សង្គម​ស៊ីវិល​គាំទ្រ​ការ​យក​ម៉ាស៊ីន​អារ​ឈើ​កសាង​រូប​សំណាក​សត្វ​ដំរី​នៅ​ខេត្ត​មណ្ឌលគិរី

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច ខេត្ត​មណ្ឌលគិរី​សាទរ ចំពោះ​ការ​យក​រណារ​យន្ត ទៅ​កែច្នៃ​ជា​រូប​សត្វ​ដំរី​តាំង​បង្ហាញ​ជា​សាធារណៈ នៅ​ខេត្ត​មណ្ឌលគិរី ដើម្បី​រួមចំណែក អភិរក្ស​ជីវចម្រុះ និង​ធនធានធម្មជាតិ​។ ពួកគាត់​គិត​ថា ក្រសួង​បរិស្ថាន​ដែល​អនុវត្ត​កិច្ច​ការងារ​នេះ នឹង​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ជា​វិជ្ជមាន ផ្លាស់ប្ដូរ​ផ្នត់គំនិត ចំពោះ​បុគ្គល​ណា​ដែល​បំផ្លាញ​ព្រៃឈើ ឱ្យ​ងាក​មក​ស្រឡាញ់​សត្វព្រៃ និង​ធនធាន​ធម្មជាតិ​ឡើង​វិញ។

អង្គការ​ការពារ​សត្វ​ដំរី និង​ក្រុម​ជនជាតិ​ដើម​ភាគតិច ចាត់​ទុក​រណារ​យន្ត ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ម៉ាស៊ីន​ត្រង់សឺន័រ ជា​ឧបករណ៍​បំផ្លាញ​ព្រៃឈើ ដែល​ជា​ផ្ទះ​របស់​សត្វ​ដំរី​ព្រៃ និង​សត្វព្រៃ​ផ្សេងទៀត នៅ​ខេត្ត​មណ្ឌលគិរី។ ក្រសួងបរិស្ថាន បាន​យក​រណារ​យន្ត កសាង​ជា​រូប​សំណាក​ដំរី ដើម្បី​ជា​និមិត្តរូប​នៃ​ការ​បង្ក្រាប​បទ​ល្មើស​​​ព្រៃឈើ ការពារ​ជីវចម្រុះ​ឱ្យ​បាន​គង់វង្ស។

នាយក​អង្គការ​ការពារ​សត្វ​ដំរី ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​មណ្ឌលគិរី លោក ឃុន ដីយ៉ូន ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា​ថា សត្វ​ដំរី​ស្រុក នៅ​ខេត្ត​មណ្ឌលគិរី មាន​សរុប ៣៧​ក្បាល ខណៈ​នៅ​ទូទាំង​ប្រទេស​មាន​ជាង ៦០​ក្បាល។ រីឯ​ដំរី​ព្រៃ​មាន​ជាង ៣០០​រយ​ក្បាល កំពុង​រស់នៅ​ភាគច្រើន ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា។ លោក​គាំទ្រ​យន្តការ​របស់​ក្រសួង​បរិស្ថាន ក៏ប៉ុន្តែ​លោក​ផ្ដល់​ទស្សនៈ​ថា ប្រសិនបើ​ក្រសួង​សាងសង់​រូប​សត្វ​ខ្លារខិន​មួយទៀត នឹង​រឹតតែ​ប្រសើរ ព្រោះ​សត្វ​ខ្លារខិន កំពុង​ប្រឈម​ការ​ផុត​ពូជ។ លោក​ចាំ​ថា ក្នុង​ពេល​កន្លង​ទៅ ក្រុម​អ្នក​អភិរក្ស​បាន​ប្រទះឃើញ​សត្វ​ខ្លា​មាន​វត្តមាន​ក្នុង​ព្រៃ​អភិរក្ស​ក្នុង​ខេត្ត​នេះ៖ «ក្រសួង​បរិស្ថាន​ធ្វើ​កិច្ច​ការងារ​នេះ ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ដល់​អ្នក​បំផ្លាញ​ព្រៃឈើ​ទាំងឡាយ​។ ពីព្រោះ​ព្រៃឈើ​គឺជា​ផ្ទះ ឬ​លំនៅឋាន​របស់​សត្វ​ដំរី ហើយ​រណារ​យន្ត​ហ្នឹងហើយ គឺជា បំផ្លាញ​ព្រៃឈើ​របស់​មនុស្ស ហើយ​គេ​បាន​ប្រើ​សម្ភារ ច្រវាក់​ម៉ូតូ​ខ្លះ​។ ម៉ូតូ​ទាំងអស់​ហ្នឹងហើយ ជា​អ្នក​បំផ្លាញ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​។ ម៉ូតូ​គឺជា​នាំ​ឈើ​ចេញពី​ព្រៃ​ជ្រៅៗ​មក​ហ្នឹង​។ ដំរី​នៅ​មណ្ឌលគិរី​មាន​ច្រើន​ជាងគេ​នៅ​កម្ពុជា»។

