រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ម្សិលមិញ បានណែនាំដល់មន្រ្តីមន្ទីរបរិស្ថាន មន្រ្តីឧទ្យានុរក្ស សហគមន៍ និងអាជ្ញាធរពាក់ព័ន្ធ បន្តរួមសហការគ្នាការពារដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន និង គូលេន-ព្រហ្មទេព ខេត្តឧត្តរមានជ័យ។
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានស្រង់សម្ដីរបស់លោក សាយ សំអាល់ ដែលបញ្ជាក់ថា ការអភិរក្សធនធានធម្មជាតិបានគង់វង្សត្រូវផ្សារភ្ជាប់នឹងការបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋានដោយជំរុញការចិញ្ចឹមសត្វ និងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិជាដើម។
ទាក់ទងដល់ការការពារធនធានធម្មជាតិនៅព្រៃសង្ឃរុក្ខវ័ននេះ ក្រុមយុវជនដែលបានចុះល្បាតព្រៃនេះកាលពីដើមខែកុម្ភៈនេះ ព្រួយបារម្ភ ពីជោគវាសនាសត្វព្រៃកម្រជាច្រើនប្រភេទដូចជា សត្វខ្ទីង ទន្សោង ជ្រូកព្រៃ និង ប្រើសជាងដើម ថា កំពុងប្រឈមការបាត់បង់ជាបន្តបន្ទាប់ ដោយសារជនខិលខូចបានពង្រាយអន្ទាក់នៅទីតាំងសំខាន់ៗ ដែលសត្វព្រៃឆ្លងកាត់។ រីឯការអនុវត្តច្បាប់របស់អាជ្ញាធរនៅតែខ្វះចន្លោះច្រើន និងខ្វះការសហការល្អរវាងប្រជាសហគមន៍ និងអាជ្ញាធរពាក់ព័ន្ធ។
ជាមួយគ្នានេះ ក្រុមអ្នកស្រឡាញ់បរិស្ថានធនធានធម្មជាតិ និងសហគមន៍តែងរិះគន់ជាញឹកញយថា ការណែនាំរបស់មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល រួមទាំង លោក នាយករដ្ឋមន្រ្តី ផង គ្រាន់តែជាសារធ្វើឱ្យតែល្អមើល ប៉ុន្តែក្នុងការអនុវត្តវិញ ប្រជាសហគមន៍តែងត្រូវអាជ្ញាធរ រួមទាំងមន្រ្តីអនុរក្សព្រៃរបស់ក្រសួងបរិស្ថានផងរារាំងមិនឱ្យចុះល្បាតព្រៃ នៅតាមតំបន់ដែលមានការកាប់បំផ្លាញព្រាំឈើធ្ងន់ធ្ងរ ដូចនៅតំបន់ព្រៃឡង់ជាដើម ដែលខុសពីអ្នកកាប់ឈើ ដែលអាចចេញចូលកាប់ព្រៃបានងាយស្រួល។ លើសពីនេះប្រជាសហគមន៍ជាច្រើននាក់ត្រូវចាប់ដាក់ពន្ធនាគារ ឬជាប់បណ្ដឹងនៅតុលាការ ដោយសារការប្រឹងប្រែងការពារព្រៃឈើរបស់ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
