សកម្មជន​បរិស្ថាន​ថា ព្រៃ​ការពារ​ជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​វិនាស​ហិនហោច

0:00 / 0:00

សកម្មជន​បរិស្ថាន​អះអាង​ថា តំបន់​ព្រៃ​ការពារ​ធម្មជាតិ​ជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​វិនាស​ហិនហោច​ ព្រោះ​ក្រុម​ជន​ល្មើស​នៅ​តែ​បន្ត​សកម្មភាព​កាប់​ឈើ​​ឥត​ស្រាកស្រាន្ត​ ដោយ​មាន​ការ​បើក​ដៃ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​មួយ​ចំនួន។ ពួក​គេ​ស្នើសុំ​យ៉ាង​ទទូច​ដល់​ថ្នាក់​ដឹកនាំ​របប​ក្រុង​ភ្នំពេញ ឱ្យ​ងាក​មក​គិតគូរ​រឿង​បទ​ល្មើស​​ព្រៃឈើ​នេះ​ឡើង​វិញ បើ​ពុំ​ដូច្នេះ​ទេ ព្រៃ​ឈើ​សេសសល់​ចុង​ក្រោយ​នៅ​ប្រទេស​កម្ពុជា នឹង​រលាយ​សាបសូន្យ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

សកម្មជន​ព្រៃឈើ លោក ហេង ស្រស់ អះអាង​ថា តំបន់​ព្រៃ​ការពារ​ធម្មជាតិ​ជាច្រើន​កន្លែង កំពុង​រង​ការ​កាប់​បំផ្លាញ និង​ការ​រុក​រាន​ទន្ទ្រាន​យក​ដី។ លោក​រៀប​រាប់​ថា តំបន់​ទាំង​នោះ មាន​ជា​អាទិ ដែន​ជម្រក​សត្វ​ព្រៃ​បឹង​ពែរ​ ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រិច ដែន​ជម្រក​សត្វ​ព្រៃ​ឡង់ ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ ដែន​ជម្រក​សត្វ​ព្រៃ​គូលែន-ព្រហ្ម​ទេព ឧទ្យាន​ជាតិ​វីរៈជ័យ ព្រម​ទាំង​តំបន់​ការពារ​ធម្មជាតិ​ជាច្រើន​ផ្សេង​ទៀត។

លោក​អះអាង​ថា ការ​បាត់​បង់​ព្រៃឈើ​ក្នុង​តំបន់​ការពារ​ទាំងនេះ កើត​មាន​ក្នុង​រូបភាព ៣ សំខាន់ គឺ​ទី​មួយ ក្រុម​ឈ្មួញ​ជួល​ពលរដ្ឋ​ឱ្យ​កាប់​ឈើ ហើយ​ពួក​គេ​ជា​អ្នក​ចាំ​ទិញ​ឈើ​ពី​ពល​រដ្ឋ។ ទី​ពីរ ពួក​គេ​ស្នើសុំ​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ក្បែរ​តំបន់​ព្រៃ​ការពារ រួច​កាប់​ឈើ​ចេញ​ពី​តំបន់​ទាំងនោះ​មក​ដាក់​ក្នុង​ដី​សម្បទាន​របស់​ខ្លួន​ រួច​លក់​ចេញ​ដោយ​ស្រប​ច្បាប់។ ចំណែក​ទី​បី ពួក​គេ​ចូល​ទៅ​បើក​រោង​ម៉ាស៊ីន​អារ​ឈើ​នៅ​ក្នុង​ព្រៃ​តែ​ម្ដង តាម​រយៈ​ការ​សូក​ប៉ាន់​ អាជ្ញាធរ​ដែន​ដី​នៅ​តំបន់​នោះ៖ «ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ចូល​ទៅ​កាប់​ព្រៃឈើ​នៅ​ក្នុង​តំបន់​ការពារ យក​មក​ដាក់​នៅ​ក្នុង​ដី​​របស់​ខ្លួន នៅ​តែ​មាន​ការ​កើន​ឡើង មិន​មាន​ការ​អន់​ថយ។ នេះ​ហើយ​គឺ​ជា​រូប​ភាព​មួយ​ដែល​យើង​មើល​ឃើញ​ថា ព្រៃឈើ​ប្រទេស​កម្ពុជា​នៅ​តែ​បាត់​បង់​រហូត មិន​មាន​ការ​ទប់​ស្កាត់​ពី​មន្ត្រី​ណា​ឡើយ។ ហើយ​គម្រប​ព្រៃឈើ យើង​មើល​ទៅ​វា​មិន​​ទៅ​ដល់ ៣០ % ផង បើ​ចំពោះ​ខ្ញុំ​ប៉ាន់​ស្មាន​ទិដ្ឋភាព​ជាក់​ស្ដែង​​ដែល​យើង​ជិះ​តាម​តំបន់​ការពារ​មួយ​ចំនួន»

បច្ចុប្បន្ន​នេះ កម្ពុជា​មាន​តំបន់​ការពារ​ធម្មជាតិ​ និង​របៀង​អភិរក្ស​ជីវៈ​ចម្រុះ​ចំនូន​ជិត ៦០កន្លែង ដែល​មាន​ផ្ទៃដី​សរុបជាង៧ លាន​ហិកតារ។ តំបន់​ទាំងនេះ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​បរិស្ថាន ហើយ​ក្រសួង​មាន​មន្ត្រី​ឧទ្យានុរក្ស​ចំនួន​ជាង ១ពាន់​នាក់ (១.២២១) នៅ​ការពារ​ និង​អភិរក្ស​តំបន់​ការពារ​ធម្មជាតិ​ទាំងនេះ។

ទោះ​ជា​យ៉ាង​ណា លោក ហេង ស្រស់ បារម្ភ​ថា ​តំបន់​ការពារ​ធម្មជាតិ​មួយ​ចំនួន​អាច​នឹង​ត្រូវ​រំសាយ​​ជា​បន្តបន្ទាប់​នៅ​ថ្ងៃ​មុខ ពី​ព្រោះ​​តំបន់​ខ្លះ​ស្ទើរ​តែ​ក្លាយ​ជា​វាល​រហោស្ថាន​អស់​ទៅ​ហើយ ហើយ​កន្លង​មក​ របប​ក្រុង​ភ្នំពេញ​ក៏​ធ្លាប់​បាន​រំសាយ​ដែន​ជម្រក​សត្វ​ព្រៃ​ពីរ​កន្លែង​រួច​ទៅ​ហើយ​ដែរ។ តំបន់​ទាំង​នោះ រួម​មាន ដែន​ជម្រក​សត្វ​ព្រៃ​ស្នួល និង​ដែន​ជម្រក​សត្វព្រៃ​​រនាម​ដូន​សំ ដែល​មាន​ផ្ទៃដី​សរុប​ជាង ១១ម៉ឺន​ហិកតារ ត្រូវ​បាន​រំសាយ​ក្រោម​ហេតុ​ផល​ថា តំបន់​ទាំង​ពីរ​នេះ​លែង​មាន​សក្ដានុពល​ជា​តំបន់​អភិរក្ស​ត​ទៅ​ទៀត​ហើយ។

