លោក អ៊ូច ឡេង ស្នើ​ព្រះរាជអាជ្ញា និង​រដ្ឋាភិបាល​ចាត់​វិធានការ​ច្បាប់​លើ​ក្រុម​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ព្រៃ​ឡង់

0:00 / 0:00

ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង ស្នើ​ឱ្យ​តំណាង​អយ្យការ​ខេត្ត​ក្រចេះ អគ្គព្រះរាជអាជ្ញា និង​រដ្ឋាភិបាល ស៊ើប​អង្កេត​បទ​ល្មើស​ព្រៃ​ឈើ​ទ្រង់ទ្រាយ​ធំ ក្នុង​តំបន់​ព្រៃ​ឡង់ ដែល​កើត​មាន​ជា​យូរ​ឆ្នាំ​មក​ហើយ។ លោក​ផ្តាំ​ទៅ​រដ្ឋាភិបាល និង​មន្ត្រី​តុលាការ​ទាំង​អស់ ត្រូវ​ចាត់​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន ស៊ីង បាយអូថេក(THINK BIOTECH CAMBODIA) និង​ក្រុមហ៊ុន​អង្គរ ប្លាយវូដ (Angkor Plywood) ពី​ព្រោះ​លោក​មាន​ភស្តុតាង​ច្បាស់លាស់ ដែល​បង្ហាញ​ថា ក្រុមហ៊ុន​ទាំង​នេះ បន្ត​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់​ក្នុង​តំបន់​ព្រៃ​ឡង់។ ចំណែក​អ្នក​នាំ​ពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​អះអាង​ថា គណៈកម្មការ​ជំនាញ​ថ្នាក់​មូលដ្ឋាន​កំពុង​ចាត់​វិធានការ​រឿង​នេះ។

ម្ចាស់​ពានរង្វាន់​វីរជន​បរិស្ថាន Goldman Environmental Prize លោក អ៊ូច ឡេង ចង់​ឱ្យ​ស្ថាប័ន​អយ្យការ​ និង​រដ្ឋាភិបាល ចាត់​វិធានការ​ច្បាប់ ចំពោះ​ក្រុម​ឧក្រិដ្ឋជន​ព្រៃ​ឈើ ដែល​បំផ្លាញ​ធនធាន​ធម្មជាតិ បំផ្លាញ​ដើម​ច្បោះ​ជ័រ​ទឹក និង​បំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី (Ecology System) ក្នុង​តំបន់​ព្រៃ​ឡង់​ធំធេង។ លោក​ជំរុញ​កូន​ខ្មែរ​ទាំង​អស់ ត្រូវ​រួម​គ្នា​រក​មធ្យោបាយ ការពារ​ព្រៃ​ឈើ និង​ការពារ​ធនធាន​ធម្មជាតិ​មរតក​ដូនតា។

