ក្រុមអ្នកស្រឡាញ់បរិស្ថានបានចេញសេចក្ដីថ្លែងការណ៍រួមជាថ្មីទៀត ស្នើឱ្យរដ្ឋាភិបាល បិទអាជីវកម្មឈើខ្នាតធំ របស់ក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech (Cambodia) Co., Ltd) និងក្រុមហ៊ុន អង្គរប្លាយវូដ (Angkor Plywood Co. Ltd) នៅជាប់តំបន់ព្រៃឡង់ ខេត្តក្រចេះ។ ការចេញសេចក្ដីថ្លែងការណ៍នេះ ក្រោយពីពួកគេរកឃើញថា ក្រុមហ៊ុនទាំងនេះ កំពុងកាប់បំផ្លាញឈើហ៊ុបធំៗ ក្នុងតំបន់ព្រៃឡង់ជាថ្មីទៀត និងបានពង្រាយសន្តិសុខយាមល្បាតយ៉ាងប្រុងប្រយ័ត្ន។
សេចក្ដីថ្លែងការណ៍ ៣ ទំព័រ ចេញផ្សាយនៅថ្ងៃទី២១ កក្កដា បង្ហាញពីអាជីវកម្មឈើខ្នាតធំ របស់ក្រុមហ៊ុន ស៊ីង បាយអូថេក និងក្រុមហ៊ុនអង្គរប្លាយវូដ ដែលកំពុងកាប់បំផ្លាញឈើហ៊ុបធំៗ ក្នុងដែនជម្រកសត្វព្រៃឡង់ អស់រយៈពេល ២សប្ដាហ៍ចុងក្រោយនេះ ធ្វើឱ្យបាត់បង់ដើមឈើផលិត ជ័រទឹករាប់ម៉ឺនដើម។
ខ្លឹមសារសេចក្ដីថ្លែងការណ៍ ដែលចូលរួមដោយព្រះសង្ឃ សកម្មជនបរិស្ថាន សហគមន៍ព្រៃឡង់ និងក្រុមអង្គការសង្គមស៊ីវិល បារម្ភពីការរឹតត្បិត និងហាមឃាត់ ពួកគេមិនឱ្យចូលព្រៃឡង់ គឺផ្តល់ឱកាស ឱ្យក្រុមជនល្មើស កាប់ និងដឹកជញ្ជូនឈើ ចេញពីតំបន់ព្រៃឡង់ នៅចំណុច អូរក្រាក់ អូរក្រហម អូរម្សី អូរអនាម័យ និងអូរឈ្លីច ជាដើម។
ក្រុមអ្នកចុះស៊ើបអង្កេតបទល្មើសព្រៃឈើបានស្រែកទ្រហោយំ នៅគ្រាដែលប្រទះឃើញដើមឈើធំៗ និង ដើមច្បោះជ័រទឹក ត្រូវបានគេកាប់យ៉ាងរង្គាល និងដឹកជញ្ជូន ផ្គត់ផ្គង់ឲ្យក្រុមហ៊ុនស៊ីងបាយអូថេក ដើម្បីនាំឈើចេញ ទៅលក់នៅក្រៅប្រទេស តាមរយៈក្រុមហ៊ុនអង្គរប្លាយវូដ ដែលបើកដេប៉ូទិញឈើ នៅជាយក្រុងភ្នំពេញ។
សកម្មជនបរិស្ថានដែលចុះឃ្លាំមើលបទល្មើសព្រៃឈើ និងជាកូនប្រុសលោក ឈុត វុទ្ធី លោក ឆឺយ ឧត្តមរស្មី ឱ្យដឹងនៅថ្ងៃទី ២១ កក្កដាថា ក្រុមការងារលោក មានភស្តុតាង វីដេអូ និងរូបភាព ច្បាស់លាស់ ដែលបង្ហាញថា ក្រុមហ៊ុនទាំងនេះ បានពង្រាយកម្លាំងកម្មកររាប់សិបនាក់ ចូលកាប់ឈើខុសច្បាប់ ក្នុងតំបន់ព្រៃការពារ ជាថ្មីទៀត។ លោកបន្ថែមថា ពួកគេនឹងរៀបចំឯកសារដាក់ញត្តិជាថ្មីទៀត ស្នើឱ្យបិទរោងចក្រអារឈើទាំងនេះ ដើម្បីអនុវត្តតាមបណ្តាំ លោក សែន សទ្ធា សហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង មុនពេលស្លាប់ លោកផ្តាំស្នើឱ្យបិទរោងចក្រឈើនៅជាប់ព្រៃឡង់ទាំងអស់៖ « ផ្ដួលរំលំឈើមូលធំៗ ដើម្បីដាក់ជិតក្រុមហ៊ុនហ្នឹង ដឹកចេញរហូត នៅតែបន្តមានរហូត ហើយរហូតមកដល់បច្ចុប្បន្នកាប់ដើមច្បោះគាត់ រាប់សិបម៉ឺនដើម មិនមានសំណង។ ព្រៃឡង់ជាតំបន់ការពារ គ្រប់គ្រងដោយក្រសួងបរិស្ថាន តែផ្ទុយទៅវិញក្រសួងបរិស្ថាន គាត់បែរជាព្រងើយកន្តើយ។ អ៊ីចឹងខ្ញុំគិតថា ដល់ពេលពលរដ្ឋទាមទារ ដើម្បី បិទក្រុមហ៊ុននេះ ព្រោះក្រុមហ៊ុននេះ ជាមុខសញ្ញាធំ កាប់ឈើក្នុងព្រៃឡង់ » ។
ក្រុមស្នូលបណ្ដាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ លោក ខេម សុឃី សង្កេតឃើញថាក្រុមហ៊ុនស៊ីងបាយអូថេក បានប្ដូរយុទ្ធសាស្ត្រកាប់បំផ្លាញព្រៃឈើ ក្នុងព្រៃឡង់ ដោយដឹកជញ្ជូនតាមគោយន្ត និង ទូក ដោយមានកម្លាំងកម្មកររាប់រយនាក់។ លោកថា ក្រុមហ៊ុនបានជួលពលរដ្ឋនៅមូលដ្ឋាន និងពលរដ្ឋចំណាកស្រុក ចូលព្រៃកាប់ឈើលក់ឱ្យខ្លួន រួចដឹកតាមរថយន្តយីឌុប យកទៅលក់នៅក្រៅប្រទេស៖ « មិនយល់ពីការគ្រប់គ្រង របស់រដ្ឋាភិបាល ដឹងហើយឮហើយថា ស៊ីងបាយអូថេក កាប់ឈើ ក្នុងតំបន់ព្រៃការពារដែរ។ ដូចជាម្ចាស់ជំនួយ ដឹងថា ក្រុមហ៊ុន ស៊ីង បាយអូថេក លួចឈើក្នុងព្រៃឡង់ តែអត់មានចំណាត់ការលើក្រុមហ៊ុនហ្នឹងទេ » ។
អាស៊ីសេរីបានព្យាយាមទាក់ទងរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន អ្នកនាំពាក្យគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី និងអ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី ដើម្បីសុំការបំភ្លឺរឿងនេះបានទេ ព្រោះតែទូរស័ព្ទហៅចូលច្រើនដង គ្មានអ្នកទទួល នៅថ្ងៃទី២១ កក្កដា។
ចំណែក អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មិនទាន់ឆ្លើយសំណួរ របស់អាស៊ីសេរី តាមបណ្តាញសង្គមស៊ិកណល នៅឡើយទេ នៅថ្ងៃដដែលនេះ។
ដោយឡែក ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បញ្ជាក់យ៉ាងខ្លីថា ប្រសិនបើក្រុមយុវជន មានភស្តុតាង និងឯកសារច្បាស់លាស់ បង្ហាញពីការកាប់បំផ្លាញព្រៃឈើ ក្នុងព្រៃឡង់ សូមដាក់ជូនរដ្ឋមន្ត្រី ក្រសួងបរិស្ថានលោក សាយ សំអាល់ ដើម្បីឱ្យលោក ដោះស្រាយរឿងនេះ៖ «ប្រសិនជារកឃើញ ភស្តុតាងត្រឹមត្រូវខ្ញុំជឿថា ក្រសួងបរិស្ថានដឹកនាំ លោក សាយ សំអាល់ លោកនឹងចាត់វិធានការ។ ក្រសួងទាំងអស់ក្រោមរដ្ឋាភិបាល បើមិនធ្វើតាមគោលការណ៍របស់ រដ្ឋាភិបាល មិនហៅថា ក្រសួងទេ»។
