អ្នកភូមិកោះគ ប្រមាណ ១០០នាក់ ដែលបារម្ភអំពីការបាក់ច្រាំង និងផ្ទះចូលទន្លេ ជួបតំណាងក្រសួងរ៉ែ និងថាមពល អាជ្ញាធរខេត្ត និងស្រុក ជាលើកទី៣ នៅថ្ងៃទី១៥ សីហា ដើម្បីដោះស្រាយបញ្ហាបូមខ្សាច់។ អ្នកភូមិហាក់នៅស្ទាក់ស្ទើរផង និងទទួលយកផង នូវលទ្ធផលក្រោយកិច្ចប្រជុំដោះស្រាយបញ្ហានេះ។
អ្នករស់នៅជាប់មាត់ទន្លេ ក្នុងភូមិកោះគ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល លោកស្រី មុត ប៉ុម មានប្រសាសន៍នៅរសៀលថ្ងៃទី១៥ ខែសីហា ថា លោកស្រីនៅរង់ចាំមើលលទ្ធផលដែលមន្ត្រីក្រសួងរ៉ែ និងថាមពល បង្គាប់ឲ្យក្រុមហ៊ុនបង្ខិតម៉ាស៊ីនបូមខ្សាច់ឆ្ងាយពីច្រាំងជាលើកទី៣៖ «នេះជាលើកទីបីហើយ គាត់សន្យាជាមួយខ្ញុំថា គាត់នឹងបញ្ឈប់ អត់ឲ្យបូមទេ ហើយបូមមួយនោះគាត់ឲ្យបូម ប៉ុន្តែថយទៅ ៥០ម៉ែត្រ។ សន្យានេះជាលើកទីបីហើយ។ ខ្ញុំមានទំនុកចិត្តលើគាត់ប៉ុន្មានទេ ចាំមើលថា បើសិនក្រុមហ៊ុនធ្វើបាន អាហ្នឹងខ្ញុំជឿជាក់ តែឥឡូវនេះខ្ញុំអត់ទាន់ជឿជាក់ទេ ព្រោះអីលើកទីបីហើយ»។
ប្ដីរបស់លោកស្រី គឺលោក លី ហួត បញ្ជាក់បន្ថែមថា ការបូមខ្សាច់ដែលមានសំឡេងឮខ្លាំង ក្រុមហ៊ុនមិនបានធ្វើតាមការសន្យាជាមួយអ្នកភូមិទេ៖ «ក្រសួងឯកឧត្ដមទាំងអស់ធ្វើតាំងពីកិច្ចសន្យាថា ឲ្យថយ ៥០ម៉ែត្រពីច្រាំងទន្លេ។ ពេលឯកឧត្ដមមកផ្ទាល់អ៊ីចឹង ក្រុមហ៊ុនផ្អាកបូមបានចម្ងាយតែ ២០ម៉ែត្រពីច្រាំងទន្លេ។ ដល់ពេលឯកឧត្ដមទៅផុត ក្រុមហ៊ុនចាបផ្ដើមបូមបន្តទៀត។ អ៊ីចឹងបានជាខ្ញុំអះអាងថា ក្រុមហ៊ុនអត់ធ្វើតាមប្រជាពលរដ្ឋ»។
ការដោះស្រាយបញ្ហាចម្រូងចម្រាសអំពីការបូមនៅទីតាំងភូមិកោះគ ស្រុកស្អាង ខេត្តកណ្ដាល នោះ អូសបន្លាយជាច្រើនខែមកហើយ ហើយតែងតែតឹងតែង។ លទ្ធផលពីការជួបគ្នាជាមួយអាជ្ញាធររ៉ែ និងខេត្តស្រុក នៅថ្ងៃទី១៥ សីហា ត្រូវបានអ្នកភូមិថ្លែងថា ជាការសន្យាដដែលមិនខុសពីកិច្ចប្រជុំមុនៗ ដែរ។
ក្នុងកិច្ចប្រជុំនេះ អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ហេង ចាន់ធួន ប្រាប់ពលរដ្ឋថា ក្រុមហ៊ុន ឡេង ជីន (Leng Chin Group Co., Ltd.) មានកាតព្វកិច្ចសងអ្នកភូមិ ប្រសិនបើក្រសួងរកឃើញថា ការបាក់ច្រាំងបណ្ដាលមកពីការបូមខ្សាច់នោះ៖ «ភាគីក នៅតែទទួលខុសត្រូវលើផលប៉ះពាល់ ដែលបង្កឡើងដោយការបូមខ្សាច់តំបន់ខាងលើ ក្នុងរយៈពេលប្រាំឆ្នាំ គិតចាប់ពីថ្ងៃបញ្ឈប់ការធ្វើអាជីវកម្មខ្សាច់ខាងលើ។ សូមបញ្ជាក់ជូនបងប្អូនអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិល ប្រការនេះ វាជាគោលនយោបាយរបស់រាជរដ្ឋាភិបាលជាច្បាប់ ជាក្រម មិនមែនបណ្ដែតបណ្ដោយឲ្យក្រុមហ៊ុនមកធ្វើ ហើយវេចបង្វេចដើរចេញ ហើយបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋទេ។ អ្នកឯងឈប់ធ្វើស្អែក ប្រាំឆ្នាំក្រោយ បើសិនជាមានផលប៉ះពាល់ដោយសារការធ្វើហ្នឹង ក្រុមហ៊ុនត្រូវសងប្រជាពលរដ្ឋដដែល។ អាហ្នឹងវាជាគោលនយោបាយ ជាច្បាប់»។
