ទន្លេសេសាន​ក្នុងខេត្តរតនគិរីរីងខះអស់​ទឹក ខុសប្រក្រតី

ដោយ ឡេង ម៉ាលី
2023.05.08
ទន្លេសេសាន​ក្នុងខេត្តរតនគិរីរីងខះអស់​ទឹក ខុសប្រក្រតី ទិដ្ឋភាព​បាត​ទន្លេ​សេសាន​ក្នុង​ខេត្តរតនគិរី រីង​ទឹក​ខះ​ដោយ​អន្លើ ក្រោយ​ពី​វៀតណាម​បិទ​ទ្វារ​ទឹក​ទំនប់​វារី​អគ្គិសនី​យ៉ាលី កាល​ពី​ចុង​ខែមេសា ដល់​ដើម​ខែឧសភា ឆ្នាំ២០២៣។ រូប៖ ពលរដ្ឋ​ផ្តល់​ឱ្យ ថត​នៅ​ថ្ងៃ​ទី៥ ខែឧសភា ឆ្នាំ២០២៣
រូបពីពលរដ្ឋ

ទឹក​ទន្លេ​សេសាន​ដែល​ហូរ​ឆ្លងកាត់​ស្រុក​ទាំង៤ ក្នុង​ខេត្ត​រតនគិរី បាន​រីកខះ​ គោក​រាក់​ស្ទើរ​ទាំង​ស្រុង​ជា​ច្រើន​ថ្ងៃ ធ្វើ​ឱ្យ​ត្រី​មេ​ពូជ​ធំៗ មិន​អាច​ផ្លាស់​ទី​ទៅ កាន់​អន្លង់​អភិរក្ស​បាន​ទាន់​ពេល​ ហើយ​កកស្ទះ​ក្នុង​អន្លង់​តូចៗ បាត​ទន្លេ ប្រឈម​ការ​បាត់បង់​យ៉ាង​គំហុក។ ពលរដ្ឋ​ភ្ញាក់​ផ្អើល​បាតុភាព​នេះ​ដោយ​ចាត់​ទុក​ថា ជា​គ្រោះ​មហន្តរាយ​ធម្មជាតិ​ពុំ​ធ្លាប់​មាន​ បូក​ផ្សំ​នឹង​ការ​បិទទ្វារ​ទឹក​ទំនប់​វារីអគ្គិសនី​យ៉ាលី (Yali) នៅ​ប្រទេស​វៀតណាម។

ទឹក​ទន្លេ​សេសាន​បាន​រីកខះ​រយះ​ពេល​ជិត ១០ថ្ងៃ ចាប់​ពី​ចុង​ខែមេសា រហូត​ដល់​ដើម​ខែឧសភាកន្លង​ទៅ​នេះ ធ្វើ​ឱ្យ​ត្រី​មេ​ពូជ​ធំៗ និង​ត្រី​ជា​ច្រើន​ប្រភេទ កក​ស្ទះ​តាម​អន្លង់​តូចៗ ក្នុង​បាត​ទន្លេ​ប្រវែង​ជាច្រើន​គីឡូម៉ែត្រ។ រីឯ​ពលរដ្ឋ​រាប់ពាន់​នាក់ បាន​ដណ្ដើម​គ្នា ចាប់​ត្រី និង​នេសាទ​ត្រី នៅ​តាម​ជង្ហុក​បាត​ទន្លេ​ដោយ​អន្លើ ដោយ​រក​ត្រី​បាន​ជា​ច្រើន​តោន។

ពលរដ្ឋ​រស់​នៅ​ស្រុក​អូរយ៉ាដាវ ខេត្តរតនគិរី លោកស្រី សេវ ធី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ទឹក​ទន្លេ​សេសាន រីង​ដល់​កម្រិត​ខុស​ប្រក្រតី គោក​រាក់​អស់​រយះ​ពេល ៨ថ្ងៃ អាច​ជិះ​ម៉ូតូ​ឆ្លង​កាត់​ទន្លេ​បាន ធ្វើឱ្យ​ប្រជា​សហគមន៍​ព្រួយ​បារម្ភ ពី​អនាគត​ទឹក​ទន្លេ និង​ផល​ប៉ះពាល់​អវិជ្ជមានលើ​ជីវភាព​ពលរដ្ឋ។

Sesan_river_partialy_dry_up_for_8_days_050823_23.jpeg
ត្រីនៅទន្លេសេសាន ដែល​ពលរដ្ឋ​ចាប់​បាន​ពេល​ទឹក​រីង​ខះ ក្រោយ​ពី​វៀតណាម​បិទទឹក​នៅ​ទំនប់វារីអគ្គិសនី យ៉ាលី។ រូប​ពី​ពលរដ្ឋ

