ក្រុម​អ្នក​ការពារ​បរិស្ថាន​បង្ហាញ​ភស្តុតាង​ស្ដីពី​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​ក្នុង​ព្រៃឡង់

0:00 / 0:00

ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសបុក បង្ហាញ​ពី​សកម្មភាព​ដឹកឈើ​ហ៊ុប​ធំៗ ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ឡង់​ខេត្ត​ព្រះវិហារ ដើម្បី​ឆ្លើយ​តប​នឹង​មន្ត្រី​ជាន់ខ្ពស់ ក្រសួងបរិស្ថាន ដែល​តែងតែ​ឆ្លើយ​បដិសេធ​ដដែលៗ​ថា គ្មាន​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ ឋិត​ក្នុង​ដែន អភិរក្ស​នេះ​ទេ​។ ប្រជា​សហគមន៍​ព្រៃ​ឡង់ និង​ក្រុម​យុវជន​កំពុង​ប្រមូល​ភស្តុតាង​ជា​ថ្មី​ទៀត ពី​អាជីវកម្ម​ឈើ​ខ្នាត​ធំ របស់​ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធី (PNT Co., Ltd.) ដែល​កំពុង​ធ្វើ​សកម្មភាព​កាប់​បំផ្លាញ​ឈើមូល​ធំៗ ក្នុង​ព្រៃឡង់។

ក្រុម​អ្នកការពារ​បរិស្ថាន អំពាវនាវ​ឱ្យ​ក្រសួងបរិស្ថាន ឈប់​ប្រើ​លេស​ឆ្លើយ​ដោះសា និង​ឈប់​ច្រានចោល​រាល់​ភស្តុតាង​ដែល​ពួកគាត់​បាន​រក​ឃើញ​ពី​បទ​ល្មើស​ព្រៃឈើ​ដើម្បី​ការពារ​ភោគទ្រព្យ​ជាតិ ដែល​កំពុង​ទទួលរង​ការ​បំផ្លិចបំផ្លាញ។ ការ​លើក​ឡើង​នេះ ក្រោយពី​សកម្មភាព​ដឹកឈើ​មូល​ធំៗ ចេញពី​ដែន​ជម្រក​សត្វព្រៃ​ឡង់ ឋិត​ក្នុង​ស្រុក​រវៀង ខេត្តព្រះវិហារ ពី​សំណាក់​ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធី នៅតែ​កើត​មាន​ច្រើន​ដោយ​មាន​រថយន្ត​យី​ឌុប​ធំៗ ដឹកឈើ​ចេញពី​ការដ្ឋាន​ក្រុមហ៊ុន​នេះ ឆ្ពោះទៅ​ទី​រួម​ខេត្ត​កំពង់ធំ​។ លើស​ពី​នេះ ក៏​មាន​រថយន្ត​ប៉ា​កុង​ជាច្រើន​គ្រឿង​ទៀត ដែល​ជា​មធ្យោបាយ​ដឹកឈើ​ចេញពី​ព្រៃ​អភិរក្ស ចូល​ការដ្ឋាន​ក្រុមហ៊ុន​ស្ទើរ​ជា​រឿង​រាល់ថ្ងៃ។

