អ្នកជំនាញអគ្គិសនីថា ដើម្បីកាត់បន្ថយចំនួនមនុស្សស្លាប់ដោយសាររន្ទះបាញ់រដ្ឋាភិបាលគួរតែពន្យល់ពលរដ្ឋឱ្យយល់អំពីវិធានការបង្ការរន្ទះ
2024.09.09
អ្នកជំនាញផ្នែកអគ្គិសនីលើកឡើងថា ដើម្បីអាចជួយការពារ និងកាត់បន្ថយការជួបគ្រោះថ្នាក់នៃបាតុភូតរន្ទះ រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធគួរតែណែនាំពលរដ្ឋឱ្យបានយល់ដឹង ជាពិសេស ការប្រើប្រាស់ឧបករណ៍ការពាររន្ទះ។ ការលើកឡើងនេះធ្វើឡើង ក្រោយពេលដែលមនុស្ស ៥០នាក់បានស្លាប់ និងរបួសចំនួន ៤៣នាក់ ដោយសារបាតុភូតរន្ទះបាញ់ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤នេះ ។
អ្នកជំនាញផ្នែកអគ្គិសនីអះអាងថា កង្វះការយល់ដឹងរបស់ពលរដ្ឋពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍ការពាររន្ទះ និងវិធីសាស្ត្រការពារខ្លួននៅពេលជួបបាតុភូតរន្ទះបាញ់នៅតែបណ្ដាលឱ្យមានមនុស្សបាត់បង់ជីវិតដោយសាររន្ទះ។
អ្នកជំនាញផ្នែកអគ្គិសនី លោក ប៉ុន របាំង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៩ ខែកញ្ញា ថា ដើម្បីបញ្ចៀសបាតុភូតរន្ទះបាញ់គឺពលរដ្ឋ ជាពិសេសកសិករមិនត្រូវជ្រកក្រោមដើមឈើខ្ពស់ៗ ឬត្រូវចាកចេញពីវាលស្រែឱ្យឆ្ងាយពីប្រភពទឹកពីព្រោះកាលណាមានសំណើមគឺចរន្តថាមពលអគ្គិសនីនៃរន្ទះងាយនឹងឆ្លងកាត់រាងកាយ។ លោកបន្តថា ចំពោះគេហដ្ឋាន ឬអគារពាណិជ្ជកម្មខ្ពស់ៗវិញគេត្រូវបំពាក់ឧបករណ៍ការពាររន្ទះដោយមានអ្នកជំនាញបច្ចេកទេសមកដំឡើងឱ្យបានត្រឹមត្រូវ។
លោក ប៉ុន របាំង៖ «និយាយឱ្យចំ បើភាសាយើងធម្មតា គេហៅថា បង្គោលរន្ទះៗ។ គាត់បុកបង្គោលហ្នឹងទាល់តែមានប្រដាប់តេស ឬក៏មានឧបករណ៍ច្បាស់លាស់។ ដោយសារអី ខ្ញុំធ្លាប់ឃើញអាគារខ្លះឆេះដោយសាររន្ទះហ្នឹងដែរ។ គាត់បុកបង្គោលរន្ទះហើយ បែរជាបង្គោល ឬក៏តំណអេឡិចត្រូតហ្នឹង វាឆាប់អន់ វាផ្ទេរចរន្តមកឆេះតែម្ដង ហើយប្រសិនជាអាចគាត់ត្រូវមានឧបករណ៍វាស់បុកធ្វើម៉េចឱ្យអូមវាទាបមែនទែន ប្រសិនជាបុកអូមខ្ពស់ នឹងកើតបញ្ហារ៉េស៊ីស្តង់ឆេះ»។
លោក ប៉ុន របាំង ពន្យល់ថា ចរន្តអគ្គិសនីរបស់រន្ទះមានកម្លាំងខ្លាំងជាងចរន្តអគ្គិសនី ដែលពលរដ្ឋប្រើប្រាស់នៅតាមផ្ទះ។ ដូច្នេះហើយ នៅពេលរន្ទះបាញ់ចំមនុស្ស ឬសត្វនោះ នឹងធ្វើឱ្យបេះដូង និងប្រព័ន្ធសរសៃប្រសាទលែងដំណើរការ ដោយសារសរសៃឈាមលែងរត់ធ្វើឱ្យគាំងបេះដូងស្លាប់ភ្លាមៗ ហើយស្បែកឡើងរបក ឬខ្លោចដោយសារកម្ដៅរន្ទះ។
