សកម្មជនបរិស្ថាន និងពលរដ្ឋនៅរាជធានីភ្នំពេញរិះគន់អាជ្ញាធរថា បញ្ហាជំនន់ទឹកភ្លៀងកើតឡើងនៅក្នុងរាជធានីភ្នំពេញ គឺបណ្ដាលមកពីការលុបបឹងធម្មជាតិធំៗ ដែលជាផ្លូវរំដោះដ៏សំខាន់។ ការលើកឡើងនេះ គឺបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងរយៈពេលជាងមួយម៉ោងនៅរាជធានីភ្នំពេញ បណ្ដាលឱ្យលិចដងផ្លូវពិបាកធ្វើដំណើរ និងលិចផ្ទះសម្បែងខូចខាតទ្រព្យសម្បត្តិពលរដ្ឋ។
សកម្មជនបរិស្ថាន និងពលរដ្ឋនៅរាជធានីភ្នំពេញ ខកចិត្តចំពោះអាជ្ញាធរដែលគ្មានវិធានការច្បាស់លាស់ដើម្បីជួយដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង និងសាងសង់ប្រព័ន្ធធារាសាស្ត្របន្ថែមសម្រាប់រំដោះទឹកដែលបង្កឱ្យមានផលរំខានដល់ការប្រកបមុខរបររបស់ពួកគាត់។ ពួកគាត់អះអាងថា បញ្ហានេះគឺដោយសារតែរដ្ឋាភិបាលក្រោមការដឹកនាំដោយ លោក ហ៊ុន សែន អសមត្ថភាពជួយដោះស្រាយបញ្ហាឱ្យពលរដ្ឋ និងចេះតែបន្តកាត់ឆ្វៀលដីបឹងធម្មជាតិដែលជាផ្លូវរំដោះទឹកឱ្យទៅអ្នកមានអំណាចយកទៅធ្វើជាកម្មសិទ្ធិឯកជន។
សកម្មជនចលនាមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៤ កក្កដា ថា ជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញនេះកើតឡើងស្ទើរតែរាល់ឆ្នាំ ដែលបង្កផលរំខានដល់ពលរដ្ឋមិនអាចប្រកបមុខរបរ និងប៉ះពាល់សុខភាពទៀតផង។ កញ្ញាកត់សំគាល់ថា រដ្ឋាភិបាលតែងតែសន្យាជាមួយពលរដ្ឋថា នឹងដោះស្រាយបញ្ហាទឹកលិចនេះ ក៏ប៉ុន្តែមកទល់ពេលនេះរដ្ឋាភិបាលនៅតែមិនអាចអនុវត្តតាមការសន្យាបាន។
កញ្ញា ភួន កែវរស្មី៖«ទី១ គឺការដោះស្រាយរបស់រដ្ឋាភិបាលមិនមានប្រសិទ្ធភាពហាក់ដូចជាការយកលេសឬមួយក៏ធ្វើឱ្យប្រជាពលរដ្ឋមើលឃើញថាខ្លួនបានខំប្រឹង ប៉ុន្តែខ្ញុំមិនឃើញការខំប្រឹងទេ ហើយទី២គឺយើងមើលឃើញថាបឹងធំៗដែលនៅភ្នំពេញត្រូវបានលុបជាបន្តបន្ទាប់រហូតដល់បឹងតាមោកដែលជាបឹងធំចុងក្រោយក៏កំពុងតែលុបស្ទើរតែអស់ហើយ ខ្ញុំមិនដឹងថារដ្ឋាភិបាលគាត់យល់យ៉ាងណាបើក្នុងការដោះស្រាយរឿងទឹកស្ទះហ្នឹងបានជាគាត់ខំប្រឹងលុបបឹង ប៉ុន្តែគាត់និយាយថាដោះស្រាយរឿងទឹកលិចនៅក្នុងទីក្រុងភ្នំពេញ»។
