អ្នកស្រឡាញ់បរិស្ថានស្នើទប់ស្កាត់បទល្មើសព្រៃឈើកើតឡើងក្នុងតំបន់ព្រៃការពារធម្មជាតិ
2023.09.24

ក្រុមអ្នកស្រឡាញ់ធនធានធម្មជាតិ ទទូចឲ្យមន្ត្រីរបស់រដ្ឋាភិបាលថ្មី ចុះទប់ស្កាត់បទល្មើសព្រៃឈើ ដែលកើតឡើងនៅក្នុងតំបន់ព្រៃការពារធម្មជាតិ ។ ពួកគេសង្ឃឹមថារដ្ឋាភិបាលថ្មីនឹងមានវិធានការតឹងរ៉ឹងចំពោះជនល្មើសដែលបានកាប់ និងរត់ពន្ធឈើឆ្លងដែន។
ក្រុមអ្នកស្រឡាញ់ធនធានធម្មជាតិ និងជាការអ្នកការពារព្រៃឈើ ចង់ឃើញមន្ត្រីពាក់ព័ន្ធរបស់រដ្ឋាភិបាលថ្មី ចុះទប់ស្កាត់និងចាត់វិធានការតឹងរ៉ឹងទៅលើក្រុមឈ្មួញរកស៊ីឈើខុសច្បាប់ និងពិសេសក្រុមឈ្មួញដែលតែងតែលួចកាប់ឈើមានតម្លៃនៅក្នុងដែនជម្រកសត្វព្រៃជាតំបន់ការពារធម្មជាតិជាដើម ។ ការទទូចនេះ បន្ទាប់ពីព្រៃតំបន់អភិរក្សចំនួន៤ ដែនជម្រកសត្វព្រៃស្រែពក ភ្នំព្រេច ព្រៃព្រះរការ ព្រៃឡង់ កំពុងរងកាប់និងដឹកជញ្ជូនពីក្រុមឈ្មួញមានអំណាចយកទៅលក់តាមដេប៉ូក្នុងស្រុក និងលក់នៅប្រទេសវៀតណាម ព្រមទាំងបណ្ដាប្រទេសផ្សេងៗទៀត។
អ្នកសម្របសម្រួលបណ្ដាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ លោក ហឿន សុភាព ប្រាប់វិទ្យុអាស៊ីសេរីឲ្យដឹងនៅថ្ងៃទី២៤ ខែកញ្ញា ថា បណ្ដាញសហគមន៍ព្រៃឡង់ នៅតែបន្តរកឃើញបទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់។ លោកទទូចទៅរដ្ឋាភិបាលថ្មីត្រូវចាត់វិធានការឲ្យបានតឹងរ៉ឹង និងស្វែងរកអ្នកជាប់ពាក់ព័ន្ធទាំងអស់យកមកអនុវត្តតាមច្បាប់។ លើសពីនោះពួកគេចង់ឲ្យរដ្ឋាភិបាលនិងរដ្ឋមន្ត្រីក្រសួងបរិស្ថានថ្មីបើកចិត្តឲ្យទូលាយអនុញ្ញាតឲ្យសហគមន៍មូលដ្ឋានបានចូលរួមល្បាតការពារដើម្បីរួមចំណែកទប់ស្កាត់បទល្មើសព្រៃឈើ។
លោក ហឿន សុភាព៖ «សំណូមពរដល់រដ្ឋាភិបាលដែលមាននាយករដ្ឋមន្ត្រីថ្មី ឯកឧត្ដម ហ៊ុន ម៉ាណែត ហ្នឹង គឺសុំឲ្យលោកធ្វើការកែទម្រង់គោលនយោបាយ ឬក៏មានវិធានការឲ្យមានប្រសិទ្ធភាពជាងអាណត្តិមុខបានន័យថា មុនវាអត់មានប្រសិទ្ធភាពទេ ប៉ុន្តែឥឡូវនេះគឺរឹតបន្តឹងសកម្មភាពទប់ស្កាត់បទល្មើសព្រៃឈើហ្នឹងឲ្យមានប្រសិទ្ធភាព ផែនការចុះស៊ើបអង្កេតតាមមន្ត្រីមូលដ្ឋានឬក៏មន្ត្រីតាមទីស្នាក់ការបរិស្ថានក្នុងតំបន់ការពារ»។