លោកស្រី​ថា នៅ​ពេល​ដែល​ទឹក​ទន្លេ​ស្រក​យ៉ាង​ឆាប់​រហ័ស ខុស​ពី​គន្លង​ធម្មជាតិ ធ្វើ​ឱ្យ​ត្រី​មេ​ពូជ​ធំៗ ដូចជា ត្រី​ក្អែក និង​ត្រី​ព្រួល ជាដើម មិន​អាច​ផ្លាស់​ទី​មក​អន្លង់​អភិរក្ស​បាន​ទាន់​ពេល​ ដោយ​កកស្ទះ​នៅ​អន្លង់​តូចៗ បាត​ទន្លេ។ រីឯ​ពលរដ្ឋ​មួយ​ចំនួន​បាន​ដណ្ដើម​គ្នា ចាប់​ត្រី​ទាំង​នោះ ច្រក​ការុង​ និង​ខ្លះ​ទៀត បង់​សំណាញ់ បោក​គ្រាប់​បែក នៅ​តាម​អន្លង់​បាត​ទន្លេ ដែល​ត្រី​សម្ងំ​លាក់​ខ្លួន។

លោកស្រី សេវ ធី៖ «ពេល​ទឹក​ស្រក​លឿន​ពេក ធ្វើ​ឱ្យ​ត្រី​មិន​អាច​ចុះ​តាម​អន្លង់​បាន​ ដល់​អ៊ីចឹង​ទៅ​វា​ប្រឈម មាន​ខ្លះ​បង់​សំណាញ់ ខ្លះ​ដាក់​មង និង​ដាក់​សន្ទូច​ទៅ។ បាត់បង់​មេ​ពូជ​សំខាន់​ណាស់​ថ្ងៃ​ហ្នឹង​ចូល​តោន​ត្រី ។ បើ​និយាយ​ពី​ទឹក​ប្រើប្រាស់ ដូច​ខ្ញុំ​ជា​ដើម ដល់​ថ្នាក់​យក​ដាក់​ទន្លេ​នៅ​រីង​ទៀត»។

ទឹក​ទន្លេ​សេសាន​ហូរ​ឆ្លង​កាត់​ស្រុក​ចំនួន៤ ក្នុង​ខេត្តរតនគិរី គឺ​ស្រុកវើនសៃ ស្រុក​តាវែង ស្រុក​អណ្ដូង​មាស និង​ស្រុក​អូរយ៉ាដាវ។ ពលរដ្ឋ​ភាគច្រើន​រស់​នៅ​ស្រុក​ទាំង​នេះ ជា​ជន​ជាតិ​ដើម​ភាគ​តិច​ចារ៉ាយ កាចក់ គ្រឹង ព្រៅ លុន កាវែត និង​ទំពួន ជាដើម​មាន​ទម្លាប់​នេសាទ​ត្រី​ និង​ប្រើប្រាស់​ទឹក​ទន្លេ​នេះ ធ្វើ​កសិកម្ម ទទួលទាន​ជាដើម។

ពលរដ្ឋ​ម្នាក់​ទៀត រស់​នៅ​ស្រុក​អូរ​យ៉ាដាវ លោក រ៉ា វុធ សង្កេត​ឃើញ​ថា នៅ​ពេល​ដែល​ទឹក​ទន្លេ​រីងស្ងួត ពលរដ្ឋ​ជាច្រើន​នាក់ បាន​នាំគ្នា​នេសាទ​ត្រី​ខុសច្បាប់ ធ្វើ​ឱ្យ​បាត់បង់​ត្រី​មេ​ពូជ​ធំៗ នៅ​អន្លង់​អភិរក្ស​ជាង ៣០កន្លែង ក្នុង​អាង​ទន្លេ​សេសាន​ខេត្តរតនគិរី។

លោក​ថា ទឹក​ទន្លេ​រីក​ខះ​យ៉ាង​លឿន​ដូច្នេះ នឹង​បង្ក​គ្រោះ​មហន្តរាយ​ដល់​ជីវចម្រុះ​ក្នុង អាង​ទន្លេ​សេសាន​ទាំង​មូល ប៉ះពាល់​ជីវភាព​ប្រជាជន។

លោក រ៉ា វុធ៖ ត្រី​គ្នា​ទៅ​ណា​មិន​រួច​ទេ​ ដាក់​មង និង​ដាក់​សំណាញ់​ម្នាក់ៗ ទាំង​បេ។ ការ​ព្រួយ​បារម្ភ​របស់​ខ្ញុំ បាត់​បង់​ត្រី​មេ​ពូជ​ បាត់បង់​ត្រី​មេ​ពូជ​អស់ អស់​បាត់​ហើយ ចប់​ហើយ មាន​ត្រី​ណា​ទៀត។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​រតនគិរី លោក នាង សំអាត បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៨ ឧសភា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង តែ​គ្មាន​អ្នក​លើក។

 រីឯ​អ្នក​នាំ​ពាក្យ​គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ឃុន សុខា ក៏​វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ប៉ុន្តែ​គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ផ្តល់​ដំណឹង​ជូន​ប្រជា​សហគមន៍ និង អាជ្ញាធរ​ខេត្ត រតនគិរី​កាល​ពី​ចុង​សប្ដាហ៍​មុន​ថា ទឹក​ទន្លេ​សេសាន​នឹង​កើន​ឡើង​វិញ​ ដោយសារ​តែ​ខាង​ភាគី​វៀតណាម​មាន​តម្រូវ​ការ​បង្វិល​តួបីន​ឌីណាម៉ូ​ភ្លើង នៃ​ទំនប់​វារី​អគ្គិសនី​យ៉ាលី។