ថ្លែង​ក្នុង​វេទិកា​អ្នក​ស្តាប់​អាស៊ី​សេរី​កាល​ពី​យប់ ថ្ងៃ​ទី១៦ មីនា លោក អ៊ូច ឡេង ផ្ដាំ​ទៅ​ព្រះរាជ​អាជ្ញា អគ្គ​ព្រះរាជ​អាជ្ញា និង​មន្ត្រី​តុលាការ​ទាំង​អស់​ថា ត្រូវ​តែ​ចាត់​វិធានការ​ច្បាប់ ចំពោះ​បទ​ល្មើស​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ ព្រោះ​លោក​មាន​ភស្តុតាង និង​របាយការណ៍​ច្បាស់លាស់ ហើយ​ភស្តុតាង​ទាំង​នេះ លោក​បាន​ដាក់​ជូន​ស្ថាប័ន​អយ្យការ​ខេត្ត​ក្រចេះ​រួច​ហើយ។ លោក​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​តុលាការ និង​ព្រះរាជ​អាជ្ញា បាន​ទទួល​ភស្តុតាង​រួច​ហើយ តែ​បែរ​ជា​មិន​ចាត់​វិធានការ មាន​ន័យ​ថា មន្ត្រី​តុលាការ​ទាំង​នោះ​ហាក់​ដូច​ជា ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ឈើ​ខុស​ច្បាប់៖ «ភស្តុងតាងខ្ញុំមាន ខ្ញុំ​ផ្តល់​ទៅ​ឱ្យ​រដ្ឋាភិបាល ផ្តល់​ទៅ​ឱ្យ​ព្រះរាជ​អាជ្ញា និង​ផ្តល់​ទៅ​ឱ្យ​ម្ចាស់​ជំនួយ លោក​ទាំង​នោះ គួរ​តែ​ចាត់​វិធានការ​ឱ្យ​បាន​មុត​មាំ ជាមួយក្រុមហ៊ុនទាំងនោះ ចៀសវាង​អ្វី​ដែល​ពន្យារ​ពេល​ឃុបឃិត រហូតដល់ព្រៃឈើ ព្រៃ​ឡង់​នៅ​តំបន់​នោះ​អស់​​រលីង​ ក៏​ដូច​ជា ដើម​ច្បោះ​នេះ។ ទាំង​អស់​គ្នា​ត្រូវ​តែ​គិត​គូ​ពិចារណា​ឱ្យ​បាន​ទាន់​ពេល​វេលា វា​ជា​ជាង​ព្រៃ​ឈើ​វិនាស​ហិនហោច លុយ​​ក៏​​អស់ បែរ​ជា​រារាំង​សកម្មជន​ ដូចជា សហគមន៍​ព្រៃ​ឡង់ ហើយ​និង​សកម្មជន​ដូច​ខ្ញុំ​នេះ»។

លោក អ៊ូច ឡេង បន្ថែម​ថា​ ការ​ឃាត់​ខ្លួន​លោក និង​អ្នក​សហគមន៍​ព្រៃ​ឡង់ ៣នាក់​ទៀត ផ្អែក​តាម​បណ្តឹង​របស់​តំណាង​ក្រុមហ៊ុន ស៊ីង បាយអូថេក ដើម្បី​រារាំង​មិន​ឱ្យ​ក្រុម​ការងារ​របស់​លោក ស៊ើប​អង្កេត និង​លាត​ត្រដាង​បទ​ល្មើស​ព្រៃ​ឈើ ក្នុង​តំបន់​ព្រៃ​ឡង់។

លោក​បន្ថែម​ថា ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ ហៅ​កាត់​ថា (USAID)​​ ប្រចាំ​កម្ពុជា ដែល​ជា​ម្ចាស់​ជំនួយ អភិរក្ស​ព្រៃ​ឡង់ បាន​បង្ហាញ​របាយការណ៍ ស្រាវជ្រាវ​រក​ឃើញ​ថា សកម្មភាព​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ហ៊ុប​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ ជា​ពិសេស កាប់​បំផ្លាញ ដើម​ជ័រ​ច្បោះ​ខ្នាត​ធំ​ ប៉ះពាល់​ទី​កន្លែង​អាស្រ័យ​ផល​ព្រៃ​ឈើ​របស់​សហគមន៍ ក៏​ប៉ុន្តែ​មក​ទល់​ពេល​នេះ គ្មាន​តម្រុយ​ស៊ើប​អង្កេត​ជាក់លាក់​ណា​មួយ​នោះ​ទេ។ លោក​អះអាង​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​ចាត់​វិធានការ​លើ​ក្រុមហ៊ុន​ទាំង​នេះ​ទេ មាន​ន័យ​ថា រដ្ឋាភិបាល​កំពុង​ការពារ​ក្រុមហ៊ុន​ទាំង​នេះ៖ «សូម្បី​តែ USAD (ភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ) និងសហគមន៍អឺរ៉ុប​ក៏មានភស្តុតាងបញ្ជាក់ថា ក្រុមហ៊ុនស៊ីងបាយអូថេក និងអង្គរប្លាយវូដ កាប់ច្បោះប្រជាពលរដ្ឋ ទាំង​ក្នុង​ដី​សម្បទានក៏ដូចជាក្រៅ សម្បទានតំបន់ការពារ លក់នៅផ្គត់ផ្គង់នៅទីផ្សារបរទេសដែរ។​ ហេតុអីបានជា​រាជរដ្ឋាភិបាល ក៏ដូចជាតុលាការ មិនព្រមចាត់វិធានការ បែរជារកកំហុសចាត់វិធានការ​លើ​សកម្មជន​ការពារ​បរិស្ថាន​ទៅវិញ។ ខ្ញុំមិនសប្បាយចិត្តទេ ក្នុងការដោះលែង អ្វីដែលខ្ញុំចង់បាន គឺចង់ឱ្យតុលាការ ព្រះរាជអាជ្ញា ត្រូវ​ចាត់​វិធានការ​ពី​ឧក្រិដ្ឋជន​ព្រៃ​ឈើ ដែល​បាន​បំផ្លាញ​​ធនធាន​ធម្មជាតិ ដែល​​បាន​​បំផ្លាញ​​ដើម​ច្បោះ »។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​តំណាង​ក្រុមហ៊ុន ស៊ីង បាយអូថេក លោក ឡាច ផាន់ណូ និង​តំណាង​អយ្យការ​ខេត្ត​ក្រចេះ លោក សោ វុទ្ធី ដើម្បី​សុំ​ការ​អធិប្បាយ​ករណី​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី១៧ មីនា។