ក្រសួងបរិស្ថាន​បាន​បង្ហោះ​សារ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន កាលពី​សប្ដាហ៍​មុន​ថា រូប​សំណាក​សត្វ​ដំរី​ស្ថាបនា​ឡើង​ដោយ​រណារ​យន្ត ជា​វត្ថុ​តាង​ប្រមូល​បាន​ពី​បទ​ល្មើស​ធនធានធម្មជាតិ។ ក្រសួង​គ្រោង​ដាក់​តាំង​ជា​សាធារណៈ​នៅ​សួនឧទ្យាន​សែនមនោរម្យ ក្នុង​ខេត្ត​មណ្ឌលគិរី​នៅ​ពេល​ឆាប់ៗ នេះ​។ រូបសំណាក​សត្វ​ដំរី​ធ្វើ​ពី​គ្រឿង​រណារ​យន្ត​នេះ មាន​កម្ពស់​ជិត ៣​ម៉ែត្រ (២,៨០) បណ្ដោយ ៣​ម៉ែត្រ និង ១​តឹក (៣,១០) ទទឹង​ចន្លោះ​ពី ៩​តឹក (០,៩០) ទៅ ១​ម៉ែត្រ (​គិត​ពី​ទំហំ​តួខ្លួន)។ សម្ភារៈ​កសាង​ដំរី​ទាំងមូល ផ្សំ​ឡើង​ដោយ​ឧបករណ៍​អារ​ឈើ​ស្វ័យ​ប្រវត្តិ និង​គ្រឿង​ម៉ូតូ ដែល​ប្រព្រឹត្ត​បទល្មើស។

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា បាន​ថ្លែង​ក្នុង​ទំព័រ​ហ្វេសប៊ុក​ថា រូបសំណាក នេះ ក្នុង​បំណង​បង្ហាញ​ដល់​សាធារណជន ឱ្យ​ឃើញ​ថា រណារ​យន្ត​ដែល​សមត្ថកិច្ច​ជំនាញ​ចាប់​បាន និង​ប្រមូល​រក្សាទុក​នៅ​ក្នុង​ទីស្នាក់ការ​ដែន​ជម្រក​សត្វព្រៃ​ទាំង ៥​តំបន់ ក្នុង​ខេត្ត​នេះ​។ ជាង​នេះ​ទៅ​ទៀត រណារ​យន្ត ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​កាប់​រុករាន​ដី​ព្រៃ​របស់​រដ្ឋ​ខុសច្បាប់ និង​ត្រូវ​បញ្ឈប់ ប្រើប្រាស់​វា​បំផ្លាញ​ធនធានធម្មជាតិ​បន្ត​ទៀត​។ លោក​ថា រូប​សំណាក​នេះ ជា​តឹកតាង​សំខាន់ ពញ្ញាក់​ស្មារតី​ឱ្យ​ពលរដ្ឋ​ចូលរួម​សកម្មភាព​ការពារ​ព្រៃឈើ និង​អភិរក្ស​ហ្វូង​សត្វ​ដំរី ដើម្បី​បង្កើន​ប្រាក់ចំណូល​ពី​វិស័យ​ទេសចរណ៍ ក្នុង​ខេត្ត​មណ្ឌលគិរី។