អ្នកភូមិកោះគ ឃុំរកាខ្ពស់ ម្នាក់ទៀត គឺលោក ហែម ហឿន ថ្លែងថា លោកមិនពេញចិត្តករណីបាក់ច្រាំងខ្លះ ដែលមន្ត្រីក្រសួងរ៉ែ និងថាមពលចាត់ទុកថា ជាការបាក់ដោយធម្មជាតិ៖ «ខ្ញុំដូចជាមានការពេញចិត្តខ្លះ ប៉ុន្តែភាគច្រើនខ្ញុំដូចជាអត់ពេញចិត្តការដោះស្រាយរបស់គាត់ ដោយសារគាត់ថា អត់សងទេ អ្នកដែលបាក់ គាត់ទម្លាក់ថា មកពីគ្រោះធម្មជាតិ។ ប៉ុន្តែនេះជាក់ស្ដែង ក្រដាសគាត់និយាយថាបួនភូមិ ខ្ញុំមើលទៅ គាត់គួរតែចាប់ឲ្យក្រុមហ៊ុនសងសំណងជូនជនរងគ្រោះ ហើយខ្ញុំមកនេះ គោលការណ៍ខ្ញុំខ្លាំងបំផុត ខ្ញុំចង់ឲ្យបញ្ឈប់ការបូមខ្សាច់តែម្ដង កុំឲ្យមានផលរំខាន ផលប៉ះពាល់ ដូចជាបាក់ដី បាក់ផ្ទះ បាក់ផ្លូវ ព្រោះកន្លងមកអត់មានដំណោះស្រាយអី គឺបានមកតែសម្របសម្រួល។ ថ្ងៃនេះមើលទៅដដែលហ្នឹង។ ដោះស្រាយកន្លងមក គឺដដែលៗ»។
កាលពីកិច្ចប្រជុំលើកទី២ មន្ត្រីក្រសួងរ៉ែ និងថាមពល ឆ្លើយតបថា ការបូមខ្សាច់នៅទីនោះមិនអាចបញ្ឈប់បានទេ ហើយអនុរដ្ឋលេខាធិការក្រសួងរ៉ែ លោក ហេង ចាន់ធួន បញ្ជាក់ថា ក្រុមហ៊ុន ឡេង ជីន បានទទួលអាជ្ញាប័ណ្ណពីរដ្ឋាភិបាល ដើម្បីបូមខ្សាច់ចាក់បំពេញទីតាំងធ្វើផ្ទះលក់ថោកៗ ឲ្យមន្ត្រីរាជការនៅទួលក្រសាំង។ លោកបន្តថា បញ្ហានេះ គឺត្រូវដោះស្រាយឲ្យមានលទ្ធផលឈ្នះទាំងអស់គ្នា។
រីឯអ្នកភូមិឈ្មោះ លី លាប មិនយល់ស្របតាមប្រសាសន៍លោក ហេង ចាន់ធួន ទេនៅពេលនេះ៖ «បូមពីខាងមាត់ទន្លេ គឺធ្វើឲ្យអ្នកមាត់ទន្លេ អ្នកខ្លះដូចយាយតាហ្នឹងគាត់ទឹកផ្នែកហើយ ចាប់ផ្ដើមភ័យបាក់ផ្ទះ។ អាហ្នឹងអត់មានផលចំណេញ មានតែផលលំបាក។ គាត់ថា យកទៅដាក់ធ្វើផ្ទះឲ្យអ្នកធ្វើការរដ្ឋ តែពួកខ្ញុំទឹកភ្នែក គាត់ផលចំណេញ ពួកខ្ញុំ គឺទឹកភ្នែកតែម្ដង»។
ទាក់ទងបញ្ហានេះ លោក ហេង ចាន់ធួន អះអាងថា ក្រសួងរ៉ែ និងថាមពល នឹងមិនមានបញ្ហាប៉ះពាល់នេះទេ៖ «ធ្វើផ្ទះលក់ឲ្យមន្ត្រីរាជការ ដើម្បីឲ្យប្រជាជនទឹកភ្នែក ក្រសួងយើងខ្ញុំមិនអនុញ្ញាតបែបនោះទេ។ យើងកំពុងតែមានយន្តការការពារនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ យើងកំពុងតែមានយន្តការដាក់កំហុសនូវអ្វីដែលក្រុមហ៊ុនមិនធ្វើតាមបច្ចេកទេស ដែលក្រសួងផ្ដល់ឲ្យ។ យើងកំពុងតែមានយន្តការតាមដាននូវផលប៉ះពាល់ ដែលបង លីហួត លើកឡើងថា លិចចម្ការអំពៅគាត់។ យើងចុះពិនិត្យច្បាស់ហើយនូវអ្វីបង្កផលប៉ះពាល់ដល់ចម្ការរបស់បង លី ហួត»។
លោកស្រីបន្តថា លោកស្រីមិនទាន់អាចសន្និដ្ឋានបានទាំងស្រុងនៅឡើយទេ គឺត្រូវរង់ចាំមើលលទ្ធផលនៃគម្រោងនេះទៅមុខទៀត។ នៅពេលនេះ ខ្សាច់ដែលបានបូមចេញពីបាតទន្លេបាសាក់នៅតំបន់កោះគ ត្រូវបានបញ្ជូនតាមទុយោទៅចាក់បំពេញទីតាំងធ្វើផ្ទះលក់ថោកៗ ឲ្យមន្ត្រីរាជការនៅទួលក្រសាំងខ្លះ ហើយខ្លះទៀត ត្រូវបានដឹកតាមឡានតំបន់ផ្សេងៗទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។