ចំណែក​អភិបាល​ខេត្ត​ក្រចេះ លោក វ៉ា ថន ក៏​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

អ្នកនាំ​ពាក្យ​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ លោក អេង ហ៊ី មាន​ប្រសាសន៍ថា គណៈកម្មការ​ជាតិ​ កំពុង​ចាត់​វិធានការ​រឿង​នេះ។ លោក​ថា គណៈកម្មការ​ជាតិ​នឹង​អនុវត្ត​ច្បាប់ ប្រសិន​បើ​រក​ឃើញ​ថា ក្រុមហ៊ុន​ទាំង​នោះ​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​មែន​នោះ។ ចំពោះ​សំណួរ​ថា ប្រសិន​បើ​រក​ឃើញ​ថា មាន​មន្ត្រី​រដ្ឋាភិបាល ឈ្មួញ​ឈើ និង​ក្រុម​ឧកញ៉ា​ណា​មួយ​ជាប់​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ តើ​គណៈកម្មការ​ជាតិ​អនុវត្ត​ច្បាប់ ឬ​ទេ? អ្នក​នាំ​ពាក្យ​រូប​នេះ ឆ្លើយ​យ៉ាង​ខ្លី​ថា បុគ្គល​ណា​ក្តី​ឱ្យ​តែ​ប្រព្រឹត្ត​ល្មើស​ច្បាប់ នឹង​អនុវត្ត​ច្បាប់​ដូច​គ្នា៖ «ថ្នាក់ក្រោមជាតិក៏ជា គណៈកម្មការដែរ គាត់​ជា​សមាជិក​របស់​គណៈកម្មការ​ជាតិ។ អ៊ីចឹង​ការងារ​ថ្នាក់​ក្រោម​ខេត្ត​របស់​គាត់ គឺ​គាត់​ធ្វើ​របស់​គាត់។ អ្នក​ណា​ធ្វើ​ខុស ត្រូវ​អនុវត្ត​ច្បាប់​ដូច​គ្នា ឱ្យ​តែ​មាន​ភស្តុតាង»។

