អាជ្ញាធរនិងពលរដ្ឋខេត្តកំពង់ឆ្នាំងពិភាក្សាដោះស្រាយបញ្ហាអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ
2017.02.02
តំណាងក្រសួងធនធានទឹក ក្រសួងហិរញ្ញវត្ថុ និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន បានបញ្ជាក់បន្ថែមដល់ពលរដ្ឋរងផលប៉ះពាល់ជាង ៤០០គ្រួសារ ពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រលំហាចខេត្តកំពង់ឆ្នាំង។ ការបញ្ជាក់នេះ នៅគ្រាដែលពលរដ្ឋមួយចំនួនមិនទាន់យល់ច្បាស់ពីគម្រោង ហើយបារម្ភបាត់បង់ដីធ្លី និងផ្ទះសម្បែងដោយគ្មានសំណងសមរម្យជាមុន។
មន្ត្រីជំនាញអន្តរក្រសួងរបស់រដ្ឋាភិបាល និងតំណាងពលរដ្ឋដែលរងផលប៉ះពាល់ដោយគម្រោងប្រព័ន្ធធារាសាស្ត្រមួយ ឋិតនៅស្រុករលាប្អៀរ ស្រុកបរិបូរណ៍ និងស្រុកទឹកផុស បានប្រកាសជំហរដូចគ្នាថា នឹងទទួលយក ឬដោះស្រាយសំណងដោយយុត្តិធម៌ និងសមរម្យជាមុនដើម្បីអនុវត្តគម្រោងទៅបានដោយរលូន។ មន្ត្រីជំនាញថា ពលរដ្ឋមានក្ដីបារម្ភដោយសារតែពួកគេមិនទាន់យល់គម្រោង។
ថ្លែងទៅកាន់ពលរដ្ឋរងផលប៉ះពាល់ប្រមាណ ៣០០នាក់ នៅក្នុងបរិវេណវត្តអណ្ដូងរវាង ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ នៅថ្ងៃទី១ ខែកុម្ភៈ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសថា សំណងផលប៉ះពាល់ដែលនឹងផ្ដល់ជូនពលរដ្ឋនៅជំហានទីពីរ និងទីបីនៃការអនុវត្តគម្រោង គឺមានលក្ខណៈសមរម្យ និងយុត្តិធម៌។ តម្លៃសំណងប៉ះពាល់ដីធ្លី ដើមឈើ និងផ្ទះ នឹងមានបិទផ្សាយនៅតាមសាលាឃុំក្នុងពេលឆាប់ៗ។
អគ្គនាយករងនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក យ៉េន សុភ័ណ មានប្រសាសន៍ថា ក្រុមជំនាញបច្ចេកទេស និងអ្នកវាយតម្លៃផលប៉ះពាល់ឯករាជ្យបានសិក្សាយ៉ាងលម្អិតទៅតាមទីផ្សារដីជាក់ស្ដែង ទើបមានការផ្ដល់សំណងនៅដំណាក់កាលទី១ គឺចំពោះដីដែលប៉ះនឹងប្រឡាយមេ ហើយបានយកដីដែលទូទាត់រួចនោះទៅអនុវត្តគម្រោង៖ «យើងឈរលើគោលការណ៍មួយកាត់បន្ថយផលប៉ះពាល់ឲ្យក្នុងកម្រិតអប្បបរមា បើយើងគិតអស់ហើយយើងអត់អាចបញ្ចៀសផលប៉ះពាល់របស់បងប្អូនអត់បានទាំងស្រុងទេ។ ទីពីរយើងត្រូវផ្ដល់សំណងសមរម្យ និងយុត្តិធម៌ដល់បងប្អូន ជាពិសេសត្រូវផ្ដល់សំណងជាមុននឹងដកយកដីមកប្រើប្រាស់សម្រាប់ការអនុវត្តគម្រោង។ ការអនុវត្តការងារ ត្រូវពិគ្រោះយោបល់ជាមុន ជាលើកនេះជាលើកទី៥ តែមិនថា នេះលើកចុងក្រោយទេ ឲ្យតែបងប្អូនមានចម្ងល់ យើងខ្ញុំនឹងមកដល់ទៀត»។
