ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងបាតុករមកពីតាមបណ្ដាខេត្តនានា បានរិះគន់ក្រុមហ៊ុនម៉ៅការប្រមូលសំរាមនៅរាជធានីភ្នំពេញ ថាព្រងើយកន្តើយក្នុងការយកសំរាមចេញពីទីលានប្រជាធិបតេយ្យ និងសួនច្បារនានា ជុំវិញបរិវេណដែលមានក្រុមបាតុករបានសម្រាក។
លោក សាន ស្រ៊ីម មកពីឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ថ្លែងថា ពួកគាត់បានមកចូលរួមបាតុកម្ម ហើយបានឃើញទីក្រុងនៃប្រទេសស្អាត គាត់រឹតតែជួយសម្អាតបន្ថែម។ ក្រោយទទួលទានអាហាររួច គាត់យកសំណល់ប្លាស្ទិករៀបចំចងយកទៅដាក់ក្នុងថង់ខ្មៅ ដែលមន្ត្រីសណ្ដាប់ធ្នាប់គណបក្សសង្គ្រោះជាតិ បានរៀបចំឲ្យបោះក្នុងនោះ ងាយស្រួលកើប និងលើកចេញ។ ប៉ុន្តែ ពីរថ្ងៃដែលគាត់នៅក្នុងទីលានប្រជាធិបតេយ្យ មិនឃើញរថយន្ត ឬរទេះដឹកសំរាមនោះចេញទេ។
លោក ប៊ិន រិន មកពីស្រុកមេមត់ ខេត្តកំពង់ចាម ថ្លែងបន្ទោសថា គាត់ជាអ្នកជនបទភ័យខ្លាចគេថាមិនចេះរស់នៅស្អាត។ គាត់ខំជួយសម្អាត ដោយរៀបចំទុកដាក់សំរាមត្រឹមត្រូវ តែបែរជាគ្មានអ្នកដឹកសំរាមចេញ។ គាត់ក៏សម្រាន្តកើយសំរាមពេញមួយយប់ និងអង្គុយហិតក្លិនសំរាមមកដល់ថ្ងៃនេះទៀត។
ពលរដ្ឋតំបន់បឹងកក់ លោក ច័ន្ទ ពុទ្ធិស័ក្តិ ថ្លែងថា ក្រុមហ៊ុន ស៊ីនទ្រី ដែលម៉ៅការប្រមូលសំរាមក្នុងទីក្រុង ទំនងមានចេតនាមិនប្រមូលសំរាមនោះចេញ ពីព្រោះ បើហេតុផលថាមានការកកស្ទះចរាចរណ៍ ឡានសំរាមចូលមិនរួចនោះ គឺមិនមានទេ។

បំភ្លឺតបនឹងការលើកឡើងនោះ នាយករងក្រុមហ៊ុន ស៊ីនទ្រី លោក សេង ចំរើន និយាយថា ចរាចរណ៍ចង្អៀតមិនអាចឲ្យរថយន្តបើកចូលទៅដឹកយកសំរាមចេញបាន ទើបក្រុមហ៊ុនឲ្យកម្មករដាក់រទេះមួយចំនួន និងធុងសំរាមធំមួយ ដើម្បីឲ្យបាតុករយកសំរាមទៅបោះក្នុងនោះ ទម្រាំផ្លូវទូលាយ នឹងដឹកសំរាមយកចេញ។ លោកសន្យាថា នៅថ្ងៃទី២៤ ខែតុលា នេះ សំរាមនឹងដឹកចេញឲ្យអស់ពីទីលានប្រជាធិបតេយ្យ។
នៅថ្ងៃទី២ នៃការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ ដែលមកពីខេត្តនានា ដើម្បីទាមទាររកយុត្តិធម៌នៃសំឡេងឆ្នោតកន្លងទៅ ដែលមានការសង្ស័យថា បន្លំសំឡេងអ្នកចាញ់ទៅជាឈ្នះ ឯអ្នកឈ្នះទៅជាចាញ់ គេបានឃើញសំរាមចងដាក់ក្នុងថង់ច្រើនគំនរ ជុំវិញទីលានប្រជាធិបតេយ្យផង នៅសួនច្បារក្បែរស្ពាននាគផង និងនៅរមណីយដ្ឋានវត្តភ្នំ ផង គេបានឃើញអ្នកទេសចរអន្តរជាតិមួយចំនួន បានថតរូបសំរាមនេះទុក។
នៅថ្ងៃទី២ នៃមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ ក្រុមគ្រូពេទ្យ និងនិស្សិតស្ម័គ្រចិត្តសង្គ្រោះបឋម ឲ្យដឹងថា មិនមានបាតុករដួលសន្លប់ទេ មានតែឈឺក្បាល ខ្វះជាតិស្ករ និងវិលមុខ ពិសេសជំងឺភ្នែកក្រហម ដែលពួកគាត់ឈឺតាំងពីមុនពេលចាកចេញពីភូមិស្រុក មកធ្វើបាតុកម្មនាពេលនេះ។ ពួកគាត់បានកើតជំងឺភ្នែកច្រើន ដែលបានមកសុំថ្នាំព្យាបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។