័ក្រ វិញ ក៏អាស៊ីសេរីមិនអាចទាក់ទងបានដែរ ព្រោះលោក មិនលើកទូរសព្ទ។
ក៏ប៉ុន្តែ មេឃុំអូរគ្រឿងលោក កែវ បុប្ផា មានប្រសាសន៍ថា ការកាប់ទន្ទ្រានដីព្រៃសហគមន៍ភ្នំសេះនេះ អាជ្ញាធរពាក់ព័ន្ធកំពុងប្រឹងប្រែងដោះស្រាយ និងចាត់វិធានការបង្ក្រាបជាញឹកញាប់។ លោកថា អាជ្ញាធរឃុំបានស្រង់ឈ្មោះអ្នកដែលកាប់ទន្ទ្រានដីព្រៃសហគមន៍នេះរួចហើយ និងបង្គាប់ឱ្យចុះកិច្ចសន្យាបញ្ឈប់ ក៏ប៉ុន្តែដោយសារជំងឺកូវីដ១៩ ធ្វើឱ្យរាំងស្ទះ ការដោះស្រាយបញ្ហានេះ។ លោកសង្កត់ធ្ងន់ថា បើទោះបីជាមានការកាប់ទន្ទ្រានក្តី ក៏អាជ្ញាធរនៅតែរក្សាដីនៅតំបន់នោះ ជារបស់សហគមន៍ដដែល៖ «ទាំងអាជ្ញាធរស្រុក អាជ្ញាធរឃុំ និងកងកម្លាំង ដែលយើងរួមសហការគ្នាការពារ ប៉ុន្តែអ្វីដែលជាការលំបាកគឺ ពួកគាត់តែងតែធ្វើការងារកាប់ទន្ទ្រានពេលយប់។ វិធានការយើងចាត់វិធានការរហូត ដីហ្នឹងជាដីរបស់រដ្ឋ ដីហ្នឹងជាដីសហគមន៍។ យើងនៅតែរក្សាថា ដីហ្នឹងជាដីសហគមន៍ភ្នំសេះដដែល។ យើងអត់មានបន្ធូដៃ តែដោយសារជំងឺកូវីដ១៩ ការចួបជុំពុំអាចទៅរួច »។

របាយការណ៍របស់សមាគមបណ្តាញយុវជនកម្ពុជា បន្ថែមថា ការកាប់រានទន្ទ្រានកាន់កាប់បានគំរាមកំហែងដល់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន ជនជាតិដើមភាគតិចព្នង ដែលមានទម្លាប់ដកហូតអនុផលព្រៃឈើ បម្រើជីវភាពជាច្រើនទសវត្សរ៍មកហើយ។ អ្នកភូមិប្រឈមបាត់បង់ទីកន្លែងជំនឿរបស់ជនជាតិដើមភាគតិចព្នង ដែលហៅថា “ទីជំនឿភ្នំសេះ”។
លើសពីនេះទៀត ពលរដ្ឋចំណូលស្រុកថ្មីបានមកទិញដី និងកាប់ទន្រ្ទានដីព្រៃកាន់កាប់ជាកម្មសិទ្ធិ សម្រាប់ដាំដំណាំកសិឧស្សាហកម្ម ហើយក៏មានអ្នកភូមិខ្លះកាប់រានទន្រ្ទានដីព្រៃ ដើម្បីពង្រីកដីចម្ការរបស់ខ្លួនកាន់កាប់ជាកម្មសិទ្ធិដោយខុសច្បាប់ ក្នុងបំណងដាំដំណាំផ្សេងៗដូចជា ស្វាយចន្ទី និងដំឡូងមីជាដើម។ សកម្មភាពកាប់រានទន្ទ្រាននេះ ជាទង្វើខុសច្បាប់ភូមិបាល និង ច្បាប់ស្តីពីព្រៃឈើ។
សមាគមបណ្តាញយុវជនកម្ពុជារកឃើញថា ការអនុវត្តច្បាប់ និងការបំពេញមុខងាររបស់អាជ្ញាធរពាក់ព័ន្ធ និងមន្រ្តីរដ្ឋបាលព្រៃឈើ នៅមានកម្រិតនៅឡើយ។
កាលពីឆ្នាំ ២០១៩ រដ្ឋបាលខេត្តក្រចេះបានចេញលិខិតចំនួនពីរលើក ដោយស្នើឱ្យបញ្ឈប់ការចូលទន្ទ្រានកាន់កាប់ដីព្រៃសហគមន៍ភ្នំសេះ។ បើទោះបីជាសេចក្ដីជូនដំណឹងនេះមានការព្រមានធ្ងន់ធ្ងរក្តី តែសកម្មភាពកាប់រានទន្រ្ទានដីព្រៃខុសច្បាប់នៅតែបន្តកើតមាន និងមានសភាពកាន់តែធ្ងន់ដែលអាចធ្វើឱ្យព្រៃសហគមន៍ភ្នំសេះ ប្រឈមបាត់បង់ទាំងស្រុងនៅពេលអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។