សមាជិក​បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឡង់ ខេត្តព្រះវិហារ លោក សឿន សិទ្ធិ ឱ្យ​ដឹង​នៅ​ថ្ងៃទី ២២ កក្កដា​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​វៀតណាម​មួយ​នេះ សម្រុក​កាប់​ឈើ​គ្រប់​ប្រភេទ ឱ្យ​តែ​មានមុខ​កាត់​ធំៗ ដឹក​ចូល​ការដ្ឋាន​ក្រុមហ៊ុន​ឋិត​ក្នុង​ឃុំ​រៀបរយ ស្រុក​រវៀង​។ លោក​ថា ស្ទើរ​ជា​រៀងរាល់ថ្ងៃ មាន​រថយន្ត​យី​ឌុប​មិន​ក្រោម ៤​គ្រឿង​នោះ​ទេ ដោយ​ក្នុង​មួយ​គ្រឿង ផ្ទុក​ឈើ​ចន្លោះ​ពី ៣០​ម៉ែត្រគូប ទៅ ៥០ ម៉ែត្រគូប ដឹកជញ្ជូន​ឆ្ពោះទៅ​ខេត្តកំពង់ធំ​។ លោក​បន្ថែម​ថា បើ​ទោះ​បី​ជា ពួក​លោក​មាន​ភស្តុតាង​ជាច្រើន បង្ហាញ​ពី​សកម្មភាព​កាប់​ឈើ​ខុសច្បាប់ ប្រាប់​ទៅ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ ឱ្យ​ជួយ​ទប់ស្កាត់​ក៏ដោយ ក៏​គ្មាន​បាន​ផល​អ្វី​នោះ​ទេ​។ លោក​បញ្ជាក់​ថា ដោយសារ​ប្រការ​នេះ​ហើយ ទើប​ពួក​លោក​សម្រេចចិត្ត បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសបុក បង្ហាញ​ពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ខ្នាត​ធំ​ទាំងនេះ ដើម្បី​ឱ្យ​មហាជន​ជ្រាប៖ «ក្រសួង​បរិស្ថាន​មិន​ដឹង​ធ្វើ​ម៉េច​ទេ បើ​ពួក​ខ្ញុំ​ឃើញ​អ៊ីចឹង​ហើយ គាត់​ចេះតែ​ច្រានចោល ដោយសារតែ​ពុំ​មាន​បទល្មើស​។ តែ​ជាក់ស្តែង​មាន​ការ​កាប់​ព្រៃ​ឡង់​គឺ​នៅតែ​អ៊ីចឹង បាត់បង់​ក្នុង​ពេល​ឆាប់ៗ តាំងពី​មាន​ក្រសួង​បរិស្ថាន ដូចជា អត់​សូវ​មាន​ប្រសិទ្ធភាព។

សកម្មជន​ព្រៃឡង់​រូប​នេះ បន្ថែម​ថា ក្នុង​ដេប៉ូ​អារឈើ​របស់​ក្រុមហ៊ុន​វៀតណាម PNT មាន​សន្តិសុខ​យាមកាម​យ៉ាង​ប្រុងប្រយ័ត្ន សូម្បីតែ​អ្នកភូមិ​ចូល​ព្រៃ​រក​អនុផល​ព្រៃឈើ ក៏​គេ​ឆែកឆេរ​ដែរ ដោយ​ខ្លាចក្រែង មាន​ទូរ​សព្ទ​ដៃ លូច​ថត​ពី​សកម្មភាព​បទល្មើស​ព្រៃឈើ។ លោក​ថា រថយន្ត​យី​ឌុប​ដឹកឈើ មុននឹង​ធ្វើដំណើរ​ដល់​ខេត្ត​កំពង់ធំ គឺ​ត្រូវ​ឆ្លងកាត់​ទីស្នាក់ការ របស់​ក្រសួង​បរិស្ថាន ជាច្រើន​កន្លែង។

អាស៊ីសេរី​មិនទាន់​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា និង​មេការ ក្រុមហ៊ុន​ភីអ៊ិនធី លោក ចាប សារ៉ន បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី ២២ កក្កដា។

ប៉ុន្តែ​កន្លងទៅ ក្រសួងបរិស្ថាន​តែង​លើក​ឡើង​ថា បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស កើតមាន​ជា​ទ្រង់ទ្រាយ​តូចៗ​តែប៉ុណ្ណោះ ពុំ​មាន​បទល្មើស​ទ្រង់ទ្រាយ​ធំ​នោះ​ទេ ហើយ​ជា​ញឹកញាប់​តែង​ច្រានចោល​រាល់​របាយការណ៍​ភ្ជាប់​ភស្តុតាង​របស់​ប្រជា​សហគមន៍ អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​យុវជន ដែល​រក​ឃើញ​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​អភិរក្ស។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក អេង ហ៊ី ឆ្លើយ​យ៉ាង​ខ្លី​ថា គណៈកម្មការ​ជាតិ​បាន​កសាង​សំណុំរឿង​ទៅ​តំណាង​អយ្យការ​ខេត្តព្រះវិហារ​រួចហើយ ហើយ​លោក​រុញ​ឱ្យ​អាស៊ីសេរី​សួរ​ទៅ​តំណាង​អយ្យការ​វិញ​។ លោក​បដិសេធ​បង្ហាញ​លទ្ធផល​នៃ នៃ​ការស៊ើបអង្កេត​កន្លងទៅ ពាក់ព័ន្ធ​ក្រុមហ៊ុន​នេះ​៖ «ដែល​កសាង​នៅ​អយ្យការ គឺ​ឱ្យ​អយ្យការ​ឆ្លើយ ពីព្រោះ​គណៈកម្មការ​ជាតិ គ្រាន់តែ​កសាង​សំណុំរឿង​ទេ»។

