ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​គាស់ក្រឡ​ខេត្ត​បាត់ដំបង​គ្មាន​ទឹក​ធ្វើស្រែ

ដោយ នៅ វណ្ណារិន
2023.07.19
ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​គាស់ក្រឡ​ខេត្ត​បាត់ដំបង​គ្មាន​ទឹក​ធ្វើស្រែ ពលរដ្ឋមួយចំនួននៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង គ្មានទឹកធ្វើស្រែ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។
រូបពីពលរដ្ឋ

ទោះបី​រដូវវស្សា​ក្នុង​ប្រទេស​កម្ពុជា​បាន​ចូល​មកដល់​ជាង ២ខែ​ទៅ​ហើយ​ក្ដី តែ​ប្រជា​កសិករ​នៅ​ស្រុក​គាស់ក្រឡ​ខេត្ត​បាត់ដំបង ត្អូញត្អែរ​អំពី​បញ្ហា​គ្មាន​ទឹក​សម្រាប់​ធ្វើ​ស្រែ​ក្នុង​រដូវ​នេះ។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត និង​ក្រសួង​ពាក់ព័ន្ធ កសាង​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​តំបន់​នោះ​ ដើម្បី​ទប់ទឹក​ឱ្យ​កសិករ​ធ្វើ​ស្រែចម្ការ​បាន​ខួប​ប្រាំង​ខួប​វស្សា។

ប្រជា​កសិករ​ក្នុង​ឃុំ​ចំនួន​ពីរ​ នៃ​ស្រុក​គាស់​ក្រឡ​ខេត្ត​បាត់ដំបង គឺ​ឃុំ​ព្រះផុស និង​ឃុំ​ឆ្នាល់​មាន់ កំពុង​ប្រឈម​បញ្ហា​គ្មាន​ទឹក​សម្រាប់​ធ្វើ​ស្រែ​ចម្ការ​ក្នុង​រដូវវស្សា​នេះ​ ដោយ​សារ​ភ្លៀង​ធ្លាក់​មិន​គ្រប់​គ្រាន់ និង​គ្មាន​ប្រព័ន្ធ​ធារាសាស្ត្រ​សម្រាប់​ទប់ទឹក​នៅ​តំបន់​នោះ។

កសិករ​នៅ​ភូមិ​តានួត​ ឃុំ​ព្រះ​ផុស​ លោក មឿន រឿន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៩ កក្កដា​ថា ការ​ធ្វើ​ស្រែ​ចម្ការ​ក្នុង​ឃុំ​នេះ មាន​ភាព​លំបាក​ជាង​តំបន់​ដទៃ​ទៀត ដោយសារ​កត្តា​ទីតាំង​ភូមិសាស្ត្រ​ជា​ដីទួល​មិន​អាច​ទប់ទឹក​បាន​យូរ​ ភ្លៀង​មិន​ទៀងទាត់​ និង​គ្មាន​ប្រព័ន្ធ​ធារាសាស្ត្រ​គ្រប់គ្រាន់។ លោក​បន្ត​ថា​ក្នុង​មួយឆ្នាំៗ លោក​ត្រូវ​ភ្ជួរ​ស្រូវ​ពង្រោះ​ចោល​ម្ដង​ទៅ​ពីរ​ដង​ ព្រោះ​គ្មាន​ទឹក​សម្រាប់​លូតលាស់​ ​និង​ជួនកាល​ភ្លៀង​ធ្លាក់​ជោគ​ជាំ​ខ្លាំង​ពេក​បណ្ដាល​ឱ្យ​ស្រូវ​រលួយ​អស់ ហើយ​ឆ្នាំនេះ​លោក​នៅ​មិនទាន់​ហ៊ាន​ចាប់ផ្ដើម​ព្រោះ​ស្រូវ​នៅឡើយ​ទេ។ លោក​បន្ថែម​ថា​ភ្លៀង​មិន​ទៀងទាត់​ និង​កង្វះ​ប្រភព​ទឹក​​បណ្ដាល​ឱ្យ​ទិន្នផល​ស្រូវ​ធ្លាក់​ចុះ​ផង​ដែរ ដោយ​ក្នុង​មួយ​ហិកតារ​លោក​ទទួល​បាន​ផល​ស្រូវ​តែ​២តោន​ប៉ុណ្ណោះ ខុស​ពី​តំបន់​មាន​ទឹក​ដែល​ទទួល​ផល​បាន​ពី ៤ ទៅ ៥តោន​ក្នុង​មួយ​ហិកតារ។
លោក មឿន រឿន៖ «ដំណោះស្រាយ​ បើ​តាម​ខ្ញុំៗ គិត​ច្រើន​ដែរ! ចង់​មាន​ប្រឡាយ​ធំ​មួយ​ជា​អាង​ស្តុក​ទឹក​ឱ្យ​ធំ​មួយ។ ដូច​ថា យើង​ជា​កសិករ​ចង់​ធ្វើ​ស្រូវ ផុត​ពី​ធ្វើ​ស្រូវ​យើង​ដាំ​បន្លែ។ ចង់​ឱ្យ​ថា មាន​ប្រឡាយ​ទឹក​ហើយ មាន​ស្តុក​ទឹក​ស្តុក​អី​ឱ្យ​ត្រឹមត្រូវ មាន​ទឹក​ខួប​ប្រាំង​ខួប​វស្សា​អ៊ីចឹង​ទៅ»