លោក ឃុន ដីយ៉ូន អំពាវនាវ​ដល់​ក្រសួង​បរិស្ថាន ឱ្យ​សាងសង់​សារមន្ទីរ​មួយ តាំង​បង្ហាញ​វត្ថុតាង ដែល​បម្រើ​ឱ្យ​មធ្យោបាយ​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ ដើម្បី​ពញ្ញាក់​ស្មារតី​ឱ្យ​មហាជន​ស្នេហា​បរិស្ថាន និង​សត្វព្រៃ បំណង​ទាក់ទាញ​អារម្មណ៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បង្កើត​ប្រាក់ចំណូល​ពលរដ្ឋ​។ លោក​បារម្ភ​ថា ប្រភព​ចម្បង​ប៉ះពាល់​ជម្រក និង​ហ្វូង​ដំរី​ព្រៃ ដោយសារ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​កំពុង​កើតមាន​គ្រប់​រូបភាព នៅ​តំបន់​ដែល​ដំរី​រស់នៅ និង​ចិញ្ចឹម​ជីវិត៖ «រថយន្ត​ចាប់​បាន​ច្រើន យើង​ដុត​ចោល ប្រសិនបើ​យើង​ទុក​តាំង​ជា វត្ថុ​បម្រើ​ដឹក​បទល្មើស​ព្រៃឈើ ទុក​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​ថា បាត់បង់​ព្រៃឈើ​ដោយសារ​របស់​អស់ទាំង​នេះ ហើយ​យើង​ដុត​ចោល ហាក់ដូចជា ខ្ញុំ​សោកស្ដាយ​។ ការ​កាប់​បំផ្លាញ​ព្រៃឈើ នៅ​តែ​មាន ពីព្រោះ​ព្រៃ​ឈើ​ជា​ផ្ទះ​របស់​វា ហើយ​ប្រសិនបើ​យើង​បំផ្លាញ​ព្រៃឈើ​អស់​ទាំង​នោះ ដំរី​អត់​មាន​ទីជម្រក ដល់​ពេល​ដំរី​អត់​មាន​ទីជម្រក​វា​នឹង​អាច​ខ្វះ​ទឹក វា​នឹង​អាច​ខ្វះ​ចំណី ហើយ​វា​នឹង​អាច​ស្លាប់»។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី លោក គ្រើង តុលា បារម្ភ​ថា ការ​ថយ​ចុះ​ទំហំ​ព្រៃឈើ ដែល​ជា​ជង្រុក​ហ្វូង​ដំរី​ព្រៃ​រស់នៅ ជា​កត្តា​ចម្បង យាយី​ដល់​ការ​ចិញ្ចឹម​ជីវិត​សត្វ​ដំរី​ព្រៃ ជាពិសេស​ប៉ះពាល់​ជីវសាស្ត្រ​ដំរី។ លោក​ថា បច្ចុប្បន្ន​ក្រុម​ពលរដ្ឋ​មួយ​ចំនួន បាន​លួច​កាប់​ទន្ទ្រាន​ដី​ព្រៃ​ធ្វើ​ចម្ការ នៅ​តំបន់​ព្រៃ​ការពារ​ធម្មជាតិ រំខាន​ការ​ចិញ្ចឹម​ជីវិត​សត្វ​ដំរី​ព្រៃ​។ ចំណែក​អាជ្ញាធរ​ជំនាញ នៅ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​អំពី​ការ​អភិរក្ស​សត្វ​ដំរី​ព្រៃ ឱ្យ​ល្អ​ប្រសើរ​នៅឡើយ​ទេ ដោយសារ ដំរី​ព្រៃ​ជាច្រើន​ក្បាល នៅតែ​ងាប់​ជា​បន្តបន្ទាប់ ដោយសារ​ការ​បរបាញ់​យក​ភ្លុក និង​គ្មាន​បច្ចេកទេស​បាញ់​ដំរី​ឱ្យ​សន្លប់​ពេល​វា​ចុះប្រេង​ជាដើម។ លោក​សង្កេត​ឃើញ​ថា នៅ​កន្លែង​ដែល​ដំរី​ព្រៃ​រស់នៅ និង​ឆ្លងកាត់ ខ្វះ​ប្រភព​ទឹក​នៅ​រដូវប្រាំង ដោយសារ​គ្រោះ​រាំងស្ងួត កើតឡើង​ស្ទើរ​ជា​រៀងរាល់​ឆ្នាំ។ ហេតុនេះ​លោក​ចង់​ឱ្យ​អាជ្ញាធរ​ជីក​ស្រះ​ឱ្យ​ច្រើន​កន្លែង ដើម្បី​ធានា​ការ​ផ្គត់ផ្គង់​ប្រភព​ទឹក​ដល់​ហ្វូង​ដំរី​ព្រៃ៖ «ចំពោះ​ការ​អភិរក្ស​សត្វព្រៃ​នៅ​តំបន់​កែវសីមា​ហ្នឹង បច្ចុប្បន្ន​នៅ​មាន​ចន្លោះប្រហោង​ដោយសារតែ មន្ត្រី​ឧទ្យានុរក្ស​នៅ​មាន​កម្រិត វា​តិចតួច ហើយ​បច្ចុប្បន្ន​ខ្ញុំ​ឃើញ​ដំឡើង កងកម្លាំង​ទាហាន ប៉ូលិស​អី​ណា​អី​ណី​ទៅ។ ដល់​ពេល​​របស់ (​ មន្ត្រី​ឧទ្យានុរក្ស ) ដែល​ត្រូវ​ការពារ ដូចជា​សត្វព្រៃ និង​ព្រៃឈើ​ប្រែជា​តិច​។ នេះ​ហើយ​នេះ ជា​ចំណុច​ចន្លោះប្រហោង​ក្នុង​ការ​ដឹកនាំ របស់​ថ្នាក់ដឹកនាំ​យើង»។

