សកម្មជនបរិស្ថានរិះគន់រដ្ឋាភិបាល ដែលកាត់ដីឧទ្យានជាតិបទុមសាគរឱ្យឧកញ៉ា គិត ម៉េង
2023.08.27

សកម្មជនបរិស្ថានសោកស្ដាយ ដែលរដ្ឋាភិបាលបន្តកាត់ដីឧទ្យានជាតិបទុមសាគរជាបន្តបន្ទាប់រហូតដល់ជាង ១៥ម៉ឺន (១៥៨.២៥២)ហិកតារ ឬប្រមាណជិត ៨៧ភាគរយនៃឧទ្យានជាតិបទុមសាគរ ឬមានទំហំធំជាងពីរដង (២,៣) នៃផ្ទៃដីរាជធានីភ្នំពេញ ឱ្យទៅក្រុមឧកញ៉ាមួយចំនួន ដូចជា ឧកញ៉ា គិត ម៉េង ដែលធ្វើឱ្យបាត់បង់ព្រៃឈើ និងដីធ្លីផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅតំបន់នោះ។ សកម្មជនបរិស្ថានទទូចដល់ប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិទាមទារឱ្យរដ្ឋាភិបាលដកហូតដីសម្បទានមកវិញ ដើម្បីបញ្ឈប់ការបំផ្លាញឧទ្យានជាតិបទុមសាគរ។
សកម្មជនបរិស្ថានប្រតិកម្ម ចំពោះរដ្ឋាភិបាលមុន ដឹកនាំដោយ លោក ហ៊ុន សែន ដែលកាលពីថ្ងៃទី២៥ ខែមករា បានចេញអនុក្រឹត្យកាត់ដីឧទ្យានជាតិជាតិបទុមសាគរជាលើកទីពីរឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់លោក គិត ម៉េង ទំហំជិត ១ម៉ឺន (៩.៩៦៨)ហិកតារ ខណៈក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដដែលបានទទួលដីសម្បទានទំហំជាង ៨ពាន់ (៨.៦៣១)ហិកតារ រួចទៅហើយពីឧទ្យានជាតិបទុមសាគរ កាលពីខែកញ្ញា ឆ្នាំ២០២១។
សកម្មជនចលនាមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុធ ថ្លែងថា ការកាត់ឧទ្យានជាតិបន្តបន្ទាប់ស្ទើរតែទាំងស្រុងឱ្យទៅឧកញ៉ា និងក្រុមហ៊ុនឯកជន គឺបង្ហាញអំពីប្រព័ន្ធដឹកនាំរដ្ឋ ដែលផ្ដល់ផលប្រយោជន៍ទៅឱ្យអ្នកមានលុយ មានអំណាច ប៉ុន្តែប្រព័ន្ធដឹកនាំនេះកំពុងបំផ្លាញសម្បត្តិធម្មជាតិរបស់ពលរដ្ឋខ្មែរ។
លោក លី ចាន់ដារ៉ាវុធ៖ «ខ្ញុំយល់ថា ការកាត់ដីឧទ្យានជាតិបទុមសាគរចែកគ្នានៅក្នុងចំណោមអ្នកដឹកនាំខ្មែរ ហើយនិងឧកញ៉ានេះបង្ហាញពីប្រព័ន្ធរកស៊ីមួយ ដែលមិនបានផ្ដល់ផលប្រយោជន៍ឱ្យជាតិនោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺជាប្រព័ន្ធដែលទាញយកធនធានពីប្រទេសជាតិយ៉ាងច្រើន ហើយផលប្រយោជន៍ទាំងអស់ហ្នឹងផ្ដល់ឱ្យតែឧកញ៉ា ឬអ្នកដឹកនាំដែលមានផលប្រយោជន៍ជាប់ពាក់ព័ន្ធតែប៉ុណ្ណឹងទេ»។
