សកម្មជន​បរិស្ថាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ដោះ​ស្រាយ​រឿង​សំរាម​រាយប៉ាយ​នៅ​ក្នុង​ខេត្ត​នេះ

ដោយ ហេង រស្មី
2019-02-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យុវជន​ ថុន រដ្ឋា ជា​សកម្មជន​បរិស្ថាន​លាត​ត្រដាង​​អំពី​បញ្ហា​សំរាម​​ក្នុង​ខេត្ត​ព្រះសីហនុ នៅ​លើ​​ហ្វេសប៊ុក កាល​ពី​ពេល​ថ្មីៗ នេះ។
យុវជន​ ថុន រដ្ឋា ជា​សកម្មជន​បរិស្ថាន​លាត​ត្រដាង​​អំពី​បញ្ហា​សំរាម​​ក្នុង​ខេត្ត​ព្រះសីហនុ នៅ​លើ​​ហ្វេសប៊ុក កាល​ពី​ពេល​ថ្មីៗ នេះ។
រូបថត៖ អង្គការ​មាតាធម្មជាតិ

សកម្មជន​បរិស្ថាន​អះអាង​ថា ខេត្ត​ព្រះសីហនុ​កំពុង​​បាត់​បង់​សោភ័ណភាព​របស់​ខ្លួន​បន្តិច​ម្តងៗ​ ដោយសារ​តែ​ការ​បំពុល​បរិស្ថាន​ បង្ក​ឡើង​ដោយ​បញ្ហា​សំរាម និង​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ទៅ​ក្នុង​សមុទ្រ។ សកម្មជន​បរិស្ថាន​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​​ដោះស្រាយបញ្ហា​ទាំងនេះ​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​រក្សា​បាន​នូវ​សក្ដានុពល​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​មួយ​នេះ។

សកម្មជន​បរិស្ថាន​ លោក ថុន រដ្ឋា អះអាង​ថា ការ​គ្រប់គ្រង​សំរាម​​មិន​បាន​ល្អ​ បាន​ចោទ​ជា​បញ្ហា​​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​តំបន់​ឆ្នេរ​យ៉ាង​ខ្លាំង។

វីដេអូ​រយៈពេល​ជាង ២ នាទី ដែល​សកម្មជន​រូប​នេះ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី២៦ មករា បង្ហាញ​ថា មាន​សំរាម​​ជា​ច្រើន​កន្លែង​ត្រូវ​បាន​គេ​គរ​ទុក​ចោល​ដោយ​មិន​មាន​ការ​ប្រមូល​ ឬ​រៀប​ចំ​ទៅ​តាម​លក្ខណៈ​បច្ចេកទេស​នោះ​ឡើយ។ លោក​បន្ត​ថា សំរាម​ទាំងនោះ​ត្រូវ​គរ​ទុក​ចោល​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ទម្រាំ​មាន​គេ​មក​ប្រមូល​ ដែល​ជាហេតុ​ធ្វើ​ឱ្យ​មាន​ក្លិន​ស្អុយ​អសោច​ភាយ​ចេញ​មក​ក្រៅ៖ «នៅ​ក្នុង​សង្កាត់​ ៤ ដែល​យើង​បាន​រាប់ មាន​គំនរ​សំរាម​ធំៗ ចំនួន ២៩ ត្រូវ​បាន​ទុក​ចោល​នៅ​រប៉ាត់រប៉ាយ​ប្រមាណ​ ២ ទៅ ៣ថ្ងៃ ឬ​ជាង​មួយ​សប្ដាហ៍​ឡើង​ទៅ ទម្រាំ​មាន​គេ​មក​ប្រមូល​វា​ចេញ​ទៅ។ ហើយ​ប្រហែល​ជា​បញ្ហា​មួយ​នេះ​កើត​ឡើង​ស្រប​ពេល​ដែល​អាជ្ញាធរ​ក្រុង​​ព្រះសីហនុ ជាពិសេស​ឯកឧត្ដម​ យន្ត មីន រវល់​តែ​និយាយ​ជាមួយ​វិនិយោគិន​ក្នុង​វិស័យ​ល្បែង និង​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​វិបត្តិ​សំរាម​ដ៏​ធ្ងន់ធ្ងរ​មួយ​នេះ»

សកម្មជន​រូប​នេះ កត់​សម្គាល់​ថា ការ​គ្រប់​គ្រង​សំរាម​​មិន​បាន​ត្រឹម​ត្រូវ​នេះ កើត​ឡើង​ក្រោយ​ពេល​មាន​ការ​រីក​ដុះ​ដាល​ខាង​វិស័យ​សំណង់ និង​ហេដ្ឋារចនាសម្ពន្ធ ព្រម​ទាំង​ការ​កើន​ឡើង​នៃ​ជន​ជាតិ​ចិន​ក្នុង​ខេត្ត​ព្រះសីហនុ។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឱ សារឿន បាន​ទេ​នៅ​ថ្ងៃ​ទី២៧ មករា ដោយ​លោក​មិន​លើក​ទូរស័ព្ទ ចំណែក​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន្ត ក៏​មិន​អាច​ទាក់ទង​បាន​ដូចគ្នា។

កាល​ពី​ពេល​កន្លង​ទៅ មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​​ពាក់ព័ន្ធ​​ខិត​ខំ​ថែរក្សា និង​ការពារ​បរិស្ថាន​តំបន់​ឆ្នេរ​ ជាពិសេស​ត្រូវ​ដោះស្រាយ​បញ្ហា​សំរាម និង​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​សមុទ្រ​ឱ្យ​មាន​ប្រសិទ្ធភាព៖ «សំរាម និង​ទឹក​កខ្វក់​កាន់​តែ​ច្រើន​ទៅៗ ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​ ដែល​យើង​ត្រូវ​ខិតខំ​រក​មធ្យោបាយ​ទាំង​អស់ ដើម្បី​ធ្វើ​យ៉ាងណា​ធានា​ឱ្យ​​សមុទ្រ​របស់​យើង​នៅ​ជា​សមុទ្រ​ដែល​ស្អាត ដែល​យើង​អាច​ចុះ​មុជទឹក​ ទេសចរ​ចុះ​មុជទឹក​នៅ​ក្នុង​សមុទ្រ​របស់​យើង​ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​អំពី​ភាព​រមាស់​ ឬ​ជំងឺតម្កាត់​ដែល​វា​ឆ្លង​ទៅ​តាម​ទឹក​នោះ​ឯង»

ទោះ​ជា​មាន​បទបញ្ជា​ពី​បុរស​ខ្លាំង​រូប​នេះ​ក្តី ក៏​បញ្ហា​សំរាម​ និង​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​សមុទ្រ​​នេះ មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព​នៅឡើយ ជាពិសេស​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ដោយ​សារ​តែ​ខ្វះ​ការ​អនុវត្ត​ជាក់ស្ដែង។

យុវជន​ ថុន រដ្ឋា ថ្លែង​ថា ការ​បំពុល​បរិស្ថាន​បែប​នេះ​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​វិស័យ​ទេសចរ ហើយ​លោក​កត់​សម្គាល់​ថា ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​មាន​ការ​ថយ​ចុះ​ខ្លាំង​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ លើក​លែង​តែ​ជន​ជាតិ​ចិន​ដែល​មាន​កំណើន​ខ្លាំង​នៅ​ក្នុង​ខេត្ត​នេះ។ លោក​សង្កត់​ធ្ងន់​ថា កាស៊ីណូ​ជាច្រើន​កន្លែង​បាន​រីក​ដុះដាល​ពាស​ពេញ​ខេត្ត​ព្រះសីហនុ ដូច្នេះ​របប​ក្រុង​ភ្នំពេញ និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​គួរ​តែ​ប្រើប្រាស់​​ចំណូល​បាន​មក​ពី​ការ​ប្រមូល​ពន្ធដារ​ពី​កាស៊ីណូ​ទាំងនោះ​យក​មក​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព។ លើស​ពី​នេះ លោក​ក៏​ស្នើ​ឱ្យ​របប​ក្រុង​ភ្នំពេញ​មាន​វិធានការ​លើ​មន្ត្រី​ពាក់​ព័ន្ធ​​ថ្នាក់​ខេត្ត​ ដែល​បណ្ដែត​បណ្ដោយ​មិន​រក​ដំណោះស្រាយ​រឿង​នេះ​ផង​ដែរ៖ «រដ្ឋ​ត្រូវ​តែ​បញ្ចេញ​ថវិកា​មួយ​ចំនួន​ ជាពិសេស​ថវិកា​ដែល​ទទួល​បាន​ពី​ការ​បង់​ពន្ធ​ពី​កាស៊ីណូ​ហ្នឹង ដើម្បី​ឱ្យ​ជួយ​រៀប​ចំ​​រឿង​សំរាម​ហ្នឹង ហើយ​និង​ត្រូវ​អប់រំ​ប្រជាពលរដ្ឋ​​ឱ្យ​គាត់​យល់​ពី​ការ​ទុក​ដាក់​សំរាម​ និង​ឱ្យ​មាន​ធុង​សំរាម​នៅ​គ្រប់​កន្លែង​ និង​ផាក​ពិន័យ​ពួកគាត់​ បើ​ពួក​គាត់​មិន​រាង​ចាល​ពី​បញ្ហា​សំរាម​ហ្នឹង»

ក្រៅពី​បញ្ហា​សំរាម​ ខេត្ត​ព្រះសីហនុ​ដែល​មាន​ឆ្នេរ​សមុទ្រ​ដ៏​ទាក់ទាញ​នោះ ក៏​មាន​បញ្ហា​ចោទ​រឿង​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​សមុទ្រ​ផង​ដែរ។ សកម្មជន​បរិស្ថាន​រក​ឃើញ​ថា ក្នុង​ភូមិសាស្ត្រ​ឆ្នេរ​អូរ​ឈើទាល ទឹក​កខ្វក់​ជា​ច្រើន​កន្លែង ​ត្រូវ​បាន​គេ​បង្ហូរ​ចូល​ទៅ​ក្នុង​សមុទ្ទ​ដោយ​ផ្ទាល់ មិន​មាន​ឆ្លង​កាត់​ការ​ចម្រោះ​ឱ្យ​បាន​ត្រឹមត្រូវ​ឡើយ។ ទឹក​កខ្វក់​ទាំងនោះ​ មាន​ផ្ទុក​ទៅ​ដោយ​ពពួក​បាក់តេរី ​ប៉ារ៉ាស៊ីត និង​មេរោគ ដែល​សុទ្ធ​សឹង​ជា​ប្រភព​នៃ​ជំងឺ​ឆ្លង​ជាច្រើន​ប្រភេទ ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​​ចុះ​មុជ​ទឹក​លេង​កម្សាន្ត៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល