សកម្មជន​បរិស្ថាន និង​សង្គម​ស៊ីវិល​ទទូច​ឲ្យ​អាជ្ញាធរ​ស្វែង​រក​អ្នក​ពាក់ព័ន្ធ​ឲ្យ​ជនជាតិ​វៀតណាម​ចូល​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់​នៅ​រតនគិរី

0:00 / 0:00

សកម្មជន​បរិស្ថាន និង​សង្គម​ស៊ីវិល​ទទូច​ឲ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ ស្វែង​រក​អ្នក​ជាប់​ពាក់ព័ន្ធ ដែល​បណ្ដែតបណ្ដោយ​ឲ្យ​ជនជាតិ​វៀតណាម ចូល​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់​នៅ​ក្នុង​ខេត្ត​រតនគិរី។ ការ​ស្នើ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​រតនគិរី ចុះ​បង្ក្រាប​ទីតាំង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់ នៅ​ឧទ្យាន​ជាតិ​វីរៈជ័យ។

អ្នក​ធ្វើ​ការ​វិស័យ​ធនធាន​ធម្មជាតិ ទទូច​ឲ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ និង​តម្លាភាព បើ​ពុំ​ដូច​នោះ​ទេ ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់ នឹង​បន្ត​កើត​មាន​ទៀត​ជាក់​ជា​មិន​ខាន។

អ្នក​ការពារ​បរិស្ថាន និង​សិទ្ធិមនុស្ស លោក ម៉ា ចិត្រា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ថា អាជ្ញាធរ​គួរ​តែ​បង្ហាញ​លទ្ធផល​នៃ​ការ​បង្ក្រាប​ជា​សាធារណៈ និង​ត្រូវ​អនុវត្ត​ច្បាប់​ទៅ​លើ​ជន​បរទេស និង​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ឲ្យ​បាន​តឹងរ៉ឹង។ លោក​បន្ថែម​ថា ប្រសិនបើ​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​មិន​បើក​ភ្លើង​ខៀវ​ឲ្យ​ជន​បរទេស​ទាំង​នោះ​ទេ ជនជាតិ​វៀតណាម​ទាំង​នោះ មិន​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ។

លោក ម៉ា ចិត្រា៖ «រដ្ឋាភិបាល​ត្រូវ​ចាត់វិធានការ​ឲ្យ​បាន​តឹងរ៉ឹង ជាពិសេស​ពួក​មន្ត្រី​ដែល​បើក​ដៃ​ឲ្យ​ពួក​ទាំង​នោះ ធ្វើ​អាជីវកម្ម​ខុសច្បាប់​នេះ​បាន ពី​ព្រោះ​ខ្ញុំ​គិត​ថា ជន​បរទេស​នៅ​ក្បែរ​ជិត​ខាង​យើង​ផង គេ​អាច​មក​លួច​ធ្វើ​អាជីវកម្ម​រ៉ែ​នៅ​ក្នុង​ប្រទេស​កម្ពុជា វា​មិន​មែន​ជា​រឿង​ល្អ​ប្រសើរ​នោះ​ទេ វា​មិន​មែន​ប៉ះពាល់​តែ​រ៉ែ​នោះ​ទេ វា​ថែម​ទាំង​ប៉ះពាល់​ទៅ​ដល់​មរណភាព​ទឹង​ដី​ផង បើ​គេ​ចូល​មក​រក​ស៊ី​បែប​អនាធិបតេយ្យ​បែប​នេះ»។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះ​ទៅ​បង្ក្រាប​ជនជាតិ​វៀតណាម​មួយ​ចំនួន​ ដែល​ចូល​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់ នៅ​ក្នុង​ឧទ្យាន​ជាតិ​វីរៈជ័យ ក្នុង​ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ។

02.jpg
ទីតាំង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ខុស​ច្បាប់​នៅ​ឧទ្យាន​វីរៈជ័យ ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី ថត​នៅ​ថ្ងៃទី៩ ខែ​ធ្នូ ឆ្នាំ​២០២៤។ រូប៖ បណ្ដាញ​សង្គម

នាយក​ប្រតិបត្តិ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា(CYN)លោក ហេង គឹមហុង ឲ្យ​ដឹង​ថា លោក​សាទរ​ដែល​អាជ្ញាធរ​បាន​អនុវត្ត​ច្បាប់​ទៅ​លើ​ជន​បរទេស​ទាំង​នោះ។ លើស​ពី​នោះ លោក​ថា រដ្ឋាភិបាល​ត្រូវ​តែ​អនុវត្ត​ច្បាប់​បាន​ឲ្យ​បាន​តឹងរ៉ឹង ទៅ​លើ​ជន​ប្រព្រឹត្ត និង​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ឲ្យ​មាន​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់​នេះ កើត​ឡើង​នៅ​ក្នុង​តំបន់​ការពារ។