ចំណែក ព្រះរាជអាជ្ញា​ខេត្ត​ព្រះវិហារ លោក ទី សុវិនថាល់ វិញ លោក​មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា សំណុំ​រឿង​នេះ លោក​បាន​បញ្ជូន​ទៅ​ចៅក្រម​រួចហើយ ហើយ​មក​ទល់​ពេល​នេះ ជា ភារកិច្ច​របស់​ចៅក្រម​។ លោក​ជំរុញ​ឱ្យ​អាស៊ីសេរី សួរ​ទៅ​ចៅក្រម​វិញ ព្រោះ​ផុត​ពី​ដៃ​អយ្យកា​រហើយ​។ តែ​យ៉ាងណា​លោក​ថា ឱ្យ​តែ​ក្រុមហ៊ុន​ណាមួយ ប្រព្រឹត្ត​ល្មើសច្បាប់ ផ្ទុយ​ពី​កិច្ចសន្យា​វិនិយោគ នឹង​ប្រឈម​ចំពោះមុខ​ច្បាប់​ជា​ធរមាន៖ «ជា​កិច្ចការ​ងារ​របស់​ចៅក្រម​ខ្ញុំ​អត់​លូកលាន់​ទេ នីតិវិធី​ទេ បើ​គេ​បិទ​ការ​ស៊ើបសួរ បញ្ជូន​មក​ខ្ញុំ​វិញ»។

ក្រុមហ៊ុន ភីអ៊ិនធី (PNT Co., Ltd.) ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ទំហំ​ជិត ៨​ពាន់​ហិកតារ (៧.៩០០​ហិកតារ​) នៅ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាល​ពី​ឆ្នាំ​២០១០ ក្រោម​កិច្ចសន្យា​រយៈពេល ៧០​ឆ្នាំ​។ ក្នុង​កិច្ចសន្យា​ក្រុមហ៊ុន​នេះ​វិនិយោគ​ដំណាំ​ខ្លឹម​ច័ន្ទ ចន្ទី និង​ដំណាំ​រួមផ្សំ​ផ្សេងៗ ទៀត ប៉ុន្តែ​ប្រជា​សហគមន៍​អះអាង​ថា ក្រុមហ៊ុន​មិនបាន​ដាំ​ដុះ​តាម​កិច្ចសន្យា​នោះ​ទេ ដោយ​ផ្ដោត​លើ​ការ​កាប់​ឈើ និង​អាជីវកម្ម​ឈើ​ទៅវិញ​។ លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​មាន​ម៉ាស៊ីន​អារច្រៀក​ឈើ​ខ្នាត​ធំ ៤​គ្រឿង​ឋិត​ក្នុង​ស្រុក​រវៀង ជាប់​ព្រៃ​ឡង់​ខេត្តព្រះវិហារ​។ សកម្មភាព​កាប់​ឈើ​ខ្នាត​ធំ​របស់​ក្រុមហ៊ុន​នេះ កើត​ឡើងជា​បន្តបន្ទាប់ ចាប់តាំងពី​ខែ​មករា ដើម​ឆ្នាំ ២០២១ រហូត​មក​ទល់​ពេល​នេះ។

ប្រជា​សហគមន៍​អះអាង​ថា ក្រសួង​កសិកម្ម​ផ្ដល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​នេះ ប្រមូល​អនុផល​ព្រៃ ឬ​ធ្វើ​អាជីវកម្ម​ឈើ ឋិត​នៅ​តំបន់ ២ និង តំបន់​៣ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង​វិញ ក្រុមហ៊ុន​បាន​កាប់​ឈើ បំពាន​ដល់​តំបន់ ៤ រហូតដល់​តំបន់ ៧ ឋិត​ជាប់​ដែន​ជម្រក​សត្វ​ព្រៃឡង់។ ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន នៅតែ​បន្ត កាប់​ឈើ​បំពាន​ចូល​ដែន​ជម្រក​សត្វព្រៃ​ឡង់​ជាច្រើន​ខែ​មក​ហើយ ដោយ​គ្មាន​មន្ត្រី​បរិស្ថាន​ណា​រារាំង​នោះ​ទេ។

ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​លោក ហេង គឹមហុង យល់​ថា ក្រសួង​បរិស្ថាន គួរតែ​ឈប់​គិត​រឿង​បទល្មើស​តូច ឬ​ធំ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ គឺ​ក្រសួង​ត្រូវ​រក​មធ្យោបាយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​គ្រប់​រូបភាព ឱ្យ​មាន​ប្រសិទ្ធភាព។ លោក​បន្ថែម​ថា ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ពាក់ព័ន្ធ គួរតែ​បំពេញ​តួនាទី សហការ​ជាមួយ​ពលរដ្ឋ ការពារ​ព្រៃឈើ​ស្របតាម​ច្បាប់ ដោយ​មិន​ត្រូវ​ច្រានចោល និង​បដិសេធ​រាល់​សេចក្ដីរាយការណ៍ របស់​ប្រជា​សហគមន៍​នោះ​ទេ៖ «យើង​ចង់ឱ្យ​សកម្មភាព​ល្មើសច្បាប់​ទាំងឡាយ ត្រូវ​បាន​បញ្ចប់​អាជ្ញាធរ។ ច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ​មន្ត្រី​ឧទ្យានុរក្ស​មាន​កាតព្វកិច្ច​ពេញលេញ ក្នុង​ការ​បន្ត​ឈប់​ស្កាត់​គ្រប់​ទ្រង់ទ្រាយ នៃ​បទល្មើស​មិន​ថា បទល្មើស​តូច ឬ​ធំ​ទេ»។

ស្រដៀង​គ្នា​នេះ មន្ត្រី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា បទល្មើស​តូច ឬ​ធំ សុទ្ធតែ​ជា​រូបភាព​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ជា​អំពើ​ល្មើសច្បាប់ ហេតុនេះ​ក្រសួង​គួរតែ​រក​មធ្យោបាយ​ថែទាំ​ព្រៃ​អភិរក្ស​ឱ្យ​បាន​ល្អ ចៀសវាង​ឆ្លើយ​ដោះស្រាយ និង​ច្រានចោល ដដែលៗ​៖ «សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ សុទ្ធតែ​រឿង​តូច អ៊ីចឹង​យើង​ទាមទារ​ឱ្យ​សហគមន៍ បទល្មើស​ជាក់ស្តែង​នាំគ្នា​ប្តឹង​ទៅ»។

កាល​ពី​ពីរ​សប្ដាហ៍​មុន សហគមន៍​ព្រៃ​ឡង់​ខេត្តព្រះវិហារ រក​ឃើញ​បទល្មើស​ព្រៃឈើ​ជាង ៣​រយ​ករណី (៣៦៣)​ជា​ថ្មី​ទៀត ឋិត​ក្នុង​តំបន់​បេតិកភណ្ឌ​ជាតិ​ព្រៃ​ឡង់ ឬ​ហៅថា តំបន់​ស្នូល ដែល​ក្រសួង​បរិស្ថាន​ចាត់ទុក​ថា ជា​តំបន់​ដែល​ត្រូវ​ការពារ​ដ៏​តឹងរ៉ឹង​បំផុត​។ សហគមន៍​ថា បទល្មើស​ព្រៃឈើ​ខ្នាត​ធំ​នេះ គឺ​ប្រព្រឹត្ត​ឡើង​ដោយ ក្រុមហ៊ុន​វៀតណាម​ភីអ៊ិនធី (PNT Co., Ltd.) ដែល​បាន​ពង្រាយ​កម្លាំង​កម្មករ​រាប់​សិប​នាក់ កាប់​ផ្ដួល​ឈើ​ធំៗ ក្នុង​តំបន់​ស្នូល​ព្រៃឡង់ ដោយ​មាន​មន្ត្រី​អាវុធហត្ថ​ម្នាក់​ជា​មេការ​ក្រុមហ៊ុន កាង​ការពារ​អាជីវកម្ម​ឈើ​ទាំងនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។