របាយការណ៍​ស្រាវជ្រាវ របស់​សកម្មជន​បរិស្ថាន​រក​ឃើញ​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន​៣ កំពុង​ធ្វើ​អាជីវកម្ម​ឈើ​ខ្នាត​ធំ ជាប់​តំបន់​ព្រៃ​ឡង់ គឺក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍ និង​វិនិយោគ (THY NGA CO., LTD. DEVELOPMENT AND INVESTMENT) ក្រុមហ៊ុន ស៊ីង បាយអូថេក (THINK BIOTECH CAMBODIA)​ និង​ក្រុមហ៊ុន អង្គរ​ប្លាយវូដ (Angkor Plywood)។ ក្រុមហ៊ុន​ទាំង​នេះ សុទ្ធសឹង​មាន​ខ្នង​បង្អែក​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស។ ក្រុមហ៊ុន​អង្គរ ប្លាយវូដ មាន​ម្ចាស់​ភាគហ៊ុន ៣នាក់ ទី១ គឺ លោក ជា ពៅ ត្រូវ​ជា​ប្អូន​ប្រុស​បង្កើត​លោក ជា វុទ្ធី មាន​ងារ​ជា​អគ្គនាយក​រង​ក្រុមប្រឹក្សា​អភិវឌ្ឍន៏​កម្ពុជា (CDC)។ ទី២. លោក ឈ្មោះ លឺ ជូ​ឆាង (Lu Chu Chang)ជន​ជាតិ​តៃវ៉ាន់ ជា​ទី​ប្រឹក្សា​គម្រោង រ៉េដបូក​ប្រចាំ​តំបន់​អាស៊ី និង​ឈ្មូញ​ឈើ និងទី៣. គឺ​កញ្ញា​ ជា សាឡងធីតា ជា​កូន​ស្រី​បង្កើត​របស់​លោក ជា វុទ្ធី អគ្គនាយក​រង ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)។

របាយការណ៍​បន្ថែម​ថា លោក ជា ពៅ ជា​ថៅកែ​ឈើ ដោយ​ដឹក​ជញ្ជូន​ឈើ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស សហការ​ជាមួយ​អ្នកស្រី សេង គាង ម្ចាស់ក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍ និង​វិនិយោគ ហើយ​អ្នកស្រី សេង គាង ក៏​ត្រូវ​ជា​ភរិយា លោក ជា សំណាង មន្ត្រី​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស ពាក់​ផ្កាយ ៣ ក្រោម​ការ​គ្រប់គ្រង​របស់​លោក សៅ សុខា ប្រធាន​គណៈកម្មការ​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ។

អាស៊ី​សេរី​នៅ​មិនទាន់​អាច​ទាក់ទង ម្ចាស់ក្រុមហ៊ុន​ទាំងនេះ ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បាន​ថា​យ៉ាងណា​នៅឡើយ​ទេ នៅ​ថ្ងៃ​ដដែល​នេះ​។ សហគមន៍​ព្រៃ​ឡង់ រាយការណ៍​ថា ក្រុមហ៊ុន​ទាំងនេះ មាន​មហិច្ឆតា​លេប​ត្របាក់​ឈើ​ធំៗ ក្នុង​ព្រៃ​ឡង់ ដើម្បី​ធ្វើ​អាជីវកម្ម​ និង​នាំ​ចេញទៅ​លក់​នៅ​ប្រទេស​ចិន​តាម​ផ្លូវទឹក ខណៈ​កន្លងទៅ សកម្មជន​បរិស្ថាន​បាន​ទៅដល់​ការដ្ឋាន​ក្រុមហ៊ុន​នេះ ប្រទះឃើញ ឈើ​មូល​ធំៗ រាប់​រយ​ម៉ែត្រ​គូប ត្រៀម​ដឹក​ចេញ​ក្រៅ ដែល​ភាគច្រើន​ជា​ប្រភេទ​ឈើទាល ​និងត្រាច ដែល​អ្នកស្រុក​ដុត​យក​ជ័រទឹក​លក់។

ក្រុម​អ្នក​ឃ្លាំមើល​បរិស្ថាន រក​ឃើញ​ថា ក្រុមហ៊ុន​ឯក​ជនទាំង ៣នេះ បាន​បើក​ការដ្ឋាន​អារ​ច្រៀក​ឈើ ខ្នាត​ធំ​ជាប់​តំបន់​ព្រៃ​ឡង់ កំពុង​សហការ​គ្នា​រក​ស៊ី​ឈើ​ខុស​ច្បាប់ ជា​ប្រព័ន្ធ ជា​ច្រើន​ឆ្នាំ​មក​ហើយ រហូត​មក​ទល់​ពេល​នេះ គ្មាន​ស្ថាប័ន​ណា​មួយ​ចេញ​មុខ​បង្ក្រាប​នោះ​ទេ។

