ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ ៣​ឃុំ​ នៃ​ខេត្ត​កំពង់ធំ​ខ្វះខាត​ទឹក​ប្រើប្រាស់​ដោយ​ទឹកស្ទឹង​ស្ទោង​រីង​ហួត​អស់

ដោយ ជាតិ ចំណាន
2019.02.22
ស្រះ​ទឹក ស្រះ​ទឹក​ដែល​ក្រសួង​ធនធាន​ទឹក​ជីក នៅ​ក្នុង​ស្ទឹង​ស្ទោង នៃ​ឃុំ​ម្សាក្រង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ កាល​ពី​​ថ្ងៃ​ទី៨ ខែ​កុម្ភៈ ឆ្នាំ២០១៩។
រូបភាព៖ ហ្វេសបុក​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម

ពលរដ្ឋ​រស់នៅ​ឃុំ​ចំនួន​៣ តាម​បណ្ដោយ​ស្ទឹង​ស្ទោង ក្នុងស្រុក​ស្ទោង​ខេត្ត​កំពង់ធំ ព្រួយបារម្ភ​ខ្វះខាត​ទឹក​ប្រើប្រាស់ សម្រាប់​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​ធ្វើស្រែ​ប្រាំង​នៅ​ឆ្នាំនេះ​។ ការ​បារម្ភ​នេះ ក្រោយពី​ទឹកស្ទឹង​ស្ទោង ដែល​ជា​ប្រភព​ទឹក​ដ៏​សំខាន់​មួយ បំពេញ​តម្រូវ​អ្នកភូមិ​រាប់ពាន់​គ្រួសារ​បាន​រីង​ហួតហែង​ជា​បណ្តើរៗ រីឯ​ទឹក​អណ្ដូង​មួយ​ចំនួន​បាន​រីង​ខះ​គ្មាន​ទឹក​។ អ្នកភូមិ​ខ្លះ​បាន​ជីក​ស្រះ និង​រណ្ដៅ​ចម្រោះ​ទឹក​កណ្ដាលស្ទឹង​ដោយ​ខ្លួនឯង ដើម្បី​ទាញ​ទឹក​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន។

ពលរដ្ឋ​រស់នៅ​តំបន់​ដាច់ស្រយាល​នៃ​ឃុំ​ស្ទោង ខេត្ត​កំពង់ធំ កំពុង​មាន​វិបត្តិ​ខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ បង្ក​ការ​លំបាក​ខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ពួកគាត់​។ អ្នកភូមិ​មួយ​ចំនួន​បាន​ចំណាយ​ថវិកា​ជាច្រើន​ទិញ​ទឹក​មក​បរិភោគ​បោក​គក់ ដាំ​ស្ល​និង​មាន​ពលរដ្ឋ​ក្រីក្រ​ខ្លះ​ទៀត​បង្ខំចិត្ត​ប្រើប្រាស់​ទឹក​បាត​ស្ទឹង ដែល​ល្អក់​ព្រោះតែ​ពុំ​មាន​ជម្រើស។

ពលរដ្ឋ​រស់នៅ​ភូមិ​សំប៊ួជើង ឃុំ​ម្សាក្រង លោក រស់ រៀង ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២០ កុម្ភៈ​ថា ទឹកស្ទឹង​ស្ទោង​បាន​ចាប់ផ្ដើម​រីង​ហួត​ជា​បណ្ដើរ​ប្រមាណ ៣​សប្ដាហ៍​មក​ហើយ និង​មាន​តំបន់​ខ្លះ​រីង​ហួត​អស់ទាំង​ស្រុង ធ្វើ​ឱ្យ​ពួកគេ​គ្មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​។ លោក​ថា អ្នកភូមិ​ខ្លះ​បាន​ជីក​ស្រះ​ដោយ​ខ្លួនឯង