ក្រុមសហគមន៍ការពារព្រៃឈើជនជាតិដើមភាគតិចចារ៉ាយ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី អះអាងថា ក្រុមហ៊ុន ម៉ែន សារុន ហៅកាត់ថា ក្រុមហ៊ុន ៧២ បានលួចអាររំលំឈើមូលថ្មីៗនៅក្នុងព្រៃសហគមន៍ ហើយមានរៀបចំម៉ាស៊ីនអារឈើ ៤គ្រឿង ដើម្បីអារច្រៀកឈើទាំងនោះភ្លាមៗ។ ទន្ទឹមនោះដែរ ក្រុមហ៊ុនបានដាក់គ្រឿងចក្រប្រភេទឈូសដី ៦គ្រឿង ចូលមកឈូសឆាយធ្វើផ្លូវក្នុងព្រៃសហគមន៍ ដើម្បីពង្រីកដីសម្បទាន។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តរតនគិរី លោក ឆាយ ធី នៅថ្ងៃច័ន្ទ ទី២៤ ខែមីនា បានឲ្យដឹងថា ក្រុមសហគមន៍ព្រៃឈើភូមិឡំ បានរាយការណ៍ និងសុំឲ្យមន្ត្រីសមាគមជួយអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធ ឲ្យបញ្ឈប់សកម្មភាពរំលោភបំពានព្រៃអភិរក្សរបស់សហគមន៍ និងចាត់វិធានការផ្លូវច្បាប់ ផ្ដន្ទាទោសជនពាក់ព័ន្ធបទល្មើសព្រៃឈើនេះ។ លោកកត់សម្គាល់ថា កម្មករជនជាតិវៀតណាម ត្រូវបានក្រុមហ៊ុនប្រើប្រាស់ក្នុងសកម្មភាពកាប់ និងឈូសឆាយព្រៃឈើសហគមន៍ដោយគ្មានច្បាប់អនុញ្ញាត៖ «គាត់ទៅមើលឈើឃើញផ្ទាល់នឹងភ្នែក ជាក់ស្តែងនៅពេលដែលសហគមន៍ចុះត្រួតពិនិត្យ គឺមានជ័រហូរចេញពីដើម។មានការអូសទាញចេញពីព្រៃសហគមន៍ ដោយអាត្រាក់ក៏មាន អារ៉េវប៉ាកុង ក៏មាន កាប់រំលំដោយផ្ទាល់»។
ក្រុមសហគមន៍ភូមិឡំ ឃុំប៉ក់ញ៉ៃ ១៧នាក់ កាលពីថ្ងៃទី១៤ ខែមីនា បានចុះត្រួតពិនិត្យព្រៃសហគមន៍នៅជាប់នឹងព្រំដីក្រុមហ៊ុនសម្បទាន ក្លូបល ធីក រ៉ាម៉ា ខ្មែរអន្តរជាតិ និងមិត្តភាព ម៉ែន សារុន (Global Tech Rama Khmer International and Men Sarun Friendship) ប្រទះឃើញរោងចក្រអារឈើទើបបង្កើតថ្មី មានម៉ាស៊ីនអារឈើ ៨គ្រឿង និងកម្មករវៀតណាម ប្រមាណ ១៥នាក់ កំពុងអារច្រៀកឈើថ្មីដែលកម្មករទាំងនោះលួចកាប់ពីព្រៃសហគមន៍។
តំណាងសហគមន៍ លោក រម៉ាស់ ស្វាន មានប្រសាសន៍បញ្ជាក់ថា ក្រុមសហគមន៍អ្នកល្បាតព្រៃ ប្រទះឃើញជាក់ស្តែង កម្មករវៀតណាម កំពុងអាររំលំឈើក្នុងព្រៃសហគមន៍ អមដោយគ្រឿងចក្រមានត្រាក់ទ័រ រថយន្តរ៉េវសម្រាប់ទាញស្ទូចឈើដាក់រថយន្ត។ លោកបន្តថា ក្រៅពីនោះ មានគ្រឿងចក្រឈូសដី ៦គ្រឿង ក៏កំពុងឈូសឆាយព្រៃសហគមន៍ធ្វើព្រំពង្រីកដីសម្បទានក្រុមហ៊ុន៖ «បួនគ្រឿងទៅដល់ពាក់កណ្ដាលព្រៃការពារ គេឈូសផ្លូវរឿងស្អីគេទៅដាក់កន្លែងហ្នឹង។ ឥឡូវគេកំពុងអារហ្នឹង ប៉ុន្តែគេកាប់ឈើថ្មីៗ គេអត់អារឈើចាស់ យើងទៅថតពីមុននោះទេ»។
ឆ្លើយតបការចោទប្រកាន់នេះ តំណាងក្រុមហ៊ុន ម៉ែន សារុន បានអះអាងថា ក្រុមហ៊ុនមានច្បាប់អនុញ្ញាតដាក់ម៉ាស៊ីនអារឈើដែលប្រមូលបានក្នុងដីសម្បទាន មានបោះត្រាទទួលស្គាល់ដោយមន្ត្រីព្រៃឈើ។ លោកទទួលស្គាល់ថា ក្រុមហ៊ុនបាននាំចូលគ្រឿងចក្រ ប៉ុន្តែមិនទាន់បានឈូសឆាយអ្វីនៅឡើយ៖ «វាអារឈើ ពួកខ្ញុំវាយលេខហើយហ្នឹង ឲ្យតែមានព្រៃរក្សាទុក ពួកខ្ញុំកាយព្រំ ដើម្បីការពារទេ ប៉ុន្តែបើថាឈូសឆាយអត់ទេ ខ្ញុំអត់ទាន់ឲ្យឈូសមួយប៉ែលទេ»។
ចំណែកនាយផ្នែកព្រៃឈើអូរយ៉ាដាវ នៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក ឡេង យុគ ចាត់ទុកសេចក្តីចោទប្រកាន់របស់សហគមន៍ថា ជាការយល់ច្រឡំ។ លោកអះអាងថា ក្រុមហ៊ុន ម៉ែន សារុន ទទួលបានអាជ្ញាប័ណ្ណដំឡើងរោងចក្រអារច្រៀកឈើដែលបានបង់ពន្ធជំហានដំបូង ឈើមូល ៣០០ម៉ែត្រគូប។ ចំណែកគ្រឿងចក្រត្រូវបានអនុញ្ញាតឲ្យឈូសឆាយដីសម្បទានបន្ត ដើម្បីដាំកៅស៊ូ៖ «គាត់ទើបបានការអនុញ្ញាតពីក្រសួងកសិកម្ម ឈើដែលគាត់បង់ពន្ធ ហើយគាត់ត្រូវយកទៅអារនៅហ្នឹងហើយ។ លិខិតគាត់ឈូសពីអនុតំបន់នោះ»។
ទោះជាយ៉ាងនេះក្តី មន្ត្រីឃ្លាំមើលបញ្ហាព្រៃដដែល អំពាវនាវសុំឲ្យអាជ្ញាធរខេត្ត និងអាជ្ញាធរថ្នាក់ជាតិ ស៊ើបអង្កេតជាបន្ទាន់ ជុំវិញសេចក្តីរាយការណ៍ចោទប្រកាន់របស់សហគមន៍ពាក់ព័ន្ធបទល្មើសព្រៃឈើថ្មីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