អាជ្ញាធរ​ថា ស្ថានភាព​ទឹក​នឹង​ប្រសើរ​ឡើង​វិញ ក្រោយ​ពី​ភាគី​វៀតណាម​បង្ហូរ​ទឹក​ចុះ​មក​ប៉ែក​ក្រោម។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក លាង ប៊ុនលាភ យល់​ថា អាជ្ញាធរ​វៀតណាម គួរតែ​ជូន​ដំណឹង​មក​ភាគី​កម្ពុជា​ជា​មុន មុន​នឹង​បិទទ្វារ​ទឹក​នៅ​រដូវ​ប្រាំង ខ្សត់​ទឹក ដើម្បី​ប្រាប់​ឱ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន និង​ត្រៀម​ខ្លួន​ទប់ស្កាត់​ហានិភ័យ​ផ្សេងៗ។ លោក​បារម្ភ​ថា ការ​បិទទ្វារ​ទឹក​ទំនប់​វារីអគ្គិសនី​នៅ​វៀតណាម បណ្ដាល​ឱ្យ​ទឹក​ទន្លេ​រីង​អស់​រលីង​ដូច្នេះ​ នឹង​ប៉ះពាល់​ធំធេង ដល់​ជីវចម្រុះ និង​ប្រភព​ទឹក យ៉ាង​សំខាន់ ដែល​ពលរដ្ឋ​ប្រើប្រាស់៖

លោក លាង ប៊ុនលាភ៖ «សម្រាប់​ត្រី​មេ​ពូជ​ដែល​ធ្លាប់​នៅ​ទី​សុខសាន្ត​ ទឹក​ស្រក​អន្លង់​ទឹក​តិច ធ្វើ​ឱ្យ​ត្រី​មេ​ពូជ​ធំៗ រងគ្រោះ​ដោយសារ​ការ​ចាប់ ឆក់ ខុស​ច្បាប់​អស់​ទាំង​ហ្នឹង។ កុំ​បិទទ្វារ​ទឹក​ទាំង​អស់ ធ្វើ​ឱ្យ​ទឹក​រីង ធ្វើ​ឱ្យ​ការ​ប្រើប្រាស់​ទឹក និង​ដី​កសិកម្ម​ត្រូវ​ខាត​បង់​នៅ​កម្ពុជា»។

ពលរដ្ឋ និង​មន្ត្រី​សង្គមស៊ីវិល អំពាវនាវ​ឱ្យ​អាជ្ញាធរ​អន្តរាគមន៍​ទៅ​ភាគី​វៀតណាម​ ឱ្យ​ទទួលខុស​ត្រូវ​ក្នុង​រឿង​នេះ ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​បាតុភាព​នេះ កើត​ឡើង​លើក​ក្រោយ​ទៀត។

ប្រទេស​វៀតណាម បាន​សាងសង់​ទំនប់​វារីអគ្គិសនី យ៉ាលី តាំង​ពី​ឆ្នាំ​១៩៩៣ និង​បញ្ចប់​ការ​សាងសង់​នោះ​នៅ​ឆ្នាំ​១៩៩៩។ ទំនប់​វារីអគ្គិសនី​នោះ មាន​កម្លាំង ៧២០មេហ្គាវ៉ាត់ (MW) នៅ​ទន្លេ​សេសាន ភាគ​ខាង​លើ​នៃ​កម្ពុជា​មាន​ចម្ងាយ​ពី​ព្រំដែន​កម្ពុជា​ក្នុង​ខេត្ត​រតនគិរី​ប្រវែង ៨០គីឡូម៉ែត្រ។

កន្លងទៅ ភាគី​វៀតណាម តែង​ផ្តល់​ព័ត៌មាន​មក​កម្ពុជា​ភ្លាមៗ នៅ​ពេល​បង្ហួរ​ទឹក​ចំនួន ១ពាន់​ម៉ែត្រ​គូប​ក្នុង​១វិនាទី ហើយ​ព័ត៌មាន​នោះ​ជា​ភាសា​វៀតណាម ត្រូវ​បកប្រែ ​ជា​ភាសា​ខ្មែរ​បន្ថែម​ទៀត នៅ​មុន​ពេល​ផ្សព្វផ្សាយ​ប្រាប់​ពលរដ្ឋ​ខ្មែរ។ ក៏​ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា អាជ្ញាធរ​យឺត​យ៉ាវ​ ផ្តល់​ដំណឹង​ជុំវិញ​បញ្ហា​នេះ ប្រាប់​ពលរដ្ឋ​ខ្មែរ និង​ការ​ផ្សព្វផ្សាយ​មិន​គ្រប់​ជ្រុង​ជ្រោយ ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។