និង​មាន​ពលរដ្ឋ​ខ្លះ​ទៀត​បាន​ទួល​រែក​ធុង​ជញ្ជូន​ទឹក​យក​មក​ប្រើ​ប្រាស់ ធ្វើដំណើរ​ច្រើន​គីឡូម៉ែត្រ ដើម្បី​ស្វែងរក​ទឹក​ថ្លុក​ក្នុង​ស្ទឹង​នៅ​កន្លែង​ដែល​មិនទាន់​រីង​ហួត​អស់​។ លោក​ថា ឆ្នាំនេះ​ទឹកស្ទឹង​ស្ទោង​រីង​ហួត​ខុសធម្មតា​ផ្ទុយ​ពី​ឆ្នាំ​មុនៗ រីង​នៅ​អំឡុង​ខែ​មេសា។ លោក​បន្ថែម​ថា​ភូមិសាស្ត្រ​តំបន់​ពួកគេ​រស់នៅ​បើ​ជីក​អណ្ដូង​គ្មាន​ទឹក​ប្រើ​នោះ​ទេ និង​មាន​តំបន់​ខ្លះ​ជីក​អណ្ដូង​ជម្រៅ​ចាប់ពី​២​រយ​ម៉ែត្រ (២០០)​ឡើង​ទៅ ទើប​មាន​ទឹក​តិចតួច៖ «តាម​សំណូមពរ​ប្រជាពលរដ្ឋ​ចង់បាន​ឱ្យ​រដ្ឋាភិបាល ទប់​នៅ​ខាងក្រោម ដើម្បី​ស្តុក​ទឹក បើ​ខ្វះ​ទឹក​គឺ​មាន​ទឹក​ប្រើប្រាស់​។ រដ្ឋាភិបាល​ឆ្នាំមុនៗ ធ្លាប់​និយាយ​ថា ទប់ ហើយ​ក្រសួង​ធនធាន​ទឹក មក​ស្រាវជ្រាវ​មើល​វា​អត់​ឃើញ​មាន​ទប់ទឹក​ថាៗ ទៅ​វា​បាត់​ជាង ១០ ឆ្នាំ​ហើយ ដែល​គ្មាន​ទឹក​ប្រើ​។ ពេល​មាន​បុណ្យទាន​អី​ពិបាក​ទិញ​ទឹក​គេ»

ពលរដ្ឋ​ម្នាក់ទៀត​ដែល​ជា​ជន​បង្គោល រស់នៅ​ឃុំ​ម្សាក្រង​នៃ​ឃុំ​ស្ទោង លោក ជ័យ ចែង ឱ្យ​ដឹង​ថា នៅ​តាម​បណ្ដោយ​ស្ទឹង​មាន​ពលរដ្ឋ​ខ្លះ​ទប់ទឹក ដើម្បី​ធ្វើ​ស្រូវប្រាំង និង​មាន​ពលរដ្ឋ​ខ្លះ​ចាក់​ដី​ចូល​ស្ទឹង​សាងសង់​ផ្ទះ​ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​ទឹកស្ទឹង​កន្លែង​ខ្លះ គោក​រាក់ និង​មាន​អ្នកភូមិ​ខ្លះ​ទៀត​ប្រើ​ម៉ាស៊ីន​បូម​ទឹក​ខ្នាត​ធំ​ទាញ​ទឹកស្ទឹង​ធ្វើ​ស្រូវប្រាំង បង្ក​ឱ្យ​ទឹកស្ទឹង​ឆាប់​រីក​ស្ងួត​នៅ​ឆ្នាំនេះ៖ «បើ​យើង​គិត​គួរ ទឹកស្ទឹង​ជា​បញ្ហា​សំខាន់​យើង​គួរតែ​ស្ដារ​វា ព្រោះ​ដី​វា​រាក់ ហើយ​វា​រាក់​រួម​ដោយសារតែ​ពលរដ្ឋ​រស់នៅ​នៅ​តាម​ចិញ្ចើម​មាត់​ស្ទឹង អ្នកខ្លះ​គាត់​ចាក់​ដី​សង់ផ្ទះ ហើយ​ពេល​ដែល​ភ្លៀង​មក ច្រោះ​ដែល​ចាក់ ដី​ហ្នឹង​វា​ហូរ​បុក​ទៅ​បាត់​ស្ទឹង។ ពេល​ដែល​រីក​ហួត​ពលរដ្ឋ ដែល​រស់​នៅ​តាម​បណ្ដោយ​ស្ទឹង គឺ​គាត់​លំបាក​ក្នុង​ការ​ប្រើប្រាស់»

ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ភូមិ​ស្វាយ​សរ ឃុំ​កំពង់ចិនត្បូង ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ រៀបរាប់​​ថា អ្នកភូមិ​ភាគច្រើន​កំពុង​ដណ្ដើម​គ្នា​ដងទឹក​ពី​រណ្តៅ​ច្រោះ​តាម​ស្ទឹង​ដែល​ពួកគេ​ស្ដារ​កន្លងមក​ដើម្បី​ប្រើប្រាស់​បាន​មួយ​គ្រា​។ លោកស្រី​ថា អ្នកភូមិ​ខ្លះ​ទៀត​បាន​ចំណាយ​ប្រាក់​ជាច្រើន​ទិញ​ទឹក​មក​ប្រើប្រាស់​ប្រចាំថ្ងៃ​ដែល​គេ​ដឹក​មក​លក់​ដល់​ផ្ទះ​មានតម្លៃ ៣ ពាង ឬ ១​គីប ៣​ម៉ឺន ៥​ពាន់​រៀល​(៣៥០០០)​។ លោកស្រី​បារម្ភ​ថា ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ស្ទឹង​រាប់ពាន់​គ្រួសារ​កំពុង​មាន​វិបត្តិ​ខ្វះខាត​ទឹក​ប្រើប្រាស់ និង​មាន​ពលរដ្ឋ​ខ្លះ​ទៀត​បង្ខំចិត្ត​ប្រើ​ទឹកល្អក់​មិន​ស្អាត​ដែល​ដង​ពី​បាត​ស្ទឹង និង​ស្រះ៖ «មួយ​ធុង ៣​ម៉ឺន ៥​ពាន់ ហើយ​មួយ​ធុង​បាន ៣​ពាង បើ​អ្នកក្រ​ទៅ​ធ្វើ​អណ្ដូង​ខ្សាច់​កណ្ដាលស្ទឹង មួយថ្ងៃ​មួយ​អម្រែក ទៅ ២​អម្រែក យក​ទៅ​ប្រើ​ទៅ។ ច្រើន​ណាស់​ពលរដ្ឋ​រស់​នៅ តាម​បណ្ដោយ​ស្ទឹង​ស្ទោង​ច្រើន​ណាស់ កន្លែង​ណា មាន​កន្លែង​ជីក​យក​ទឹក​ក៏​មាន ពី​ណា​ក៏​អត់​ក៏​អត់ ពី​ណា​មាន​ស្រះ​ក៏​មាន​ទៅ»

ស្ទឹង​ស្ទោង​មាន​ប្រវែង​ជាង​៤០​គីឡូម៉ែត្រ លាត​សន្ធឹង​រហូតដល់​ទន្លេសាប​ភ្ជាប់​ទន្លេ​ឆ្មា នៃ​ស្រុក​ស្ទោង​ខេត្ត​កំពង់ធំ។ ស្ទឹង​នេះ​ជា​អាយុជីវិត​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​រស់នៅ​តាម​បណ្ដោយ​ស្ទឹង ចំនួន​៣​ឃុំ គឺ​ឃុំ​ម្សាក្រង ឃុំ​កំពង់ចិនត្បូង និង​ឃុំ​កំពង់​ចិនជើង មាន​ទម្លាប់​ប្រើប្រាស់​ទឹកស្ទឹង​នេះ​បម្រើ​ជីវភាព​ប្រចាំថ្ងៃ និង​រក​ត្រី​សាច់​បរិភោគ ជាដើម​។ អ្នកភូមិ​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ទឹកស្ទឹង​មួយ​នេះ​ផ្ដើម​រីង​រាក់​នៅ​តំបន់​ខ្លះ​ដោយសារ​ខ្វះ​ការ​យកចិត្ត​ដាក់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ និង​មាន​កន្លែង​ខ្លះ មានការ​សាងសង់​លំនៅឋាន និង​ចាក់​ដី​លុប​មាត់​ស្ទឹង ជា​ប្រយោជន៍​បុគ្គល​ជាដើម​។​

មេឃុំ​ម្សាក្រង លោក ចន វុទ្ធី ទទួល​ស្គាល់​ថា ទឹកស្ទឹង​នេះ​រីង​ហួត​ស្ទើរ​គ្រប់កន្លែង ហើយ​អាជ្ញាធរ​ឃុំ​បាន​ស្នើ​ទៅ​ក្រសួង​ធនធាន​ទឹក ដើម្បី​ជីក​ស្រះ​នៅ​តាម​ភូមិ​មួយ​ចំនួន​ដែល​ខ្វះ​ទឹក ហើយ​មក​ទល់​ពេល​នេះ​ក្រសួង​បាន​ជីក​ស្រះ​ចំនួន ១៥​កន្លែង