ទាក់ទងនឹងបញ្ហាផ្ដល់សំណង និងការអនុវត្តគម្រោងនេះ កាលពីដើម ខែធ្នូ ឆ្នាំ២០១៦ មានពលរដ្ឋរងផលប៉ះពាល់ចំនួន ៤០៣នាក់ នៅឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ បានផ្ដិតមេដៃសុំអន្តរាគមន៍ទៅក្រសួងធនធានទឹក ក្រសួងសេដ្ឋកិច្ច និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន។ ក្នុងញត្តិនោះ ពលរដ្ឋបដិសេធសំណងដែលបានផ្ដល់លើកទី១ ជូនអ្នកមានដីប៉ះពាល់នឹងប្រឡាយមេ។
ក្រុមពលរដ្ឋឲ្យដឹងថា ការទូទាត់សំណងផលប៉ះពាល់ពីគម្រោងប្រព័ន្ធធារាសាស្ត្រលំហាចលើកទី១ ពលរដ្ឋរងគ្រោះទទួលបានសំណងតែបីកាក់ ឬស្មើនឹង ១.២០០រៀល ក្នុង ១ម៉ែត្រការ៉េ ចំពោះដីស្រែមិនជាប់ផ្លូវ ចំណែកដីស្រែជាប់ផ្លូវរទេះបានបួនកាក់ ឬស្មើនឹង ១.៦០០រៀល។ ខណៈដែលពលរដ្ឋរងផលប៉ះពាល់ចង់បានតម្លៃដីស្រែមិនជាប់ផ្លូវ ៥កាក់ ឬស្មើនឹង ២ពាន់រៀល និងដីស្រែជាប់ផ្លូវឲ្យបាន ១ដុល្លារ។
តំណាងពលរដ្ឋម្នាក់ក្នុងចំណោមបីនាក់ លោកស្រី ឆៅ សាវឿន មានប្រសាសន៍ថា ការបញ្ជាក់បន្ថែមលើការអនុវត្តគម្រោងពីមន្ត្រីជំនាញនេះ លោកស្រី និងពលរដ្ឋភាគច្រើនអាចទទួលយកបាន ប៉ុន្តែចំពោះតម្លៃសំណងផលប៉ះពាល់លោកស្រីមិនទាន់ឯកភាព ឬត្រូវតវ៉ាយ៉ាងណាទៀតនោះទេ ព្រោះអាជ្ញាធរមិនទាន់កំណត់តម្លៃជាក់លាក់ ដែលត្រូវចាំមើលពេលផ្ដល់សំណងជាក់ស្ដែងសិន៖ «ដូចរយៈកាលកន្លងគាត់សួរគេអ្នកចេះដឹង គេថា បើបីកាក់ស្មើនឹង ១.២០០រៀល គាត់អត់អាចទទួលយកបានទេ។ បញ្ហានេះខ្ញុំសំណូមពរដល់តំណាងក្រុមហ៊ុន ឬរដ្ឋាភិបាល សូមដោះស្រាយសំណងមុនការអភិវឌ្ឍ ហើយសំណងនោះឲ្យបានសមរម្យដូចនៅខាងអាចាង (ប្រព័ន្ធធារាសាស្ត្រ) ហើយសម្រាប់ដើមឈើក្រោមពីប្រាំម៉ែត្រ សូមដាក់បញ្ចូលឲ្យគាត់បានគ្រប់»។
តំណាង និងពលរដ្ឋដែលរងផលប៉ះពាល់ធ្លាប់តវ៉ាទៅទីភ្នាក់ងាររបស់ប្រទេសជប៉ុន ដែរ ដោយពួកគេយល់ថា ទីភ្នាក់ងារផ្ដល់កម្ចីនេះជាប់ពាក់ព័ន្ធនឹងគម្រោងដែលបង្កឲ្យមានបញ្ហាដល់ពលរដ្ឋនេះដែរ។ ប៉ុន្តែតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន បានបញ្ជាក់ទៅពលរដ្ឋវិញតាមរយៈលិខិតមួយច្បាប់ថា ចៃកា (Jica) មិនមែនជាអ្នកប្រតិបត្តិគម្រោងនោះទេ ហើយក៏គ្មានតួនាទីទៅអនុវត្តគម្រោងនោះដែរ ប៉ុន្តែ ចៃកា មានតួនាទីត្រួតពិនិត្យ និងតាមដានគម្រោង ថាតើគម្រោងត្រូវបានអនុវត្តទៅតាមគោលការណ៍ និងការណែនាំរបស់ចៃកា ឬអត់។ ចំពោះចម្ងល់ផ្សេងៗ ត្រូវសួរទៅក្រសួងជំនាញ។
