សកម្មជនបរិស្ថាន និងសង្គមស៊ីវិល ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ចាម គួរកសាងសំណុំរឿងបញ្ជូនអ្នកពាក់ព័ន្ធ ដែលនៅពីក្រោយការចាក់ថ្មចូលទន្លេមេគង្គ ទៅតុលាការផ្ដន្ទាទោសតាមច្បាប់ ដើម្បីបង្ហាញពីការការពារធនធានធម្មជាតិ និងការអនុវត្តច្បាប់ស្នើភាព និងតម្លាភាព ចំពោះពលរដ្ឋគ្រប់រូប។ ពួកគាត់ថា ប្រសិនបើមានការលើកលែងលើករណីនេះ នឹងធ្វើឱ្យជនខិលខូចនៅតែបំពានច្បាប់។
សកម្មជនបរិស្ថាន លើកឡើងថា អាជ្ញាធរខេត្តកំពង់ចាម គួរតែអនុវត្តច្បាប់ ចំពោះបុគ្គលដែលចាក់ថ្ម រំលោភលើច្រាំងទន្លេមេគង្គ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឱ្យមានភាពសុក្រឹត្យ និងស្វែងរកអ្នកពាក់ព័ន្ធឱ្យមកទទួលខុលត្រូវ ព្រោះករណីនេះ កើតឡើងជាងមួយខែទៅហើយ ទើបអាជ្ញាធរចាត់វិធានការ។
មន្ត្រីជាន់ខ្ពស់ផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ម៉ា ចិត្រា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៣ ខែកុម្ភៈ ថា ករណីនេះប្រសិនបើគ្មានការបែកធ្លាយពីសំណាក់ពលរដ្ឋនោះទេ អាជ្ញាធរប្រហែលមិនចាត់វិធានការក្នុងរឿងនេះឡើយ។ តែយ៉ាងណា លោកថា អាជ្ញាធរក៏គួរតែអនុវត្តវិធានការតាមផ្លូវច្បាប់ ទៅលើបុគ្គលដែលបញ្ជាឱ្យចាក់ថ្មចូលទន្លេនេះ ដើម្បីបង្ហាញពីការអនុវត្តច្បាប់ដោយគ្មានការលើកលែង។
លោក ម៉ា ចិត្រា៖ «ខ្ញុំសំណូមពរឱ្យរដ្ឋាភិបាល ត្រូវតែដាក់ទោសទណ្ឌឱ្យបានធ្ងន់ធ្ងរ ចំពោះបុគ្គលទាំងឡាយណា មិនថាតែបុគ្គលដែលជាម្ចាស់ដីហ្នឹងទេ អ្នកផ្សេងទៀតក៏ដោយ ឱ្យតែបំពានទៅលើសម្បត្តិសាធារណៈ ឬឆ្នេរ ដែលប៉ះពាល់ទៅលើច្បាប់ សូមឱ្យចាត់វិធានការឱ្យបានម៉ឺងម៉ាត់។ បើមិនអ៊ីចឹងទេ អ្នកមានលុយ គាត់អាងគាត់មានលុយ គាត់ធ្វើអីតាមតែចិត្ត ហើយនៅពេលដែលគាត់មានលុយ គាត់ធ្វើអ៊ីចឹងបាន ឧបមាអត់មានអ្នកណាដឹង(នោះ)អ្នកផ្សេងទៀតធ្វើដែរ។ អ៊ីចឹងហើយអាហ្នឹងវាជាគំរូអាក្រក់សម្រាប់អ្នកមានលុយផ្សេងទៀត»។
រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៣ ខែកុម្ភៈ បានប្រកាសកំណត់ឱ្យភាគីម្ចាស់ដីនៅទីតាំងដែលចាក់ថ្មចូលទន្លេមេគង្គ នៅភូមិសាស្ត្រស្រុកស្រីសន្ធរ បញ្ឈប់សកម្មភាពជាបន្ទាន់ និងត្រូវកាយយកថ្មចេញវិញឱ្យអស់ ក្នុងរយៈពេលយ៉ាងយូរ៧០ថ្ងៃ ហើយមិនត្រូវកាយពង្រាយថ្មនោះ ទម្លាក់ចូលក្នុងទឹកទន្លេឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់ទៅថ្ងៃក្រោយសម្រាប់ការធ្វើចរាចរណ៍ តាមផ្លូវទឹក។
ការចេញលិខិតនេះ គឺបន្ទាប់ពីមានការប្រតិកម្មព្រោងព្រាតនៅលើបណ្ដាញសង្គម អំពីការចាក់ថ្ម ចូលក្នុងទន្លេមេគង្គ នៅភូមិព្រៃទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ។ អាជ្ញាធររកឃើញថា នៅទីតាំងនោះ ពិតជាមានសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេពិតប្រាកដមែន ដោយដំណើរការតាំងពីថ្ងៃទី២ ខែមករា មកម្ល៉េះ ហើយម្ចាស់សំណង់ចាក់ថ្មចូលក្នុងទន្លេ ដោយខុសច្បាប់ ឈ្មោះ ទន់ ឆៃអ៊ាង។ ថ្មទាំងនោះ គឺចាក់ចូលទៅក្នុងផ្ទៃទន្លេមេគង្គ ប្រវែង ៥៥ម៉ែត្រ និងគ្រោងចាក់បណ្តោយទន្លេប្រវែងជិត ៣រយម៉ែត្រ(២៩៤.៦) ខណៈបច្ចុប្បន្នចាក់បានប្រវែងជា ១រយ (១៣០)ទៅហើយ។ អាជ្ញាធរបញ្ជាក់ថា សកម្មភាពនៃការចាក់ថ្មចូលផ្ទៃទន្លេនេះ គឺពុំមានច្បាប់អនុញ្ញាតនោះទេ។
ទោះជាបែបនេះក្ដី នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរខេត្តកំពង់ចាម មិនបានបញ្ជាក់ពីការចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់សំណង់ឈ្មោះ ទន់ ឆៃអ៊ាង ឡើយ ហើយបុគ្គលរូបនេះ ក៏មិនបានចេញមុខដោះស្រាយដែរ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលស្រុកស្រីសន្ធរ លោក ស៊ីម គង់ និងអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ដើម្បីបកស្រាយរឿងនេះបានទេ នៅថ្ងៃទី២៣ ខែកុម្ភៈ ដោយទូរស័ព្ទហៅចូល តែត្រូវចុចបិទ។
ម្ចាស់សំណង់ចាក់ថ្មចូលក្នុងទន្លេ គឺលោក ទន់ ឆៃអ៊ាង មានគោរមងារជាឧកញ៉ា គឺជាអគ្គនាយកក្រុមហ៊ុនព្រីមៀរ៍ ផាក (Premier Park) ដែលរកស៊ីលើវិស័យអចលនទ្រព្យ មានដូចជាផ្ទះល្វែង បុរី និងដីឡូតិ៍ ជាដើម ក្រៅពីនេះ លោកក៏ជាឈ្មួញរកស៊ីកាប់ឈើ ដែលស្និទ្ធនឹងឈ្មួញរកស៊ីកាប់ឈើលក់ទៅក្រៅប្រទេស ដ៏ល្បីឈ្មោះ គឺលោក ទ្រី ភាព ថែមទៀតផង។ ក្រៅពីនេះ ឈ្មោះ ទន់ ឆៃអ៊ាង ហាក់មានទំនាក់ទំនងជិតស្និទ្ធជាមួយអាជ្ញាធរខេត្តកំពង់ចាមផងដែរ។ ក្នុងនោះ កាលពីឆ្នាំ២០២១ លោកបានជួយសាងសង់អគារថ្មីមួយកន្លែង ឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ ដែលចំណាយទឹកប្រាក់ចំនួនជាង ១ម៉ឺន ដុល្លារ(១៤.០០០)។
ជុំវិញរឿងនេះមន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក (Adhoc) លោក ប៉ែន ប៉ុណ្ណារ៍ យល់ឃើញថា ការចាត់វិធានការច្បាប់របស់អាជ្ញាធរខេត្តកំពង់ចាម ចំពោះបុគ្គលដែលបានចាក់ថ្មលុបទន្លេមេគង្គ ដោយខុសច្បាប់នេះ ហាក់គ្មានទម្ងន់ និងគ្មានតម្លាភាពឡើយ។ លោកបន្តថា អាជ្ញាធរគួរបញ្ជូនសំណុំរឿងនេះ ទៅតុលាការ ដោយអនុវត្តតាមច្បាប់ភូមិបាល ស្ដីពីការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធ។
លោក ប៉ែន ប៉ុណ្ណារ៍៖ «អ៊ីចឹងដើម្បីឱ្យការជំរុញយុត្តិធម៌ហ្នឹង ឱ្យមានប្រសិទ្ធភាព អាជ្ញាធរគួរតែចាត់វិធានការតាមផ្លូវច្បាប់ ឱ្យបានម៉ឺងម៉ាត់ មិនគួរធ្វើតែចំពោះប្រជាពលរដ្ឋទន់ខ្សោយនោះទេ មិនថាមន្ត្រីថ្នាក់ណាក៏ដោយ ឧកញ៉ាណាក៏ដោយ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់»។
ច្បាប់ភូមិបាលឆ្នាំ២០០១ មាត្រា ២៥៩ ចែងថា ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ ៥លានរៀល (៥.០០០.០០០) ដល់ ៥០លានរៀល (៥០.០០០.០០០) និងផ្ដន្ទាទោសពី ១ឆ្នាំ ដល់ ៥ឆ្នាំ។
ទោះយ៉ាងណា ករណីរំលោភដីច្រាំងទន្លេ ស្ទឹងនេះ មិនមែនទើបកើតមាននោះឡើយ ដោយកាលពីខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុនឧកញ៉ា ទុយ គី ធ្លាប់បានចាក់ដី ចាក់លុបដល់កណ្ដាលស្ទឹងសង្កែ ខេត្តបាត់ដំបង និងសង់របងថ្ម វេរ៉ង់ដា ដែលលយចូលមាត់ស្ទឹងសង្កែ គ្រោងធ្វើរីស៊ត។ តែក្រោយមក ត្រូវបានរដ្ឋបាលខេត្តបញ្ជាឱ្យវាយចោល និងស្ដារឡើងវិញ តែករណីនេះពុំបាននិយាយពីការផ្ដន្ទាទោសនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។