របាយការណ៍​របស់​អង្គការ​ការពារ​សត្វ​ដំរី ELIE នៅ​ឆ្នាំ​២០១៩ នេះ បង្ហាញ​ថា អំឡុង​ឆ្នាំ​២០១៧ ដំរី​ងាប់ ៥​ក្បាល​។ ក្នុង​នោះ ៣​ក្បាល​ងាប់​ដោយសារ​ជំងឺ និង ២​ក្បាល​ទៀត ងាប់​ដោយសារ​អាជ្ញាធរ​បាញ់​ពេល​វា​ចុះប្រេង អុកឡុក​ពលរដ្ឋ និង ​១​ក្បាល​ទៀត ងាប់​ដោយសារ​ធ្លាក់​រណ្ដៅ​។ នៅ​អំឡុង ឆ្នាំ​២០១៨ មាន​ដំរី​ស្រុក ងាប់ ២​ក្បាល ក្នុង​នោះ​មួយ​ក្បាល​ឈឺ និង​មួយ​ក្បាល​ទៀត ងាប់​ដោយសារ​ម្ចាស់​ចងទុក នៅ​ពេល​ចុះប្រេង ហើយ​នៅ​ដើម​ឆ្នាំ​២០១៩​ នេះ ដំរី​ព្រៃ ១​ក្បាល​ទម្ងន់​ជាង ១​តោន​ងាប់​ដោយសារ​ការ​បរបាញ់​ដើម្បី​កាត់​យក​ភ្លុក។

របាយការណ៍​របស់​ក្រសួង​បរិស្ថាន បង្ហាញ​ថា បច្ចុប្បន្ន​សត្វ​ដំរី​ព្រៃ​នៅ​ទូទាំង​ប្រទេស​មាន​ជាង ៥០០ក្បាល ក្នុង​នោះ ៣៧៥ក្បាល រស់នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​​ទាំង ៥ នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​។ រីឯ​ដំរី​ព្រៃ​ចំនួន ៣៧៥ ក្បាល​ទៀត កំពុង​រស់នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ និង​តំបន់​ផ្សេងទៀត​ក្នុង​ប្រទេស។ ក្រសួង​បរិស្ថាន បាន​គ្រប់គ្រង​តំបន់​ការពារ​ធម្មជាតិ និង​អភិរក្ស​ជីវចម្រុះ លើ​ផ្ទៃដី ៧,៥ លាន​ហិកតារ ស្មើ​ប្រមាណ ៤១% នៃ​ផ្ទៃដី​សរុប​ទូទាំង​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។