កញ្ញា ភួន កែវរស្មី បញ្ជាក់ថា ការយករថយន្តមកបូមដើម្បីបញ្ចៀសទឹកលិចនេះមិនមែនជាដំណោះស្រាយសមស្របសម្រាប់ប្រជាពលរដ្ឋឡើយ ពីព្រោះពលរដ្ឋកំពុងមានជីវភាពក្រលំបាក ហើយបើផ្ទះសម្បែង និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ពួកគាត់ខូចខាតទៀតនោះ ក៏រដ្ឋាភិបាលមិនបានជួយជាសំណងនោះដែរ។
ពលរដ្ឋរត់កង់បីមួយរូបនៅខណ្ឌពោធិ៍សែនជ័យ លោក ប៉ោ ចាន់ផល ត្អូញត្អែរថានៅពេលភ្លៀងធ្លាក់ខ្លាំងម្ដងៗ លោកមិនអាចចេញទៅរត់កង់បីបាននោះទេ ដោយសារតែទឹកលិចផ្លូវពិបាកធ្វើដំណើរ ហើយមានគ្រលុកធំៗ អាចបណ្ដាលឱ្យមានគ្រោះថ្នាក់។ លោកបន្តថា លោកព្រួយបារម្ភពីបញ្ហាសុខភាពរបស់កូនតូចៗ ដោយសារមានទឹកផុសចេញពីលូដែលមានក្លិនស្អុយ អាចបណ្ដាលឱ្យឆ្លងមេរោគ និងរមាស់ស្បែក។ លោកបន្ថែមថា ក្រៅពីបាត់បង់ចំណូលហើយនោះ ផ្ទះរបស់លោកក៏រងការខូចខាតដែរ ព្រោះទឹកហូរចូលផ្ទះលើជង្គង់ពិបាកដេក និងខ្លាចខ្សែភ្លើងឆ្លងចរន្តអគ្គិសនីអាចនឹងឆក់គ្រួសារលោកជាដើម។
លោក ប៉ោ ចាន់ផល៖«នេះជាការសំណូមពររបស់ខ្ញុំសុំឱ្យគាត់មានវិធានការក្នុងការទប់ស្កាត់ឱ្យទាល់តែបានកុំឱ្យប្រជាពលរដ្ឋមានការពិបាកក្នុងការប្រកបមុខរបររកស៊ីប្រចាំថ្ងៃ លំបាកនៅក្នុងការដេកពួន ដោយសារដេកពួនហ្នឹងមានអារម្មណ៍ភ័យខ្លាចមានហានិភ័យកើតឡើងដូចជាទុស្សេខ្សែភ្លើង(ឆ្លងចរន្ត)ដូចជាមានសត្វតូចធំ ដូចជាសត្វពស់សត្វក្អែបទិចអីហ្នឹងវាអាចដល់កូនចៅតូចៗហ្នឹងដែរ»។
វិទ្យុអាស៊ីសេរីមិនបានទាក់ទងអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៤ កក្កដា។ ក៏ប៉ុន្តែតាមរយៈទំព័រ ហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ បានបង្ហោះថា កត្តាដែលធ្វើឱ្យជំនន់ភ្លៀងលិចខ្លាំង គឺដោយសារតែប្រព័ន្ធលូរំដោះទឹកហូរមិនទាន់ និងថែមទាំងបន្ទោសមកពីភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យកម្ពស់ទឹកហក់ឡើងរហូតដល់ ១៥៣មម ដែលមិនធ្លាប់មានពីមុន។ ទំព័រ ហ្វេសប៊ុកដដែលនេះបញ្ជាក់ថាមានរថយន្តជួយបូមទឹកចេញសរុប ១៤កន្លែងដើម្បីរំដោះទឹក និងសំអាតតាមដងផ្លូវក្រោយទឹករីងអស់។