តំណាងក្រសួងធនធានទឹក និងឧតុនិយម និងមន្ត្រីបច្ចេកទេសគម្រោងប្រព័ន្ធធារាសាស្ត្រលំហាច អះអាងថា ការអនុវត្តគម្រោងក្រោមជំនួយរបស់ជប៉ុន គឺមានការប្រយ័ត្នប្រយែងជាងគម្រោងណាៗទាំងអស់ ព្រោះទីប្រឹក្សាបច្ចេកទេសមានភាពតឹងតែង និងគោរពគោលការណ៍ ព្រមទាំងសិទ្ធិពលរដ្ឋដែលរងផលប៉ះពាល់ បើមិនដូច្នោះទេ គម្រោងអ្វីមួយដែលគាំទ្រដោយជប៉ុន អាចនឹងលប់ចោលវិញ។
អគ្គនាយករងកិច្ចការរដ្ឋបាលនៃក្រសួងធនធានទឹក និងឧតុនិយម លោក ពេជ្រ វាសនា ថ្លែងថា អនុគម្រោងប្រព័ន្ធធារាសាស្ត្រលំហាច ដែលទទួលបានប្រាក់កម្ចីពីប្រទេសជប៉ុន មកអនុវត្តនេះ បានសិក្សាប្លង់តាំងពីឆ្នាំ២០០៤ ហើយទើបផ្ដល់សំណងលើកទី១ និងដាក់គ្រឿងចក្រឈូសឆាយក្នុងខែកញ្ញា ឆ្នាំ២០១៦ ដោយមានការពិគ្រោះយោបល់ ៥លើក ប៉ុន្តែពលរដ្ឋនៅតែមិនទាន់យល់ច្បាស់ពីគម្រោង៖ «ក្រោយពេលពន្យល់ឲ្យដឹងហើយ បានរៀបចំសហគមន៍កសិករប្រើប្រាស់ទឹក គឺធ្វើមុនពេលសាងសង់ ដល់ពេលក្រុមគ្រឿងចក្រចូលមកធ្វើ ក្រុមហ្នឹងនៅតែបន្តអ៊ីចឹង រៀបចំយ៉ាងម៉េចឲ្យដំណើរការ ហើយក្រោយពីគម្រោងសាងសង់ចប់ ក្រុមហ្នឹងនៅបីឆ្នាំបន្តទៀត នៅមើលទៀតតើសហគមន៍ដែលបង្កើតហើយហ្នឹង តើដំណើរការបានអត់»។
មន្ត្រីជំនាញផ្នែកបច្ចេកទេសនៃគម្រោងស្ថាបនាប្រព័ន្ធធារាសាស្ត្រលំហាច បញ្ជាក់ថា ផ្ទៃដីដែលរងផលប៉ះពាល់មានជាងបីពាន់ហិកតារ (៣.២៨៩) ហើយគម្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០១៨។
លិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ឆ្លើយតបនឹងញត្តិរបស់តំណាងពលរដ្ឋដែលរងផលប៉ះពាល់ចំនួន ៤០៣នាក់ នៅឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ បង្ហាញថា ប្រព័ន្ធធារាសាស្ត្រលំហាច នឹងត្រូវសាងសង់ជាពីរដំណាក់កាល។ ដំណាក់កាលទី១ និងសាងសង់ប្រឡាយមេមួយខ្សែប្រវែងជាង ១៦គីឡូម៉ែត្រ (១៦.៤២០) ប្រឡាយរងចំនួន ៦ខ្សែ ប្រវែងជាង ៦គីឡូម៉ែត្រ (៦.១៣៦) និងប្រឡាយរំដោះទឹកចំនួន ៧ខ្សែ ប្រវែងជិត ១៣គីឡូម៉ែត្រ (១២.៦៥៧)។
នៅដំណាក់កាលទី២ នឹងសង់ប្រឡាយរងចំនួន ៧ខ្សែ ប្រវែងជិត ៤០គីឡូម៉ែត្រ (៣៦.៣៨១) ប្រឡាយរំដោះទឹកចំនួន ៨ខ្សែ ប្រវែងជាង ៤០គីឡូម៉ែត្រ (៤៣.៥៩៩) និងប្រឡាយស្រោចស្រពចំនួន ៩៤ខ្សែ៕