ឆ្លើយតបការលើករបស់លោក ផៃ ស៊ីផាន សកម្មជនបរិស្ថាន លោក ហេង ស្រស់ អះអាងថា ពួកគេធ្លាប់ផ្ញើរបាយការណ៍ និងភស្តុតាងជាច្រើន ដាក់ជូនក្រសួងបរិស្ថានប៉ុន្តែក្រសួងសាមីមួយនេះ តែងតែច្រានចោល និងមិនទទួលស្គាល់។ លោកថា សូម្បីតែរបាយការណ៍របស់ទីភ្ញាក់ងារសហរដ្ឋអាមេរិក សម្រាប់កិច្ចអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ថា USAID ដែលជាម្ចាស់ជំនួយអភិរក្សព្រៃឡង់ បានរកឃើញថា មានអាជីវកម្មឈើខ្នាតធំ ក្នុងតំបន់ព្រៃឡង់ ជាប់ពាក់ព័ន្ធក្រុមហ៊ុនទាំងនេះ ក៏ក្រសួងបរិស្ថាននៅតែទាត់ចោលដែរ៖ «មានរបាយការណ៍ឧក្រិដ្ឋកម្មព្រៃឈើ មួយចំនួនដែលយើងធ្លាប់ដាក់ទៅ ហើយយើងធ្លាប់ស្នើទៅ ហើយមិនមែនតែត្រឹមរបាយការណ៍ អន្តរជាតិក៏ធ្លាប់ដាក់ទៅដែរ ហើយរបាយការណ៍របស់ USAID ធ្លាប់ដាក់ទៅក្រសួងបរិស្ថាន និងធ្លាប់ដាក់ទៅរាជរដ្ឋាភិបាលដែរ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានការឆ្លើយតប និងមិនទាន់កែទម្រង់ណាមួយ លើតំបន់ព្រៃឡង់ដែរ » ។
កាលពីខែមិថុនា ឆ្នាំ២០១២ ក្រសួងឱ្យក្រុមហ៊ុន ស៊ីង បាយអូថេក វិនិយោគដំណាំឧស្សាហកម្ម អាកាស្យា ឬស្ថានីយស្ដារព្រៃឈើឡើងវិញលើផ្ទៃដីចំនួនជាង ៣ម៉ឺន ៤ពាន់ហិកតារ (៣៤.០០៧) ឋិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ និងមួយផ្នែកចូលដីស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ទន្ទឹមនឹងនេះ ក្រុមហ៊ុននេះ បានធ្វើការផ្ទេរសិទ្ធបើករោងចក្រអារឈើទៅឱ្យក្រុមហ៊ុន អង្គរ ប្លាយវូដ កាលពីចុងឆ្នាំ២០១៨។
អាស៊ីសេរីនៅមិនទាន់អាចទាក់ទង ក្រុមហ៊ុនទាំងនេះ ដើម្បីសុំការបំភ្លឺរឿងនេះបានថាយ៉ាងណានៅឡើយទេ នៅថ្ងៃដដែលនេះ។ ខ្លឹមសារសេចក្ដីថ្លែងការណ៍ បន្ថែមថា ឈើហ៊ុបធំៗ ដែលក្រុមហ៊ុនកំពុងកាប់បំផ្លាញ ក្នុងព្រៃឡង់រួមមាន សុក្រំ ផ្ដៀក កកោះ ឈ្លីក ត្រសេក ឈើទាល និងស្រឡៅ ដែលមានគោយន្តរាប់រយគ្រឿង សម្រុកដឹកជញ្ជូនចេញក្រៅ ចូលបរិវេណក្រុមហ៊ុនស៊ីងបាយអូថេក និងលាក់ទុកនៅតំបន់ផ្សេងៗ។ លើសពីនេះទៀត ការដឹកជញ្ជូនឈើ អាចធ្វើបានដោយមានការបើកដៃ ពីមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរស្ទើរគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តក្រចេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។