ផ្ទះប្រជាពលរដ្ឋចំនួន ៩ខ្នងនៅភូមិកោះគ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល បានបាក់ធ្លាក់ ចូលទន្លេ ដែលពលរដ្ឋអះអាងថា បណ្ដាលមកពីការបូមខ្សាច់អនាធិបតេយ្យក្នុងតំបន់នោះ។ ពលរដ្ឋទាមទារអាជ្ញាធរ និងក្រុមហ៊ុនបូមខ្សាច់ ឱ្យផ្ដល់សំណង់ដល់ពួកគាត់។
ហេតុការណ៍បាក់ដីច្រាំង និងផ្ទះចូលទន្លេនេះ កើតឡើងនៅវេលាម៉ោង ៤ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ស្ថិតក្នុងភូមិកោះគ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ពលរដ្ឋរងគ្រោះម្នាក់ លោកស្រី យ៉ុម សុខា ប្រាប់អាស៊ីសេរីថា ផ្ទះរបស់លោកស្រី បានបាក់ចូល ទន្លេអស់ពាក់កណ្ដាល នៅសល់តែខាងមុខបន្តិចប៉ុណ្ណោះ ប៉ុន្តែពុំមានគ្រោះថ្នាក់ដល់មនុស្ស និងសត្វនោះទេ។ លោកស្រីបញ្ជាក់ថា ផ្ទះដែលរងគ្រោះធ្ងន់ធ្ងរជាងគេ គឺមានចំនួន ៩គ្រួសារ ចំណែកផ្ទះពលរដ្ឋផ្សេងៗ ទៀត ក៏កំពុងទទួលរងការគំរាមកំហែងនៃគ្រោះបាក់ដីច្រាំងទន្លេនេះដែរ។ ផ្ទះដែលបាក់ធ្លាក់ចូលទន្លេនោះ ភាគច្រើនធ្វើអំពីឈើ ចំណែកជញ្ជាំង និងដំបូលស័ង្កសី។ ពលរដ្ឋរូបនេះ អះអាងថា មូលហេតុដែលបាក់ដីច្រាំង និងផ្ទះអ្នកភូមិចូលទន្លេជាបន្តបន្ទាប់នេះ ដោយសារតែនៅតំបន់នោះ មានសកម្មភាពបូមខ្សាច់ទាំងយប់ទាំងថ្ងៃរញ្ជួយដីខ្លាំង ពោលគឺ មិនមែនបណ្ដាលមកពីគ្រោះធម្មជាតិទ៖ «ទើបតែយប់មិញ រាងខ្លាំងដូចហែកជាពីរ យកអីគ្មានទាន់ផង ចានឆ្នាំអីនៅក្រោយ បាក់ទៅមួយកំណាត់តែម្ដង។ ផ្ទះធំដែរ គ្រាន់តែផ្ទះបាយនៅខាងក្រោយនោះ អស់១ពាន់ ៨រយដុល្លារ។ ទើបតែបូមខ្សាច់នេះទេ ដែលបាក់ដីអញ្ចឹងហ្មង ។អ្នកបូមខ្សាច់នេះបូមនៅខាងក្រោយផ្ទះខ្ញុំហ្មង។ ខ្ញុំនៅតាំងពីឆ្នាំ១៩៩២មក មិនដែលមានបាក់ដីអ៊ីចឹងទេ»។
នៅពេលបាក់ដី និងបាក់ផ្ទះចូលទន្លេបែបនេះ ពលរដ្ឋទាំងនោះពុំទាន់ដឹងថា ទៅស្នាក់នៅទីណា ឡើយ ហើយពួកគាត់កំពុងរុះរើផ្ទះ និងរបស់របរ ដែលនៅសេសសល់ទុកមួយកន្លែងសិន។
លោកស្រី យ៉ុម សុខា ទាមទារឱ្យអាជ្ញាធរ និងក្រុមហ៊ុនបូមខ្សាច់នៅតំបន់ ផ្ដល់សំណង់សមរម្យ ជូនពួកគាត់ ដើម្បីមានលទ្ធភាពទិញដី និងសង់លំនៅឋានឡើងវិញ៖ «ខ្ញុំសូមសំណូមពរគាត់សុំទីកន្លែងនៅ ព្រោះអីខ្ញុំអត់មានអីទេ ខំខ្ចីលុយអង្គការ មកធ្វើផ្ទះ ហើយឥឡូវត្រូវបាក់ទៅអស់រលីង»។
អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ មានប្រសាសន៍ថា លោកមិនទាន់ដឹងចំនួនខ្នងផ្ទះពលរដ្ឋដែលរងផលប៉ះពាល់នៅឡើយទេ ហើយលោកអះអាងថា ការបាក់ច្រាំងដី និងផ្ទះ ពលរដ្ឋនេះ មិនមែនបណ្តាលមកពីការបូមខ្សាច់ឡើយ ប៉ុន្តែបណ្ដាលមកពីលំហូរខ្សែទឹកបុកខ្លាំង ទើបបណ្ដាលឱ្យដីបែកប្រេះបាក់ស្រុតតែម្ដង ខណៈផ្ទះតូចៗ ទាំងនោះ សាងសង់នៅជាប់មាត់ទន្លេស្រាប់ផង។ លោកបន្តថា អាជ្ញាធរកំពុងចុះពិនិត្យ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ប៉ុន្តែពុំទាន់បញ្ជាក់លម្អិតអំពីការផ្តល់ដំណោះស្រាយបែបណានោះទេ៖ «ប្រជាជនយើង រស់នៅមាត់ច្រាំង ទី១ លោកយល់ហើយស្ថានភាពនៃការបាក់នោះទី២ ពេលបាក់ គឺគាត់មានអារម្មណ៍លំបាក គាត់ភ័យ គាត់ខ្វះទ្រនំរស់នៅ ដូច្នេះគាត់ពិតជាមានប្រសាសន៍ក្នុងកិច្ចការនេះ ដើម្បីឱ្យយើងបានជួយគាត់ ហើយខេត្តកំពុងខិតខំជួយកយកអាសាគាត់ ។ការបូមនេះ យើងយកច្បាប់ជាធំ យកបច្ចេកទេស ការសិក្សារបស់ ក្រសួងរ៉ែ និងថាមពល និងមានអាជ្ញាប័ណ្ណអីជាធំ ។យើងមិនមែនចេះតែនាំគ្នាមកដល់បូមកន្លែងនេះ បូមកន្លែងនោះស្រេចតែចិត្តទេ»។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក យស មុនីរ៉ាត់ និងលោក វិចទ័រ ហ្សូនា ជាច្រើនដងតែពុំមានអ្នកទទួល។
សកម្មជនចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា ដែលធ្លាប់ចុះទៅសិក្សាស្រាវជ្រាវអំពីរឿងបូមខ្សាច់ នៅតំបន់នោះ មានប្រសាសន៍ថា ចាប់តាំងពីមានសកម្មភាពបូមខ្សាច់នេះ គឺចាប់ផ្ដើមមានហេតុការណ៍បាក់ច្រាំងទន្លេ និងផ្ទះពលរដ្ឋជាបន្តបន្ទាប់។ ម្យ៉ាងវិញទៀត លោករកឃើញថា ការបូមខ្សាច់ទាំង នោះទៀតសោត គឺធ្វើឡើយដោយគ្មានតម្លាភាពនោះទេ គឺអាជ្ញាធរ និងក្រុមហ៊ុន មិនបានពិគ្រោះ យោបល់ជាមួយប្រជាពលរដ្ឋ និងមិនបង្ហាញអាជ្ញាប័ណ្ណជាដើម ជាពិសេស សកម្មភាពបូមខ្សាច់នោះ ធ្វើឡើងរយៈពេលវែង និងនៅតែតំបន់ដដែល។ សកម្មជនបរិស្ថានរូបនេះ យល់ថា ការប្រកែក ទម្លាក់កំហុសទៅលើធម្មជាតិ គឺមិនសមហេតុផលនោះទេ ព្រោះទន្លេបាសាក់ គឺជាទន្លេតូចមួយ ដូច្នេះ គ្មានកម្លាំងខ្សែទឹកហូរខ្លាំង ដែលបណ្ដាលឱ្យបាក់ដីបាក់ និងបាក់ផ្ទះពលរដ្ឋនោះទេ៖ «អ្នកដែលទទួលខុសត្រូវគឺមានតាំងពីក្រសួងរ៉ែ និងថាមពលដែលចេញអាជ្ញាប័ណ្ណ ចេញពីក្រុមហ៊ុនបូមខ្សាច់ និងពីអាជ្ញាធរ មូលដ្ឋានមួយចំនួនដែលមិនបាន ពីគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ បានន័យថា ត្រូវទទួលខុសត្រូវផ្ដល់សំណង ព្រោះពលរដ្ឋរងគ្រោះ អស់ទាំងដីអស់ទាំងផ្ទះ ហើយបាត់បង់មុខរបរ គឺខាតបង់ធំមែនទែន ខណៈដែលការ បូមខ្សាច់នេះគឺមិនមានផលចំណេញអីដល់ពួកគាត់នោះទេ»។