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា អះអាង​ថា ក្រសួង​គ្មាន​គម្រោង​រំសាយ​តំបន់​ការពារ​ធម្មជាតិ​ណា​ទៀត​ឡើយ។ លោក​ថា​ អ្វី​ដែល​ក្រសួង​កំពុង​ខិតខំ​ធ្វើ​នៅ​ពេល​នេះ គឺ​ថែ​រក្សា និង​ការពារ​ធនធាន​ព្រៃ​ឈើ​ដែល​នៅ​សល់ និង​អនុវត្ត​ចំណាត់​ការ​លើ​ក្រុម​ជន​ល្មើស​ដែល​នៅ​តែ​បន្ត​កាប់​រាន​ព្រៃ​ក្នុង​តំបន់​ការពារ។ លោក​ទទួល​ស្គាល់​ថា បច្ចុប្បន្ន​នេះ​នៅ​តែ​មាន​ក្រុម​ឧក្រិដ្ឋ​ជន​លួច​ដឹក​ឈើ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ប្រទេស​វៀតណាម​នៅ​ឡើយ ហើយ​ក្រសួង​ស្នើ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​នេះ៖ «ជា​ការ​ពិត គឺ​នៅ​មាន​បទល្មើស មាន​ជន​ខិល​ខូច​មួយ​ចំនួន​នៅ​តែ​បន្ត​លួច​ចេញ​ឈើ លួច​កាប់​ឈើ។ ហើយ​ជាមួយ​គ្នា​នេះ ក៏​យើង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ផង​ដែរ អ៊ីចឹង​ហើយ​បាន​ជា​ចំណុច​សំខាន់ គឺ​ការ​ចូល​រួម​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ពី​ប្រជា​សហគមន៍​នានា ដែល​រស់​នៅ​ជុំ​វិញ​តំបន់​ការពារ​ធម្មជាតិ សូម​ឱ្យ​ចូល​រួម​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ។ "​

អ្នក​នាំ​ពាក្យ​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា គិត​ត្រឹម​ឆ្នាំ២០១៦ កម្ពុជា​នៅ​មាន​គម្រប​ព្រៃ​ឈើ​ជាង ៤៥% នៃ​ផ្ទៃដី​សរុប។ លោក​ជឿជាក់​ថា ផ្ទៃដី​គម្រប​ព្រៃ​ឈើ​អាច​នឹង​មានការ​កើន​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​​សារ​មាន​ការ​ដាំដុះ​កូន​ឈើ​ឡើងវិញ បូក​រួម​ទាំង​​ប្រសិទ្ធភាព​នៃ​ការ​ទប់​ស្កាត់​បទល្មើស​ព្រៃ​ឈើ និង​ការ​រុករាន​ដី​ព្រៃ។

ទោះ​ជា​យ៉ាង​ណា សកម្មជន​បរិស្ថាន​អះអាង​ថា គម្រប​ព្រៃ​ឈើ​ពិត​ប្រាកដ អាច​មាន​ត្រឹម​ចន្លោះ​ពី​ជាង ២០% ទៅ​ជាង ៣០% ប៉ុណ្ណោះ ព្រោះ​បច្ចុប្បន្ន​នេះ បទ​ល្មើស​ព្រៃឈើ ​គ្មាន​ការ​ថម​​ថយ​ឡើយ។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​ អាដហុក (ADHOC) លោក ប៉ែន បុណ្ណារ៍ ថ្លែង​ថា ការ​រុក​រាន​ដី​ព្រៃ​អភិរក្ស និង​ព្រៃ​សហគមន៍ កើត​មាន​ស្ទើរ​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស ខណៈ​បទល្មើស​ព្រៃ​ឈើ​វិញ នៅ​តែ​បន្ត​កើត​មាន​តាម​តំបន់​ការពារ​ធម្មជាតិ។ ដូច្នេះ លោក​ជឿ​ថា ដី​គម្រប​ព្រៃឈើ​ពិត​ប្រាកដ​មិន​មាន​ការ​កើន​ឡើង​ឡើយ ផ្ទុយ​ទៅវិញ​មាន​តែ​កាត់​បាត់បង់​ជា​គំហុក​ទៅវិញ​ទេ។ ចំណែក​ការ​ផ្ដន្ទាទោស​​លើ​ក្រុម​​ឧក្រិដ្ឋជន​ព្រៃឈើ​ធំៗ វិញ លោក​ថា មាន​តែ​ការ​លើក​ឡើង​​ប៉ុណ្ណោះ មិន​មាន​ការ​ការ​អនុវត្ត​ជាក់​ស្ដែង​ឡើយ។ លោក​ថា មូល​ហេតុ​សំខាន់​ គឺ​ដោយសារ​អំពើ​ពុក​រលួយ និង​ការ​រីក​រាល​ដាល​នៃ​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា៖ «មិន​មែន​ត្រឹម​តែ​ចោះ​យក​ទេ ឥលូវ​នេះ​រាន​យក​ទាំង​ដី​ព្រៃ​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​ទៀត អា​ហ្នឹង​លឿន​បំផុត​ហើយ។ បើ​យើង​និយាយ​ទៅ មួយ​កន្លែងៗ រាប់​ពាន់​ហិកតារ។ តំបន់​ឧទ្យាន តំបន់​ដែល​ការពារ​ដោយ​ព្រះរាជក្រឹត្យ​ គឺ​ជា​កន្លែង​មួយ​ដែល​កាប់​រាន​ខ្លាំង​បំផុត គ្រប់​កន្លែង។ កំពង់​ស្ពឺ កំពត រតនគិរី មណ្ឌលគិរី កាប់​រាន បំផ្លិច​បំផ្លាញ​ទាំងអស់»