លោក ហេង គឹមហុង៖ «រដ្ឋាភិបាល​ត្រូវ​តែ​យក​វិធានការ​ច្បាប់​គ្រប់​ជ្រុងជ្រោយ ដើម្បី​ជំរុញ​ឲ្យ​មាន​វិធានការ​ម៉ឹង​មាត់​ក្នុង​ការ​ទប់ស្កាត់ ជាពិសេស​ត្រូវ​ស្វែង​រក​បណ្ដាញ​ប្រទាក់​ក្រឡា​ការ​ប្រព្រឹត្ត​អំពើពុករលួយ ដែល​ធ្វើ​ឲ្យ​មាន​បទល្មើស​ទាំង​អស់​នេះ ការ​ចាត់​វិធានការ​ចំពោះ​មុខ ការ​រឹត​បន្តឹង​ច្បាប់ និង​ការ​ចេញ​ទប់ស្កាត់​ការ​ប្រទាក់​ក្រឡា​អំពើពុករលួយ​ក្នុង​វិស័យ​រ៉ែ​នេះ គួរ​តែ​អនុវត្ត​ព្រម​គ្នា ហើយ​ជនល្មើស​នឹង​គួរ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឹង​មាត់​ដោយ​ខាន​ពុំ​បាន និង​មិន​មាន​ការ​លើក​លែង​ណា​មួយ​ជា​ដាច់​ខាត»។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​រតនគិរី លោក អ៊ុង ហួរ និង​អភិបាល​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី​២១ ខែធ្នូ។ ចំណែក​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា ក៏​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

រីឯ​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ថា លោក​មិន​ទាន់​ទទួល​បាន​របាយការណ៍​ក្នុង​ការ​បង្ក្រាប​អាជីវកម្ម​រ៉ែ​មាស​នៅ​ខេត្ត​រតនគីរី​នេះ​នៅ​ឡើយ​ទេ។

លោក អេង ហ៊ី៖ «អត់​ទទួល​បាន​ផង ព័ត៌មាន​នេះ​មិន​ទាន់​ឃើញ​ផ្ញើ​មក​ខ្ញុំ​នោះ​ទេ» ។

ទោះ​ជា​យ៉ាង​ណា កាសែត​ក្នុង​ស្រុក​មួយ​ចំនួន បាន​អះអាង​ថា អាជ្ញាធរ​ដែល​បាន​ចុះ​បង្ក្រាប​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់​នៅ​ខេត្ត​រតនគិរី ប្រព្រឹត្ត​ដោយ​ជនជាតិ​វៀតណាម​នេះ ហាក់​លាក់​បាំង​ព័ត៌មាន និង​គេច​វេះ​មិន​ឆ្លើយ​តប​សំណួរ​របស់​អ្នកសារព័ត៌មាន​ឡើយ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធាន​ធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី យល់​ឃើញ​ថា អាជ្ញាធរ​ត្រូវ​តែ​ស៊ើបអង្កេត​ឲ្យ​បាន​ច្បាស់លាស់ និង​ត្រូវ​ស្វែង​រក​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ យក​ទៅ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ និង​តម្លាភាព បើ​ពុំ​ដូច្នោះ​ទេ ករណី​នេះ​នឹង​បន្ត​កើត​ឡើង​ដដែល។

លោក យិន ម៉េងលី៖ «ក្រសួង​ពាក់ព័ន្ធ និង​រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើការ​ឡើង​វិញ ទី១ គឺ​មើល​ទៅ​លើ​ជន​អន្តោប្រវេសន៍​ខុសច្បាប់ ដែល​ចូល​មក​ប្រទេស​កម្ពុជា ទី២​ត្រូវ​មាន​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង ក្នុង​ការ​ចូល​មក​រុករាន​ទៅ​លើ​ធនធាន​ធម្មជាតិ​យើង​ថែម​ទៀត អ៊ីចឹង​ត្រូវ​ធ្វើ​ការ​ស្រាវជ្រាវ ថា តើ​ហេតុ​អ្វី​បាន​ជា​គាត់​ចូល​មក​ប្រព្រឹត្ត​បទល្មើស​នៅ​ក្នុង​ប្រទេស​យើង​បាន តើ​មាន​អ្នក​ជាប់​ពាក់ព័ន្ធ​ដែរ​ឬ​អត់ អ៊ីចឹង​ត្រូវ​មាន​វិធានការ​នេះ​ឲ្យ​បាន​ម៉ឹង​មាត់»។

នេះ​មិន​មែន​ជា​លើក​ទី​១​នោះ​ទេ ដែល​មាន​ជនជាតិ​វៀតណាម ឆ្លង​ដែន​ចូល​មក​ប្រមូល​ធនធាន​ធម្មជាតិ នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ ដូច​ជា ថ្មម៉ាប ព្រៃឈើ និង​ធនធាន​រ៉ែ ជាដើម។ សង្គមស៊ីវិល​ថា បើ​រដ្ឋាភិបាល​គ្មាន​ចំណាត់​ការ​តឹងរ៉ឹង​នោះ​ទេ ធនធាន​ធម្មជាតិ​ខ្មែរ​នឹង​បន្ត​ហិនហោច​ដោយសារ​ការ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​ដោយ​ជន​បរទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។