ស្រដៀង​គ្នា​នេះ កសិករ​ម្នាក់ទៀត​នៅ​ភូមិតានួត លោក ឌុច ស្ដើង ឱ្យ​ដឹង​ថា កសិករ​នៅ​ឃុំ​ឆ្នាល់មាន់​ និង​ឃុំ​ព្រះផុស​ធ្វើស្រែ​ប្រវាស់​មេឃ រំពឹង​លើ​ទឹកភ្លៀង​ធ្លាក់​ជោកជាំ​ក្នុង​រដូវវស្សា​ទើប​អាច​ដាំដុះ​ស្រូវ​បាន។ លោក​បញ្ជាក់​ថា​នៅ​ស្រុក​គាស់ក្រឡ ជា​តំបន់​ពាក់​កណ្ដាល​ខ្ពង់រាប​មិនសូវ​មាន​ប្រភព​ទឹក​ ខណៈ​ប្រព័ន្ធ​ធារាសាស្ត្រ​ដូចជា​ទំនប់​ និង​ប្រឡាយ នៅ​មិនទាន់​មានការ​សាងសង់​ក្នុង​តំបន់​នេះ​នៅឡើយ​ ទោះបី​មាន​ប្រជា​ពលរដ្ឋ​មក​តាំងទី​លំនៅ និង​ធ្វើស្រែ​នៅ​ទីនោះ​ជាង ២០ឆ្នាំទៅ​ហើយ​ក្ដី។
លោក ឌុច ស្ដើង៖ «នៅ​ខាង​ភូមិ​ព្រះផុស ខាង​តានួត នេះ អត់មាន​ប្រឡាយ​មេ​ឬក៏​ប្រឡាយ​តូចតាច​អី​អត់មាន​ទេ ហ្នឹង​គឺ​អត់​ទាំងអស់។ មានតែ​ប្រឡាយ​មេ​មួយ មកពី​កង្ហត​ហ្នឹង មកពី​ខាង​ភ្នំតាផ្ដេ (ធិបតី) មក​វិញ ខាង​លិច​ភ្នំ​តាផ្ដេ​ហ្នឹង បុក​មក​ជាប់​ខាង​ភ្នំ​ធិបតី​ហ្នឹង ចេញទៅ​ស្រុក​មោង​វិញ។ ហើយ​រឿង​មួយ​ទៀត​វិញ ទាល់តែ​ទឹក (ភ្លៀង) ជោគ​ជាំ​បន្តិច​បាន​វា​ជាប់​នៅ​នឹង​ស្រែ»

ស្រុក​គាស់ក្រឡ​មាន​ឃុំ​ចំនួន៦​ចម្ងាយ​ជាង​៥០គីឡូម៉ែត្រ​ពី​ក្រុង​បាត់ដំបង និង​ជា​តំបន់​ខ្ពង់​រាប​ស្ថិត​តាម​បណ្ដោយ​ភ្នំ​ធិបតី។ បច្ចុប្បន្ន​ដីស្រែ​មួយ​ផ្នែក​នៃ​ភូមិ​តានួត ក្នុង​ឃុំ​ព្រះ​ផុស គ្មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​នោះ​ទេ​ ចំណែក​ផ្ទៃ​ស្រែ​របស់​អ្នកភូមិ​អម​សងខាង​ផ្លូវ មាន​សភាព​ស្ងួត​ហួតហែង​ ឯ​គ្រាប់ស្រូវ​ក៏​ដុះ​លូតលាស់​មិន​ស្មើគ្នា​ឡើយ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​បាត់ដំបង លោក ឡុង ផល្គុន និង​អភិបាល​ស្រុក​គាស់ក្រឡ លោក ញ៉ឹក សារ៉ែន ដើម្បី​សុំ​ការ​បក​ស្រាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​ នៅ​ថ្ងៃ​ទី១៩ កក្កដា។ ចំណែក​មេភូមិ​តានួត លោក កន សាត ប្រាប់​អាស៊ី​សេរី​ថា នៅ​ក្នុង​ឃុំ​ព្រះ​ផុស ក៏​មាន​ប្រឡាយ​មួយ​ខ្សែ​ដែរ ប៉ុន្តែ​មិន​អាច​ផ្គត់​ផ្គង់​ទឹង​ដល់​ប្រជា​ពលរដ្ឋ​សម្រាប់​ធ្វើស្រែ​នោះ​ទេ​ ដោយសារ​គ្មាន​ប្រភព​ទឹក។
លោក កន សាត៖ «ប្រឡាយ​ពី​ភ្នំ​ស្នរ​ មកដល់​អូរ​សន្ទួង​វា​គ្រាប់​គ្រាន់​សម្រាប់​តែ​​យើង​ហូប​ប្រើប្រាស់ ប៉ុន្តែ​មិន​អាច​ធ្វើស្រែ​បានទេ ដោយសារ​គ្មាន​ប្រព័ន្ធ​ធារាសាស្ត្រ»