កម្ពុជា​បាន​ជាប់​ឈ្មោះ​ថា ជា​ប្រទេស​ដែល​មាន​ការ​បាត់​បង់​ព្រៃឈើ​ខ្ពស់​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក នៅ​ចន្លោះ​ឆ្នាំ២០០១ ដល់ ២០១៤។ ទិន្នន័យ​ពី​ប្រព័ន្ធ​ផ្កាយ​រណប​ផ្ដល់​ដោយ​វិទ្យាស្ថាន​ធនធាន​ពិភពលោក (World Resource Institute) និង​សាកលវិទ្យាល័យ​ម៉ារីឡេនដ៍ (University of Maryland) នៅ​សហរដ្ឋ​អាមេរិក បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ​១៩៧០ កម្ពុជា​មាន​ព្រៃ​ឈើ​ចំនួន ៧២% នៃ​ផ្ទៃដី​សរុប ក៏ប៉ុន្តែ បាន​ធ្លាក់​មក​នៅ​​ត្រឹម​ជាង ៤០% ក្នុង​ឆ្នាំ២០១៤។ សាកល​វិទ្យាល័យ​ដដែល​នេះ រក​ឃើញ​ទៀត​ថា យ៉ាងហោចណាស់​ព្រៃឈើ​ទំហំ​ជាង ២សែន​ហិកតារ នៅ​តំបន់​ភូមិភាគ​ឦសាន ត្រូវ​បាន​កាប់​បំផ្លាញ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ធ្វើ​អាជីវកម្ម​ដោយ​ខុសច្បាប់​ទៅកាន់​ប្រទេស​វៀតណាម ក្នុង​ឆ្នាំ២០១៦។

ដោយ​ឡែក អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន​ ហៅ​កាត់​ថា EIA វិញ ក៏​បាន​រក​ឃើញ​ថា ចាប់​ពី​ខែ​តុលា​ឆ្នាំ២០១៧ ដល់​ខែ​មីនា ឆ្នាំ២០១៨ ​ទំហំ​ព្រៃ​ឈើ​ដែល​ត្រូវ​បាន​កាប់​បំផ្លាញ​មាន​ចំនួន​ជាង ១លាន ១សែន​ម៉ែត្រ​គីប គិត​ជា​ទឹក​ប្រាក់​មាន​តម្លៃ​រាប់​សិប​លាន​ដុល្លារ​អាមេរិក។ អង្គការ​អន្តរជាតិ​មួយ​នេះ​រក​ឃើញ​ថា ​ឈើ​ទាំង​នោះ​ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ ដោយ​ត្រូវ​​បង់​លុយ​ឱ្យ​អាជ្ញាធរ​​ព្រំដែន ​និង​ក្រុម​អនុរក្ស​ព្រៃ​ឈើ ជា​ថ្នូរ​នឹង​កិច្ច​ការពារ​សុវត្ថិភាព​ឆ្លង​ព្រំដែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។