លោក ប៉ុន របាំង៖«បើតាមខ្ញុំដឹងមានតែចលនាបេះដូងប្រសិនជាមនុស្សស៊ីសងលើបេះដូងហ្នឹងគាំងឬអត់ប្រសិនជា គាត់មានបញ្ហាបេះដូងគាំងរយៈពេល១នាទីអាហ្នឹងមនុស្សស្លាប់។ ប៉ុន្តែប្រសិនជាបាញ់ភ្លាមអ៊ីចឹងយើងធ្វើចលនាបេះដូងទាន់អ៊ីចឹងទៅអាចសង្គ្រោះបឋម ដូចមនុស្សផ្សេងៗដែលសំខាន់យើងធ្វើចលនាបេះដូង»។
ការលើកឡើងរបស់អ្នកជំនាញផ្នែកអគ្គិសនីនេះ បន្ទាប់ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានចេញរបាយការណ៍កាលពីថ្ងៃទី៧ ខែកញ្ញា បង្ហាញថា ក្នុងរយៈពេល៨ខែក្នុងឆ្នាំ២០២៤ មានមនុស្ស៥០នាក់បានស្លាប់ និងមនុស្សចំនួន៤៣នាក់ទៀតបានរងរបួសដោយសាររន្ទះបាញ់។ ករណីមានបាតុភូតរន្ទះបាញ់កើតឡើងនេះភាគច្រើនកើតនៅខេត្តសៀមរាប បាត់ដំបង ព្រៃវែង ត្បូងឃ្មុំ និងបន្ទាយមានជ័យ។ ក្រៅពីបាតុភូតរន្ទះបាញ់ហើយនោះក្នុងរយៈពេលដូចគ្នានេះខ្យល់កន្ទ្រាក់ ក៏បានឆក់យកជីវិតមនុស្ស ៤នាក់ និងរបួស ៣២នាក់ ព្រមទាំងបណ្ដាលឱ្យផ្ទះជិត ៥០០ខ្នង (៤៨២) ដួលរលំផងដែរ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុន្នី ដើម្បីសុំការបញ្ជាក់បន្ថែមជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៩ ខែកញ្ញា។
កសិករនៅស្រុកសង្កែ ខេត្តបាត់ដំបង លោក សែម ប៊ុនធី ថ្លែងថា លោកមិនដែលឃើញរដ្ឋាភិបាលចុះមកបង្រៀន ឬណែនាំពលរដ្ឋឱ្យយល់ដឹងពីបញ្ហាបាតុភូតរន្ទះបាញ់នេះឡើយ ហើយនៅពេលមានខ្យល់កន្ទ្រាក់ផ្ដួលរំផ្ទះពលរដ្ឋគឺឃើញតែមន្ត្រីនៅថ្នាក់ភូមិឃុំយកស័ង្កសីបន្តិចបន្តួចឱ្យពលរដ្ឋប្រក់ដំបូលជ្រកតែប៉ុណ្ណោះ។
លោក សែម ប៊ុនធី៖ «គ្មានគេប្រកាសអីមើលអីអាខ្យល់ម៉េច ក៏ខ្យល់ទៅ គេមិនដែលខ្វល់ ប្រជាពលរដ្ឋយើងនៅតាមប្រជាពលរដ្ឋយើងទៅបើយើងដោះស្រាយមិនកើតទេ។ និយាយដំណោះស្រាយមានតែខ្លួនឯងពឹងខ្លួនមានប៉ុណ្ណឹងឯងតាំងពីដើមមកតាំងពីខ្ញុំនៅតូចៗ អ្នកណាមានបញ្ហាអីដោះស្រាយខ្លួនឯងអ្នកមានរោគរឿងអីដោះស្រាយខ្លួនឯងអ្នកណាមានខ្យល់ព្យុះអី ដោះស្រាយខ្លួនឯងខ្លះទៅគេមកជួយខ្ទេចអស់ផ្ទះមួយគេជួយស័ង្កសី ២០សន្លឹកអ៊ីចឹងទៅ»។
អ្នកជំនាញផ្នែកអគ្គិសនី និងពលរដ្ឋស្នើឱ្យរដ្ឋាភិបាលគិតគូរពីសុខសុវត្ថិភាពរបស់ពលរដ្ឋដោយផ្សព្វផ្សាយពីវិធីបង្ការគ្រោះថ្នាក់ដោយសារបាតុភូតរន្ទះបាញ់ឱ្យបានទូលំទូលាយ និងញឹកញាប់ ពីព្រោះបញ្ហានេះធ្វើឱ្យពលរដ្ឋមួយចំនួនបាត់បង់ជីវិត និងខាតបង់ទ្រព្យសម្បត្តិជារៀងរាល់ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។