សកម្មជន​បរិស្ថាន លោក ហេង ស្រស់ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៧ មីនា​ថា ក្រុម​ការងារ​របស់​លោក មាន​ភស្តុ​តាង​ជា​ច្រើន ដែល​រក​ឃើញ​ថា ក្រុមហ៊ុន​ទាំង​នេះ បាន​ជួល​កម្មករ​កាប់​ឈើ​ពី​ខាង​ក្រៅ បន្លំ​ចូល​ក្នុង​ក្រុមហ៊ុន និង​មាន GPS បង្ហាញ​ពី​តំបន់​ដែល​ក្រុមហ៊ុន លួច​កាប់​ឈើ​ក្នុង​ព្រៃ​ឡង់ ហើយ​ភស្តុតាង​ទាំង​អស់​នេះ ក្រុម​ការងារ​របស់​លោក បាន​ដាក់​ជូន​តំណាង​អយ្យការ​ខេត្ត​ក្រចេះ​រួច​ហើយ។ លោក​រក​ឃើញ​ថា ក្រុមហ៊ុន​ទាំង​នេះ មាន​កម្លាំង​កម្មករ​ប្រមាណ​ជាង ២.០០០នាក់ធ្វើ​​សកម្មភាព​​កាប់​​ឈើ ដឹក​ជញ្ជូន និង​​ធ្វើ​ការ​​ក្នុង​​ដេប៉ូ​​អារ​​ច្រៀក​​ឈើ​​ជាប់​​ព្រៃ​​ឡង់៖ «ប្រសិន​ជា​ព្រះរាជ​អាជ្ញា​គាត់​ចង់​ស៊ើប​អង្កេត​ទៀត យើងនឹងឱ្យរបាយការណ៍ថែមទៅពីលើទៀតថា ក្រុមហ៊ុន​ហ្នឹង​កំពុង​តែ​ដឹក​ឈើ​ពី​ខាង​ក្រៅ​ចូល​ទៅ​ខាង​ក្នុង។ អា​​នេះ​​ប្រសិន​​ជា​​ព្រះរាជ​​អាជ្ញា​​គាត់​​ទាមទារ​​ថា តើ​អ្នក​ឯង​អះអាង​អ្វី​បាន​ជា​ថា ក្រុមហ៊ុន​ហ្នឹង​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ពី​ខាង​ក្រៅ​ចូល​ខាង​ក្នុង យើង​នឹង​ផ្តល់​របាយការណ៍​ទៀត របាយការណ៍​​ហ្នឹង​​យើង​​ផ្តោត​​លើ​​របាយការណ៍ USAID (ភ្នាក់ងារ​​​សហរដ្ឋ​​អាមេរិក​​សម្រាប់​​ការ​​អភិវឌ្ឍ​​អន្តរជាតិ) ព្រោះ​គាត់​បាន​ចេញ​ផ្សាយ​ថា ក្រុមហ៊ុន ស៊ីង បាយអូថេក បាន​ដឹក​ឈើ​ពី​ខាង​ក្រៅ ចូល​​ខាង​​ក្នុង​​ក្រុមហ៊ុន»។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍ នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់​ថា ប្រសិនបើ​ តំណាង​អយ្យការ និង​នគរបាល​យុត្តិធម៌ មិន​អនុវត្ត​ច្បាប់​លើ​ក្រុមហ៊ុន​ដែល​បំផ្លាញព្រៃ​ឈើ​បំពានច្បាប់​នោះ​ទេ មានន័យថា មន្ត្រី​ពាក់ព័ន្ធ​ទាំងនោះ បាន​រួម​ចំណែក​បំផ្លាញ​ព្រៃឈើ និង​សមគំនិត​ប្រព្រឹត្ត​បទល្មើស​។ លោក​ថា ការ​ឃុបឃិត​គ្នា​សមគំនិត​ជាមួយ​ក្រុមហ៊ុន​ធ្វើ​សកម្មភាព​កាប់​ឈើ ជា​បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ៖ «តំណាងអយ្យការគាត់ត្រូវតែមានទោសហើយ ព្រោះសុទ្ធតែមានច្បាប់កំណត់ បើមន្ត្រីនគរបាលយុត្តិធម៌ ក្នុង​ច្បាប់​ព្រៃ​ឈើ​គាត់​ហ្នឹង​ត្រូវ​មាន​ទោស​ពី ១ឆ្នាំ​ទៅ ៥ឆ្នាំ។ មន្ត្រីនគរបាលយុត្តិធម៌ហ្នឹង ពាក់ព័ន្ធបណ្តែតបណ្តោយមិនបង្ក្រាបឱ្យទាន់ពេលវេលាហ្នឹង ត្រូវមានទោស ១ឆ្នាំទៅ ៥ឆ្នាំ ហើយ​ប្រសិន​ជា​រក​ឃើញ​ថា បាន​ទទួល​សំណូក​ទៀត ទទួល​លុយកាក់ទៀត ដែលជាអំពើពុករលួយហ្នឹង អា​ហ្នឹង​បន្ថែម​ទោស​ទៀត ពី ៧ ទៅ ១៥ ឆ្នាំ​ថែម​ទៀត»។