ចំណែកឯអ្នកស្រាវជ្រាវ និងឃ្លាំមើលធនធានធម្មជាតិនៅកម្ពុជា លោក សេង សុខហេង លើកឡើងដែរថា ដែនជម្រកសត្វព្រៃចំនួន២ក្នុងខេត្តមណ្ឌលគិរី គឺដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេច កំពុងតែរងការកាប់ឈើមានតម្លៃដឹកយកទៅលក់នៅប្រទេសវៀតណាម ជាងកន្លះខែមកហើយ ប៉ុន្តែមិនទាន់ឃើញមានវិធានការណាមួយ ទៅលើកក្រុមឈ្មួញមានអំណាចទាំងអស់នេះនោះទេ។
លោក សេង សុខហេង៖ «រដ្ឋាភិបាលគួរតែចាប់ផ្ដើមអន្តរាគមន៍ជាបន្ទាន់ឬក៏ចាត់វិធានការបន្ទាន់ហ្នឹងគឺទីមួយការទប់ស្កាត់ការធ្វើអាជីវកម្មគ្រប់រូបភាពជាពិសេសការធ្វើអាជីវកម្មឈើឆ្លងដែនទៅក្រៅប្រទេស គួរតែធ្វើការបញ្ឈប់ចាត់វិធានការផ្លូវច្បាប់ទៅដល់អ្នកពាក់ព័ន្ធជាពិសេសគឺមន្ត្រីអាជ្ញាធរមួយចំនួនដែលពាក់ព័ន្ធ»។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានទេ នៅថ្ងៃទី២៤ខែកញ្ញា នេះ។ទាក់ទិននឹងបញ្ហានេះ អ្នកសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អួត ឡាទីន យល់ឃើញថា រដ្ឋាភិបាលគួរស្ដាប់ និងទទួលយកសំណើរបស់សហគមន៍ក៏ដូចជាសកម្មជនបរិស្ថាន ដើម្បីស្វែងរកដំណោះស្រាយ រួចគ្នាក្នុងការការពារធនធានធម្មជាតិ និងទប់ស្កាត់បទល្មើសដែលកំពុងកើតមាននៅក្នុងតំបន់ព្រៃអភិរក្ស។ លោកបន្ថែមថា បញ្ហាកើតឡើងកន្លងមកដោយសារតែមន្ត្រីរដ្ឋាភិបាលធូររលុងក្នុងការអនុវត្តច្បាប់ បណ្ដែតបណ្ដោយឲ្យជនល្មើសទាំងនោះរកស៊ីកាប់ឈើក្នុងតំបន់ការពារដោយសេរី ។ លើសពីនោះលោកថា ក្រសួងបរិស្ថានគួរសហការជាមួយសហគមន៍មូលដ្ឋាន ជាជាងរារាំងមិនឲ្យសហគមន៍ចូលរួមការពារ និងតាមធ្វើទុក្ខបុកម្នេញទៅលើពួកគេ។
លោក អួត ឡាទីន៖ «ប្រសិនជារដ្ឋាភិបាលថ្មីដូចរដ្ឋាភិបាលចាស់ បានន័យថា ផាត់សហគមន៍ចេញ ផាត់អង្គការសមាគមសង្គមស៊ីវិលចេញ ផាត់សកម្មជនចេញ ផាត់សហគមន៍មូលដ្ឋានមិនឲ្យរួមចំណែកក្នុងការការពារធនធានធម្មជាតិក្នុងប្រទេសកម្ពុជា បញ្ហាធនធានធម្មជាតិ នឹងបន្តកើតមានដូចរដ្ឋាភិបាលចាស់អ៊ីចឹង»។
យ៉ាងហោចណាស់មានដែនជម្រកសត្វព្រៃចំនួន៥ កំពុងរងការកាប់ឈើកម្រ ដែលមានតម្លៃថ្លៃ យកទៅលក់នៅតាមទីផ្សារជាតិ និងអន្តរជាតិ មានដូចជា ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែនជម្រកសត្វព្រៃព្រះរកា ព្រៃឡង់ និងដែនជម្រកសត្វព្រៃនៅភូមិភាគឦសានចំនួនពីរទៀតគឺដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច។ ក្រុមអ្នកស្រឡាញ់ព្រៃឈើចង់ឃើញរដ្ឋាភិបាលថ្មីប្រើឆន្ទៈពិតប្រាកដក្នុងទប់ស្កាត់បទល្មើស និងការពារធនធានធម្មជាតិកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។