ក្រុម​អ្នក​វិទ្យាសាស្ត្រ រក​ឃើញ​ត្រី​កម្រ​ដែល​ជិត​ផុត​ពូជ​នៅ​ទន្លេ​មេគង្គ

ក្រុម​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ត្រី​កម្រ​ប្រភេទ សាលម៉ុង (Salmon) ដែល​ជិត​ផុត​ពូជ ទំងន់​ជាង ១៣ផោន ឬ​ស្មើ​ជិត ៦គីឡូក្រាម ដែល​គេ​បាន​ដាក់​លក់​នៅ​ទីផ្សារ នៅ​តាម​ដង​ទន្លេ​មេគង្គ កាល​ពី​ពេល​ថ្មីៗ នេះ។

សាស្ត្រចារ្យ​ស្រាជ្រាវនិង​ជីវវិទូ​ត្រី នៅ រឺណូ (Reno) នៃ​សាកលវិទ្យាល័យ នេវ៉ាដា (Nevada) លោក ហ្សេប អូហ្គិន (Zeb Hogan) ដែល​បាន​សិក្សា​ប្រភេទ​ត្រី​នៅ​ទន្លេ​មេគង្គ ដែល​ជា​គម្រោង​អច្ឆរិយ​ភាព​​មេគង្គ (Wonders of the Mekong) របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក ដើម្បី​អភិវឌ្ឍន៍ (USAID) ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៦ ខែកញ្ញា​ថា នេះ​ជា​លើក​ទី១ ហើយ ក្នុង​រយៈ​ពេល ១៨ឆ្នាំ​កន្លង​មក​នេះ ដែល​ត្រី​កម្រ សាលម៉ុង (Salmon) នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ទន្លេ​មេគង្គ។

លោក​បន្ត​ថា ត្រី​កម្រ​នេះ ពុំ​មាន​ឈ្មោះ​ជា​ខ្មែរ​នោះ​ទេ តែ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ឲ្យ​ថា ត្រី​ខ្មោច​មេគង្គ (Mekong Ghost) ដែល​អាច​ធំ​លូតលាស់​បាន​ដល់​ទៅ ៦៦ផោន ឬ​ស្មើ ៣០គីឡូក្រាម។

ជីវវិទូ​ត្រី​នៃ​រដ្ឋបាល​ជលផល​កម្ពុជា លោក ចាន់ សុខខេង ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​ការ​ស្រាវជ្រាវ​អស់​រយៈ​ពេល​ជាង ២០ឆ្នាំ​មក​នោះ ក្រុម​អ្នក​វិទ្យាសាស្ត្រ​សង្ឃឹម​ថា ប្រភេទ​ត្រី​កម្រ សាលម៉ុង (Salmon) នេះ នឹង​បន្ត​មាន​នៅ​ក្នុង​ទន្លេ​មេគង្គ។

ការ​រក​ឃើញ​ប្រភេទ​ត្រី​កម្រ សាលម៉ុង នេះ គឺ​ជា​ការ​រក​ឃើញ​ចុង​ក្រោយ​នៅ​ក្នុង​ទន្លេ​មេគង្គ បន្ទាប់​ពី​អ្នក​នេសាទ​នៅ​កម្ពុជា​ចាប់​បាន​​ត្រី​បបែល​យក្ស​ទឹកសាប​ធំ​ជាង​គេ​បំបែក​កំណត់ត្រា​ពិភពលោក ដែល​មាន​ទម្ងន់ ៣០០​គីឡូក្រាម ប្រវែង​ជិត ៤ម៉ែត្រ នៅ​ជិត​កោះដាច់​ស្រយាល​មួយ កាល​ពី​ថ្ងៃ​ទី១៣ ខែ​មិថុនា។ ពួក​គេ​ដាក់​ឈ្មោះ​ត្រី​បបែល​យក្ស​នេះ​ថា «បូណ៌មី» ដោយសារ​ត្រី​នេះ ត្រូវ​បាន​គេ​លែង​ចូល​ក្នុង​ទន្លេ​មេគង្គ​វិញ នៅ​ចំ​ថ្ងៃ​ពេញ​បូណ៌មី។

ទន្លេ​មេគង្គ​មាន​ត្រី​ប្រមាណជា ១ពាន់​ប្រភេទ ដែល​ជា​ប្រភព​ផ្តល់​ធនធាន​ដ៏​សំខាន់ និង​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ប្រមាណ ៧០លាន​នាក់ ដែល​រស់នៅ​តាម​អាង​ទន្លេ​មេគង្គ​ខាង​ក្រោម។ ប៉ុន្តែ​ក្រោយ​ពី​ការ​កសាង​ទំនប់​វារីអគ្គិសនី ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​នេសាទ​ហួសហេតុ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​ដល់​ត្រី​ប្រភេទ​ធំៗ និង​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង ចំពោះ​សហគមន៍​នៅ​តាម​ដង​ទន្លេ​មេគង្គ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។