Opens in new windowបើទោះជាបែបនេះក្ដីសកម្មជនការពារសិទ្ធិមនុស្ស និងបរិស្ថាន លោក ម៉ា ចិត្រា យល់ឃើញថា ការយករថយន្តមកបូម ដើម្បីរំដោះទឹកបែបនេះមិនមែនជាដំណោះស្រាយ ដែលមាននិរន្តរភាពនោះទេ ពោលគឺរដ្ឋាភិបាលគួរតែឈប់លុបបឹងធម្មជាតិ ដែលជាផ្លូវរំដោះទឹក និងសាងសង់ប្រព័ន្ធធារាសាស្ត្របន្ថែមវិញប្រសើរជាង។ លោកបន្តថាការជន់លិចនៅរាជធានីភ្នំពេញនេះជាគំរូដល់បណ្ដាខេត្តផ្សេងទៀត ដែលមានបំណងចង់ចាក់ដីលុបបឹង ដើម្បីសាងសង់បុរី ពីព្រោះអាចបណ្ដាលលិចផ្ទះសម្បែងប្រជាពលរដ្ឋ។
លោក ម៉ា ចិត្រា៖«ទី១ រឿងខ្សែភ្លើង។ ទី២ ខ្ញុំឃើញបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញមិនចាប់អារម្មណ៍ហ្នឹងដែលហូរខ្លាំង ហើយបើវាជាទឹកភ្លៀងមិនជាបញ្ហាទេ ប៉ុន្តែខ្ញុំកត់សំគាល់មើលឃើញថា ទឹកហូរនៅតាមដងផ្លូវពេលជន់លិចនេះមិនមែនត្រឹមតែជាទឹកភ្លៀងទេ គឺជាទឹកហូរចេញពីលូទឹកស្អុយអ៊ីចឹងវាបង្កជារោគផ្សេងៗដែលយើងមិនអាចមើលឃើញទេ ជាពិសេស ទៅលើកុមារ»។
របាយការណ៍របស់សមាគមធាងត្នោតចេញផ្សាយកាលពីខែធ្នូ ឆ្នាំ២០១៩ បានលាតត្រដាងពីផលប៉ះពាល់បរិស្ថាន និងសង្គមធ្ងន់ធ្ងរ បណ្ដាលមកពីការអភិវឌ្ឍទីក្រុងរណប និងបុរីជាច្រើន។ គម្រោងទាំងនោះបានចាប់ផ្ដើមចាក់ដីខ្សាច់លុបបឹងធម្មជាតិ និងតំបន់ដីសើម ដោយក្នុងនោះបឹងធម្មជាតិចំនួន១៦ ត្រូវបានគេលុបទាំងស្រុង ហើយបឹងចំនួន១០ ទៀតត្រូវបានគេចាក់លុបដោយផ្នែកខ្លះ ក្នុងចំណោមបឹងធម្មជាតិចំនួន ២៦ នៅរាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ១៩៩០ រហូតមក។ លើសពីនេះបឹងមួយចំនួន ដែលការពារដោយអនុក្រឹត្យ ក៏កំពុងប្រឈមនឹងការចាក់លុបដូចគ្នាដែរ ហើយប្រសិនបើស្ថានភាពដូចបច្ចុប្បន្ននៅតែបន្ត រាជធានីភ្នំពេញ និងតំបន់ជុំវិញ នឹងរងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់ បាត់បង់ត្រីធម្មជាតិ និងបាត់បង់អាងប្រព្រឹត្តិកម្មទឹកកង្វក់បែបធម្មជាតិ ហើយប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋជាដើម។
កន្លងទៅសកម្មជនបរិស្ថាន និងពលរដ្ឋតែងតែព្រមានពីការចាក់ដីលុបបឹងធ្វើឱ្យជន់លិចរាជធានីភ្នំពេញ ប៉ុន្តែរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ពីមតិរិះគន់ និងកែលម្អតាមការស្នើសុំរបស់ពលរដ្ឋនោះឡើយ ដែលធ្វើឱ្យភ្នំពេញបាត់បង់អាងស្តុកទឹកស្ទើរទាំងស្រុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
