រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​ណែនាំ​ឱ្យ​មន្រ្តី និង​សហគមន៍​បន្តរួមគ្នា​ការពារដែន​ជំរក​សត្វ​ព្រៃ​សង្ឃ​រុក្ខវ័ន និង​គូលេន-ព្រហ្មទេព​

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថានលោក សាយ សំអាល់ កាល​ពី​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ ម្សិលមិញ បាន​ណែនាំ​ដល់មន្រ្តី​មន្ទីរ​បរិស្ថាន ​មន្រ្តី​ឧទ្យា​នុរក្ស សហគមន៍ និង​អាជ្ញាធរ​ពាក់ព័ន្ធ បន្ត​រួម​សហការ​គ្នា​ការពារ​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខវ័ន និង គូលេន-ព្រហ្មទេព ខេត្ត​ឧត្តរមានជ័យ។

ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា AKP បាន​ស្រង់​សម្ដី​របស់​លោក សាយ សំអាល់ ដែល​បញ្ជាក់​ថា ការ​អភិរក្ស​ធនធាន​ធម្មជាតិ​បាន​គង់វង្ស​ត្រូវ​ផ្សារ​ភ្ជាប់​នឹង​ការបង្កើត​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន​ដោយ​ជំរុញ​ការចិញ្ចឹមសត្វ និង​អភិវឌ្ឍ​ន៍​ទេសចរណ៍​ធម្មជាតិជាដើម។

ទាក់ទង​ដល់​ការការពារ​ធនធានធម្មជាតិ​នៅ​ព្រៃសង្ឃ​រុក្ខវ័ន​នេះ ក្រុម​យុវជន​ដែល​បាន​ចុះ​ល្បាតព្រៃ​នេះ​កាលពីដើម​ខែកុម្ភៈ​នេះ​ ព្រួយ​បារម្ភ​ ពី​ជោគវាសនា​សត្វព្រៃ​កម្រ​ជា​ច្រើន​​ប្រភេទ​ដូចជា ​សត្វខ្ទីង ​ទន្សោង ​ជ្រូកព្រៃ​ និង ​ប្រើស​ជាង​ដើម ​ថា កំពុង​ប្រឈម​ការ​បាត់បង់​ជា​បន្ត​បន្ទាប់​ ដោយសារ​ជនខិលខូច​បាន​ពង្រាយ​អន្ទាក់​នៅ​ទីតាំង​សំខាន់ៗ ​ដែល​សត្វ​ព្រៃ​ឆ្លងកាត់។ រីឯ​ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​នៅតែ​ខ្វះ​ចន្លោះ​ច្រើន និង​ខ្វះការ​សហការ​ល្អ​រវាង​ប្រជា​សហគមន៍​ និង​អាជ្ញាធរ​ពាក់ព័ន្ធ។

ជាមួយ​គ្នានេះ ក្រុម​អ្នក​ស្រឡាញ់​បរិស្ថានធនធាន​ធម្មជាតិ​ និង​សហគមន៍​តែង​រិះ​គន់​ជា​ញឹកញយ​ថា ការណែនាំ​របស់​មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល រួមទាំង លោក នាយករដ្ឋមន្រ្តី ផង គ្រាន់តែ​ជា​សារធ្វើ​ឱ្យ​តែ​ល្អ​មើល ប៉ុន្តែ​ក្នុង​ការអនុវត្ត​វិញ ប្រជាសហគមន៍​តែង​ត្រូវ​អាជ្ញាធរ រួមទាំង​មន្រ្តី​អនុរក្ស​ព្រៃ​របស់​ក្រសួង​បរិស្ថាន​ផង​រារាំង​មិនឱ្យ​ចុះល្បាតព្រៃ នៅ​តាម​តំបន់​ដែល​មាន​ការកាប់​បំផ្លាញ​ព្រាំ​ឈើ​ធ្ងន់ធ្ងរ ដូច​នៅ​តំបន់​ព្រៃឡង់ជាដើម ដែល​ខុស​ពីអ្នកកាប់ឈើ ដែលអាច​ចេញ​ចូលកាប់​ព្រៃ​បាន​ងាយស្រួល។ លើស​ពីនេះ​ប្រជា​សហគមន៍​ជាច្រើន​នាក់​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ ឬជាប់បណ្ដឹង​នៅ​តុលាការ ដោយសារ​ការប្រឹងប្រែង​ការពារ​ព្រៃ​ឈើ​របស់​ពួកគេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។