កន្លងមក អ្នកភូមិកោះគ តែងតែប្រមូលផ្តុំគ្នាតវ៉ាឱ្យអាជ្ញាធរបញ្ឈប់សាឡង់បូមខ្សាច់ពីបាតទន្លេក្នុងតំបន់ពួកគាត់រស់នៅ ដោយសារតែពួកគាត់ព្រួយបារម្ភអំពីការបាក់ច្រាំងទន្លេ ប៉ុន្តែអាជ្ញាធររដ្ឋាភិបាល តែងតែបកស្រាយថា ការបូមខ្សាច់នេះមានការវាយតម្លៃត្រឹមត្រូវ និងមិនបង្កផលប៉ះពាល់ទេ ថែមទាំងជួយស្តាទន្លេទៀតផង។
តាមលទ្ធផលនៃការសិក្សាស្រាវជ្រាវមួយរបស់សកលវិទ្យាល័យ សៅសែមថុន (University of Southampton) នៃប្រទេសអង់គ្លេស ដែលចេញផ្សាយកាលពីថ្ងៃទី១៣ ខែមករា បានរកឃើញអំពីគ្រោះថ្នាក់នៃអាជីវកម្មបូមខ្សាច់នៅកម្ពុជា ដែលកំពុងគំរាមកំហែងដល់ការរស់នៅរបស់ប្រជាពលរដ្ឋ តាមដងទន្លេមេគង្គ។ ការបូមខ្សាច់ទាំងនោះ ធ្វើឱ្យបាតទន្លេខូងជ្រៅ ដែលនាំឱ្យបាក់ច្រាំង ទន្លេ រំលំផ្ទះប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវតាមបណ្ដោយមាត់ទន្លេ។ ក្រុមអ្នកស្រាវជ្រាវ រកឃើញបាតទន្លេនៅតំបន់ខ្លះ ត្រូវគេបូមខ្សាច់ខូងជម្រៅ ៨ ម៉ែត្រ និងប្រវែង ៤២ ម៉ែត្រ ក្នុងមួយកន្លែង។
លោកបណ្ឌិត ជូលៀន ឡេលិន (Julian Leyland) ប្រើឧបករណ៍ស្កែនដោយប្រើឡាហ្ស៊ែ (Terrestrial Laser Scanner) រកឃើញថា ការបូមខ្សាច់ចេញពីបាតទន្លេត្រឹមតែជម្រៅ ២ ម៉ែត្រ គឺល្មមគ្រប់គ្រាន់ ធ្វើឱ្យបាក់ដីមាត់ច្រាំងទន្លេទៅហើយ ចុះទម្រាំបូមដល់ជម្រៅ ៨ ម៉ែត្រ ឬជ្រៅជាងនេះ នោះការបាក់ច្រាំងទន្លេ រឹតតែធំធេងជាងនេះ។ លោកបណ្ឌិត ជូលៀន ឡេលិន បន្ថែមថា ការសិក្សាស្រាវជ្រាវនេះ បង្ហាញយ៉ាងច្បាស់ថា ការបាក់ដីច្រាំងទន្លេកាន់តែរីករាលដាល ដែលប្រជាពលរដ្ឋរាយការណ៍ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គឺបណ្ដាលមកពីការបូមខ្សាច់យ៉ាងសម្បើមនេះឯង។
ការសិក្សានេះ រកឃើញទៀតថា ការបូមយកខ្សាច់ចេញពីបាតទន្លេមេគង្គ ដោយអាជីវកម្មបូមខ្សាច់នេះ មានបរិមាណធំជាងធំហំបរិមាណខ្សាច់ដែលហូរចាក់បំពេញបាតទន្លេតាមបែបធម្មជាតិ ពី ៥ ទៅ ៩ ដងឯណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