តាម​បណ្ដោយ​ពោះ​ស្ទឹង​ដើម្បី​ទាញ​ទឹក​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​បណ្ដោះអាសន្ន។ លោក​ថា នៅ​ឃុំ​ម្សាក្រង មាន​ពលរដ្ឋ​ជាង ២​ពាន់​គ្រួសារ រស់នៅ​តាម​បណ្ដោយ​ស្ទឹង​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់​ឆ្នាំនេះ ហើយ​ការ​ជីក​ស្រះ​របស់​អាជ្ញាធរ​គឺជា​ដំណោះស្រាយ​បន្ទាន់​មួយ​ជូន​ពលរដ្ឋ។ លោក​បន្ថែម​ថា ថ្នាក់ដឹកនាំ​ឃុំ​បាន​ស្នើសុំ​ក្រសួង​សាមី​ស្ថាបនា​ទំនប់​ទប់ទឹក​មួយ​ដែល​ធានា​ថា អាច​រក្សា​ទឹក​ប្រើប្រាស់​ជូន​ពលរដ្ឋ​គ្រប់គ្រាន់​ទាំង​ប្រាំង និង​វស្សា ហើយ​ក្រសួង​បាន​ចុះ​វាស់វែង​រួចហើយ​និង​គ្រោង​ផ្ដើម​សាងសង់​នៅ​ឆ្នាំនេះ៖ «តាំងពី​យូរហើយ ស្នើ​នេះ​តែ​មិន​ទាន់​បាន​។ មាន​ហើយៗ លើក​នេះ​ប្រហែលជា​ច្បាស់លាស់​ហើយ ថា​ធ្វើ​ឆាប់​នេះ​។ ឥឡូវ​ខាង​មន្ទីរ​ធនធាន​ទឹក​ខេត្ត គាត់​បាន​បញ្ជា​ឱ្យ​វាស់វែង ធ្វើ​ដេវ៉ូ​ច្បាស់លាស់ នៅតែ​បច្ចេកទេស​គេ​ចុះ​មក គន់គូរ​មើល​ទៅ​គេ​នឹង​ចាប់ផ្ដើម សាងសង់​ទំនប់ទឹក​ក្នុង​ពេលនេះ ក្នុង​ឆ្នាំ​នេះ​។ បើ​សាងសង់​ទំនប់​បាន ធ្វើស្រែ​ប្រាំង ២​ដង​មួយ​រដូវ​បាន»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក ចាន់ យុត្ថា តែ​ទូរស័ព្ទ​លោក​មិន​អាច​ទាក់ទង​បាន​នៅ​ថ្ងៃទី២០ កុម្ភៈ។

ចំណែក​អភិបាល​ខេត្ត​កំពង់ធំ លោក សុខ លូ ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២០ កុម្ភៈ​ថា ជា​រៀងរាល់​ឆ្នាំ​ទឹកស្ទឹង​ស្ទោង​មានការ​គោក​រាក់​ដោយ​អន្លើរៗ ហើយ​ឆ្នាំនេះ​ក្រសួង​ធនធាន​ទឹកបាន​ជីក​ស្រះ​នៅ​ពោះ​ស្ទឹង​បាន​ចំនួន ១៦​ហើយ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ពលរដ្ឋ​។ លោក​ថា អាជ្ញាធរ​ជំនាញ​បាន​ចុះ​សិក្សា​ច្រើនដង​មក​ហើយ ដោយ​គ្រោង​ស្ថាបនា​ទំនប់​ទប់ទឹក​បំណង​ផ្គត់ផ្គង់​ទឹក​ជូន​ពលរដ្ឋ​ប្រើប្រាស់​គ្រប់គ្រាន់ ប៉ុន្តែ​លទ្ធភាព​ថវិកា​ធំធេង​ពេក​។ តែ​ទោះ​យ៉ាងណា​លោក​សង្ឃឹមថា អាជ្ញាធរ​នឹង​ដោះស្រាយ​រឿង​នេះ​បាន​នៅ​ឆ្នាំ​ខាងមុខនេះ។ លោក​បន្ថែម​ថា ចំពោះ​ពលរដ្ឋ​ដែល​សាងសង់​លំនៅឋាន និង​ចាក់​ដី​តាម​បណ្ដោយ​អែប​មាត់​ស្ទឹង ដើម្បី​សង់ផ្ទះ​លោក​នឹង​ចាត់​ឱ្យ​អាជ្ញាធរ​ស្រុក​ចាត់វិធានការ​ដោះស្រាយ​រឿង​នេះ​។ ទោះជា​យ៉ាងណា លោក​បញ្ជាក់​ថា ទឹកស្ទឹង​ស្ទោង​ពុំ​មែន​រីង​ហួត​ដោយសារ​ពលរដ្ឋ​សង់ផ្ទះ ជាប់មាត់​ស្ទឹង​នោះ​ទេ ព្រោះ​ទឹកស្ទឹង​តែង​រីង​ខះ​ជា​រៀងរាល់​ឆ្នាំ៖ «យើង​គ្រោង​សាងសង់​ទំនប់​ស្ទាក់​ទឹក​ក្នុង​ស្ទឹង យើង​បាន​សិក្សា​ប៉ុន្មាន​ដង​ហើយ ប៉ុន្តែ​លទ្ធភាព​ថវិកា​មាន​ទំហំ​ធំ តែ​យើង​សង្ឃឹមថា នៅ​ឆ្នាំ​ខាង​មុខៗ យើង​ប្រាកដជា​ស្ដារ​កិច្ច​ការងារ​នេះ​បាន​។ ចំពោះ​ការ​ធ្វើ​ទំនប់​ស្តុក​ទឹក យើង​បាន​សិក្សា​ហើយ ទាំង​ការប្រើប្រាស់​ប្រចាំថ្ងៃ និង​ការ​ស្រោចស្រង់​។ ដី​ចំណី​ស្ទឹង​យើង​មិនបាន​អនុញ្ញាត​ឱ្យ​បងប្អូន​យើង​សាងសង់​ទេ តែ​កន្លងមក​មាន​បងប្អូន​យើង​មួយ​ចំនួន ខ្វះខាត​ហើយ​សាងសង់​អីចឹង ចាំ​មើល​ខ្ញុំបាទ​នឹង​ចាត់​ឱ្យ​ស្រុក​ពិនិត្យមើល​លទ្ធភាព​ដើម្បី​ឃាត់ និយាយ​រួម​ទឹក​ស្ទោង​រីង​មិនមែន​បងប្អូន​សាងសង់​អ៊ីចឹង​ទេ ប៉ុន្តែ​វា​ប៉ះពាល់​ខ្លះ ដោយសារ​កន្លែង​នេះ​វា​ខ្សត់​ទឹកតែ​ម្ដង»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់ថា ក្រសួង​ពាក់ព័ន្ធ​ត្រូវ​ពិនិត្យ និង​រៀបចំ​ផែនការ​ពិសេស​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​បន្ទាន់​ជួយ​ពលរដ្ឋ។ លោក​ថា ក្រសួង​ជំនាញ​នីមួយៗ ត្រូវ​ត្រៀម​កញ្ចប់​ថវិកាជាតិ ចាំ​ជួយ​ពលរដ្ឋ​រងគ្រោះ​នៅ​ហ្នឹង​កន្លែង ហើយ​ប្រភេទ​ថវិកា​ទាំងនោះ​ត្រូវ​ស៊ីចង្វាក់​គ្នា​នឹង​តម្រូវ​ការចាំបាច់​។ លោក​យល់ថា ការ​ស្តារ​ស្រះ​នៅ​ពោះ​ស្ទឹង​គួរតែ​ធ្វើឡើង​នៅ​រដូវប្រាំង​ឆ្នាំ​មុនៗ ព្រោះ​ការ​ជីក​ស្រះ​នៅ​គ្រា​ដែល​ទឹក​រីង​ហួត​អស់នោះ លោក​គ្មាន​សង្ឃឹម​ថា នឹង​អាច​ផ្ដល់​ផល​ល្អ​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​បាន​ភ្លាមៗ​នោះ​ទេ៖ «យើង​ចង់​ឱ្យ​មាន​វិធានការ​ប្រភេទ​បន្ទាន់​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​គ្រោះ​រាំងស្ងួត​ក្រសួង​ពាក់ព័ន្ធ​ហ្នឹង ជាពិសេស​ក្រសួង​ធនធាន​ទឹក អាច​ពាក់ព័ន្ធ​ក្រសួងកសិកម្ម​ដែរ គេ​អាច ត្រូវតែ​ពិនិត្យមើល ហើយ​និង​រៀបចំ​ផែនការ​ពិសេស​មួយ សម្រាប់​ដោះស្រាយ​បញ្ហា​បន្ទាន់ ធ្វើ​ដូចនេះ​ដើម្បី​ជួយ​ពលរដ្ឋ ហើយ​ក្នុង​នោះ​ដែរ រដ្ឋាភិបាល​គួរ​តែ​លូកដៃ ចំពោះ​ការ​លក់​ទឹក​ក្នុង​តម្លៃ​ថ្លៃ​ឱ្យ​ទៅ​ពលរដ្ឋ»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​កំពង់ធំ លោក សុខ រដ្ឋា ពន្យល់​ថា ដី​ចំណី​ស្ទឹង​គឺជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​គ្មាន​បុគ្គល​ណាមួយ​មាន​សិទ្ធិ​កាន់កាប់​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ទៅ​បង្កើត​ជា​សម្បត្តិ​ឯកជន​បាន​នោះ​ទេ​។ លោក​ថា ប្រសិន​បើ​ជា​អាជ្ញាធរ​បណ្ដោយ​ឱ្យ​មានការ​សាងសង់​លំនៅឋាន ឬ​សំណង​រឹង​តាម​មាត់​ស្ទឹង​វា​នឹង​បង្ក​ប៉ះពាល់​ដល់​សោភ័ណភាព​ស្ទឹង និង​ធ្វើ​ឱ្យ​ទឹកស្ទឹង​រីងរាក់​ខាត​ប្រយោជន៍​ពលរដ្ឋ និង​សង្គមជាតិ៖ «ទ្រព្យសម្បត្តិ​រដ្ឋ​គេ​អត់​មាន​ចែង​ពី​អាជ្ញាយុកាល​ទេ​។ អ៊ីចឹង​ពុំ​មាន​បុគ្គល​ណា​អាច​យក​ទ្រព្យសម្បត្តិ​សាធារណរដ្ឋ​ទៅ​បង្កើត​សិទ្ធិ​ឯកជន​បានទេ។ បើសិនជា​ករណី​ហ្នឹង​កើតឡើង ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ហ្នឹង​អាច​ដាក់​ពាក្យ​បណ្តឹង​បរិហារ​មក​ស្ថាប័ន​អយ្យការ​បាន»

មន្ត្រី​សង្គម​ស៊ីវិល​បន្ថែម​ថា កង្វះ​ទឹក​ប្រើប្រាស់​និង​គ្រោះ​រាំងស្ងួត នៅ​ឆ្នាំ​២០១៩​នេះ គឺជា​សញ្ញា​បង្ហាញ​ពី​ភាព​ងាយ​រងគ្រោះ​ខ្លាំង​សម្រាប់​ពលរដ្ឋ​នៅ​មូលដ្ឋាន។ ពួកគេ​ត្រូវ​ខាតបង់​ទ្រព្យ​និង​សត្វ​ពាហនៈ​ជាពិសេស​គឺ​ខ្វះខាត​ទឹក​ប្រើប្រាស់​ជាដើម​ដែល​ជា​ឧបសគ្គ​រុញច្រាន ឱ្យ​ជីវភាព​ពួកគេ​ធ្លាក់​ចុះ។ លើស​ពី​នេះ​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​រៀបចំ​ស្ថាបនា​ទំនប់​មួយ​ចំនួន​បង្ហូរទឹក ក្នុង​កម្រិត​ណាមួយ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួម ធ្វើ​យ៉ាងណា​ទាញ​យក​ទឹក​ពី​ប្រភព​សំខាន់ៗ មក​ជួយ​ពលរដ្ឋ​ប្រើប្រាស់​គ្រប់គ្រាន់។ ពួកគេ​ចាត់ទុកថា ខ្វះខាត​ទឹក​ប្រើប្រាស់​គឺជា​គ្រោះអាសន្ន​មួយ​ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ និង​កំណត់​ទិសដៅ​រយៈពេល​វែង ដោយ​ប្រើ​កញ្ចប់​ថវិកា​ពិសេស​មួយ​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ពលរដ្ឋ​បាន​ភ្លាមៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។