លោក លី ចាន់ដារ៉ាវុធ បន្ថែមថា ផលប៉ះពាល់នៃការកាត់ដីឧទ្យានជាតិនេះនឹងកើតឡើងក្នុងរយៈពេលខ្លី និងរយៈពេលវែង រួមមាន ការបាត់បង់ព្រៃឈើ សត្វព្រៃ ដែលមិនងាយនឹងកើតឡើងវិញ ឬអាចផុតពូជ ចំណែកវិបត្តិសង្គមវិញ គឺនឹងធ្វើឱ្យគម្លាតអ្នកមាន និងអ្នកក្រកាន់តែកើនឡើង ហើយពលរដ្ឋខ្មែររាប់សែននាក់បាត់បង់ទីជម្រក និងដីស្រែចម្ការ ប៉ុន្តែមនុស្សមួយក្រុមកំពុងកាន់កាប់ដីរាប់សែនហិកតារទៅវិញ។ លោក លី ចាន់ដារ៉ាវុធ ទទូចដល់ពលរដ្ឋខ្មែរឱ្យប្រើសិទ្ធក្នុងនាមពលរដ្ឋក្នុងការចូលរួមទាមទាររដ្ឋាភិបាលឱ្យបញ្ឈប់ការអភិវឌ្ឍឧទ្យានជាតិ ដែលនៅសល់ព្រៃតិចតួចចុងក្រោយនេះ។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីអភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អាង សុផល្លែត បានទេ នៅថ្ងៃទី២៦ ខែសីហា ។
សកម្មជនសិទ្ធិមនុស្ស និងជាអ្នកការពារបរិស្ថានលោក សាន់ ម៉ាឡា មានប្រសាសន៍ថា ការកាត់ដីពីឧទ្យានជាតិបទុមសាគរ ឬតំបន់ការពារធនធានធម្មជាតិផ្សេងទៀត រដ្ឋាភិបាលមិនដែលជូនដំណឹងជាសាធារណៈអំពីផលប៉ះពាល់ ឬផលចំណេញពីការកាត់ធនធានធម្មជាតិទាំងនោះទេ។
លោក សាន់ ម៉ាឡា ថា ពលរដ្ឋខ្មែរគ្រប់រូបដែលជាម្ចាស់វាសនាប្រទេសជាតិ ត្រូវតែហ៊ានប្រើសិទ្ធិរបស់ខ្លួនក្នុងការទាមទារតវ៉ារដ្ឋាភិបាលឱ្យបញ្ឈប់គម្រោងអភិវឌ្ឍន៍ជាបន្ទាន់ ទាំងក្នុងឧទ្យានជាតិបទុមសាគរ ឬតំបន់ការពារធានធានធម្មជាតិផ្សេងទៀត ព្រោះធនធានទាំងអស់នេះ មិនមែនជារបស់ឧកញ៉ា និងអ្នកមានអំណាចទាំងអស់នោះទេ។
លោក សាន់ ម៉ាឡា៖ «ក្នុងស្ថានភាពបែបនេះ ប្រសិនបើប្រជាពលរដ្ឋខ្មែរនៅតែបន្តនៅស្ងៀមមិននាំគ្នាប្រតិកម្ម មិននាំគ្នាធ្វើសកម្មភាពដោយផ្ទាល់ ដើម្បីបញ្ឈប់បទល្មើសនៃការឈូសបំផ្លិចបំផ្លាញធនធានធម្មជាតិនេះទេ រដ្ឋាភិបាលប្រហែលជាគេមិនស្ដាប់ គេមិនមានទម្ងន់អ្វីពិចារណា ឬធ្វើសេចក្ដីសម្រេចចិត្តម្ដងទៀត ដើម្បីបញ្ឈប់ផែនការនៅក្នុងការផ្ដល់ ឬការកាត់ប្រគល់ដីតាមតំបន់ការពារធម្មជាតិនេះទៅឱ្យវិស័យឯកជននោះទេ»។
ឧទ្យានជាតិបទុមសាគរបានចុះបញ្ជីជាតំបន់អភិរក្ស ដោយព្រះរាជក្រឹត្យព្រះបាទ នរោត្តម សីហនុ កាលពីឆ្នាំ១៩៩៣ មានផ្ទៃដីជិត ២សែនហិកតារ (១៨៣.៤០៨)។ ប៉ុន្តែ លោក ហ៊ុន សែន កាត់ឧទ្យានជាតិនេះចេញជាបន្តបន្ទាប់ ដូចជា កាត់ដីដល់ក្រុមហ៊ុនអភិវឌ្ឍន៍ចិន (UDG) ចំនួនជិតមួយម៉ឺន (៩.១០០)ហិកតារនៅក្នុងឆ្នាំ២០១១ និងកាត់ដីឱ្យក្រុមហ៊ុនកូនប្រុសរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ចំនួនជាង ៦ពាន់ (៦.២៣៤)ហិកតារក្នុងឆ្នាំ២០២៣ ជាដើម។ ដូច្នេះ បើបូកទាំងការកាត់ដីឧទ្យានជាតិបទុមសាគរចំនួនពីរលើកឱ្យមហាសេដ្ឋី គិត ម៉េង ចំនួនជិត ២ម៉ឺន ហិកតារទៀតនោះ ធ្វើឱ្យឧទ្យានជាតិបទុមសាគរកាន់តែរួញតូចបំផុត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។