ក្រុមហ៊ុន ស៊ីង បាយអូថេក Think Biotech បាន​ចុះ​បញ្ជី​នៅ​កម្ពុជា ក្នុងខែមិនាឆ្នាំ២០១៣ ដែល​សហ​គ្រប់គ្រង ជន​ជាតិ​ខ្មែរ លោក ជា សាំងធីតា និង ជនជាតិ​ចិន លោក លឺ ជូ​ឆាង (Lu Chu Chang)។ តែ​ឥលូវ​នេះ តាម​ទិន្នន័យ​របស់​សាជីវកម្ម​ពិភព​លោក (Open Corporates database) ក្រុមហ៊ុន​នេះ បាន​បន្ថែម​សមាជិក​ក្រុមប្រឹក្សាភិបាល​ពីរ​នាក់​បន្ថែម​ទៀត​ជា​ជន​ជាតិ​កូរ៉េ។

កាល​ពី​ខែ​មេសា ឆ្នាំ២០១៩ ​ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) បាន​ផ្តល់​ថវិកា​ជាង ២១លានដុល្លារ ទៅ​ក្រសួង​បរិស្ថាន ប្រើប្រាស់​រយៈ​ពេល ៥ឆ្នាំ ដើម្បី​អភិរក្ស​គម្រោង​ព្រៃ​ឡង់​បៃ​តង ​ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ព្រៃ​ឡង់​ទាំង ៤ខេត្ត ​ឱ្យ​មាន​ប្រសិទ្ធភាព។

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១២ ក្រសួងកសិកម្ម បាន​ផ្ដល់​សិទ្ធិ​ឱ្យ ក្រុមហ៊ុន ស៊ីងបាយអូថេក វិនិយោគ​ដំណាំ​ឧស្សាហកម្ម អាកាស្យា ឬ​ស្ថានីយ​ស្ដារ​ព្រៃឈើ​ឡើងវិញ​លើ​ផ្ទៃដី​ចំនួន​ជាង ៣​ម៉ឺន ៤​ពាន់​ហិកតារ (៣៤.០០៧) ឋិត​នៅ​ក្នុង​ស្រុក​សំបូរ ខេត្ត​ក្រចេះ និង​មួយ​ផ្នែក​ចូល​ដី​ស្រុក​សៀម​បូក ខេត្ត​ស្ទឹងត្រែង​។ ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​នេះ​បាន​ផ្ទេរ​សិទ្ធ​បើក​រោងចក្រ​អារ​ឈើ​ទៅ​ឱ្យ​ក្រុមហ៊ុន អង្គរ​ប្លាយវូដ (Angkor Plywood) កាលពី​ចុង​ឆ្នាំ​២០១៨៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។