ទោះជា​បែបនេះ​ក្ដី ​ប្រជា​ពលរដ្ឋ​អះអាង​ថា ប្រឡាយ​បុរាណ ដែល​មាន​ទទឹង ១ម៉ែត្រ និង​ជម្រៅ​ត្រឹម​ចង្កេះ​នេះ​ មិន​អាច​ផ្គត់ផ្គង់​ទឹក​គ្រប់គ្រាន់​ឡើយ។ ពួកគាត់​លើកឡើង​ពី​ដំណោះ​ស្រាយ​ថា មានតែ​ការ​ធ្វើ​ប្រឡាយ​ចេញពី​ប្រឡាយ​មេ​នៅត្រង់​ភូមិ​សាស្ត្រ​ភ្នំ​ធិបតី ស្ថិត​ក្នុង​ឃុំ​ធិបតី​នោះ​ទេ ទើប​អាច​ដោះស្រាយ​បញ្ហា​ទឹក​នៅ​ក្នុង​ឃុំ​ព្រះផុស និង​ឃុំ​ឆ្នាល់មាន់​បាន។

ជុំវិញ​រឿង​នេះ អ្នក​សម្របសម្រួល​ផ្នែក​ឃ្លាំមើល​ការរំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​បាត់ដំបង លោក អ៊ិន គង់ជិត មាន​ប្រសាសន៍​ថា​កង្វះ​ប្រព័ន្ធ​ធារាសាស្ត្រ​ជា​ឧបសគ្គ​របស់​កសិករ​ក្នុង​ការ​បង្កបង្កើន​ផល ខណៈ​អាកាសធាតុ​មានការ​ប្រែ​ប្រួល​ ភ្លៀង​មិន​ទៀងទាត់​ពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ។ លោក​យល់​ឃើញ​ថា មានតែ​ការ​សាង​សង់​ទំនប់​ស្ដុក​ទឹក​នៅ​តំបន់​ទឹកធ្លាក់​ភ្នំ​សំកុស ក្នុង​ខេត្ត​ពោធិសាត់ និង​ជីក​ប្រឡាយ​បង្ហូរ​ទៅតាម​តំបន់​ស្រែចម្ការ​របស់​ពលរដ្ឋ​ក្នុងស្រុក​គាស់ក្រឡ​តែប៉ុណ្ណោះ ទើប​អាច​សង្គ្រោះ​របរ​កសិកម្ម​ក្នុង​ស្ថានភាព​រាំង​ស្ងួត​នា​ពេលនេះ​បាន។
លោក អ៊ិន គង់ជិត៖ «ប្រសិន​បើ​អាជ្ញាធរ​ស្រុក​ក្ដី និង​ខាង​មន្ទីរ​ធនធាន​ទឹក​ក្ដី ​បាន​យកចិត្តទុកដាក់​ជំរុញ​ឱ្យ​ក្រសួង​ធនធាន​ទឹក ​រៀបចំ​ប្រព័ន្ធ​ប្រឡាយ​ទឹក​នៅ​តំបន់​ហ្នឹង​បាន​ វា​ជា​ការ​មួយ​មាន​ប្រយោជន៍ ជួយ (ឱ្យ) បាន​ទឹក​ហើយ ផ្គត់ផ្គង់​ចែកចាយ​ស្រោចស្រព​ដី​ជាច្រើន​ហិកតា​រាប់​រយ​ពាន់​ហិកតារ​ នៅ​តំបន់​ហ្នឹង​ធ្វើ​ឱ្យ​កសិករ​គាត់​ផលិត​ស្រូវ​បាន​ ក្នុង​មួយ​រដូវ​អាច​ពីរ​ដង»

បញ្ហា​ខ្វះខាត​ទឹក​ធ្វើស្រែ​ក្នុង​ស្រុក​គាស់ក្រឡ ​កើត​មាន​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ខណៈ​អាជ្ញាធរ​មូលដ្ឋាន​ និង​រដ្ឋបាល​ខេត្ត​ព្រមទាំង​មន្ទីរ​ធនធាន​ទឹក​នៅ​មិនទាន់​មានការ​ឆ្លើយ​តប ឬ​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ​នៅឡើយ។ ពល​រដ្ឋ​ឃុំ​ព្រះផុស និង​ឃុំ​ឆ្នាល់​មាន់ ស្នើ​អាជ្ញាធរ​ជីក​ប្រឡាយ និង​កសាង​អាង​ស្តុក​ទឹក​ ក្នុង​តំបន់​នោះ​ មុននឹង​ប្រជា​ពលរដ្ឋ​បោះបង់​ដីស្រែ និង​ធ្វើ​ចំណាក​ស្រុក៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។